ការ​អភិវឌ្ឍ​ធនធាន​យុវជន​មាន​សារសំខាន់​សម្រាប់​ការ​ផ្សារភ្ជាប់​កម្ពុជា​ទៅ​នឹង​អាស៊ាន

ដោយ ស៊ុន ហេង
2016-09-13
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រេសិត​នៃ​ចក្រភព​អង់គ្លេស ផ្នែក​ពាណិជ្ជកម្ម​ប្រចាំ​ប្រទេស​កម្ពុជា លោក ឡ ពុតណាម [Lord Puttnam] (ពី​ឆ្វេង​ទី​៣) កញ្ញា សន សុវណ្ណល័ក្ខស្មី (ទី​៤) លោក ហង់ ជួនណារ៉ុន (ទី​៥) ឯកអគ្គរដ្ឋទូត​នៃ​ចក្រភព​អង់គ្លេស​ប្រចាំ​កម្ពុជា លោក បៀល ឡុងហើស [Bill Longhurst] (ទី​៧) ថត​រូប​អនុស្សាវរីយ៍​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​តុលា ឆ្នាំ​២០១៥។
ប្រេសិត​នៃ​ចក្រភព​អង់គ្លេស ផ្នែក​ពាណិជ្ជកម្ម​ប្រចាំ​ប្រទេស​កម្ពុជា លោក ឡ ពុតណាម [Lord Puttnam] (ពី​ឆ្វេង​ទី​៣) កញ្ញា សន សុវណ្ណល័ក្ខស្មី (ទី​៤) លោក ហង់ ជួនណារ៉ុន (ទី​៥) ឯកអគ្គរដ្ឋទូត​នៃ​ចក្រភព​អង់គ្លេស​ប្រចាំ​កម្ពុជា លោក បៀល ឡុងហើស [Bill Longhurst] (ទី​៧) ថត​រូប​អនុស្សាវរីយ៍​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​តុលា ឆ្នាំ​២០១៥។
Photo courtesy of British Embassy

នៅ​ជំនួប​កិច្ច​ប្រជុំ​កំពូល​អាស៊ាន និង​កិច្ច​ប្រជុំ​កំពូល​ពាក់ព័ន្ធ​លើក​ទី​២៨ និង​លើក​ទី​២៩ នៅ​ទីក្រុង​វៀងច័ន្ទ ប្រទេស​ឡាវ កាល​ពី​ថ្ងៃ​ទី​៦ ដល់​ទី​៨ កញ្ញា កន្លង​ទៅ គឺ​ផ្ដោត​សំខាន់​ទៅ​លើ​ការ​សម្រេច​ឲ្យ​បាន​នូវ​ចក្ខុវិស័យ​សហគមន៍​អាស៊ាន ២០២៥ ដែល​ព្យាយាម​ផ្សារភ្ជាប់​សេដ្ឋកិច្ច នយោបាយ និង​សង្គម។ ការ​ផ្សារភ្ជាប់​នេះ នឹង​លើក​កម្ពស់​ពាណិជ្ជកម្ម​ក្នុង​តំបន់ និង​ជាពិសេស​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម។ យុវជន​កម្ពុជា ដែល​ទៅ​ចូលរួម​កិច្ច​ប្រជុំ​នោះ សម្ដែង​អារម្មណ៍​វិជ្ជមាន​ចំពោះ​ការ​អភិវឌ្ឍ​របស់​យុវជន​កម្ពុជា ស្រប​ពេល​ដែល​អ្នក​វិភាគ​គិត​ថា​មាន​ការ​យឺតយ៉ាវ​ច្រើន។

ការ​បង្កើន​ភាព​ត​ភ្ជាប់​នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ឬ​អាស៊ាន នឹង​ជំរុញ​ឲ្យ​ប្រទេស​ជា​សមាជិក​បង្កើន​សមត្ថភាព​ឧស្សាហកម្ម​របស់​ខ្លួន តាម​រយៈ​ការ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ ការ​ដឹក​ជញ្ជូន​ផលិតកម្ម ពាណិជ្ជកម្ម គោល​នយោបាយ ហើយ​ទន្ទឹម​នឹង​នោះ គឺ​ធនធាន​មនុស្ស។

ជំនួប​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​២៨ និង​ទី​២៩ ផ្តល់​ចំណាប់​អារម្មណ៍​ពិសេស​ទៅ​លើ​ការ​ចូលរួម​ពី​យុវជន ដែល​ជា​កម្លាំង​ចលករ​ដ៏​សំខាន់​ក្នុង​ការ​រុញ​ច្រាន​អាស៊ាន​ទៅ​ជិត​គោលដៅ​ផ្សារភ្ជាប់​ទៅ​ជា​សហគមន៍​មួយ​នេះ។ វេទិកា​មួយ​បាន​រៀបចំ​ឡើង​ដើម្បី​ឲ្យ​យុវជន តំណាង​ប្រទេស​ជា​សមាជិក​ទាំង ១០ បាន​បញ្ចេញ​យោបល់​ទៅ​កាន់​ថ្នាក់​ដឹកនាំ​កំពូល​របស់​អាស៊ាន។

រដ្ឋាភិបាល​កម្ពុជា បាន​ជ្រើសរើស​យុវជន​ពីរ​នាក់​ដើម្បី​តំណាង​ឲ្យ​កម្ពុជា។ ក្នុង​ចំណោម​ពីរ​នាក់​នោះ គឺ​លោក អ៊ុង រដ្ឋា ដែល​ជា​សមាជិក​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា របស់​លោក ហ៊ុន ម៉ានី។ លោក អ៊ុង រដ្ឋា សម្ដែង​អារម្មណ៍​វិជ្ជមាន​ពី​សមត្ថភាព​យុវជន​កម្ពុជា ដែល​លោក​ថា​ជា​រឿង​គួរ​ឲ្យ​មាន​មោទនភាព បើ​មើល​ទៅ​លើ​ប្រវត្តិសាស្ត្រ​កម្ពុជា កន្លង​ទៅ៖ «ខ្ញុំ​សុំ​បក​ក្រោយ​បន្តិច​មើល​ប្រវត្តិសាស្ត្រ​យើង​វិញ។ ប្រទេស​យើង​ហួងហែង​ដោយសារ​សង្គ្រាម​ច្រើន វិបត្តិ​ផ្ទៃ​ក្នុង នយោបាយ​ផង។ បើ​មើល​មែនទែន​ទៅ​ទើប​តែ​ឆ្នាំ​១៩៩៨ ទេ ទើប​យើង​បំបាត់​អស់​អង្គការ​ចាត់​តាំង​នយោបាយ​យោធា។ អ៊ីចឹង​ទើប​តែ​ពី​ឆ្នាំ​១៩៩៨ មក​ទេ ដែល​យើង​មាន​លទ្ធភាព​ប្រហែល​ជាង ២០។ ប៉ុន្តែ​សមត្ថភាព​យុវជន​យើង​នេះ​អាច​ដើរ​កៀក​ស្មា​ជាមួយ​យុវជន​អាស៊ាន​បាន»

ប្រទេស​កម្ពុជា មាន​ភាគរយ​យុវជន​ខ្ពស់​ជាង​គេ​នៅ​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន។ ចំនួន​ប្រជាជន​នៅ​ចន្លោះ​អាយុ ១៤​ឆ្នាំ​ទៅ ២៩​ឆ្នាំ គឺ​មាន​រហូត​ទៅ​ដល់ ៣០​ភាគរយ​នៃ​ប្រជាជន​សរុប​នៅ​ឆ្នាំ​២០១៤ ហើយ​រំពឹង​ថា​នឹង​កើន​ឡើង​រហូត​ដល់ ៤០​ភាគរយ​នៅ​ឆ្នាំ​២០២០។

ចំនួន​ប្រជាជន​ក្មេង​ច្រើន គឺ​ជា​រចនាសម្ព័ន្ធ​ប្រជាសាស្ត្រ​ដ៏​ល្អ​សម្រាប់​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា ទៅ​ជា​ប្រទេស​ឧស្សាហកម្ម ក៏ប៉ុន្តែ​វា​ក៏​អាស្រ័យ​លើ​ការ​រៀបចំ​ធនធាន​មនុស្ស​នេះ​ឲ្យ​បាន​ត្រឹមត្រូវ​ដែរ។

នៅ​ឆ្នាំ​២០១៥ អាស៊ាន​បាន​ចេញ​ស្ថិតិ​ប្រជាសាស្ត្រ​មួយ​បង្ហាញ​ថា កម្ពុជា មាន​អត្រា​អ្នក​ចេះ​អក្សរ ៨០​ភាគរយ ដែល​ជា​តួលេខ​ទាប​ជាង​គេ​ទី​ពីរ​នៅ​ក្នុង​តំបន់​អាស៊ាន បន្ទាប់​ពី​ប្រទេស​ឡាវ ដែល​មាន ៧៩​ភាគរយ។ ប្រទេស​ជា​សមាជិក​៨ ដទៃ​ទៀត​មាន​អត្រា​អ្នក​ចេះ​អក្សរ​ជា​មធ្យម ៩៥​ភាគរយ។

ការ​ចេះ​អក្សរ​ជា​មូលដ្ឋាន​គ្រឹះ​យ៉ាង​សំខាន់​សម្រាប់​ឲ្យ​យុវជន​ចាប់​យក​វិជ្ជាជីវៈ ហើយ​ក្លាយ​ជា​ធនធាន​មនុស្ស​មាន​ជំនាញ។ ក្រៅ​ពី​ការ​ចេះ​អក្សរ ការ​រៀបចំ​កម្មវិធី​សិក្សា​ឲ្យ​មាន​ប្រសិទ្ធភាព ក៏​មិន​អាច​មើល​រំលង​ដែរ​ក្នុង​ការ​ផ្លាស់ប្ដូរ​ប្រទេស​កម្ពុជា ទៅ​ជា​ប្រទេស​ឧស្សាហកម្ម។

ប្រធាន​អង្គការ​សភា​យុវជន​ខ្មែរ និង​អនុបណ្ឌិត​ផ្នែក​នយោបាយ​ការ​បរទេស និង​ច្បាប់​អន្តរជាតិ លោក ឡុង គឹមឃន ឲ្យ​ដឹង​ថា ការ​រៀបចំ​ធនធាន​មនុស្ស​ដើម្បី​តម្រូវ​ទៅ​តាម​ការ​លូតលាស់​នៃ​ឧស្សាហកម្ម គឺ​ទាមទារ​ឲ្យ​មាន​ការ​ពង្រឹង​ការ​សិក្សា​របស់​យុវជន​ទៅ​លើ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា ហៅ​កាត់​ថា ស្ទេម (STEM) ដែល​លោក​ថា​កម្ពុជា មាន​ការ​យឺតយ៉ាវ​ក្នុង​ការ​អនុវត្ត៖ «ការ​ពិត ប្រព័ន្ធ​អប់រំ​បែប​ស្ទេម​ដែល​គេ​ផ្ដោត​ទៅ​លើ​គណិតវិទ្យា បច្ចេកវិទ្យា វិទ្យាសាស្ត្រ​ហ្នឹង ពួក​បណ្ដា​ប្រទេស​អ្នក​មាន​ក្នុង​អាស៊ាន​គេ​អនុវត្ត​តាំង​ពី ១០-១៥​ឆ្នាំ​មុន​មក​ម្ល៉េះ ព្រោះ​គេ​ត្រៀម​កម្លាំង​ពលកម្ម​របស់​គេ​ទៅ​លើ​ឧស្សាហកម្ម។ សម្រាប់​កម្ពុជា វិញ ប្រព័ន្ធ​អប់រំ​បែប​ស្ទេម យើង​ទើប​តែ​ធ្វើ​កំណែ​ទម្រង់ ហើយ​ដាក់​អនុវត្ត​នៅ​ឆ្នាំ​២០០៥ ទេ។ ដូចនេះ ឥឡូវ​នេះ យើង​កំពុង​ប្រឈម​មុខ​នឹង​ការ​ខ្វះ​ធនធាន​មនុស្ស​ដែល​មាន​ជំនាញ​បម្រើ​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម។ អ៊ីចឹង​បាន​យើង​ពិបាក​ប្រកួត​ប្រជែង​ជាមួយ​គេ គឺ​ដោយសារ​រឿង​ហ្នឹង»

កន្លង​មក គេ​សង្កេត​ឃើញ​ថា​រដ្ឋាភិបាល​កម្ពុជា ចាប់​ផ្តើម​ស្ទុះស្ទា​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​សារសំខាន់​នៃ​ការ​សិក្សា​មុខវិជ្ជា​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា ឬ​ក៏​ស្ទេម​នេះ។ ពិធី​ពិព័រណ៍​ផ្សេង​បាន​រៀបចំ​ឡើង​ដើម្បី​បង្កើន​ចំណាប់​អារម្មណ៍​របស់​យុវជន​ទៅ​លើ​មុខវិជ្ជា​ទាំងនេះ។ កំណែ​ទម្រង់​ប្រព័ន្ធ​អប់រំ​កន្លង​ទៅ បាន​សម្រេច​យក​មុខវិជ្ជា​វិទ្យាសាស្ត្រ​សម្រាប់​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ដោយ​បំបាត់​ចោល​នូវ​មុខវិជ្ជា​សង្គម។ ការ​លើក​កម្ពស់​នេះ នៅ​តែ​ជួប​បញ្ហា​ដោយសារ​កង្វះ​ខាត​មន្ទីរ​ពិសោធន៍​ជាច្រើន​នៅ​តាម​សាលា​រៀន សម្រាប់​សិស្ស​អនុវត្ត​ផ្ទាល់។

សម្រាប់​ការ​ផ្លាស់ប្ដូរ​ទៅ​ឧស្សាហកម្ម ការ​អភិវឌ្ឍ​ធនធាន​មនុស្ស ត្រូវ​ធ្វើ​ឡើង​ស្រប​ទៅ​នឹង​ការ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ ដែល​លោក ឡុង គឹមឃន ថា​កម្ពុជា នៅ​មិន​ទាន់​រួច​រាល់​នៅ​ឡើយ។ ដោយសារ​បញ្ហា​នេះ​ហើយ បាន​ជា​លោក​សម្ដែង​អារម្មណ៍​អវិជ្ជមាន​ចំពោះ​ផែនការ​ត​ភ្ជាប់​របស់​អាស៊ាន ដែល​លោក​ថា ប្រទេស​ដែល​មិន​ទាន់​ត្រៀម​ខ្លួន​រួច​រាល់​សម្រាប់​ឧស្សាហកម្ម​ដូច​កម្ពុជា នឹង​មិន​អាច​ទាញ​យក​ផល​បាន​ច្រើន​ដូច​ប្រទេស​សមាជិក​ដែល​ជា​អ្នក​មាន​ឡើយ។

តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី លោក ឡុង គឹមឃន អះអាង​ថា ផែនការ​ត​ភ្ជាប់​នេះ​នៅ​តែ​ជា​ជម្រើស​ល្អ​បំផុត​មួយ​ដែល​កម្ពុជា មាន​នៅ​ពេល​បច្ចុប្បន្ន។ លោក​ថា រដ្ឋាភិបាល​ត្រូវ​ពន្លឿន​ការ​រៀបចំ​ខ្លួន ទើប​យុវជន​ខ្មែរ និង​ប្រទេស​កម្ពុជា ទាំងមូល​អាច​ទាញ​ផល​ប្រយោជន៍​ពេញលេញ​ពី​ការ​ផ្សារភ្ជាប់​អាស៊ាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

ពី USA

well, well if you can't even change your prime minister what else do you think you can do better for the damp Cambodia. you will be screwed up in the circle.

Sep 16, 2016 02:26 AM

គេហទំព័រ​ទាំងមូល