វិធី​ចិញ្ចឹម​មាន់​តាម​បែប​ធម្មជាតិ (ភាគ២)

កាល​ពី​សប្តាហ៍​មុន​នាទី​កសិកម្ម​របស់​វិទ្យុ​អាស៊ី​សេរី បាន​លើក​យក​ការ​រៀបចំ​កន្លែង​ចិញ្ចឹម​មាន់​និង​ការ​ធ្វើ​ចំណី​មាន់​មក​ជម្រាប​ជូន។ ក្នុង​នាទី​កសិកម្ម​សម្រាប់​សប្ដាហ៍​នេះ លោក ឡេង ម៉ាលី លើក​យក​វិធី​ថែទាំ​មាន់​មក​ជម្រាប​ជូន​ជា​បន្ត។
ដោយ ឡេង ម៉ាលី
2009-12-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

អំពី​ការ​ថែទាំ​មេ​មាន់ ៖ ការ​ថែទាំ​មាន់ តាម​ពិសោធន៍​របស់​កសិករ ឡាយ ផល្លាង នៅ​ភូមិ​ពេជ្រឥន្រ្ទា ឃុំ​បឹងត្រាញ់​ខាង​ជើង ស្រុក​សំរោង ខេត្ត​តាកែវ បាន​ឲ្យ​ដឹង​ថា ក្រៅ​ពី​ការ​ធ្វើ​ទ្រុង​ឲ្យ​បាន​ខ្ពស់​និង​ធ្វើ​ធ្នើរ​សម្រាប់​ឲ្យ​មាន់​ដេក គឺ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ធ្វើ​សម្បុក​ឲ្យ​មេ​មាន់​ពង​ផង​ដែរ។

សម្បុក​មាន់​គេ​ធ្វើ​ខ្ពស់​ពី​ដី​ប្រហែល​១​ម៉ែត្រ ដោយ​ចង​ដង្ហែ​ជាប់​នឹង​ជញ្ជាំង​រោង​មាន់​ក៏​បាន។ គេ​ទុក​ចន្លោះ​សម្បុក​ឃ្លាត​ពី​គ្នា​កន្លះ​ម៉ែត្រ​មួយ ដើម្បី​កុំ​ឲ្យ​មេ​មាន់​ចឹក​គ្នា ៖ «ខ្ញុំ​ដង្ហែ​គ្នា ជួប​គ្នា​បាំង​តែ​ជញ្ជាំង​ខ័ណ្ឌ​វា កុំ​ឲ្យ​វា​អើត​មើល​គ្នា​ឃើញ ព្រោះ​ចេះ​តែ​ចឹក​គ្នា»

សម្បុក​មាន់​គេ​អាច​យក​កញ្ជើ​ឬ​បង្គី​មក​ធ្វើ​ក៏​បាន ក៏​ប៉ុន្តែ​កសិករ ឡាយ ផល្លាង ប្រាប់​ថា គាត់​ប្រើ​កញ្ច្រែង​ត្រី​ចំហុយ​ធ្វើ​ជា​សម្បុក។ គាត់​មិន​ប្រើ​ស្លឹក​ចេក​ឬ​ចំបើង​សម្រាប់​ទ្រាប់​បាត​សម្បុក​ទេ ពីព្រោះ​វា​នាំ​ឲ្យ​កើត​ស្រមើល​និង​ពិបាក​បង្វិល​ពង។ គាត់​ប្រើ​សំបក​ការ៉ុង​ជំនួស​វិញ។

កសិករ ឡាយ ផល្លាង បាន​ប្រាប់​ដូច្នេះ ៖ «កញ្រ្ចែង​ត្រី​ចំហុយ​ហ្នឹង កាត់​ថង់​ហ្នឹង​ដាក់​ទៅ។ ក្រាល​តែ​មួយ​ជាន់ ហើយ​យើង​ដាក់​ស្លឹក​ស្តៅ ស្លឹក​ទៀប​អី​ទ្រាប់​ពី​ក្រោម​បន្តិច ស្លឹក​សាវម៉ាវ​ព្រៃ​ក៏​បាន ការពារ​កុំ​ឲ្យ​ស្រមើល»

ទ្រុង​សម្រាប់​ដាក់​សម្បុក​ឲ្យ​មាន់​ពង កសិករ ឡាយ ផល្លាង ប្រាប់​ថា គាត់​ត្រូវ​ធ្វើ​ជញ្ជាំង​បិទ​បាំង​ឲ្យ​ងងឹត​បន្តិច ព្រោះ​តាម​ទម្លាប់​គាត់​ឃើញ​មាន់​ខ្មែរ​ច្រើន​ទៅ​រក​ពង​នៅ​ទី​ងងឹត ដូច​ជា​ជង្រុក​ស្រូវ​ជាដើម។

អំពី​ការ​ភ្ញាស់​កូន​មាន់ ៖ កសិករ ឡាយ ផល្លាង ដែល​ប្រាប់​ថា គាត់​ភ្ញាស់​កូន​មាន់​របស់​គាត់​លក់​ទៅ​ឲ្យ​កសិករ​ដទៃ​ទៀត​នៅ​តំបន់​ជា​ច្រើន គឺ​គាត់​ទុក​ឲ្យ​មេ​មាន់​ក្រាប​ពង​តាម​វិធី​ធម្មជាតិ ក៏​ប៉ុន្តែ​គាត់​ច្រើន​ប្រមូល​ពង​ពី​សម្បុក​ដទៃ​ទៀត​មក​ដាក់​ឲ្យ មេ​មាន់​មួយ​ក្រាប​អាច​ដល់​ម្ភៃ​ពង​ក៏​មាន។ ការ​ធ្វើ​របៀប​នេះ​អាច​ធ្វើ​ឲ្យ​មេ​មាន់​ឆាប់​រក​ឈ្មោល​និង​ពង​បន្ត​ទៀត។

ការ​ប្រមូល​ពង​ពី​សម្បុក​ផ្សេង​មក​ដាក់​ឲ្យ​ក្រាប​ក្នុង​សម្បុក​តែ​មួយ ចាំបាច់​គេ​ត្រូវ​គូស​ចំណាំ​ពង​នោះ​សម្កាល់​ថា មាន​អាយុ​ដំណាល​គ្នា​នឹង​ពង​ដែល​មេ​មាន់​កំពុង​ក្រាប​ដែរ។

ចំពោះ​ការ​ថែទាំ​កូន​មាន់ កសិករ ឡាយ ផល្លាង ផ្តល់​បទពិសោធន៍​ថា គាត់​បាន​បំបែក​កូន​មាន់​ចេញ​ពី​មេ​វា បន្ទាប់​ពី​ញាស់​បាន​រយៈ​ពេល​២៤​ម៉ោង។ កូន​មាន់​គាត់​ដាក់​ក្នុង​ទ្រុង​មួយ​ដោយ​ឡែក ដើម្បី​កុំ​ឲ្យ​មាន់​ធំ​ចឹក​ឬ​ដណ្តើម​ចំណី។

កសិករ ឡាយ ផល្លាង បាន​ប្រាប់​កន្លង​មក​ថា គាត់​ឧស្សាហ៍​លាង​ស្នូក​ចំណី​និង​ស្នូក​ទឹក​ឲ្យ​ស្អាត​ដើម្បី​ការពារ​កុំ​ឲ្យ​ឆ្លង​ជំងឺ។

បើ​ទោះ​ជា​ការ​ចិញ្ចឹម​មាន់​របស់​កសិករ ឡាយ ផល្លាង បាន​ជោគជ័យ​ក៏ដោយ ក៏​គាត់​និយាយ​ថា បញ្ហា​របស់​មាន់​គឺ​ចៀស​មិន​ផុត ជា​ពិសេស​ជំងឺ​មាន់ ដូចជា​ជំងឺ​ព្រូន ដង្កោកាច់ ជំងឺ​រាក​ស ឬ​គែ​មិន​រំលាយ​អាហារ​ដែល​គាត់​ហៅ​ថា ជំងឺ​ក្តាំង​គែ​ជាដើម។ ក៏​ប៉ុន្តែ​កសិករ ឡាយ ផល្លាង មាន​ប្រសាសន៍​ថា គាត់​អាច​បង្ការ​និង​ព្យាបាល​ជំងឺ​មាន់​បាន​ខ្លះ​តាម​ការ​​អំពី​ការ​បង្ការ​ជំងឺ។

ចំពោះ​មាន់ កសិករ ឡាយ ផល្លាង មាន​ប្រសាសន៍​ថា គាត់​ប្រើ​គល់​ស្លឹកគ្រៃ​និង​វល្លិ​បណ្តូល​ពេជ្រ​ត្រាំ​ទឹក​ឲ្យ​មាន់​ផឹក​ជា​ប្រចាំ ៖ «ព្រលឹម​ឡើង​លាង​ស្នូក​ទឹក​ឲ្យ​ស្អាត ហើយ​ដាក់​ទឹក​ស្អាត​យើង​ហ្នឹង ហើយ​ដំ​គល់​ស្លឹក​គ្រៃ​ដាក់​មួយ​គល់ ហើង​និង​ចិត​បណ្តូល​ពេជ្រ​ប្រហែល​ប៉ុន​គ្រាប់​ថ្នាំ​ប៉ារ៉ា​យើង​ហ្នឹង ញី​ឲ្យ​ម៉ត់​ដាក់​ត្រាំ​ទឹក។ ដូច​ថា​ទឹក ២ ឬ ៣​លីត្រ ខ្ញុំ​ដាក់​ស្លឹកគ្រៃ​មួយ​គល់ និង​បណ្តូល​ពេជ្រ​មួយ​ចំណិត​ប៉ុន​គ្រាប់​ថ្នាំ​ពេទ្យ​យើង​ហ្នឹង។ ដាក់​ធំ​ពេក​ក៏​វា​អត់​ផឹក​ដែរ វា​ល្វីង»

វិធី​ការពារ​កុំ​ឲ្យ​មាន់​ឆ្លង​ជំងឺ​ពី​គ្នា​គេ​ត្រូវ​ក្រុង​មាន់​ឈឺ​នេះ​ឲ្យ​នៅ​ដោយ​ឡែក​ពី​គ្នា ហើយ​បំប៉ន​ចំណី​រហូត​ដល់​វា​ស៊ី​ចំណី​និង​ក្លាហាន​ឡើង​វិញ។ ដើម្បី​រក​មាន់​ដែល​ឈឺ កសិករ ឡាយ ផល្លាង ប្រាប់​ថា នៅ​ពេល​បាច​ចំណី​ត្រូវ​រក​មើល​មាន់​ណា​រាង​ស្ញុលៗ មិន​សូវ​ស៊ី​ចំណី​ហើយ​ខ្លាច​គេ។ ការ​ព្យាបាល​ជំងឺ​មាន់​មួយ​ចំនួន កសិករ ឡាយ ផល្លាង មាន​ប្រសាសន៍​ថា គាត់​ក៏​ប្រើ​ថ្នាំ​ផ្សំ​ពី​ធម្មជាតិ​ដែរ។

វិធី​បញ្ចុះ​ព្រូន​មាន់​ចាប់​ពី​មួយ​ខែ​ឡើង​ទៅ គាត់​យក​គ្រាប់​ក្ទម្ពទេស​និង​ស្លា​ខ្ចី​បុក​លាយ​គ្នា ហើយ​ច្របល់​ជាមួយ​ចុង​អង្ករ​ដាក់​ឲ្យ​មាន់​ស៊ី​រៀង​រាល់​មួយ​ខែ​ម្តង។ គាត់​ត្រូវ​បន្ថយ​ចំណី​នៅ​ពេល​ដាក់​ថ្នាំ​ឲ្យ​មាន់​ស៊ី។

កសិករ ឡាយ ផល្លាង បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «ព្រលឹម​ឡើង​ដាក់​លាយ​ឲ្យ​វា​ស៊ី។ ដូច​ថា មួយ​ពេល​យើង​ឲ្យ​ស៊ី​ចំនួន​ពីរ​គីឡូក្រាម ថ្ងៃ​ហ្នឹង​ដាក់​ថ្នាំ​ទម្លាក់​ព្រូន យើង​កុំ​ដាក់​ដល់​ពីរ​គីឡូ​អី ដាក់​តែ​មួយ​គីឡូ​បាន​ហើយ។ ចំណី​តិច​អ៊ីចឹង​វា​ដណ្តើម​ស៊ី​ទាល់​តែ​អស់ អ៊ីចឹង​ថ្នាំ​ទម្លាក់​ព្រូន​ហ្នឹង​វា​អាច​ចូល​គែ​មាន់​គ្រប់​មាន់»

គេ​ត្រូវ​បោស​សំម្អាត​អាចម៍​មាន់​ដើម្បី​ការពារ​កុំ​ឲ្យ​មាន់​ចឹក​ស៊ី​ព្រូន​ដែល​ធ្លាក់​មក​នោះ។

នៅ​រដូវ​ធ្លាក់​ខ្យល់​ត្រជាក់ មាន់​ច្រើន​មាន​ជំងឺ​ដង្កោកាច់ ក៏​ប៉ុន្តែ​កសិករ ឡាយ ផល្លាង ប្រាប់​ថា អាច​ការពារ​បាន​ដោយ​វិធី​យក​ខ្ញី​និង​ខ្ទឹម​ស​៣​ភាគ និង​ស្ករ​ត្នោត​១​ភាគ បុក​បញ្ចូល​គ្នា ផ្អាប់​ទុក​រយៈ​ពេល​១៥​ថ្ងៃ រួច​ហើយ​លាយ​ជាមួយ​ចំណី​ឲ្យ​មាន់​ស៊ី។ ប្រសិន​បើ​មិន​មាន​ខ្ញី​និង​ខ្ទឹម​ទេ គេ​អាច​យក​រំដេង​ស្រស់​មក​លីង​បុក​ទុក​ប្រើ​ក៏​បាន​ដែរ។

កសិករ ឡាយ ផល្លាង បា្រប់​ដូច្នេះ​ថា ៖ «រំដេង​ហ្នឹង​យក​ស្រស់​មក​ហាន់​ស្តើងៗ ហើយ​លីង​វា​បុក​ទុក​ប្រើ​ប្រាស់​ក៏​បាន​ដែរ។ សម្គាល់​មើល​តែ​មាន់​ដង្កោ វា​អត់​រលាយ​គែ សំកុក ហើយ​វា​រាក។ ដល់​ពេល​យើង​ដាក់​អាហ្នឹង​ឲ្យ​ស៊ី​ទៅ វា​រលាយ​គែ វា​អត់​ទល់​លាមក​ទេ»

ចំពោះ​វិធី​ព្យាបាល​មាន់​ក្តាំង​គែ​មិន​រំលាយ​អាហារ​ដែល​មាន​សញ្ញា​សំកុក រួញ​ក រោម​បះ សាច់​ក្រហម​ក្តៅ លែង​ស៊ី​ចំណី​ហើយ​គែ​ឡើង​រឹង កសិករ ឡាយ ផល្លាង ប្រាប់​ថា គាត់​យក​ដើម​ស្មៅ​ចាក់ស្មុគ្រ ឬ​ខ្លះ​ហៅ​ថា ក្រពាត់​ជ្រូក មក​បុក​យក​ទឹក​ច្រក​មាន់​តែម្តង ៖ «បុក​ដាក់​លាយ​ទឹក​ហើយ​ច្រោះ។ យក​ស៊ីរ៉ាំង​បូម​បាញ់​បញ្ចូល​មាត់​មាន់​តែម្តង។ មាន់​ធំ​ដាក់​១០​សេសេ»

ការ​លូត​លាស់​រវាង​មាន់​ខ្មែរ​និង​មាន់​កសិកម្ម​ដែល​គេ​ចិញ្ចឹម​ក្នុង​ទ្រុង ត្រូវ​បាន​កសិករ ឡាយ ផល្លាង ឲ្យ​ដឹង​ថា មាន​ការ​លូតលាស់​ខុស​គ្នា​ក្នុង​រយៈ​ពេល​ចិញ្ចឹម​ដូចគ្នា ៖ «មាន់​ខ្មែរ​យើង​ខ្ទង់​ប្រហែល​មួយ​ខែ​កន្លះ​បាន​ហើយ​មួយ​គីឡូ​ជាង។ គេ​បាន​ពីរ​គីឡូ​ជាង ហើយ​សាច់​គេ​ដូច​រាង​ជ្រោកៗ ទឹកៗ។ យើង​ស៊ី​តាម​ធម្មជាតិ​របស់​យើង សាច់​វា​រាង​ហាប់»

ការ​ចិញ្ចឹម​មាន់​ដោយ​ផ្តល់​ចំណី​ផ្សំ​ពី​ធម្មជាតិ កសិករ ឡាយ ផល្លាង មាន​ប្រសាសន៍​ថា មាន់​មិន​សូវ​ងាប់ ហើយ​សព្វថ្ងៃ​នេះ​គាត់​កំពុង​មមា​ញឹក​ក្នុង​ការ​ភ្ញាស់​កូន​មាន់​លក់ ព្រោះ​មាន​ភ្ញៀវ​រក​ទិញ​ពូជ​ច្រើន។ ក្នុង​កូន​មាន់​មួយ​ក្បាល អាយុ​មួយ​អាទិត្យ គាត់​អាច​លក់​បាន​តម្លៃ​ពី​៣​ទៅ​៤​ពាន់​រៀល។ រី​ឯ​មាន់​ធំ​វិញ គាត់​លក់​១៥.០០០​រៀល​ក្នុង​មួយ​គីឡូក្រាម៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល