សហជីព ​មិន​រំពឹង​ថា​ប្រាក់​ឈ្នួល​គោល​ឆ្នាំ២០២០ ឡើង​បាន​ច្រើន​ជាង​ឆ្នាំ​មុន​ទេ ព្រោះ​សមាសភាព​​ក្រុម​ប្រឹក្សា​​​ជាតិ ​ភាគច្រើន​លើស​លុប មាន​និន្នាការ​គាំទ្រ​ក្រុម​ថៅកែ​

ដោយ វ៉ែន សុមេធ
2019-08-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្រុម​ប្រឹក្សា​ជាតិ​​ប្រាក់​ឈ្នួល​អប្បបរមា នៃ​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ ដែល​​មាន​សមាសភាព​ភាគី​ក្រសួង​ការងារ​ ភាគី​សហជីព​ជា​តំណាង​កម្មករ​និយោជិត និង​ភាគី​សមាគម​ថៅកែ​រោងចក្រ ប្រជុំ​​​ពិភាក្សាអំពី​ការ​កំណត់​​ប្រាក់​ឈ្នួល​អប្បបរមា ឆ្នាំ​២០២០ កាល​ពី​ថ្ងៃទី២៩ ខែ​សីហា ឆ្នាំ២០១៩។
ក្រុម​ប្រឹក្សា​ជាតិ​​ប្រាក់​ឈ្នួល​អប្បបរមា នៃ​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ ដែល​​មាន​សមាសភាព​ភាគី​ក្រសួង​ការងារ​ ភាគី​សហជីព​ជា​តំណាង​កម្មករ​និយោជិត និង​ភាគី​សមាគម​ថៅកែ​រោងចក្រ ប្រជុំ​​​ពិភាក្សាអំពី​ការ​កំណត់​​ប្រាក់​ឈ្នួល​អប្បបរមា ឆ្នាំ​២០២០ កាល​ពី​ថ្ងៃទី២៩ ខែ​សីហា ឆ្នាំ២០១៩។
រូប៖ ហ្វេសប៊ុកក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ

កម្មករ​ សហជីព និង​សង្គម​ស៊ីវិល​ឃ្លាំមើល​សិទ្ធិ​ការងារ មិន​រំពឹង​ថា ​ប្រាក់​ឈ្នួល​គោល​ឆ្នាំ​២០២០ នឹង​ត្រូវ​បាន​ដំឡើង​ច្រើន​ជាង​ឆ្នាំ​មុនៗ ​ទេ ដោយសារ​សមាសភាព​​ក្រុម​ប្រឹក្សា​​​​​កំណត់​ប្រាក់​ឈ្នួល​ភាគ​ច្រើន​លើស​លុប ជា​​អ្នក​មាន​និន្នាការ​គាំទ្រ​ក្រុម​ថៅកែ។

កម្មករ​ម្នាក់ ធ្វើការ​នៅ​រោងចក្រ​ប៊ូវឃ័រ (Bowker) នៅ​ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល លោក ឡឹក សុភ័ក្រ​ យល់​ឃើញ​ថា សមាសភាព​ត្រី​ភាគី​ចរចា​ប្រាក់​ឈ្នួល​កម្មករ​ភាគ​ច្រើន គឺ​ជា​អ្នក​មាន​សន្ដាន​ចិត្ត​ជាមួយ​ក្រុម​ថៅកែ ទាំង​ភាគី​ក្រសួង​ការងារ ភាគី​សមាគម​ថៅកែ​រោងចក្រ​ និង​សហជីព​មួយ​ចំនួន ដែល​មាន​តួនាទី​ជា​ទី​ប្រឹក្សា​ក្រសួង​ការងារ និង​ស្និទ្ធ​ជាមួយ​ថៅកែ​រោងចក្រ។

លោក ឡឹក សុភ័ក្រ ​ថ្លែង​ថា ​ទោះ​ជា​មាន​សមាសភាព​សហជីព​ឯករាជ្យ​ចូល​រួម តែ​មិន​អាច​តស៊ូ​មតិ​ឈ្នះ​ក្រុម​មាន​និន្នាការ​ទៅ​ខាង​ថៅកែ​ឡើយ។ ម្ល៉ោះ​ហើយ​ កម្មករ​រូប​នេះ​យល់​ថា ប្រាក់​ឈ្នួល​ អាច​ឡើង​បាន​តិចតួច​ដូច​រាល់​ឆ្នាំ ហើយ​រដ្ឋាភិបាល​​នឹង​ឆ្លៀត​​​កេង​ចំណេញ​នយោបាយ​ដោយ​ថែម ៥ដុល្លារ ដូច​រាល់​ឆ្នាំ​ដដែល។ លោក​ថា ការ​ដំឡើង​ប្រាក់​ឈ្នួល​ឲ្យ​កម្មករ​តិចតួច​ពេក​ មិន​បាន​ធ្វើ​ឲ្យ​ជីវភាព​កម្មករ​មាន​ភាព​ប្រសើរ​ទេ៖ «វា​មើល​ទៅ​វា​មិន​បាន​ច្រើន​ទេ​បង ព្រោះ​ដោយសារ​​ការ​ចរចា​ហ្នឹង​គាត់​ និយាយ​ទៅ​ភាគី​ខាង​គាត់​(ថៅកែ)​ច្រើន​ដែរ​ ហើយ​កាល​ពី​ឆ្នាំ​ទៅ គាត់ (សហជីព)​ មិន​បោះឆ្នោត​ឲ្យ​(តួលេខ)​ខ្លួន​ឯង​ផង​ហ្នឹង គាត់​ទៅ​បោះឆ្នោត​ឲ្យ (តួលេខ​ថៅកែ) គេ»

រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ បាន​ចេញ​ប្រកាស​ថា ​សមាសភាព​ក្រុម​ប្រឹក្សា​ជាតិ​ សម្រាប់​ពិភាក្សា​ប្រាក់​ឈ្នួល​អប្បបរមា ឆ្នាំ​២០២០ មាន ៣​ភាគី គឺ​ភាគី​ក្រសួង​ការងារ​ចំនួន ១៧នាក់ ភាគី​សហជីព​ជា​តំណាង​កម្មករ​និយោជិក ១៧នាក់ និង​ភាគី​សមាគម​ថៅកែ​រោងចក្រ​ចំនួន​១៧នាក់។ សហជីព​តំណាង​ឲ្យ​កម្មករ​និយោជិត​មួយ​ចំនួន ត្រូវ​គេ​ស្គាល់​ថា​ ជា​មនុស្ស​​ស្និទ្ធ​នឹង​របប​ក្រុង​ភ្នំពេញ ហើយ​មាន​តួនាទី​ជា​ទីប្រឹក្សា​ក្រសួង​ការងារ​ ដូច​ជា លោក ជួន មុំ​ថុល លោក​ សោម អូន​ ជាដើម។

អនុប្រធាន​សហព័ន្ធ​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ម៉ាន់ សេងហាក់​ ឲ្យ​ដឹង​ថា កិច្ច​​​ពិភាក្សា​ ដំឡើង​ប្រាក់​ឈ្នួល​​សម្រាប់​ឆ្នាំ​២០២០ នឹង​ចាប់​ផ្ដើម​ នៅ​ថ្ងៃ​ទី៣ ខែ​កញ្ញា ​ដោយ​មាន​អ្នក​​​​ជំនាញ​សេដ្ឋកិច្ច​ បណ្ឌិត ចាន់ សុផល ឡើង​ធ្វើ​បទ​បង្ហាញ​ពី​​តម្រូវ​ការ​ និង​ស្ថានភាព​ជីវភាព​របស់​កម្មករ ដើម្បី​យក​ធ្វើ​ជា​មូលដ្ឋាន​ក្នុង​ការ​ពិភាក្សា។

