អាជីវករ​ផ្សារ​រ៉ុងក្លឿ​​តវ៉ា​ក្រោយ​​អាជ្ញាធរ​ថៃ​រឹត​បន្តឹង​ទំនិញ​ដែល​សង្ស័យ​រំលោភ​កម្មសិទ្ធិបញ្ញា

ដោយ ហ៊ុំ ចំរើន
2017-02-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អាជីវករ​ផ្សារ​រ៉ុងក្លឿ តវ៉ា​ដាក់​ញត្តិ​នៅ​សាលាក្រុង​ប៉ោយប៉ែត ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ​ថៃ ឈប់​រឹត​បន្តឹង​ពួកគេ​ពី​ការ​លក់​ទំនិញ​ដែល​ថៃ ចោទ​ថា​រំលោភ​កម្មសិទ្ធិ​បញ្ញា កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA/Hum Chamroeun
អាជីវករ​ផ្សារ​រ៉ុងក្លឿ តវ៉ា​ដាក់​ញត្តិ​នៅ​សាលាក្រុង​ប៉ោយប៉ែត ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ​ថៃ ឈប់​រឹត​បន្តឹង​ពួកគេ​ពី​ការ​លក់​ទំនិញ​ដែល​ថៃ ចោទ​ថា​រំលោភ​កម្មសិទ្ធិ​បញ្ញា កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA/Hum Chamroeun
RFA/Hum Chamroeun

ក្រុម​អាជីវករ​ខ្មែរ​នៅ​ផ្សារ​រ៉ុងក្លឿ ស្រុក​អារញ្ញ ប្រទេស​ថៃ​ ប្រមាណ ៣០០​នាក់​ បាន​ជួប​ពិភាក្សា​ជាមួយ​អាជ្ញាធរ​ថៃ ដើម្បី​រក​ដំណោះ​ស្រាយ​ពី​​ការ​លក់​ទំនិញ​ក្លែង​ម៉ាក​យីហោ​នៅ​ក្នុង​ទឹក​ដី​ថៃ​ នៅ​រសៀល​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ។

ប្រធាន​ក្រុម​ការងារ​ទំនាក់​ទំនង​ព្រំដែន​កម្ពុជា-​ថៃ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត លោក សៅ វាសនា ដែល​បាន​ទៅ​ចូល​រួម​ក្នុង​កិច្ច​ពិភាក្សា​នោះ​ មាន​ប្រសាសន៍​ថា អាជ្ញាធរ​ថៃ បាន​ប្រកាស​ដាច់ខាត​មិន​ឲ្យ​ក្រុម​អាជីវករ​ខ្មែរ​ដាក់​លក់​ទំនិញ​ក្លែង​កម្មសិទ្ធិបញ្ញា​នៅ​ផ្សារ​រ៉ុងក្លឿ បន្ត​ទៀត​ឡើយ ដោយ​​ចាប់​អនុវត្ត​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ លោក​ថា ប្រសិន​បើ​​អាជីវករ​ណា​ហ៊ាន​​ដាក់​លក់​សមត្ថកិច្ច​ថៃ នឹង​ចាប់​យក​ទំនិញ​ទាំង​អស់។ លោក​បន្ថែម​ថា អាជ្ញាធរ​ខ្មែរ​បាន​ព្យាយាម​អស់​លទ្ធភាព​ហើយ គឺ​មិន​អាច​ជួយ​សម្រួល​ឲ្យ​ក្រុម​អាជីវករ​លក់​ទំនិញ​បាន​ដូច​ដើម​នោះ​ទេ«ខាង​ថៃ គេ​មក​ប្រាប់​យើង​តែ​ម្ដង គេ​អត់​ឲ្យ​តថ្លៃ​អី​បាន​ទេ ព្រោះ​ថ្ងៃ​មុន​គេ​ប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​ស្រុក និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំង​ខ្មែរ និង​ភាគី​ថៃ គេ​បាន​ប្រជុំ​ពិភាក្សា​គ្នា​រួច​ហើយ។ តែ​នេះ​សមត្ថកិច្ច​ផ្នែក​កម្មសិទ្ធិ​បញ្ញា​ថៃ គេ​មក​ជូន​ដំណឹង​យើង​បន្ថែម ដើម្បី​ពលរដ្ឋ​អស់​ចិត្ត»

​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ដដែល​ ក្រុម​អាជីវករ​បាន​បិទ​តូប ​នាំ​គ្នា​តវ៉ា​នៅ​មុខ​សាលា​ក្រុង​ប៉ោយប៉ែត ដើម្បី​ដាក់​ញត្តិ​សុំ​កិច្ច​អន្តរាគមន៍​ពី​​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ឲ្យ​ពួកគាត់​បាន​លក់​ទំនិញ​ដូច​ធម្មតា​វិញ។

ក្រុម​អាជីវករ​​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​ថៃ អនុញ្ញាត​ឲ្យ​ពួកគាត់​លក់​ទំនិញ​ដែល​មាន​នៅ​ក្នុង​តូប​ឲ្យ​អស់។ពួកគាត់​អះអាង​​ថា ទំនិញ​ទាំង​អស់​នោះ​ ពួកគាត់​ទិញ​ក្នុង​ទឹក​ដី​ថៃ តាម​រយៈ​​​ថៅកែ​ដឹក​ពី​ខ្មែរ​ទៅ​ដាក់​លក់​នៅ​ផ្សារ​រ៉ុងក្លឿ។

ក្រុម​អាជីវករ​សង្កត់​ធ្ងន់​​ថា​ អាជ្ញាធរ​ថៃ ដាក់​វិធានការ​ឆាប់​រហ័ស​ពេក​ ធ្វើ​ឲ្យ​​ពួកគាត់​លក់​ទំនិញ​មិន​ទាន់ និង​មិន​​អាច​ដោះស្រាយ​តាម​សំណើ​របស់​ថៃ បាន​នោះ​ឡើយ។

តូប​លក់​លក់​ដូរ​នៅ​ផ្សារ​រ៉ុងក្លឿ​​ ទាំង​អស់​​ជាង ១​ម៉ឺន​តូប ក្នុង​នោះ​ប្រមាណ ៨៥​ភាគរយ​ជា​របស់​អាជីវករ​ខ្មែរ​ គឺ​ភាគ​ច្រើន​លក់​ទំនិញ​ក្លែង​ម៉ាក​យីហោ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល