តំណាង​កម្មករ​តវ៉ា​រឿង​ក្រសួង​សម្រេច​ពន្យារ​បើក​ប្រាក់​អតីតភាព​ការងារ ក្នុង​គ្រា​កំពុង​តែ​លំបាក​ជីវភាព

ដោយ មួង ណារ៉េត
2020-06-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ប៉ាវ ស៊ីណា ប្រធាន​សហជីព​ចលនា​កម្មករ​ផ្ដល់​កិច្ច​សម្ភាសន៍​ដល់​អ្នក​កាសែត នៅ​ថ្ងៃ​ទី២២ ខែ​មមិថុនា ឆ្នាំ២០២០ ក្នុង​ពេល​លោក និង​តំណាង​កម្មករ​ផ្សេង​ទៀត តវ៉ា​នៅ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជា​ជីវៈ ដែល​សម្រេច​ពន្យារ​បើក​ប្រាក់​អតីតភាព​ការងារ។
លោក ប៉ាវ ស៊ីណា ប្រធាន​សហជីព​ចលនា​កម្មករ​ផ្ដល់​កិច្ច​សម្ភាសន៍​ដល់​អ្នក​កាសែត នៅ​ថ្ងៃ​ទី២២ ខែ​មមិថុនា ឆ្នាំ២០២០ ក្នុង​ពេល​លោក និង​តំណាង​កម្មករ​ផ្សេង​ទៀត តវ៉ា​នៅ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជា​ជីវៈ ដែល​សម្រេច​ពន្យារ​បើក​ប្រាក់​អតីតភាព​ការងារ។
រូប៖ ហ្វេសប៊ុក​លោក ប៉ាវ ស៊ីណា

វិបត្តិ​ដោយសារ​ជំងឺកូវីដ-១៩ ដែល​អូស​បន្លាយ​ជាង​កន្លះ​ឆ្នាំ​មក​ហើយ​នេះ ធ្វើឲ្យ​ប៉ះពាល់​ជីវភាព​រស់នៅ​របស់​កម្មករ​និយោជិត​គ្រប់​វិស័យ។ ប្រជា​ពលរដ្ឋ​ទូទៅ ក៏​ជួប​ការ​លំបាក​ជីវភាព​ខ្លាំង​ណាស់​ដែរ។ បន្ថែម​លើ​ការ​ខ្វះ​ខាត​នេះ ក្រសួង​ការងារ កាល​ពី​ដើម​ខែ​មិថុនា បាន​ប្រកាស​ផ្អាក​ប្រាក់​រំលឹក​អតីតភាព​ការងារ និង​ប្រាក់​បំណាច់​ការងារ រហូត​ដល់​ឆ្នាំ២០២១។ ការ​សម្រេច​បែប​នេះ ធ្វើ​ឲ្យ​តំណាង​សហជីព​កម្មករ ផ្ទុះ​ការ​តវ៉ា និង​ដាក់​ញ្ញត្តិ​ទាមទារ​ឲ្យ​ក្រសួង​លុប​ចោល​សេចក្ដី​សម្រេច​នោះ​វិញ។

ស្រប​ពេល​ជាមួយ​គ្នា​នេះ តំណាង​សហគមន៍​កសិករ​ក្រីក្រ​ខ្វះ​ខាត​ជា​ច្រើន នៅ​តាម​បណ្ដា​ខេត្ត នៅ​តែ​ត្អូញត្អែរ​ថា មិន​ទាន់​បាន​ទទួល​ដំណឹង អំពី​ការ​ស្រង់​ឈ្មោះ​អ្នក​ក្រ និង​អ្នក​​ប៉ះពាល់​​ដោយសារ​វិបត្តិ​ជំងឺ​កូវីដ-១៩ នៅ​ឡើយ។

តំណាង​សហព័ន្ធ​សហជីព ចំនួន ១៤ មក​ពី​វិស័យ​កាត់ដេរ និង​ដេរ​ស្បែក​ជើង វិស័យ​សំណង់ វិស័យ​សេវាកម្ម​សណ្ឋាគារ និង​កាស៊ីណូ ប្រមាណ ៥០នាក់ កាល​ពី​ថ្ងៃ​ទី ២២ ខែ មិថុនា បាន​ដាក់​ញត្តិ​ទៅ​ក្រសួង​ការងារ ដើម្បី​ស្នើសុំ​ឲ្យ​ពិចារណា​ឡើង​វិញ និង​ជំរុញ​ឲ្យ​និយោជក បន្ត​អនុវត្ត​ការ​បើកប្រាក់​អតីត​ភាព​ការងារ នៅ​មុន​ឆ្នាំ២០១៩ និង​ឆ្នាំ២០២០ ជូន​កម្មករ​ឡើង​វិញ។

ការ​ស្នើសុំ​នេះ បន្ទាប់​ពី​ក្រសួង​ការងារ បាន​ចេញ​សេចក្ដី​ប្រកាស កាល​ពី​ដើម​ខែមិថុនា ឲ្យ​និយោជក​ពន្យារ​ពេល បើក​ប្រាក់​អតីតភាព​ការងារ​ដល់​កម្មករ​រហូត​ដល់​ឆ្នាំ២០២១។ សហព័ន្ធ​សហជីព​យល់​ថា រដ្ឋាភិបាល​គិតគូរ​ដល់​និយោជក ខ្លាំង​ជាង​កម្មករ ក្នុង​ពេល​វិបត្តិ​កូវីដ-១៩។

ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា លោក ស្រី យ៉ាង​ សុភ័ណ្ឌ ប្រាប់​អាស៊ី​សេរី​ថា ការ​តវ៉ា​ឲ្យ​ក្រសួង​ការងារ​ដក​សេចក្ដី​សម្រេច​នោះ​វិញ គឺ​ដោយសារ​កម្មករ​កំពុង​ខ្វះ​ខាត​ខ្លាំង​ស្រាប់​ទៅ​ហើយ ដោយសារ​តែ​វិបត្តិ​នៃ​ជំងឺ​កូវីដ-១៩។ លោក​ស្រី​ថា កម្មករ​និយោជិត​ពឹង​ពាក់​ទាំង​ស្រុង​លើ​ប្រាក់​ខែ ដែល​មាន​តិចតួច​នេះ​ស្រាប់។ កម្មករ​ជា​ច្រើន ត្រូវ​រោងចក្រ និង​សហគ្រាស​ព្យួរ​ការងារ ជា​បន្ទុក​មួយ​ទៅ​ហើយ ឥឡូវ​ថែម​បន្ទុក​មួយ​ទៀត គឺ​ក្រសួង​សម្រេច​ព្យួរ​បើក​ប្រាក់​អតីតភាព​ការងារ ដែល​ធ្លាប់​សន្យា​ថា បើក​ឲ្យ​កម្មករ​ជា​ប្រចាំ​នោះ៖ «ក្រុម​គ្រួសារ​កម្មករ​ស្ទើរ​តែ​ទាំងអស់ កំពុង​ជំពាក់​លុយ​ក្រុម​ហ៊ុន​មីក្រូហិរញ្ញវត្ថុ។ ម្យ៉ាង​ទៀត​ក៏​ត្រូវ​ការ​យក​លុយ​ហ្នឹង​ទៅ ផ្គត់​ផ្គង់​ជីវភាព​គ្រួសារ​របស់​គាត់ ព្រោះ​ម្នាក់ៗ សុទ្ធ​តែ​មាន​មនុស្ស​ដែល​រស់នៅ​ក្នុង​បន្ទុក​។ បន្ទាប់​មក​ទៀត ក្រុម​គ្រួសារ​របស់​គាត់​មួយ​ចំនួន មិន​មែន​ជា​អ្នក​ជា​ទេ គឺ​គាត់​មាន​ជំងឺ ដែល​ត្រូវ​ការ​យក​លុយ​ទៅ​ពិនិត្យ​សុខភាព​ និង​មើលជំងឺ។ ដូច្នេះ​លុយ​ដែល​គាត់​ទទួល​បាន គឺ​តិចតួច​ណាស់​ក្នុង​កំឡុង​កូវីដ-១៩។ តែ​បែរ​ជា​រដ្ឋាភិបាល​ចេញ​សេចក្ដី​ជូនដំណឹង​បែប​ហ្នឹង​ទៀត វា​ហាក់​បី​ដូចជា​មិន​បាន​ជួយ​សម្រួល​ដល់​ស្ថានភាព​បង​ប្អូន​កម្មករ​ឲ្យ​បាន​ប្រសើរ​ឡើង​ទេ។ ធ្វើ​ឲ្យ​ពួកគាត់​កំពុង​ជួប​ប្រទះ​ហានិភ័យ​បន្ថែម​ទៀត»

ហានិ​ភ័យ​នេះ បើ​តាម​តំណាង​សហជីព​មួយ​រូប​ទៀត​ថា វា​ធ្លាក់​មក​លើ​កម្មករ​ខ្លាំង​ជាង​ថៅកែ ព្រោះ​ថៅកែ​រកស៊ី​កាក់កប​រាប់​ឆ្នាំ​មក​ហើយ​នៅ​កម្ពុជា ឯ​កម្មករ​បាន​ប្រាក់​ខែ​តិចតួច រស់​តែ​មួយ​គែ មិន​គ្រប់​ផង។ កញ្ញា ឈឹម ស៊ីថរ ប្រធាន​​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ ​ប្រចាំ​នៅ​ក្រុមហ៊ុន​កាស៊ីណូ NAGA World ថា ខាង​ក្រុមហ៊ុន​កាស៊ីណូ នៅ​មាន​លទ្ធភាព​បង់​ប្រាក់​អតីតភាព​ជូន​កម្មករ​និយោជិត។

បើ​តាម​ការ​អះអាង​របស់​កញ្ញា ក្រុមហ៊ុន​កាស៊ីណូ ដែល​រក​ប្រាក់​បាន​ជាង ១ពាន់​លាន​ដុល្លារ កាល​ពី ឆ្នាំ២០១៩ នោះ បាន​សម្រេច​ត្រៀម​បើក​ប្រាក់​អតីតភាព​ជូន​កម្មករ​ទាំង​អស់​ទៅ​ហើយ កាល​ពី​ចុងខែ ឧសភា។ ប៉ុន្តែ ស្រាប់​តែ​ដើម​ខែ​មិថុនា ពេល​ក្រសួង​ការងារ​សម្រេច​ឲ្យថៅកែ​រោងចក្រ សហគ្រាស​ ព្យួរ​ការ​បើក​ប្រាក់​នេះ ក្រុមហ៊ុន​កាស៊ីណូ ក៏​ផ្អាក​តាម​ហ្នឹង​ដែរ ឲ្យ​ស្រប​តាម​សេចក្ដី​សម្រេច​របស់​ក្រសួង​ការងារ​ ទោះ​ខូច​ប្រយោជន៍​កម្មករ៖ «បើ​នៅ​ណាហ្គា​វិញ ខ្ញុំ​ប្រៀបធៀប​ថា បុគ្គលិក​ដួស​បាយ​ហា​មាត់​រៀប​ទំពារ​ហូប​ទៅ​ហើយ ស្រាប់តែ​គេ​ចាប់​កន្ត្រាក់​យក​ចេញ​ទៅ​វិញ ពី​មាត់​បាត់! ព្រោះ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ប្រកាស​ថា បើ​ប្រាក់​អតីតភាព​ការងារ​ឲ្យ​នៅ ថ្ងៃ​ទី២៨ ខែ​ឧសភា។ ដល់​ថ្ងៃ​ទី២ ខែ​មិថុនា ក្រសួង​ចេញ​សេចក្តី​ប្រកាស​ហ្នឹង គេ​ថា គេ​ធ្វើតាម​សេចក្ដី​ប្រកាស​របស់​ក្រសួង។ លុយ​គេ​រៀបចំ​ហើយ​អស់​ទៅ​ហើយ​ហ្នឹង តាំង​ពី​ថ្ងៃ​ទី២៨ ខែ​ឧសភា​នោះ គឺ​នៅ​សល់​តែ​ពីរ​បី​ថ្ងៃ​ទៀត គេ​នឹង​ត្រូវ​បញ្ចូល​ទៅ​ក្នុង​កុង​ធនាគារ​បុគ្គលិក​ហើយ»

បើទោះបីជា​សេចក្តី​សម្រេច​របស់​ក្រសួង​ការងារ ប៉ះពាល់​ដល់​ប្រយោជន៍​កម្មករ ក៏​ខាង​សហជីព​កម្មករ អះអាង​ថា ក្រសួង​មិនបាន​កោះហៅ​ពួក​គាត់ ទៅ​ជួប​ពិគ្រោះ ឬ​ពិភាក្សា​បញ្ហា​នេះ មុន​ចេញ​សេចក្តី​សម្រេច​នោះ​ទេ។

ប្រធាន​សហជីព​ចលនា​កម្មករ​លោក ប៉ាវ ស៊ីណា ជឿ​ថា ថៅកែ​ជា​អ្នក​ដាក់​ស្នើសុំ​ព្យួរ​ប្រាក់​អតីត​ភាព​ការងារ​កម្មករ​នេះ។ ឯ​ក្រសួង​ការងារ ក៏​ចេះ​តែ​យល់​ព្រម​តាម ដោយ​មិន​ពិគ្រោះ​ជា​មួយ​ខាង​តំណាង​កម្មករ​នោះ​ទេ ដែល​នេះ​គឺ​ជា​បញ្ហា៖ «ជា​ទូទៅ​យើង​មិន​មាន​ការ​អញ្ជើញ​ណា​មួយ​ទេ ជុំវិញ​ការ​ចេញ​សេចក្ដី​ប្រកាស​នេះ ដោយសារ​តែ​យើង​មើល​ឃើញ​ថា​ក្នុង​កាលៈទេសៈ​នៃ​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ-១៩ ភាគី​សហជីព​ហាក់​មិន​ត្រូវ​បាន​គេ​ហៅ​ឲ្យ​ទៅ​ពិភាក្សា​ជា​លក្ខណៈ​ត្រី​ភាគី​ណា​មួយ​នោះ​ទេ ពាក់ព័ន្ធ​ទៅ​នឹង​ការ​ផ្អាក​ ឬ​មួយ​ការ​ផ្ដល់​ផល​ប្រយោជន៍​ណា​មួយ​ទៅដល់​បងប្អូន​កម្មករ​នោះ»។

អាស៊ី​សេរី មិន​អាច​សុំ​ការ​បំភ្លឺ ពី​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​លោក ហេង សួរ​បាន​ទេ ជុំវិញ​រឿង​នេះ ដោយសារ​តែ​មន្ត្រី​រូប​នេះ មិន​លើក​ទូរស័ព្ទ​អាស៊ី​សេរី ជាង​មួយ​ឆ្នាំ​ហើយ។

ទោះ​ជា​យ៉ាង​នេះ​ក្តី កញ្ញា ឈឹម ស៊ីថរ ប្រាប់​អាស៊ី​សេរី​ថា លោក និន វណ្ណៈ ដែល​តំណាង​ផ្នែក​វិវាទ​ការងារ ពី​ក្រសួង​ការងារ ដែល​បាន​ចេញ​មក​ទទួល​ញត្តិ សន្យា​ថា​នឹង​ផ្ដល់​ចម្លើយ​នៅ​សប្ដាហ៍​ក្រោយ។ កញ្ញា ឈឹម ស៊ីថរ ថា បើ​គ្មាន​ដំណោះ​ស្រាយ ខាង​សហជីព​នឹង​បន្ត​ការ​តវ៉ា​នេះ។

ស្របពេល​ដែល​ស្ថានភាព​កម្មករ​នៅ​តែ​តាន​តឹង​រដ្ឋាភិបាល​ហាក់​ដូច​ជា​រក​វិធី​ខ្លះ​ដើម្បី​បន្ធូរ​ការ​តវ៉ា​ពី​ពលរដ្ឋ​ទូទៅ ជា​ពិសេស ពលរដ្ឋ​ក្រីក្រ​ខ្វះខាត។ ការ​បន្ធូរ​បន្ថយ​ភាព​តានតឹង​នេះ គឺ​ធ្វើ​ឡើង​តាម​រយៈ​អនុក្រឹត្យ​របស់​រដ្ឋាភិបាល ចុះ​ថ្ងៃ​ទី១២ ខែមិថុនា ដែល​ថា នឹង​ចែក​លុយ​ដល់​អ្នក​ក្រ មួយ​គ្រួសារ​ចាប់ពី ២០ដុល្លារ ដល់ ៣០ ដុល្លារ​ក្នុង​មួយ​ខែ។

ប៉ុន្តែ​ការ​គ្រោង​នឹង​ចែក​លុយ​នេះ គឺ​មិន​ធ្វើ​ជា​ទូទៅ​ទេ ទោះ​ប្រជា​ពលរដ្ឋ​ខ្មែរ​ទូទៅ​រង​ផល​ប៉ះពាល់​ដោយសារ​វិបត្តិ​នៃ​ជំងឺ​កូវីដ-១៩ នេះ​ក៏​ដោយ។ រដ្ឋ​នឹង​ចែក​ប្រាក់​ឲ្យ​តែ​គ្រួសារ​ណា​ដែល​មាន​ប័ណ្ណ​ក្រីក្រ (ឬ​ប័ណ្ណ​សមធម៌)។

បើ​តាម​ក្រសួង​ផែនការ ថា រក​ឃើញ​គ្រួសារ​ក្រីក្រី​នៅ​ទូទាំង​ប្រទេស​មាន​ជាង ៥សែន ៦ម៉ឺន គ្រួសារ (៥៦៧,៥០៥) ដែល​គិត​ជា​ចំនួន​មនុស្ស គឺ​ប្រមាណ ២លាន ៣សែន​នាក់។

បើតាម​អនុក្រឹត្យ​នោះ គឺ​ក្រសួង​សង្គមកិច្ច ជា​អ្នក​ប្រកាស​ថ្ងៃ ដែល​នឹង​ត្រូវ​ចាប់​ផ្តើម​ចែក​លុយ​នោះ។ ប៉ុន្តែ​ មិន​បញ្ជាក់​ថ្ងៃ​ណា​នៅ​ឡើយ​ទេ។ ឯ​ការ​ចែក​លុយ​នេះ នឹង​ធ្វើ​រយៈ​ពេល​ប៉ុន្មាន​ខែ ក៏​មិន​ទាន់​មាន​ព័ត៌មាន​លម្អិត​នៅ​ឡើយ​ដែរ។

ប៉ុន្តែ បើ​តាម​ប្រព័ន្ធ​ឃោសនា​របស់​លោក ហ៊ុន សែន នៅ​ថ្ងៃ​ទី ២៤ ខែ មិថុនា ខាង​មុខ​នេះ លោក ហ៊ុន សែន នឹង​ចូលរួម​ពិធី​ប្រកាស អំពី​ការ​ចាប់​ផ្ដើម​គម្រោង​នេះ​ហើយ។

ទោះ​បី​រដ្ឋ ចាប់​ផ្ដើម​គម្រោង​ចែក​លុយ​ឆាប់ៗ នេះ​ក៏​ដោយ ក៏​ខាង​សហគមន៍​ក្រីក្រ​ខ្វះ​ខាត​នៅ​តាម​បណ្ដា​ខេត្ត​ជា​ច្រើន មិន​ទាន់​បាន​ទទួល​ដំណឹង​អំពី​ការ​ចុះ​ស្រង់​ស្ថិតិ​អ្នក​ខ្វះ​ខាត​នេះ​ទេ។ ប្រធាន​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ថេង​ សាវឿន ដែល​តំណាង​ឲ្យ​សហគមន៍​កសិករ​នៅ ១១ ខេត្ត ស្នើ​ឲ្យ​រដ្ឋាភិបាល​ស្រង់​ឈ្មោះ​អ្នក​ក្រ​ឲ្យ​មាន​តម្លាភាព និង​គ្មាន​ការ​រើសអើង ហើយត្រូវ​បន្ត​នីតិវិធី​នេះ ឲ្យ​បាន​ទូលំទូលាយ ដើម្បី​ឲ្យ​សហគមន៍​កសិករ​របស់​លោក​បាន​ដឹង​ផង៖ «ទោះ​បី​អនុក្រឹត្យ​ចេញ​ហើយ​ក៏ដោយ ខ្ញុំ​ស្នើ​ឲ្យ​រដ្ឋាភិបាល​ពិសេស​ក្រសួង​ផែនការ និង​ក្រសួង​ការងារ​ រួម​នឹង​មន្ទីរ​ទាំង​ពីរ​នៅ​តាម​បណ្តា​ខេត្ត​នានា​ ត្រូវ​តែ បន្ត​នីតិវិធី​ បើ​ក​ឲ្យ​មាន​ការ​ចុះ​ឈ្មោះ​ និង​ការ​ធ្វើ​ទិន្នន័យ​នេះ​បន្ត​ទៀត ព្រោះ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ មិន​បាន​ទូលំទូលាយ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​មាន​បញ្ហា​ប្រឈម និង​អ្នក​ក្រីក្រ មិន​បាន​ទទួល​ព័ត៌មាន និង​បាត់បង់​អត្ថប្រយោជន៍​នៃ​កម្មវិធី​ជំនួយ​សង្គម​របស់​រដ្ឋាភិបាល»

កន្លង​មក​របប​ក្រុង​ភ្នំពេញ រង​ការ​រិះគន់​ថា ធ្វើ​នយោបាយ​ប្រជាភិថុតិ ដែល​សន្យា​ថា​មាន​ប្រាក់​បម្រុង​រាប់​ពាន់​លាន​ដុល្លារ ដើម្បី​ជួយ​ដោះ​ស្រាយ​បញ្ហា​ពលរដ្ឋ ក្នុង​គ្រា​មាន​វិបត្តិ​ជំងឺ​កូវីដ-១៩។ ប៉ុន្តែ ស្ថានភាព​ជំងឺ​នេះ កើត​ឡើង​ជាង​កន្លះ​ឆ្នាំ​ទៅ​ហើយ រដ្ឋ​នៅ​តែ​មិន​ទាន់​បាន​ជួយ​ពលរដ្ឋ​ដែល​រង​គ្រោះ ឲ្យ​ទាន់​សភាពការណ៍​នោះ​ឡើយ៕

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល