ជំនួប​រវាង​មន្ត្រី​ក្រសួង​ការងារ​និង​មេ​សហជីព​រឿង​ប្រាក់​ខែ​កម្មករ​បរាជ័យ

ដោយ ដែន អយុធ្យា
2013-12-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
បន្លា​លួស​ដែល​អាជ្ញាធរ​ដាក់​រាំង​មិន​ឲ្យ​កម្មករ​ចូល​ទៅ​ក្បែរ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី តាម​ផ្លូវ​សហព័ន្ធ​រុស្ស៊ី រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​៣០ ធ្នូ ឆ្នាំ​២០១៣។
បន្លា​លួស​ដែល​អាជ្ញាធរ​ដាក់​រាំង​មិន​ឲ្យ​កម្មករ​ចូល​ទៅ​ក្បែរ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី តាម​ផ្លូវ​សហព័ន្ធ​រុស្ស៊ី រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​៣០ ធ្នូ ឆ្នាំ​២០១៣។
RFA/Leng Maly

ការ​ជួប​ពិភាក្សា​រវាង​ថ្នាក់​ដឹកនាំ​ក្រសួង​ការងារ និង​តំណាង​សហជីព​កម្មករ​ចំនួន ៦ នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​៣០ ខែ​ធ្នូ នា​ទីស្ដីការ​ក្រសួង​ការងារ ដើម្បី​ពិភាក្សា​រឿង​ឡើង​ប្រាក់​ខែ​អប្បបរមា​ឲ្យ​កម្មករ​នោះ មិន​ទទួល​បាន​លទ្ធផល​​ទេ ដោយសារ​ភាគី​តំណាង​រោងចក្រ ឬ​សមាគម​រោងចក្រ​កាត់​ដេរ​កម្ពុជា មិន​ចូល​រួម។ ក្នុង​ជំនួប​នេះ មាន​ក្រុម​កម្មករ​រាប់​រយ​ក្រុមហ៊ុន និង​មាន​ចំនួន​រាប់​ម៉ឺន​នាក់ បាន​មក​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​ក្រសួង​ការងារ ​និង​បាន​បិទ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី ចន្លោះ​ពី​ម៉ោង ៩​ព្រឹក ដល់​ម៉ោង​ជិត ១២​ថ្ងៃ​ត្រង់។

បន្ទាប់​ពី​ជំនួប​ដឹកនាំ​ដោយ​លោក អ៊ុំ មាន រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​មេដឹកនាំ​សហជីព​ធំៗ​ចំនួន​៦ ត្រូវ​​​បរាជ័យ ដោយសារ​អវត្តមាន​តំណាង​ភាគី​ថៅកែ​រោងចក្រ កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​៣០ ខែ​ធ្នូ រួច​មក ក្រុម​កម្មករ​​​​រាប់​​​ម៉ឺន​នាក់​ក៏​បាន​បន្ត​ដើរ​ហែ​ក្បួន​មក​កាន់​ទីស្តី​ការគណៈរដ្ឋមន្ត្រី នៅ​រសៀល​ថ្ងៃ​ដដែល ដើម្បី​ស្នើ​ឲ្យ​ថ្នាក់​​ដឹកនាំ​ស្ថាប័ន​រដ្ឋាភិបាល​មួយ​នេះ ជួយ​អន្តរាគមន៍​វិញ​ម្ដង។ ប៉ុន្តែ​ក្បួន​ហែ​របស់​ក្រុម​កម្មករ មិន​បាន​ទៅ​ដល់​មុខ​​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ទេ ដោយសារ​តែ​កម្លាំង​ប៉ូលិស ប៉េអឹម មាន​សមត្ថកិច្ច បាន​ដាក់​ពង្រាយ​បន្លា​លួស និង​ពង្រាយ​កម្លាំង​រាប់​រយ​នាក់​រារាំង​ជុំវិញ​ទីតាំង​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ហើយ​ក្រុម​កម្មករ និង​មេដឹកនាំ​សហជីព ក៏​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្បែរ​ក្រសួង​ការពារ​ជាតិ តាម​ផ្លូវ​សហព័ន្ធ​រុស្ស៊ី ដើម្បី​បន្ត​ទាមទារ​ឲ្យ​រដ្ឋាភិបាល ជួយ​ដំឡើង​ប្រាក់​ខែ​ជូន​ពួក​គេ​ចំនួន ១៦០​ដុល្លារ​ក្នុង​១​ខែ​សម្រាប់​កម្មករ​ម្នាក់។

ទោះ​ជា​បែប​ណា ក្រុម​កម្មករ​បាន​ប្រកាស​រំសាយ​នៅ​ម៉ោង ៣ និង ៣០​នាទី​ល្ងាច​ថ្ងៃ​ច័ន្ទ ដោយ​ប្រកាស​ប្រមូល​ផ្តុំ​នៅ​មុខ​ក្រសួង​ការងារ នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​៣១ ខែ​ធ្នូ ជា​បន្ត​ទៀត។

នៅ​ក្នុង​ពិធី​ប្រមូល​ផ្តុំ ក្រុម​កម្មករ​បាន​បន្ត​អំពាវនាវ​ដល់​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល ឲ្យ​ជួយ​ដំឡើង​ប្រាក់​ខែ​គោល​ជូន​ពួកគេ​ឲ្យ​បាន ១៦០​ដុល្លារ​ក្នុង​១​ខែ ទើប​ព្រម​ចូល​ធ្វើ​ការ​វិញ។

លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា ស្ថិត​ក្នុង​ចំណោម​មេដឹកនាំ​សហជីព​ចំនួន ៦ ដែល​បាន​ចូល​ជួប​ចរចា​ជាមួយ​មន្ត្រី​ក្រសួង​ការងារ នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ មាន​ប្រសាសន៍​ថា ក្រុម​កម្មករ​នឹង​បន្ត​ធ្វើ​កូដកម្ម​មិន​ចូល​​ធ្វើ​ការ​រហូត​ដល់​មាន​ដំណោះស្រាយ​សម​ស្រប​លើ​បញ្ហា​ដំឡើង​ប្រាក់​ខែ​គោល ដែល​ក្រុម​កម្មករ​បាន​ទាមទារ ១៦០​ដុល្លារ​ក្នុង​១​ខែ ទើប​រំសាយ​ការ​តវ៉ា។

ស្រដៀង​គ្នា​ដែរ លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ ក៏​បាន​​រៀប​រាប់​នៅ​ពី​មុខ​ក្រសួង​ការងារ នៅ​ព្រឹក​​ថ្ងៃ​ច័ន្ទ ថា នឹង​បន្ត​ដឹកនាំ​ក្រុម​កម្មករ​ដើម្បី​ទាមទារ​ដំឡើង​ប្រាក់ខែ​គោល ឆ្នាំ​២០១៤ ឲ្យ​បាន ១៦០​ដុល្លារ​ក្នុង​១​ខែ ទើប​កម្មករ​ព្រម​ទទួល​យក។

ទោះ​យ៉ាង​ណា សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា ហៅ​កាត់​ថា ជីម៉ាក់ (GMAC) ដែល​ជា​តំណាង​ឲ្យ​ភាគី​ថៅកែ​រោងចក្រ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ បាន​ចេញ​លិខិត​ចំហ​ប្រកាស​មិន​ចូល​រួម​ប្រជុំ​ចរចា​ជាមួយ​ក្រសួង​ការងារ ឬ​មេ​ដឹកនាំ​សហជីព​នោះ​ទេ។ សមាគម​កាត់​ដេរ​បាន​ដាក់​លក្ខខណ្ឌ​ឲ្យ​អ្នក​ដឹកនាំ​សហជីព​ចំនួន ៦ និង​មន្ត្រី​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ធានា​ចំពោះ​សុវត្ថិភាព និង​ការពារ​ទ្រព្យ​សម្បត្តិ​អ្នក​វិនិយោគ ទើប​និយោជក​តំណាង​ឲ្យ​ថៅកែ​រោងចក្រ​កាត់​ដេរ​ទទួល​បន្ត​ពិភាក្សា​ត​ទៅ​ទៀត​បាន។

ទោះ​ជា​បែប​ណា មន្ត្រី​ក្រសួង​ការងារ​​មាន​ការ​សោកស្ដាយ​ចំពោះ​ភាគី​សមាគម​រោងចក្រ​កាត់ដេរ ដែល​ជា​តំណាង​ឲ្យ​ថៅកែ​រោងចក្រ មិន​ចូល​រួម​ក្នុង​តុ​ចរចា​ដើម្បី​បញ្ចប់​ជម្លោះ​តវ៉ា។ មន្ត្រី​ក្រសួង​ការងារ បាន​ស្នើ​ទៅ​ភាគី​តំណាង​ថៅកែ​រោងចក្រ ត្រូវ​ពិចារណា និង​ងាក​មក​តុ​ចរចា ដើម្បី​ដោះ​ស្រាយ​​វិវាទ​ទាមទារ​ដំឡើង​ប្រាក់​ខែ​គោល​របស់​ក្រុម​កម្មករ​ឲ្យ​បាន​ឆាប់។

យ៉ាង​ណា​ក៏ដោយ ក្រុម​កម្មករ​រាប់​ម៉ឺន​នាក់ នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​៣០ ខែ​ធ្នូ បាន​អះអាង​ដូចៗ​គ្នា​ថា នឹង​បន្ត​ធ្វើ​កូដកម្ម ឬ​មិន​ចូល​ធ្វើ​ការ ដើម្បី​ទាមទារ​ដំឡើង​ប្រាក់​ខែ​ឲ្យ​បាន ១៦០​ដុល្លារ​ក្នុង​១​ខែ ទើប​ព្រម​ចូល​ធ្វើ​ការ​វិញ។

ការ​ប្រមូល​ផ្តុំ​គ្នា​របស់​ក្រុម​កម្មករ​នៅ​មុខ​ក្រសួង​ការងារ នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ មាន​កម្មករ​មក​ពី​រោងចក្រ​កាត់​ដេរ និង​ផលិត​ស្បែក​ជើង​រាប់​រយ​ក្រុមហ៊ុន​ផ្សេងៗ​គ្នា មាន​ទីតាំង​នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ត​ជិត​ខាង។ កម្មករ​ខ្លះ​បាន​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង និង​មាន​ខ្លះ​ទៀត​ដោយ​មធ្យោបាយ​ម៉ូតូ រ៉ឺម៉ក ម៉ូតូ​កង់​បី ឬ​រថយន្ត​ទួរីស​ជាដើម បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​១ លេខ​២ លេខ​៣ លេខ​៤ លេខ​៥ និង​ផ្លូវ​លេខ ៦អា និង​តាម​ផ្លូវ​មួយ​ចំនួន​​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (13)
Share

អ្នក​អាន​អនាមិក

នាំគ្នាទៅធ្វើស្រែវិញបានច្រើនជាង បានអភិវឌ្ឍន៍មូលដ្ឋាន ហើយគ្មានអ្នកត្រួត

Dec 30, 2013 10:46 PM

កូនខ្មែរ

ពី ភព

មានកម្មករទើបមានរោងចក្រ,មានកម្មករទើបមានមន្ត្រីការងា,មាន
កម្មករទើបមានថៅកែ។កម្មករសប្បាយចិត្ត សុខភាពល្អ ទើបកិច្ចការ
ចម្រើន ចំណូលចំណេញក៏ច្រើនចំពោះថៅកែហើយក៏ហៀរដល់
មន្ត្រីពុករលួយដែរ។ទាំងនេះជាការពិតសុំមន្ត្រីការងារទាំងអស់ចងចាំ
ក្នុងខួរជានិច្ចទើបមានស្ថេរភាព។

Dec 30, 2013 05:04 PM

អ្នក​អាន​អនាមិក

បើសុំគេ១៦០ដុល្លារមួយខែមិនបានទេ សុំគេបញ្ចុះមកត្រឹមតែមួយម៉ោង ១០ដុល្លារកន្លះបានហើយ នេះជាតម្លៃអបបរមា ល្អទេ?

Dec 30, 2013 10:52 AM

អ្នក​អាន​អនាមិក

You see! The powers (ther government party) feel sorry that the reachers (the company parties) did not come to the meeting. Only the representative from the workers came (worker parties).
The reachers are alway smarter. They exactly know how to make money. They use $ to get more $. It is completly different from the power guys or the big guys. Power guys use powers to make $. Reachers share their benefit to the big guys by dropping the $ down under the table. Making $ like this they call CORRUPTION. This corruption make up by both sides they call CORRUPTION NETWORK. these parties alway do cheating the workers and look down the workers.
To solve this problem, while the reachers are the owner of the companies, the workers or the people get the right to be the owner of the nation. Then the people get smart enough to choose their leaders (the big guys). The leaders by the people, not by the powers.

Dec 30, 2013 09:57 AM

ពីអ្នកតាមដាន

លោកធំៗ អ្នកមាន អ្នកមានអំណាច គិតយ៉ាងម្តេចដែរ? បើបាតុកម្មស្ទើរពេញប្រទេសនោះ

Dec 30, 2013 09:22 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល