សង្ខេប​មតិ​យោបល់​ប្រិយមិត្ត​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី​ក្នុង​ឆ្នាំ​២០១៤

ដោយ វោហារ ជាតិ
2014-12-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រូបភាព​គេហទំព័រ និង​បណ្ដាញ​សង្គម​របស់​វិទ្យុ​អាស៊ីសេរី។ ខែ​ធ្នូ ២០១៤
រូបភាព​គេហទំព័រ និង​បណ្ដាញ​សង្គម​របស់​វិទ្យុ​អាស៊ីសេរី។ ខែ​ធ្នូ ២០១៤
Photo: RFA

ក្នុង​រយៈពេល​នៃ​ការ​ផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី (RFA) នៅ​ឆ្នាំ​២០១៤ នេះ មាន​ប្រិយមិត្ត​ជា​ច្រើន​បាន​ស្ដាប់ និង​ចូល​មើល​ព័ត៌មាន​តាម​គេហទំព័រ (Website) និង​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) នៃ​វិទ្យុ​យើង។

ក្រៅ​ពី​ចូល​អាន​ព័ត៌មាន និង​ទស្សនា​វីដេអូ (Video) កម្រង​រូបភាព (Slide-show) ប្រិយមិត្ត​យើង​ជា​ច្រើន​រាប់​សែន​នាក់​ទៀត ក៏​បាន​សរសេរ​បញ្ចេញ​មតិ​យោបល់​ផ្ទាល់​ខ្លួន​ចំពោះ​កម្មវិធី​ផ្សាយ​ព័ត៌មាន​របស់​វិទ្យុ​យើង​ផង​ដែរ។

ការ​បញ្ចេញ​មតិ​យោបល់​របស់​ប្រិយមិត្ត​ក្នុង​អំឡុង​ឆ្នាំ​២០១៤ នេះ មាន​រាប់​ម៉ឺន​សែន តែ​ប្រិយមិត្ត​ភាគ​ច្រើន​បាន​សរសើរ ​ហើយ​ខ្លះ​ក៏​រិះគន់ ឬ​បង្អាប់​វិទ្យុ​អាស៊ីសេរី ខណៈ​ប្រិយមិត្ត​យើង​ខ្លះ​ទៀត មាន​សំណូមពរ​ផ្សេងៗ​នៃ​កម្មវិធី​ផ្សាយ​របស់​យើង។

កម្មវិធី​ផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី ដែល​មាន​ទិស​ដៅ​លើក​ស្ទួយ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា មាន​កម្មវិធី​ផ្សាយ​ព័ត៌មាន​ក្ដៅៗ បទ​យកការណ៍ បទ​វិភាគ វេទិកា​តុមូល និង​កម្មវិធី​ផ្សេងៗ​ទៀត ដែល​ប្រិយមិត្ត​ច្រើន​លើសលប់​កោត​សរសើរ​ថា បាន​ផ្សាយ​ព័ត៌មាន​ពិត​និង​ឯករាជ្យ។

ប្រិយមិត្ត​ដែល​ដាក់​ឈ្មោះ​ថា សុភ័គ បាន​បង្ហោះ​មតិ​របស់​ខ្លួន​លើ​ហ្វេសប៊ុក វិទ្យុ​អាស៊ីសេរី ថែម​ទាំង​ដាក់​រូប​សញ្ញា (Logo) របស់​វិទ្យុ​អាស៊ីសេរី​ផង សរសេរ​ថា៖ «ខ្ញុំ​គាំទ្រ​អាស៊ីសេរី រៀង​រហូត ធ្វើ​ឲ្យ​ខ្ញុំ​យល់​ដឹង​អំពី​បញ្ហា​ជា​ច្រើន​ក្នុង​សង្គម»។

បន្ទាប់​មក ប្រិយមិត្ត​ឈ្មោះ ម៉ៃ ឆៃម៉ាង សរសេរ​ដោយ​អក្សរ​ពណ៌​ធំៗ អម​ដោយ​រូប​ត្លុក​សើច​ថា «វិទ្យុ​អាស៊ីសេរី ជា​អាវុធ​បាញ់​ចំៗ​ពួក​ចោរ​លួច​ជាតិ»

ប្រិយមិត្ត​ឈ្មោះ តេស សុខា បាន​ដាក់​រូបថត​របស់​ខ្លួន មើល​ទៅ​ជា​បុរស​អាយុ​ប្រហែល ៣០​ឆ្នាំ សរសេរ​ថា៖ «ខ្ញុំ​សូម​គ្រាំទ្រ​វិទ្យុ​អាស៊ីសេរី ពេញ​ទំហឹង​ហ្មង! ព្រោះ​អី​និយាយ​ការ​ពិត ធ្វើ​ឲ្យ​ខ្ញុំ​យល់​ដឹង​ច្រើន​អំពី​បញ្ហា​ផ្សេងៗ​នៅ​ក្នុង​ប្រទេស​និង​ក្រៅ​ប្រទេស»

ប្រិយមិត្ត​ដែល​ដាក់​រហស្សនាម​ថា អ្នក​ស្រឡាញ់​ប្រជាធិបតេយ្យ ក៏​មិន​ខុសគ្នា​ប៉ុន្មាន​ដែរ គាត់​សរសេរ​ថា៖ «ស្តាប់​វិទ្យុ RFA អាច​យល់​ដឹង​អ្វី​ដែល​យើង​មិន​ធ្លាប់​ដឹង»

ចំណែក​ប្រិយមិត្ត​ដាក់​ឈ្មោះ​ថា ខ្មែរ​អង្គរ បាន​ដាក់​រូប​ព្រះពុទ្ធ​មាន​ពន្លឺ​ព្រះ​បារមី​ចែងចាំង អម​ដោយ​អក្សរ​ថា៖ «មាន​វិទ្យុ​អាស៊ីសេរី ដូច​មាន​ពន្លឺ​មួយ​ដ៏​អស្ចារ្យ​សម្រាប់​យើង​ទាំង​អស់​គ្នា ហើយ​អ្វី​ដែល​យើង​ដឹង​គឺ​ដឹង​កាន់​តែ​ច្បាស់។ អរគុណ​វិទ្យុ RFA!»។

ស្រី ហេង ក៏​អ៊ីចឹង​ដែរ គាត់​ដាក់​រូប​ត្លុក​កូន​ង៉ែត​អត់​ពាក់​អាវ ឈរ​លាត​សន្ធឹង​ដៃ ថា៖ «គាំទ្រ​អស់​ពី​ដួង​ចិត្ត»។ ចំណែក វណ្ណសក្ដិ ណុប បញ្ចេញ​មតិ​ថា៖ «បើ​គ្មាន​អាស៊ីសេរី​ទេ​នោះ ខ្ញុំ​ពិត​ជា​មិន​បាន​ដឹង​ពី​ព័ត៌មាន​ពិត​នៅ​ក្នុង​ស្រុក​ខ្មែរ​ទេ។ ខ្ញុំ​គាំទ្រ​អាស៊ីសេរី»

ដោយឡែក​ប្រិយមិត្ត​មាន​រហស្សនាម​ថា មានទ្រព្យ ចាប់​អារម្មណ៍​លើ​ទំព័រ​វ៉ឹបសៃថ៍ របស់​អាស៊ីសេរី ដោយ​បាន​ប្រៀបធៀប​ទៅ​នឹង​វ៉ឹបសៃថ៍ អង្គការ​សារព័ត៌មាន​ផ្សេង​ដោយ​មិន​បញ្ចេញ​ឈ្មោះ​ថា៖ «ទំព័រ​ផ្សេង​គួរ​ដឹង​ខ្លួន​ហេតុ​អ្វី​ក៏​មិន​មាន​ការ​គាំទ្រ​ដូច​នេះ។ ការ​ពិត​គឺ​ត្រូវ​និយាយ​ពិត នោះ​ទើប​អ្នក​គាំទ្រ​ចូល​ចិត្ត»

ទាក់ទង​នឹង​ទំព័រ​វ៉ឹបសៃថ៍​នេះ​ដែរ វិសាល មក​ពី​ភ្នំពេញ ដូច​ប្រិយមិត្ត​មុនៗ​ដែរ គាត់​មាន​សំណូមពរ​ឲ្យ​អាស៊ីសេរី ធ្វើ​បច្ចុប្បន្ន​ភាព​វ៉ឹបសៃថ៍​ឲ្យ​សម្បូរណ៍​បែប​ជាង​នេះ​បន្តិច ទាក់ទង​នឹង​ព័ត៌មាន​ខាង​អត្ថបទ និង​ព័ត៌មាន​រូបភាព។ វិសាល សរសេរ​ថា៖ «សូម​អរគុណ​ចំពោះ​ការ​ប្រកាស​ផ្សព្វផ្សាយ​របស់ RFA ដើម្បី​ឲ្យ​អ្នក​ដែល​ចង់​ស្វែង​យល់​ចង់​ចេះ​ចង់​ដឹង​បាន​ទទួល​នូវ​ព័ត៌មាន​ដ៏​សំខាន់​ទាំង​នេះ។ តែ​បើ​បាន​ដាក់ link ភ្ជាប់​ទៅ​ប្រភព​ដើម​នៃ​ឯកសារ ឬ​វីដេអូ កាន់​តែ​ល្អ»

ប្រិយមិត្ត​ជា​ច្រើន​ទៀត​បាន​បញ្ចេញ​មតិ​ប្រហាក់​ប្រហែល​គ្នា។ ខ្លះ​សរសេរ​ភាសា​អង់គ្លេស ថៃ ខ្មែរ ក្នុង​ន័យ​គាំទ្រ​ថា អាស៊ីសេរី​ជា​វិទ្យុ​ឯករាជ្យ និង​ផ្សាយ​ព័ត៌មាន​ពិត​មិន​លម្អៀង។

មិន​មែន​សុទ្ធតែ​ប្រិយមិត្ត​ទាំង​អស់​ទេ ដែល​យល់​ថា វិទ្យុ​អាស៊ីសេរី ល្អ​នោះ។ ក៏​មាន​ប្រិយមិត្ត​ជា​ច្រើន​ទៀត​មិន​ពេញ​ចិត្ត​ដែរ។

ជាអាទិ៍​ប្រិយមិត្ត​មាន​រហស្សនាម​ថា កូន​ខ្មែរ​ពី​សហរដ្ឋ​អាមេរិក​ បាន​ប្រតិកម្ម​ទៅ​នឹង​អត្ថបទ​មួយ​ចុះ​ថ្ងៃ​ទី​២៧ ឧសភា មាន​ចំណង​ជើង​ថា "បក្ស​ប្រឆាំង​ខេត្ត​តាកែវ​ប្ដឹង​ទៅ​គ.ជ.ប.សុំ​សើរើ​សន្លឹក​ឆ្នោត​២​សន្លឹក​ដែល​ចាត់​មិន​បាន​ការ" ថា អាស៊ីសេរី​សរសេរ​ព័ត៌មាន​ដូច​កូន​ក្មេង។ ប្រិយមិត្ត​កូន​ខ្មែរ សរសេរ​ថា៖ «ខ្ញុំ​មិន​ជឿ​ថា CNRPមិន​ចេះ​ធ្វើ​ការ​ទេ តែ​ខ្ញុំ​ជឿ RFA ចង់​បំពុល​ច្រើន​ជាង។ ព្រោះ​អត្ថបទ​ខ្លះ​របស់ RFA បាន​សរសេរ​តាម​បែប​ក្មេង​លេង គ្មាន​ការ​ថ្លឹងថ្លែង មិន​មែន​ជា​លក្ខណៈ​ផ្ដល់​ព័ត៌មាន»

បន្ត​បន្ទាប់​ទៀត​ប្រិយមិត្ត​ខ្លះ​បាន​រិះគន់​ថា អាស៊ីសេរី​ស្ទក់​ណាស់ មិន​បាន​បង្ហោះ​ព័ត៌មាន​ក្ដៅៗ លើ​ទំព័រ​វ៉ឹបសៃថ៍​របស់​ខ្លួន​ឲ្យ​បាន​ទាន់​ពេល​វេលា​ទេ។

ប្រិយមិត្ត​សរសេរ​ថា៖ «ប្រជាពលរដ្ឋ​ភាគ​ច្រើន​ជឿ​អាស៊ីសេរី តែ​អាស៊ីសេរី តែង​តែ​បង្ហោះ​រឿង​យឺត​រហូត។ គួរ​ឲ្យ​ស្ដាយ វីដូឌី (VOD) សេន (CEN) លឿន​ជាង​អាស៊ីសេរី។ សូម្បី​អត្ថបទ​បង្ហោះ​លើ​វ៉ឹបសៃថ៍​ខ្លះ​ក៏​មិន​ត្រឹមត្រូវ​ដែរ រឿង​ខ្លះ​មាន​តែ​សំឡេង រី​ឯ​អត្ថបទ​សម្រង់​សម្ដី​ប្រភព​អត់​មាន គួរ​ឲ្យ​ស្ដាយ​ណាស់​ចំពោះ​អាស៊ីសេរី ដែល​មាន​អ្នក​យក​ព័ត៌មាន​បែប​នេះ»

ទាក់ទង​ទៅ​នឹង​អត្ថបទ​វិភាគ​វិញ ក៏​មាន​ប្រិយមិត្ត​យើង​រិះគន់​ច្រើន​ដែរ។ ក្រៅ​ពី​នេះ​ប្រិយមិត្ត​ខ្លះ​បាន​ចោទ​សួរ​ថា តើ​វិទ្យុ​អាស៊ីសេរី ធ្វើ​ការ​ឃោសនា​ឲ្យ​បក្ស​ប្រឆាំង​មែន​ឬ​ទេ?

ប្រិយមិត្ត​ដាក់​ឈ្មោះ ជន​អនាមិក ​បាន​ប្រតិកម្ម​ទៅ​នឹង​អត្ថបទ​វិភាគ​វិទ្យុ​អាស៊ីសេរី ចុះ​ថ្ងៃ​ទី​៣០ មករា ដែល​មាន​ចំណង​ជើង​ថា "តើ​មន្ត្រី​រាជការ​អនុវត្ត​តួនាទី​បម្រើ​រាស្ត្រ​ឬ​ផ្គាប់​ចិត្ត​លោក ហ៊ុន សែន ឬ?” នៅ​ក្រោម​ចំណង​ជើង អ្នក​យក​ព័ត៌មាន​សរសេរ​ថា "នៅ​កម្ពុជា វា​សឹង​ក្លាយ​ទៅ​ជា​ប្រពៃណី​ទៅ​ហើយ​ដែល​មន្ត្រី​រាជការ​សាធារណៈ​មួយ​ចំនួន​បាន​ភ្លេច​ខ្លួន​ឯង​ថា​ជា​មន្ត្រី​សាធារណៈ បម្រើ​ប្រយោជន៍​ប្រជាពលរដ្ឋ​គ្រប់​និន្នាការ​នយោបាយ។ ក៏ប៉ុន្តែ អ្វី​ដែល​គេ​មើល​ឃើញ​គ្រប់​គ្នា​នោះ គឺ​ពួក​គាត់​ភាគ​ច្រើន​ធ្វើ​ការ​បម្រើ​គណបក្ស​កាន់​អំណាច និង​លើក​តម្កើង​មេ​ដឹក​នាំ ពិសេស​គឺ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយ​ធ្វើ​ទុក្ខ​ទោស​ប្រជាពលរដ្ឋ​ដែល​មិន​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ទៅ​វិញ"។

ចំពោះ​អត្ថបទ​នេះ ជន​អនាមិក បាន​ចោទ​សួរ​អត្ថបទ​វិភាគ​ថា៖ «រដ្ឋាភិបាល ហ៊ុន សែន ថា អាស៊ីសេរី ធ្វើ​ការ​បម្រើ​បក្ស​ប្រឆាំង​មែន​ឬ​អត់? សូម​មើល​អត្ថបទ​នេះ ហើយ​វិភាគ​បន្តិច​ទៅ​នឹង​ឃើញ​ហើយ! ទី​២ ហ៊ុន សែន បាន​បញ្ជា​ឲ្យ​មន្ត្រី​រាជការ​បម្រើ​រាស្ត្រ បើ​ពួក​គាត់​បម្រើ​រាស្ត្រ​គឺ​មាន​ន័យ​ថា ផ្គាប់​ចិត្ត ហ៊ុន សែន ព្រោះ​គោរព​តាម​បញ្ជា ហ៊ុន សែន បើ​អ៊ីចឹង​ចំណង​ជើង​អត្ថបទ​នេះ​ចង់​មាន​ន័យ​ថា​ម៉េច? ឬ​ក៏​កើត​ជំងឺ​អាស៊ីសេរី ធ្វើ​ការ​បម្រើ​បក្ស​ប្រឆាំង​ដូច​គេ​ថា?»

ប្រិយមិត្ត​​ជា​ច្រើន​ចាប់​អារម្មណ៍​លើ ​ជំហរ និង​ខ្លឹម​សារព័ត៌មាន។ ដោយ​ឡែក ក្មេងវត្ត​៧​មករា មក​ពី​វត្តភ្នំ ចាប់​អារម្មណ៍​លើ​ពាក្យពេចន៍​របស់​អ្នក​យក​ព័ត៌មាន​ប្រើ​ក្នុង​អត្ថបទ​ផ្សាយ​ទៅ​វិញ។

ក្មេងវត្ត​៧​មករា បាន​ចាប់​អារម្មណ៍​លើ​អត្ថបទ​មួយ​មាន​ចំណង​ជើង​ថា "ស្ថាប័ន​រដ្ឋ​និង​គ្រឹះស្ថាន​អប់រំ​ខ្លះ​បិទ​ទ្វារ​ថ្ងៃ​ចូល​ឆ្នាំ​ចិន​និង​វៀតណាម"។ ក្នុង​អត្ថបទ​នេះ​អ្នក​យក​ព័ត៌មាន​បាន​ប្រើ​ពាក្យ "លំហូរ" ធ្វើ​ឲ្យ​ប្រិយមិត្ត​ឆ្ងល់ ហើយ​បាន​សរសេរ​សួរ​ត្រឡប់​វិញ​ថា៖ «ក្នុង​អត្ថបទ​ខាង​លើ​អ្នក​និពន្ធ​បាន​ប្រើ​ពាក្យ លំហូរ តើ​ពាក្យ​លំហូរ​ស្មើ​ការ​ហូរ​មែន​ទេ? ចុះ​ពាក្យ​លំហុយ ស្មើ​ការ​ដែល​ហុយ ឬ​ការ ​ដែល​ផុយ មែន​ចោះ?»

ទោះ​យ៉ាងណា​វិទ្យុ​អាស៊ីសេរី សូម​អរគុណ​ដល់​ប្រិយមិត្ត​ទាំង​អស់​ដែល​បាន​ចំណាយ​ពេល​វេលា​ដ៏​មាន​តម្លៃ​សរសេរ​បញ្ចេញ​មតិ​មក​កាន់​វិទ្យុ​យើង។ វិទ្យុ​អាស៊ីសេរី នឹង​ព្យាយាម​ឲ្យ​អស់​ពី​លទ្ធភាព ​ចុះ​ផ្សាយ​មតិ​យោបល់​ប្រិយមិត្ត​ទាំង​អស់​​បន្ត​ទៅ​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

អ្នក​អាន​អនាមិក

ពី USA

Thanks to all personels & Friends at RFA & VOA as well-Keep the Good work going!-Happy Holidays!

Dec 30, 2014 09:42 AM

អ្នក​អាន​អនាមិក

វិភាគលើកជើងខ្លួនឯង

Dec 30, 2014 06:30 AM

គេហទំព័រ​ទាំងមូល