ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ថៃ​សម្រុក​ត្រឡប់​ទៅ​លែង​បុណ្យ​ចូលឆ្នាំ​ ខណៈ​សមត្ថកិច្ច​ច្រក​ព្រំដែន​បន្ត​យក​លុយ​ក្រៅ​ផ្លូវ​ការ

ដោយ មាន ឫទ្ធិ
2019-04-10
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពលករ​ខ្មែរ​អង្គុយ​តម្រង់​ជួរ​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ ឡែម​ខាង​ទឹក​ដី​ថៃ រង់ចាំ​ឆ្លង​ដែន​ចូល​ច្រក​ដូង ស្រុក​កំរៀង ខេត្ត​បាត់ដំបង ថ្ងៃ​ទី៧ ខែ​មេសា ឆ្នាំ២០១៩ ត្រឡប់​មក​លេង​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ។
ពលករ​ខ្មែរ​អង្គុយ​តម្រង់​ជួរ​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ ឡែម​ខាង​ទឹក​ដី​ថៃ រង់ចាំ​ឆ្លង​ដែន​ចូល​ច្រក​ដូង ស្រុក​កំរៀង ខេត្ត​បាត់ដំបង ថ្ងៃ​ទី៧ ខែ​មេសា ឆ្នាំ២០១៩ ត្រឡប់​មក​លេង​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ។
រូប៖ ពលករ

ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​រាប់ពាន់​នាក់​បន្ត​ដណ្ដើម​គ្នា​សម្រុក​ឆ្លង​ដែន​នៅ​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ក្នុង​ខេត្ត​បាត់ដំបង និង​ខេត្ត​បន្ទាយមានជ័យ ដើម្បី​​ត្រឡប់​ទៅ​ឱ្យ​ទាន់​លេង​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ។ ទន្ទឹម​គ្នា​នេះ​ពលករ​ត្អូញត្អែរ​ថា ប៉ូលិស​ខ្មែរ​និង​ថៃ​ប្រចាំ​ច្រក​ព្រំដែន​នៅ​តែ​បន្ត​​យក​លុយ​ក្រៅ​ផ្លូវ​ការ​ពី​ពួកគាត់ ដើម្បី​ជា​ថ្នូរ​បើក​ឱ្យ​ឆ្លងដែន​ទៅ​លេង​ស្រុក​កំណើត។

ពលករ​ខ្មែរ​រស់​នៅ​ខេត្ត​ព្រៃវែង លោក ព្រឹល ចាន្នី ថ្លែង​ប្រាប់​អាស៊ី​សេរី​នៅ​ព្រឹក​ថ្ងៃ​ទី១០ មេសា​ថា លោក​ធ្វើ​ការ​រោងចក្រ​កាត់ដេរ​នៅ​ខេត្ត​សាមុត្រប្រាកាន (Samut Prakan) ជាប់​ទៅ​ក្រុង​បាងកក ដោយ​បាន​ធ្វើ​ដំណើរ​ចេញ​ពី​កន្លែង​ធ្វើ​ការ​នៅ​ម៉ោង​១២ យប់ ហើយ​មក​ដល់​ព្រំដែន​ម៉ោង ៧ព្រឹក​ថ្ងៃ​ទី១០ មេសា។ ពលករ​រូប​នេះ​បន្ត​ថា នៅ​ពេល​ដល់​ច្រក​ព្រំដែន​អន្តរជាតិ​ដូង​ ស្រុក​កំរៀង​ ខេត្ត​បាត់ដំបង​ គឺ​មាន​ពលករ​ខ្មែរ​រាប់ពាន់​នាក់ ដែល​សមត្ថកិច្ច​ថៃ​ឱ្យ​ឈរ​តម្រង់​ជួរ​យ៉ាង​ណែនណាន់​តាន់តាប់​នៅ​ខាង​ទឹក​ដី​ថៃ ដើម្បី​រង់ចាំ​ឆ្លង​ដែន។ លោក​អះអាង​ថា ​នៅ​ពេល​ឆ្លងដែន​សមត្ថកិច្ច​ថៃ​តម្រូវ​​ពួក​គាត់​បង់​ប្រាក់​ម្នាក់ ២០០បាត ឬ​ស្មើ​ជាង​ជាង ៦ដុល្លារ​អាមេរិក ដើម្បី​ជា​ថ្នូរ​បាន​ឆ្លង​ដែន​ទៅ​កម្ពុជា ចំណែក​ឯ​ប៉ូលិស​ខ្មែរ​វិញ​នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ ពុំ​តម្រូវ​ឱ្យ​ពួក​គាត់​បង់​ប្រាក់​ដូច​ថ្ងៃ​មុន​នោះ​ទេ៖ «ពេល​យើង​តម្រង់​ជួរ ហើយ​គេ​ឱ្យ​ត្រៀម​លុយ​ម្នាក់ ២០០បាត​សម្រាប់​ឱ្យ​សមត្ថកិច្ច​ថៃ។ ខ្ញុំ​ចង់​អោយ​សមត្ថកិច្ច​ព្រំដែន​ទាំង​ខ្មែរ និង​ថៃ​សុំ​ឱ្យ​ធ្វើ​បាន​សេចក្ដី​ប្រកាស​របស់​ក្រសួង​ការងារ​ថៃ​ ដល់​ពេល​មក​ដល់​ គេ​យក​លុយ​អ៊ីចឹង គឺ​ធ្វើ​ឱ្យ​ពលករ​មិន​សប្បាយ​ចិត្ត​ទេ ព្រោះ​យើង​ធ្វើ​ការ​មួយ​ថ្ងៃ​បាន​តែ ៣០០បាត ដល់​ពេល​យក​អស់ ២០០នៅ​សល់​តែ​ ១០០បាត អស់​បាត់​ហើយ ណា​មួយ​មក​លេង​ស្រុក​មួយ​ឆ្នាំ​ម្ដង​ មិន​សូវ​មាន​លុយ​ផង​ វា​កាន់​តែ​ខើច​លុយ​ថែម​ទៀត»

លោក​បន្ត​ថា ពលករ​បាន​ត្អូញត្អែរ​ស្ទើរ​គ្រប់​គ្នា​អំពី​​ការ​យក​បង់​ប្រាក់​ដោយ​​ប៉ូលិស​ថៃ​នោះ ព្រោះ​ជា​ការអនុវត្ត​ផ្ទុយ​ពី​សេចក្ដី​ប្រកាស​របស់​ក្រសួង​ការងារ​ថៃ ហើយ​ពួកគាត់​ទទូច​អោយ​សមត្ថកិច្ច​ខ្មែរ​ធ្វើ​យ៉ាង​ណា​ទំនាក់ទំនង​ខាង​ភាគី​ថៃ​ជួយ​សម្រួល​អោយ​ពួកគាត់​បាន​ឆ្លងដែន​ដោយ​មិន​បាច់​បង់​ប្រាក់​ដូច​សព្វ​ថ្ងៃ​ទៀត។

ចំណែក​ច្រក​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​ឯណោះ​វិញ​ ក៏​មាន​ពលករ​រាប់ពាន់​នាក់​ប្រជ្រៀតគ្នា​ឆ្លង​ដែន​ទៅ​លេង​ស្រុក​កំណើត​បែប​នេះ​ដែរ។

ពលករ​ម្នាក់​រស់​នៅ​ស្រុក​មង្គលបូរី ខេត្ត​បន្ទាយមានជ័យ លោក ឈិត ស៊ីណាល់ រៀបរាប់​ឱ្យ​ដឹង​ថា ពលករ​ខ្មែរ​រាប់ពាន់​នាក់​រង់ចាំ​ប្រថាប់​ត្រា​លិខិត​ឆ្លងដែន​នៅ​ខាង​ទឹក​ដី​ថៃ​ច្រក​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត។ លោក​អះអាង​ថា​នៅ​ច្រក​មួយ​នេះ ប៉ូលិស​ថៃ​មិន​យក​លុយ​ទេ។ ក៏​ប៉ុន្តែ​បាន​ដាក់​ជម្រើស ២ ឱ្យ​ពលករ ដោយ​អ្នក​តម្រង់​ជួរ​ធម្មតា​ឆ្លងដែន​ដោយ​មិន​បាច់​បង់​ប្រាក់​តែ​ត្រូវ​ចំណាយ​ពេល​យូរ​ និង​ជម្រើសទី២ គឺ​សេវា​ឆាប់​រហ័ស​ ត្រូវ​បង់​ប្រាក់​ ម្នាក់ ៣០០បាត ឬ​ប្រហែល ១០ដុល្លារ​អាមេរិក។ ទោះ​ជា​យ៉ាង​ណា​ពលករ​រូប​នេះ​បញ្ជាក់​ថា សេវា​ទាំង២ នេះ គឺ​គ្រាន់​តែ​ល្បិច​យក​ប្រាក់​ស្រប​ច្បាប់ ក៏​ប៉ុន្តែ​ទម្រាំ​តែ​បាន​​ឆ្លង​ដែន​ត្រូវ​រង់ចាំ​រយៈ​ពេល​មិន​ខុស​គ្នា​នោះ​ទេ៖ «ឈរ​ចាំ​យូរ​បង​ ដូច​ថា​មាន​ទាំង​លិខិត​ឆ្លងដែន​និង​អ្នក​មាន​ឯកសារ​ធ្វើ​ការ​រយៈ​ពេល​ខ្លី​ ហើយ​ជនជាតិ​ថៃ​ក៏​ចូល​មក​លែង​កាស៊ីណូ​នៅ​ប៉ោយប៉ែត​ច្រើន​ដែរ តែ​ចំពោះ​ជនជាតិ​ថៃ​គេ​សម្រួល​ផ្លូវ​អោយ​ចូល​ស្រួល​ជាង​ពលករ​ខ្មែរ។ហើយ​ព្រឹក​មិញ​មាន​កើត​ខ្យល់​បួនដប់​ម្ភៃ​នាក់​ដែរ​ ដោយសារ​មនុស្ស​ច្រើន​ឈរ​ប្រជ្រៀតគ្នា​ហើយ​អាកាស​ធាតុ​ក្ដៅ​ហប់»

ចំណែក​ពលករ​ម្នាក់​ទៀត​រស់​នៅ​ខេត្ត​កំពង់ចាម លោក កែវ សុវាចា ថ្លែង​ថា​លោក​ឆ្លងដែន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​នៅ​ព្រឹក​ថ្ងៃ​ទី១០ មេសា គឺ​ចំណាយ​អស់​ថវិកា ៤០០បាត ឬ​ប្រហែល ១៣ដុល្លារ​អាមេរិក​ ក្នុង​នោះ​​បង់​ឱ្យ​ខាង​ប៉ូលិស​ថៃ ៣០០បាត និង​ប៉ូលិស​ខ្មែរ ១០០បាត ដើម្បី​ជា​ថ្នូរ​ប្រថាប់ត្រា​លើ​លិខិត​ឆ្លង​ដែន​បាន​ត្រឡប់​ទៅ​លេង​ស្រុក​កំណើត៖ ៖ «ខ្ញុំ​គិត​ថា គ្រាន់​តែ​ចំណាយ​ឈរ​រយៈ​ពេល​១ម៉ោង​វា​មិន​មាន​បញ្ហា​អី​ទេ​ ហើយ​ដោយ​ហេតុ​តែ​ចង់​លឿន​សុខ​ចិត្ត​ចំណាយ​លុយ​៣០០​បាត​ គឺ​ប្រហែល​តែ​អ្នក​ចូល​ធម្មតា​ដែរ​។តែ​បើ​ថា​ដូច​អ្នក​ណា​មាន​ខ្សែ​នៅ​ច្រក​ព្រំដែន​អី​ទៅ​គេ​បាន​រហ័ស​ ហើយ​ខ្លះ​ដើរ​ប្រជ្រៀត​គេ​ឯង​មិន​ខ្លាច​នរណា​ទេ»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ​ អនុប្រធាន​ប៉ុស្តិ៍​ប៉ូលិស​អន្តោប្រវេសន្ត​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត លោក ជុំ សារ៉េត មាន​ប្រសាសន៍​ប្រាប់​អាស៊ី​សេរី​យ៉ាង​ខ្លី​ថា លោក​មិន​បាន​ដឹង​ជុំ​វិញ​បញ្ហា​ការ​យក​ប្រាក់​ក្រៅ​ផ្លូវ​ការ​ពី​ពលករ​ម្នាក់​១០០​បាត​នេះ​ទេ៖ «ខ្ញុំ​មិន​ដឹង​ទេ​រឿង​កិច្ច​ការ​នឹង​ខ្ញុំ​ដូច​ជា​មិន​យល់​ពី​ការងារ​នឹង​ទេ​។ ខ្ញុំ​កំពុង​រវល់​តិច​បង​សុំ​ទោស»

ទោះ​ជា​យ៉ាង​ណា ពលករ​ទាំង​ ៣នាក់​អះអាង​ថា នៅ​ពេល​ធ្វើ​ដំណើរ​តាម​ឡាន​ឈ្នួល គឺ​ពលករ​ត្អូញត្អែរ​ខឹង​សម្បា​នឹង​សមត្ថកិច្ច​ច្រក​ព្រំដែន​យក​ប្រាក់​ក្រៅ​ផ្លូវ​ពី​ពួក​គាត់ ​ខុស​ពី​ការ​ណែនាំ​របស់​ស្ថានទូត​ខ្មែរ​នៅ​ទីក្រុង​បាងកក ​ដែល​ប្រកាស​មិន​យក​ប្រាក់​ធ្វើ​ទិដ្ឋាការ​ពី​ពលករ​ចាប់​ពី​ថ្ងៃ​ទី៥ ដល់​ថ្ងៃ​ទី៣០ មេសា​នោះ។

មន្ត្រី​កម្មវិធី​ការពារ​សិទ្ធិ​ពលករ​ចំណាក​ស្រុក​នៃ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (CENTRAL) លោក ឌី ថេហូយ៉ា ថ្លែង​ថា នៅ​តាម​ច្រក​ព្រំដែន ជា​ពិសេស ច្រក​ធំៗ ដូច​ជា ច្រក​ដូង ប៉ោយប៉ែត​ ច្រក​ភ្នំដី ក្នុង​ស្រុក​សំពៅលូន និង​ច្រក​អន្តរជាតិ​ព្រំ​ខេត្ត​ប៉ៃលិន​ជា​ដើម ជា​កន្លែង​ដែល​ពលករ​ខ្មែរ​ឆ្លង​ដែន​មក​លេង​ស្រុក​កំណើត​រាប់​ពាន់​នាក់​ក្នុង​មួយ​ថ្ងៃ។ លោក​ចាត់​ទុក​ការ​យក​ប្រាក់​ក្រៅ​ផ្លូវ​ការ​នេះ​ថា ជា​ឱកាស​និយម​របស់​សមត្ថកិច្ច និង​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​កេង​ចំណេញ​​​ពី​ពលករ​ដោយ​ខុស​ច្បាប់៖ «ហើយ​លុយ​នឹង​សួរ​ថា ជា​លុយ​ផ្លូវ​ការ​សម្រាប់​យក​មក​ដើម្បី​ជា​ចំណូល​ថវិកា​ជាតិ​ ឬ​វា​យ៉ាង​ម៉េច? បើ​សិន​ជា​លុយ​នោះ​ជា​ចំណូល​ជាតិ ​ហើយ​មាន​តម្លាភាព​ក្នុង​ការ​ចាត់ចែង​ថវិកា​ ខ្ញុំ​គិត​ថា ​វា​មិន​ច្រើន​ទេ​សម្រាប់​លុយ​៣០០បាត។ ប៉ុន្តែ​យក​ទៅ​មិន​មែន​ជា​ការ​បង់​ពន្ធ​ចូល​រដ្ឋ​អី​ទេ ខ្ញុំ​គិត​ថា វា​ជា​អំពើ​ពុក​រលួយ​មួយ​ខ្លាំង​ណាស់​ក្នុង​ការ​គាប​សង្កត់​យក​លុយ​ពី​ប្រជាពលរដ្ឋ​នោះ»

អាស៊ី​សេរី​មិន​អាច​ទាក់​ទង​ប្រធាន​អង្គការ​ភាព​ប្រឆាំង​អំពើ​ពុករលួយ​លោក ឱម យិនទៀង និង​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័ក្រ ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំ​វិញ​ពី​ការ​យក​លុយ​ពលករ​នេះ​បាន​ទេ នៅ​រសៀល​ថ្ងៃ​ទី១០ មេសា ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង​តែ​ពុំ​មាន​អ្នក​ទទួល។

ប៉ុន្តែ​កន្លែង​មក​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ស ខេង បាន​បញ្ជា​ទៅ​ច្រក​ព្រំដែន​ទាំង​អស់​ត្រូវ​លុប​បំបាត់​អំពើ​ពុក​រលួយ​អស់​បាន​ជា​ដាច់​ខាត ហើយ​បាន​ព្រមាន​ចាត់​វិធានការ​មន្ត្រី​ទាំង​នោះ​តាម​ផ្លូវ​ច្បាប់​ទៀត​ផង។ ក៏​ប៉ុន្តែ​អំពើ​ពុករលួយ​នៅ​តែ​កើត​មាន​តាម​ច្រក​ព្រំដែន​ដដែល ដោយ​ពុំ​មាន​អាជ្ញាធរ​មាន​វិធានការ​ទៅ​លើ​មន្ត្រី​ទាំង​នោះ​ឡើយ​ទេ។ គេ​រំពឹង​ថា ពលករ​ខ្មែរ​នឹង​បន្ត​ឆ្លងដែន​យ៉ាង​ច្រើន​កកកុញ​នៅ​តាម​ព្រំដែន​សំខាន់ៗ រហូត​ដល់​ថ្ងៃ​ទី១៣ មេសា។ ពលករ​ឱ្យ​ដឹង​ថា នៅ​ច្រក​ព្រំដែន​ប៉ោយប៉ែត មាន​ពលករ​ក្នុង​មួយ​ថ្ងៃ​រាប់ពាន់​នាក់​ឆ្លង​ដែន​ទៅ​លេង​បុណ្យ​ចូលឆ្នាំ​ខ្មែរ។ ចំណែក​នៅ​ច្រក​ព្រំដែន​អន្តរជាតិ​ដូង ស្រុក​កំរៀង​វិញ ប៉ូលិស​ច្រក​មួយ​នេះ​អះអាង​ថា ពលករ​សម្រុក​ឆ្លង​ដែន​ចាប់​ពី​ថ្ងៃ​ទី៧ មេសា​មក មាន​​ប្រមាណ​ពី ៥ពាន់​ទៅ ៦ពាន់​នាក់​ក្នុង​មួយ​ថ្ងៃ ហើយ​ពលករ​នឹង​ត្រឡប់​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​វិញ​យ៉ាង​ណែនណាន់​តាន់តាប់ បន្ទាប់​ពី​បុណ្យ​ចូល​ឆ្នាំ​រួច ចាប់​ពី​ថ្ងៃ​ទី១៦ រហូត​ដល់​ថ្ងៃ​ទី២០ មេសា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល