កម្មករ​នៅ​កំពង់ឆ្នាំង​ធ្វើ​បាតុកម្ម​បិទ​ផ្លូវ​ជាតិ​លេខ​៥

កម្មករ កម្មការិនី​ប្រមាណ​ជា ១​ម៉ឺន​នាក់ នៅ​ខេត្ត​កំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​ធ្នូ បាន​បន្ត​ធ្វើ​បាតុកម្ម​របស់​ខ្លួន​ដើម្បី​ទាមទារ​ឲ្យ​ថៅកែ​រោងចក្រ​ផ្ដល់​ប្រាក់​ខែ​គោល​ចំនួន ១៦០​ដុល្លារ។
ដោយ ជិន ជេដ្ឋា
2013-12-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កម្មករ​រោងចក្រ​កាត់ដេរ អឹម.វ៉េ (MV) ក្នុង​ខេត្ត​កំពង់ឆ្នាំង ធ្វើ​បាតុកម្ម​ទាមទារ​ដំឡើង​ប្រាក់​ខែ​នៅ​ព្រឹក​ថ្ងៃ​៣០ ធ្នូ ឆ្នាំ​២០១៣។
កម្មករ​រោងចក្រ​កាត់ដេរ អឹម.វ៉េ (MV) ក្នុង​ខេត្ត​កំពង់ឆ្នាំង ធ្វើ​បាតុកម្ម​ទាមទារ​ដំឡើង​ប្រាក់​ខែ​នៅ​ព្រឹក​ថ្ងៃ​៣០ ធ្នូ ឆ្នាំ​២០១៣។
RFA/Chin Chetha

ការ​ទាមទារ​នេះ​ធ្វើ​ឡើង​ចំ​ពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ផ្អាក​ធ្វើ​បាតុកម្ម​​​ដើរ​ហែ​ក្បួន​របស់​ខ្លួន​រយៈ​ពេល ៦​ថ្ងៃ គឺ​គិត​ចាប់​ពី​ថ្ងៃ​ទី​៣០ ខែ​ធ្នូ នេះ។ ក្រុម​កម្មករ​ព្រមាន​ថា ប្រសិន​បើ​គ្មាន​ដំណោះស្រាយ​ពី​រាជ​រដ្ឋាភិបាល ឬ​ម្ចាស់​ក្រុមហ៊ុន​ទេ​នោះ ពួកគេ​នឹង​ធ្វើ​បាតុកម្ម​ជា​ថ្មី​ទៀត​ចាប់​ពី​ថ្ងៃ​ទី​២ ខែ​មករា ឆ្នាំ​២០១៤ ត​ទៅ។

កម្មករ កម្មការិនី​បម្រើ​ការងារ​នៅ​ក្នុង​រោងចក្រ​ចំនួន ៦ នៅ​ទូទាំង​ខេត្ត​កំពង់ឆ្នាំង គឺ​មាន​ទី​១ រោងចក្រ អឹម.វ៉េ (MV) ទី​២ រោងចក្រ ខេន ស្ប៉ត (Can Sport) ទី​៣ រោងចក្រ ឡុង លីត (Long Lid) ទី​៤ រោងចក្រ ជិន យី (Jen Yee) ទី​៥ រោងចក្រ តឹក ហ្វុក (Tak Fook) និង​ទី​៦ រោងចក្រ ត្រី ប៉ុស (Try Pos) បាន​បន្ត​ធ្វើ​បាតុកម្ម​នៅ​ខាង​មុខ​រោងចក្រ​របស់​ខ្លួន និង​ឈាន​ដល់​ការ​បិទ​ផ្លូវ​ជាតិ​លេខ​៥​ទៀត​ផង។

ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​រោងចក្រ ត្រី ប៉ុស អ្នកស្រី លី ស៊ិន មាន​ប្រសាសន៍​ថា កម្មករ​នៅ​ក្នុង​រោងចក្រ​ទាំង​អស់​បាន​ស្រុះស្រួល​គ្នា និង​នាំ​គ្នា​ចេញ​មក​ក្រៅ​រោងចក្រ ដើម្បី​ធ្វើ​បាតុកម្ម ហើយ​ឈាន​ដល់​ការ​បិទ​ផ្លូវ​ជាតិ​លេខ​៥ ត្រង់​ចំណុច​ឃុំ​ឈូកស ស្រុក​កំពង់ត្រឡាច ប្រមាណ​ជា ២​ម៉ោង​ទើប​បើក​វិញ។

អ្នកស្រី លី ស៊ិន៖ «ភ្នំពេញ​ចរចា​បាន​សម្រេច ១០០% ពួក​ខ្ញុំ​អាច​ទទួល​យក​បាន ពួក​ខ្ញុំ​អត់​ប្រើ​សកម្មភាព​អ្វី​បន្ត​ទៀត​ទេ។ ការ​ប៉ះទង្គិច​មាន​បន្តិចបន្តួច​លោក​ពូ ដោយសារ​កម្មករ​សម្រុក​ចេញ​មក​ក្រៅ ដល់​ពេល​អ៊ីចឹង​ទៅ​ខាង​ផ្នែក​សន្តិសុខ​ខាង​ក្រុមហ៊ុន​ហ្នឹង​គាត់​បិទ​ទ្វារ​អូតូម៉ាទិក ពេល​អ៊ីចឹង​គាប​ជើង​កម្មករ ធ្វើ​ឲ្យ​គាត់​មាន​របួស​របក​ក្រចក​ជើង ហើយ​បែក​មេជើង»

ចំណែក​មន្ត្រី​សហជីព​សេរី​កម្មករ​ម្នាក់​ទៀត លោក កាត សុខវី បញ្ជាក់​ថា នៅ​ស្រុក​សាមគ្គីមានជ័យ ខេត្ត​កំពង់ឆ្នាំង ក៏​មាន​កម្មករ កម្មការិនី​រាប់​ពាន់​នាក់​ដែល​បម្រើ​ការងារ​នៅ​ក្នុង​រោងចក្រ​ចំនួន ៤ បាន​ងើប​ឡើង​តវ៉ា​រឿង​ដំឡើង​ប្រាក់​ខែ​គោល​នេះ​ព្រមៗ​គ្នា​ដែរ គឺ​ពុំ​មាន​តំណាង​សហជីព​ណា​ទៅ​ដឹកនាំ​នោះ​ទេ។

លោក​បន្ត​ថា ក្រុម​កម្មករ​បាន​ដើរ​ជា​ក្បួន​ពី​រោងចក្រ​មួយ​ទៅ​រោងចក្រ​មួយ និង​បាន​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​នៅ​ខាង​មុខ​រោងចក្រ​មួយ​ឈ្មោះ តឹក ហ្វុក ស្ថិត​នៅ​ភូមិ​ចម្ការស្វាយ ស្រុក​សាមគ្គីមានជ័យ ហើយ​ក្រុម​បាន​រំសាយ​ទៅ​វិញ​នៅ​ម៉ោង​ប្រមាណ​ជា ៩​កន្លះ ដោយ​មិន​បាន​បិទ​ផ្លូវ ឬ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ជាមួយ​កម្លាំង​សមត្ថកិច្ច​ឡើយ។

ដោយ​ឡែក​នៅ​រោងចក្រ អឹម.វ៉េ ស្ថិត​នៅ​ក្នុង​ក្រុង​កំពង់ឆ្នាំង​វិញ ក៏​មាន​កម្មករ កម្មការិនី​ប្រមាណ​ជា ២០០​នាក់ បាន​ស្រែក​ដាក់​ឧបករណ៍​បំពង​សំឡេង​ទាមទារ​រក​ប្រាក់​ខែ​គោល​ចំនួន ១៦០​ដុល្លារ​ដែរ បន្ទាប់​ពី​មាន​តំណាង​រោងចក្រ​មួយ​នេះ បាន​ប្រកាស​ប្រាប់​ទៅ​កម្មករ​ទាំង​អស់​ឲ្យ​ឈប់​សម្រាក​ការងារ​ដោយ​មិន​កំណត់​ពេល​វេលា​ចូល​ធ្វើ​វិញ។ ក្រុម​កម្មករ​បាន​រំសាយ​នៅ​ម៉ោង​ប្រហែល​ជា ៩​ព្រឹក ដោយ​ពុំ​មាន​ម្ចាស់​ក្រុមហ៊ុន ឬ​មន្ត្រី​ពី​ស្ថាប័ន​ណា​ចេញ​មក​អន្តរាគមន៍​ឡើយ។

ទាក់ទង​នឹង​បញ្ហា​នេះ ប្រធាន​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ខេត្ត​កំពង់ឆ្នាំង លោក ពៅ ស៊ីថា មាន​ប្រសាសន៍​ថា លោក​មាន​ការ​សោក​ស្ដាយ​ចំពោះ​សកម្មភាព​បាតុកម្ម និង​ការ​អុកឡុក​របស់​ក្រុម​បាតុករ​នៅ​តាម​រោងចក្រ​មួយ​ចំនួន ខណៈ​ដែល​មាន​កម្មករ​ភាគ​ច្រើន​កំពុង​តែ​បំពេញ​ការងារ​របស់​ខ្លួន​នៅ​ក្នុង​រោងចក្រ។

លោក ពៅ ស៊ីថា៖ «ឥឡូវ​ដំណោះ​ស្រាយ​យើង​មាន​ទប់ បើ​គាត់​ធ្វើ​អំពើ​ហិង្សា ​អា​ហ្នឹង​ផ្លូវ​ច្បាប់​ថា​ម៉េច​អី​ម៉េច អា​ហ្នឹង​ខាង​សមត្ថកិច្ច​គេ​អ្នក​ចាត់​ចែង ហើយ​ខ្ញុំ​ខាង​ការងារ ខ្ញុំ​អត់​ទេ ខ្ញុំ​ដោះស្រាយ​តែ​ក្នុង​លក្ខខណ្ឌ​ការងារ។ បើ​យើង​បាតុកម្ម​តាម​ផ្លូវ​ច្បាប់ យើង​ដឹង​ហើយ​កន្លង​ទៅ យើង​តវ៉ា​រឿង​អី​មួយ​នៅ​ក្នុង​រោងចក្រ ”ក” យើង​តវ៉ា​តែ​នៅ​ក្នុង​រោងចក្រ​យើង​ទៅ កន្លង​មក​យើង​ឃើញ​ទិដ្ឋភាព​ហើយ​អា​គេ​កំពុង​ធ្វើ​ការ​យើង​ទៅ​វាយ ទៅ​អុកឡុក​គេ សួរ​ថា​អា​ហ្នឹង​ប្រជាធិបតេយ្យ ឬ​អនាធិបតេយ្យ?»

លោក​បញ្ជាក់​ថា ប្រាក់​ខែ​គោល​ចំនួន ១៦០​ដុល្លារ​ដែល​ក្រុម​កម្មករ​ទាមទារ​នៅ​ពេល​នេះ គឺ​ជា​ចំនួន​មួយ​ទ្វេ​ជា​ពីរ ហើយ​លោក​យល់​ថា ​បើ​ម្ចាស់​រោងចក្រ​អាច​មាន​លទ្ធភាព​ដំឡើង​បាន​ដូច​ការ​ទាម​ទារ​មែន​នោះ គេ​នឹង​មិន​សុខ​ចិត្ត​ឲ្យ​កម្មករ​ធ្វើ​បាតុកម្ម​មិន​ចូល​ធ្វើ​ការងារ បណ្ដាល​ឲ្យ​ខាត​បង់​ប្រាក់​រាប់​ពាន់​ដុល្លារ​ដូច្នេះ​ឡើយ។

ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​រៀបចំ​កិច្ចប្រជុំ​មួយ​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ដោយ​តម្រូវ​ឲ្យ​តំណាង​សហជីព​កម្មករ​ចំនួន​៦ ដែល​បាន​ដឹក​នាំ​កម្មករ​ធ្វើ​បាតុកម្ម​នៅ​ទូទាំង​ប្រទេស និង​ភាគី​ពាក់ព័ន្ធ​មួយ​ចំនួន ដើម្បី​ជួប និង​ពិភាក្សា​ដោះស្រាយ​បញ្ហា ក្នុង​គោលបំណង​ឈាន​ទៅ​រក​ការ​បញ្ចប់​ធ្វើ​បាតុកម្ម​ដោយ​កម្មករ ក៏​ប៉ុន្តែ​កិច្ច​ប្រជុំ​នេះ​បាន​បរាជ័យ​ដោយសារ​តែ​ពុំ​មាន​វត្តមាន​របស់​​ភាគី​ម្ចាស់​រោងចក្រ​ចូល​រួម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

kotea

ពី pp

everyone try to destroy your country.

Dec 30, 2013 02:29 AM

គេហទំព័រ​ទាំងមូល