លោក ម៉ាន់ សេងហាក់ យល់​ថា ​រដ្ឋាភិបាល ​ចាំបាច់​ត្រូវ​ដំឡើង​ប្រាក់​ឈ្នួល​ឲ្យ​កម្មករ​ឲ្យ​បាន​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ ព្រោះ​​រដ្ឋាភិបាល​​បាន​លុប​ចោល​ថ្ងៃ​ឈប់​សម្រាក​របស់​កម្មករ​ជិត​មួយ​សប្ដាហ៍ នៅ​ឆ្នាំ​២០២០។ លោក​បន្ត​​ថា រដ្ឋាភិបាល​ ត្រូវ​ប៉ះប៉ូវ​ជា​ប្រាក់​ឈ្នួល​ប្រចាំ​ខែ​ឲ្យ​កម្មករ​វិញ​ជា​ដាច់​ខាត។

លោក ម៉ាន់ សេងហាក់ បន្ត​ទៀត​ថា ​សហព័ន្ធ​សហជីព​​កម្មករ​សេរី នឹង​ទាមទារ​ឲ្យ​ដំឡើង​ប្រាក់​ឈ្នួល​គោល​យ៉ាង​តិច​បំផុត​ ដល់​កម្រិត​ជាង ២០០​ដុល្លារ​ ក្នុង​មួយ​ឆ្នាំ​ ទើប​អាច​ធ្វើ​ឲ្យ​ជីវភាព​ប្រសើរ​ជាង​សព្វ​ថ្ងៃ។ ទោះ​យ៉ាង​ណា លោក​ថា នឹង​រក​យុទ្ធសាស្ត្រ​តស៊ូ​មតិ​ជាមួយ​គ្រប់​ភាគី ដើម្បី​អាច​ឲ្យ​​កម្មករ​ទទួល​បាន​ប្រាក់​ឈ្នួល​ជាង​ ២០០​ដុល្លារ៖ «យើង​ធ្វើ​តាម​ជាក់​ស្ដែង​តែ​ម្ដង ពី​ព្រោះ​កម្មករ​ភាគ​ច្រើន​គាត់ ក៏​មាន​ឆន្ទ​ក្នុង​ការ​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល ដើម្បី​​រស់​នៅ​ឲ្យ​បាន​សមរម្យ​។ នៅ​ចំពោះ​មុខ​យើង​នឹង​មាន​យុទ្ធសាស្ត្រ ដើម្បី​ចរចា​ប្រាប់​ឈ្នួល​នៅ​ថ្ងៃ​ខាង​មុខ​ហ្នឹង​។ យ៉ាង​ណា​ក៏​ដោយ ពី​ព្រោះ​ក្រុម​ប្រឹក្សា​ប្រាក់​ឈ្នួល​នេះ យើង​នឹង​ចរចា​គ្នា យើង​នឹង​ជជែក​គ្នា​ឲ្យ​អស់​លទ្ធភាព​ទើប​មាន​ការ​ចរចា​ជា​​ក្រោយ»

អាស៊ី​សេរី មិន​អាច​សុំ​ការ​បញ្ជាក់​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ លោក ហេង សួរ​ បាន​ទេ នៅ​ថ្ងៃ​ទី៣០ សីហា ជុំវិញ​ប្រតិកម្ម​របស់​ភាគី​កម្មករ ដែល​យល់​ថា ​ការ​តែងតាំង​សមាសភាព​​គណៈកម្មការ​ពិភាក្សា​ប្រាក់​ឈ្នួល​ភាគ​ច្រើន​ ជា​មនុស្ស​មាន​និន្នាការ​គាំទ្រ​ក្រុម​ថៅកែ​នោះ។

ការ​ពិភាក្សា​កំណត់​ប្រាក់​ឈ្នួល​សម្រាប់​កម្មករ​ក្នុង​វិស័យ​កាត់​ដេរ បាន​ធ្វើ​ឡើង​ ក្រោយ​​ឆ្នាំ​២០១៣ គឺ​ក្រោយ​ពេល​កម្មករ​នាំ​គ្នា​ចេញ​តវ៉ា​​​សុំ​ដំឡើង​ប្រាក់​ឈ្នួល​ ហើយ​រង​ការ​បាញ់​បង្ក្រាប ប្រើ​ហិង្សា​ ចាប់​កម្មករ​ ដាក់​ពន្ធនាគារ​ច្រើន​នាក់​ជាដើម។ ការ​ដំឡើង​ប្រាក់​ឈ្នួល​រាល់​ឆ្នាំ ត្រូវ​បាន​កម្មករ​ អះអាង​ថា របប​ក្រុង​ភ្នំពេញ ធ្វើ​ឡើង​ក្រោម​រូបភាព​កេង​ចំណេញ​នយោបាយ ​ជា​ជាង​​មាន​ឆន្ទ​ជួយ​​កម្មករ ព្រោះ​​រាល់​​​ឆ្នាំ​ របប​ក្រុង​ភ្នំពេញ​បាន​​ដំឡើង​ប្រាក់​ឈ្នួល​ឲ្យ​​តិចតួច​បំផុត គឺ​ពី​ ៥​ដុល្លារ ទៅ ​៧​ដុល្លារ​​។ ឯ​​មេដឹកនាំ​របប​ក្រុង​ភ្នំពេញ លោក ហ៊ុន សែន ក៏​ឆ្លៀត​កេង​ចំណេញ​នយោបាយ​ យក​លេស​ ថែម​ ៥​ដុល្លារ​បន្ថែម​ដែរ។ កម្មករ​បន្ត​ថា​ ពួក​គេ​ត្រូវ​បង្ខំ​ចិត្ត​កាត់​បន្ថយ​ការ​ហូប​ចុក​ និង​ត្រូវ​​ធ្វើ​ការ​ថែម​ម៉ោង​រាល់​ថ្ងៃ ទើប​អាច​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​បាន។

អ្នក​សម្រប​សម្រួល​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​សិទ្ធិ​ការងារ និង​សិទ្ធិ​មនុស្ស លោក ឃុន ថារ៉ូ យល់​ថា ការ​រៀបចំ​សមាសភាព​គណៈកម្មការ​​​កំណត់​ប្រាក់​ឈ្នួល​ ដែល​មាន​ចរិត​ឥទ្ធិពល​នយោបាយ​នៅ​ពី​ក្រោយ​ ដោយ​មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ប្រសិទ្ធិ​ភាព តម្លា​ភាព ការ​សម្រេច​ចិត្ត និង​ការប្រព្រឹត្តិ​ទៅ​របស់​ក្រុម​ប្រឹក្សា​ឡើយ។ អ្នក​ឃ្លាំមើល​សិទ្ធិ​ការងារ​រូប​នេះ​បន្ត​ថា ការ​​ដាក់​សមាសភាព​​ ​សហជីព​ ឬ​មន្ត្រី ស្និទ្ធ​នឹង​ក្រុម​ថៅកែ​ច្រើន​ពេក ជា​ហេតុ​ធ្វើ​ឲ្យ​ពួក​គេ បោះ​ឆ្នោត​គាំទ្រ​​តួលេខ​របស់​ថៅកែ ហើយ​បាត់​បង់​ប្រយោជន៍ និង​តួលេខ​ដែល​​កម្មករ​ចង់​បាន៖ «តំណាង​កម្មករ​ពិត​ប្រាកដ​ មាន​ចំនួន​តិចតួច មាន​សំឡេង​តិចតួច នៅ​ក្នុង​ក្រប​ខណ្ឌ​ក្រុម​ប្រឹក្សា​ហ្នឹង»

ប្រាក់​ឈ្នួល​គោល​​កម្មករ​នៅ​ឆ្នាំ​២០១៩ ​គឺ​ ១៨២​ដុល្លារ​ក្នុង​មួយ​ខែ។ កម្មករ​ចង់​ឲ្យ​របប​ក្រុង​ភ្នំពេញ ដំឡើង​ប្រាក់​ឈ្នួល​គោល​ឲ្យ​បាន​ក្បែរ ៣០០​ដុល្លារ សម្រាប់​ឆ្នាំ​២០២០ ទើប​អាច​ទ្រទ្រង់​ជីវភាព និង​សុខភាព​បាន៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល