បុគ្គលិក​សណ្ឋាគារ ដឺ ហ្ក្រេត ឌ្យូក ភ្នំពេញ ធ្វើ​កូដកម្ម​ទាមទារ​បើក​ប្រាក់​ឈ្នួល

ដោយ អាស៊ីសេរី
2019-09-03
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
បុគ្គលិក​សណ្ឋាគារ ដឺ ហ្គ្រេត ឌ្យូក (The Great Duke) លើក​បដា​តវ៉ា​មុខ​សណ្ឋាគារ នៅ​ព្រឹក​ថ្ងៃ​ទី៣ កញ្ញា ទាមទារ​ឲ្យ​ថៅកែ​បើក​ប្រាក់​ឈ្នួល។
បុគ្គលិក​សណ្ឋាគារ ដឺ ហ្គ្រេត ឌ្យូក (The Great Duke) លើក​បដា​តវ៉ា​មុខ​សណ្ឋាគារ នៅ​ព្រឹក​ថ្ងៃ​ទី៣ កញ្ញា ទាមទារ​ឲ្យ​ថៅកែ​បើក​ប្រាក់​ឈ្នួល។
រូប៖ លោក ឃុន ថារ៉ូ សង់ត្រាល់ (CENTRAL) ផ្ដល់​ឲ្យ

បុគ្គលិក​​ជាច្រើន​​នាក់​​នៃ​សណ្ឋាគារ​ ដឺ ហ្ក្រេត ឌ្យូក ​ភ្នំពេញ (THE GREAT DUKE PHNOM PENH) ​ បាន​ប្រមូល​ផ្ដុំ​គ្នា​​តវ៉ា​មុខ​​ច្រក​ចូល​សណ្ឋាគារ ដើម្បី​ទាមទារ​ឲ្យ​ថៅកែ​បើក​ប្រាក់​ឈ្នួល​ប្រចាំ​ខែ​ឲ្យ​ពួក​គាត់​​​។ ក្រោយ​ការ​តវ៉ា​បាន​បន្តិច មន្ត្រី​ក្រសួង​ការងារ បាន​ចុះ​ទៅ​សម្រប​សម្រួល​ តែ​បុគ្គលិក​ទាមទារ​ឲ្យ​បើក​ប្រាក់​​ឈ្នួល​សិន ទើប​ព្រម​បញ្ឈប់​សកម្មភាព​តវ៉ា។

ប្រធាន​សហព័ន្ធ​សហជីព​កម្មករ និយោជិក​​វិស័យ​ទេសចរណ៍​កម្ពុជា លោក ទូច កុសល ប្រាប់​អាស៊ី​សេរី​ថា កម្មករ​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​ ​ដោយសារ​ថៅកែ មិន​ព្រម​បើក​ប្រាក់​ឈ្នួល​ឲ្យ​កម្មករ។ លោកប្រាប់​ថា ក្នុង​ការ​តវ៉ា​ មាន​កម្មករ​ជិត​ពីរ​រយ (២០០) នាក់ ​មក​ពី​គ្រប់​ផ្នែក​នៃ​សណ្ឋាគារ ចេញ​លើក​បដា​តវ៉ា​នៅ​មុខ​សណ្ឋាគារ។

លោក​ឱ្យ​ដឹង​ទៀត​ថា នៅ​ម៉ោង​ ២​រសៀល ក្រុម​មន្ត្រី​មក​ពី​ក្រសួង​ការងារ បាន​កោះ​ហៅ​សហជីព​តំណាង​កម្មករ និង​ភាគី​ថៅកែ​ ជួប​គ្នា​រក​ដំណោះ​ស្រាយ តែ​គិត​ត្រឹម​ម៉ោង​ជាង ៤រសៀល ថ្ងៃ​ទី៣ កញ្ញា​ ការ​ចរចា​មិន​ទាន់​មាន​ដំណោះ​ស្រាយ​ទេ ដោយសារ​ភាគី​ថៅកែ​ឆ្លើយ​ថា គ្មាន​ប្រាក់​បើក​ឲ្យ​កម្មករ។

លោក ទូច កុសល យល់​ថា ​ថៅកែ​គ្មាន​ឆន្ទៈ​បើក​ប្រាក់​ឈ្នួល​ និង​អាច​អំណាច​អ្នក​ធំ​នៅ​ពី​ក្រោយ​ ទើប​​រឹង​ទទឹង​ និង​មិន​សូវ​បង្ហាញ​អាកប្បកិរិយា​ចង់​ចរចា។ លោក​បន្ត​ថា ​ទោះជា​ក្រុម​សហជីព និង​តំណាង​សណ្ឋាគារ​កំពុង​ចរចា​គ្នា​ក៏​ដោយ ក៏​ក្រុម​កម្មករ​ មិន​ទាន់​រំសាយ​ការ​តវ៉ា​ទេ គឺ​រង់ចាំ​ទាល់​តែ​មាន​លទ្ធផល​​សិន៖ «ដូច​ជា​អត់​ងាយ​ត្រូវ​គ្នា​ទេ ព្រោះ​ក្រុមហ៊ុន​នៅ​តែ​ប្រកាន់​ជំហរ​មួយ​ ដូច​គេ​អាង​អំណាច​អ្វី​នៅ​ពី​ក្រោយ​ខ្នង​អ៊ីចឹង គេ​អត់​ព្រម​ដោះស្រាយ​រឿង​ហ្នឹង​ទេ គេ​ទុក​ឲ្យ​ប្រសេច​ប្រសាច​អ៊ីចឹង។ ដូច​គេ​ឆ្លើយ​អំបាញ់មិញ​អ៊ីចឹង ថា​បើ​គេ​មាន​លុយ​គេ​បើក​ឲ្យ​ហើយ បើ​គេ​មាន​លុយ​ គេ​​បង្កើត​កម្មវិធី​ជប់​លៀង​ឲ្យ​ហើយ»

សណ្ឋាគារ​ ដឺ ហ្ក្រេត ឌ្យូក ភ្នំពេញ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​មុនីរ៉េត ក្បែរ​ភ្លើងស្តុប​ផ្សារ​ដើម​គ ជា​អតីត​សណ្ឋាគារ​ អ៊ីនធ័រខន់ធីណិនថល (Intercontinental)។ សណ្ឋាគារ​នេះ បាន​ប្ដូរ​ឈ្មោះ នៅ​ថ្ងៃ​ទី១ ខែ​មករា ឆ្នាំ​២០១៨ ក្រោយ​ពេល​បាន​ផ្លាស់ប្ដូរ​ថៅកែ។ ប៉ុន្តែ​​បុគ្គលិក​សណ្ឋាគារ​នេះ​ភាគច្រើន មាន​អតីត​ភាព​ការងារ​យូរ​ឆ្នាំ គឺ​ជា​បុគ្គលិក​ ធ្វើការ​តាំង​ពី​នៅ​ជា​សណ្ឋាគារ​អ៊ីនធ័រខន់។

លោក ទូច កុសល ប្រាប់​ថា បុគ្គលិក​សណ្ឋាគារ ​ដឺ ហ្គ្រេតឌ្យូក មាន​ជាង ​២០០​នាក់ ហើយ​ថៅកែ​ខក​ខាន​បើក​ប្រាក់​ឈ្នួល​ឲ្យ​ពួកគេ ច្រើន​ថ្ងៃ​ហើយ។ លោក​ថា ប្រាក់​ខែ​បុគ្គលិក​នៅ​សណ្ឋាគារ​នេះ មិន​ច្រើន​ទេ គឺ​ជាង​មួយ​រយ (១០០)ដុល្លារ ក្នុង​មួយ​ខែ ហើយ​ត្រូវ​បើក​មួយ​ខែ​២​ដង តាម​ច្បាប់​កំណត់។ លោក​ថា បុគ្គលិក​​ដែល​មាន​អតីត​ភាព​ការងារ​តិច​ឆ្នាំ​ខ្លះ បាន​លា​ឈប់ ដោយ​មិន​ទាមទារ​​ប្រាក់​ឈ្នួល ឬ​ សំណង​ឡើយ ដោយ​សារ​ពួកគេ​ចង់​ទុក​ពេល​វេលា​រក​ការងារ​ថ្មី។ ក៏ប៉ុន្តែ​​បុគ្គលិក​ដែល​តវ៉ា​ទាំង​នេះ ​សុទ្ធ​សឹង​ជា​អ្នក​មាន​អតីតភាព​យូរ​ឆ្នាំ។

​​​បុគ្គលិក ​សណ្ឋាគារ​ ដឺ ហ្គ្រេត​ ឌ្យូក ប្រាប់​​អ្នក​សារព័ត៌មាន​​​ពេល​តវ៉ា​ នៅ​មុខ​សណ្ឋាគារ​ ថា ពួកគេ​ទាមទារ​២​ចំណុច គឺ​បើក​ប្រាក់​​ឈ្នួល​​​​ឲ្យ​បាន​ទៀង​ទាត់​នៅ​ថ្ងៃ​ទី១ ឬ​ត្រឹម​ថ្ងៃ​ទី២ នៃ​ខែ​នីមួយៗ ព្រោះ​​ពួកគេ​ត្រូវ​ការ​ប្រាក់​ឈ្នួល​នេះ​ជា​ចាំ​បាច់ ​​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ។ លក្ខខណ្ឌ​មួយ​ទៀត គឺ​បុគ្គលិក​ទាមទារ​ឲ្យ​ថៅកែ​សណ្ឋាគារ​​នេះ រៀបចំ​ពិធី​​ជប់​លៀង​ប្រចាំ​ឆ្នាំ​ឲ្យ​បុគ្គលិក ដូច​ថៅកែ​​មុន។ បុគ្គលិក​ប្រាប់​ថា ពួកគេ​ធ្លាប់​តវ៉ា​ក្នុង​សណ្ឋាគារ​៣​ដង​ហើយ ដើម្បី​ទាមទារ​លក្ខខណ្ឌ​២នេះ តែ​មិន​បាន​សម្រេច​ទើប​ពួកគេ នាំ​គ្នា​មក​តវ៉ា​នៅ​ក្រៅ​សណ្ឋាគារ​ម្ដង តែ​មិន​បាន​បិទ​ផ្លូវ​នោះ​​ទេ៖ «ពួក​ខ្ញុំ​ទាំង​អស់​គ្នា គឺ​សំណូមពរ​ឲ្យ​ថៅកែ​បើក​​លុយ​ពួក​យើង​​ឲ្យ​បាន​ទៀង​ទាត់។ មិន​ដំណោះស្រាយ​ឆាប់ៗ ពួក​ខ្ញុំ​នឹង​តវ៉ា​រហូត។ តវ៉ា​ខែ​មុនៗ នៅ​ខាង​ក្នុង​​បង។ តែ​តវ៉ា​គាត់​ដោះស្រាយ​ឲ្យ។ ឥឡូវ​ខ្ញុំ​ចេញ​មក​តវ៉ា​នៅ​ខាង​ក្រៅ។ ការ​តវ៉ា​នៅ​ខាង​ក្នុង​៣​ដង តែ​នៅ​ស្រពិចស្រពិល ពួក​ខ្ញុំ​ចេញ​មក​តវ៉ា​នៅ​ខាង​ក្រៅ​ម្ដង»

អាស៊ី​សេរី ​ មិន​អាច​សុំ​ការ​បញ្ជាក់​ពី​ខាង​ភាគី​ថៅកែ​សណ្ឋាគារ​ ដឺ ហ្គ្រេត ឌ្យូក ​ភ្នំពេញ និង​ភាគី​ក្រសួង​ការងារ​ ដែល​ចុះ​ទៅ​​ផ្សះផ្សា​​ជម្លោះ​នេះ​​ទេ គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ។​ ចំណែក អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ លោក ហេង សួរ វិញ មិន​ទទួល​ទូរស័ព្ទ​ នៅ​ថ្ងៃ​ទី ០៣ កញ្ញា។

ទោះ​ជា​យ៉ាង​ណា ប្រធាន​សហព័ន្ធ​សហជីព​កម្មករ និយោជិក​វិស័យ​ទេសចរណ៍ លោក ទូច កុសល ឲ្យ​ដឹង​ថា គិត​ត្រឹម​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី៣ កញ្ញា ភាគី​ថៅកែ​សណ្ឋាគារ​ ដឺ ហ្ក្រេត ឌ្យូក ភ្នំពេញ បាន​យល់​ព្រម​​​តាម​លក្ខខណ្ឌ​កម្មករ​ទាំង​ ២​នេះ​ហើយ គឺ​ថៅកែ​យល់​ព្រម​បើក​ប្រាក់​ឈ្នួល​ឲ្យ​បុគ្គលិក ដែល​មាន​ប្រាក់​ខែ​ទាប នៅ​ថ្ងៃ​ទី៤ កញ្ញា ហើយ​​បុគ្គលិក​ដែល​ទទួល​បាន​ប្រាក់​ឈ្នួល​ខ្ពស់​នឹង​បើក​ឲ្យ​នៅ​ថ្ងៃ​ទី៥។ ភាគី​ថៅកែ​សណ្ឋាគារ​ ក៏​បាន​យល់​ព្រម​​រៀបចំ​ពិធី​ជប់លៀង​ប្រចាំ​ឆ្នាំ​ឲ្យ​បុគ្គលិក​ឡើង​វិញ​ដែរ។ បុគ្គលិក​បាន​រំសាយ​ការ​តវ៉ា​វិញ នៅ​ម៉ោង​ជាង ៥ល្ងាច​ ថ្ងៃ​ដដែល​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល