ក្រសួង​នៅតែ​តម្រូវ​ឱ្យ​ភាគី​ម្ចាស់​សណ្ឋាគារ​ហ្គ្រេតឌ្យូក​ទូទាត់​សំណង​ដល់​បុគ្គលិក

ដោយ ខែ សុណង
2020-05-17
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
បុគ្គលិក​សណ្ឋាគារ​​ ដឺ ហ្ក្រេត ឌ្យូក ​ភ្នំពេញ (THE GREAT DUKE PHNOM PENH) តវ៉ា ច្រើន​ម៉ោង​នៅ​ព្រឹក​ថ្ងៃ​ទី៤ ខែ​វិច្ឆិកា ឆ្នាំ២០១៩។
បុគ្គលិក​សណ្ឋាគារ​​ ដឺ ហ្ក្រេត ឌ្យូក ​ភ្នំពេញ (THE GREAT DUKE PHNOM PENH) តវ៉ា ច្រើន​ម៉ោង​នៅ​ព្រឹក​ថ្ងៃ​ទី៤ ខែ​វិច្ឆិកា ឆ្នាំ២០១៩។
រូប៖ បុគ្គលិក​សណ្ឋាគារ​​ ដឺ ហ្ក្រេត ឌ្យូក ​ភ្នំពេញ ផ្ដល់​ឱ្យ

ក្រសួង​ការងារ​នៅតែ​តម្រូវ​ឱ្យ​ភាគី​ម្ចាស់​សណ្ឋាគារ ហ្គ្រេតឌ្យូក ភ្នំពេញ (Great Duke Phnom Penh) ទូទាត់​ប្រាក់​សំណង​ការងារ​ឱ្យ​ក្រុម​និយោជិក តាម​សេចក្ដី​សម្រេច​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ដដែល។ វិវាទ​ការងារ​នេះ​បាន​អូស​បន្លាយ​ជាច្រើន​ខែ​មក​ហើយ ស្របពេល​ក្រុម​បុគ្គលិក​សណ្ឋាគារ ហ្គ្រេតឌ្យូក ភ្នំពេញ កំពុង​រង់ចាំ​ប្រាក់​សំណង ដើម្បី​យក​ទៅ​ដោះស្រាយ​ជីវភាព​គ្រួសារ។

អនុប្រធាន​នៃ​អគ្គលេខាធិការដ្ឋាន​ដោះស្រាយ​កូដកម្ម បាតុកម្ម គ្រប់មុខ​សញ្ញា នៃ​ក្រសួង​ការងារ លោក អ៊ូ រតនា ប្រាប់​អាស៊ីសេរី​ថា មេធាវី​តំណាង​ថៅកែ​សណ្ឋាគារ​ហ្គ្រៀ​ត​ឌូ​ក ភ្នំពេញ (Great Duke Phnom Penh) មិន​បាន​ចូល​ដោះស្រាយ​វិវាទ តាម​ការកោះហៅ​លើក​ទី​២ របស់​ក្រសួង​ការងារ នៅ​ថ្ងៃ​ទី​១៥ ឧសភា នោះ​ទេ

លោក​បញ្ជាក់​ថា ខាង​ក្រសួង​នឹង​បន្ត​នីតិវិធី តាម​សេចក្ដី​សម្រេច​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ដដែល ដោយ​បង្គាប់​ឱ្យ​ម្ចាស់​សណ្ឋាគារ គិតគូរ​បើកប្រាក់​អត្ថប្រយោជន៍​ការងារ​ឱ្យ​បុគ្គលិក​សរុប ១៥២​នាក់៖ «ដល់​អ៊ីចឹង​! ក្រសួង​នឹង​ចាត់​វិធានការ​បន្ត។ មាន​តែ​ប៉ុណ្ណឹង ។ ភាគី​និយោជក គាត់​អត់​មក​ផង មិន​ដឹង​ថា យើង​ដោះស្រាយ​យ៉ាងម៉េច តែ​យើង​នឹង​ចាត់វិធានការ​បន្តទៀត ។ ចំពោះ​ការមិន​បើកប្រាក់​តាម​កិច្ចព្រមព្រៀង​ហ្នឹង ក្រសួង​បាន​ចាត់វិធានការ​ពិន័យ​គាត់​ហើយ។ ជំហាន​ហ្នឹង គឺ​យើង​បាន​ធ្វើតាំង​ពី​ថ្ងៃមុន​មក គឺ​បាន​ពិន័យ​គាត់​បន្ថែម​ទៀត»។

កាលពី​ថ្ងៃទី​២២ កុម្ភៈ ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​យល់ស្រប​តាម​សំណើ​របស់​ក្រុម​តំណាង​និយោជិក ៣​ចំណុច និង​បដិសេធចោល ១​ចំណុច។ ចំណុច​ទាំងនោះ​រួមមាន បើកប្រាក់​អតីតភាព​ការងារ​មុន​ឆ្នាំ​២០១៩ ប្រាក់​ជូនដំណឹង និង​ប្រាក់​ឈប់​សម្រាប់​ប្រចាំឆ្នាំ តែ​ត្រូវ​ដកចេញ​នូវ​ប្រាក់​សំណង​ជំងឺ​ចិត្ត។

អនុប្រធាន​សហព័ន្ធ​សហជីព​កម្មករ និយោជិក​វិស័យ​ទេសចរណ៍​កម្ពុជា អ្នកស្រី គង់ ចាន់ថន ឱ្យ​ដឹង​ថា ចំនួន​ទឹកប្រាក់​សរុប ដែល​ភាគី​ថៅកែ​ត្រូវ​បើក​ឱ្យ​បុគ្គលិក គឺ​ប្រមាណ​ជាង ៣២ (សាមសិប​ពីរ​) ម៉ឺន​ដុល្លារ​អាមេរិក។

អ្នកស្រី​ថ្លែង​ថា អស់​រយៈពេល​ជាង ៥​ខែ​មកហើយ ដែល​បុគ្គលិក​ទាំងអស់​នាំគ្នា​ចេញ​តវ៉ា​ជា​ច្រើនដង បាន​ត្រឹមតែការ​សម្របសម្រួល​ដោះស្រាយ​ពី​ក្រសួង ប៉ុន្តែ​មិន​ទទួល​បាន​ប្រាក់​សំណង។ អ្នកស្រី​យល់​ថា រដ្ឋាភិបាល​គួរផ្ដល់​ប្រាក់ឧបត្ថម្ភ​ដល់​ក្រុម​បុគ្គលិក​សណ្ឋាគារ​ដែល​ជួប​បញ្ហា​ហិរញ្ញវត្ថុ ប្រសិន​បើ​ថៅកែ​មិន​ព្រម​ទូទាត់​ប្រាក់​ឱ្យ។

អ្នកស្រី​ស្នើ​ដល់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​អន្តរាគមន៍​ដោយផ្ទាល់​ក្នុង​វិវាទ​ការងារ​នេះ ដើម្បី​ឱ្យ​ពួកគាត់​ដែល​ភាគច្រើន​មាន​វ័យ​ចំណាស់ ទទួល​បាន​ប្រាក់​សំណង​ការងារ យក​មក​ទប់​ការ​ចំណាយ​ប្រចាំ បង់ថ្លៃ​ផ្ទះ ទឹក​ភ្លើង និង​សងបំណុល​ធនាគារ​ជាដើម៖ «សណ្ឋាគារ​ហ្នឹង​មិនមែន​ខ្នង​តូច​ដែរ គឺ​គាត់​ធំ​ដែរ ។ អ៊ីចឹង​! មានតែ​សម្ដេច​ដែល​គាត់​អាចជួយ​យើង​បាន បើ​ត្រឹមតែ​ក្រសួង​វា​នៅ​ប៉ុណ្ណឹង​ឯង។ មួយទៀត​ដូច​ខាង​រោងចក្រ យើង​ឃើញ​ថា ក្រសួង​អាច​ចេញ​លុយ ជូន​កម្មករ​សិន​ទៅ ហើយ​ចាំ​គាត់​ចាត់វិធានការ​ជាមួយ​អូតែល ម៉េច​ទៀត​គាត់​យក​វិញ ពិន័យ​អី​ទៅតាម​ផ្លូវច្បាប់​ហ្នឹង​ទៅ ។ ចង់​ឱ្យ​គាត់​ជួយ​បង់​ឱ្យ​បុគ្គលិក ។ ឥឡូវ​ហ្នឹង បុគ្គលិក​ដាច់បាយ​ខ្លាំង​តែម្ដង ។ បង់​សំណង​ហ្នឹង​តែ​ជាង​៣២​ម៉ឺន​ដុល្លារ​ទេ ។ វា​អត់​ច្រើន​សម្រាប់​របស់គាត់​នោះ មិន​ស្នើ​នឹង​គាត់​ទៅ​លេ​ស្រុក​ក្រៅ ១​អាទិត្យ​ផង»។

អាស៊ីសេរី​មិន​អាច​សុំ​ការបំភ្លឺ​រឿងនេះ​ពី​មេធាវី​ការពារ​ឱ្យ​ភាគី​ថៅកែ គឺ លោក នូវ ពិសិដ្ឋ បានទេ​នៅ​ថ្ងៃទី​១៥ ឧសភា ដោយ​លេខ​ទូរស័ព្ទ​របស់លោក មិន​ទទួល​ការ​ហៅ​ចូល​។ ទោះជា​យ៉ាងណា ក្នុង​កំណត់ហេតុ​ប្រជុំ​លើក​ទី​១ កាល​ពី​ថ្ងៃទី​១២ ឧសភា ក្រុម​មេធាវី​តំណាង​ឱ្យ​ម្ចាស់​សណ្ឋាគារ លើក​ឡើង​ថា ម្ចាស់​សណ្ឋាគារ​គ្មាន​ប្រាក់​គ្រប់គ្រាន់ ដើម្បី​ទូទាត់​សំណង​ជូន​បុគ្គលិក​ទេ ដោយសារ​ស្ថានភាព​បច្ចុប្បន្ននេះ សណ្ឋាគារ​ជួប​បញ្ហា​ហិរញ្ញវត្ថុ និង​រង​ផលប៉ះពាល់​ពី​ជំងឺ​កូវីដ-១៩។

សណ្ឋាគារ ដឺ ហ្ក្រេត ឌ្យូក ភ្នំពេញ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​មុនីរ៉េត ក្បែរ​ភ្លើងស្តុប​ផ្សារ​ដើម​គ គឺជា​អតីត​សណ្ឋាគារ អ៊ីនធ័រខន់ធីណិនថល (Intercontinental)។ សណ្ឋាគារ​លំដាប់​ផ្កាយ ៥​មួយ​នេះ បាន​ប្ដូរ​ឈ្មោះ កាល​ដើម​ខែ​មករា ឆ្នាំ​២០១៨ ក្រោយ​ផ្លាស់ប្ដូរ​ថៅកែ ចំណែក​បុគ្គលិក​សណ្ឋាគារ​នេះ ភាគច្រើន​មាន​អតីតភាព​ការងារ​យូរ​ឆ្នាំ និង​ជា​បុគ្គលិក ដែល​ធ្វើ​ការងារ​តាំងពី​នៅ​ជា​សណ្ឋាគារ​អ៊ីនធ័រខន់។

សណ្ឋាគារ​នេះ​បាន​ប្រកាស​បិទទ្វារ កាល​ពីចុង​ខែ​ធ្នូ ឆ្នាំ​២០១៩ ក្រោម​ហេតុ​ផល​ក្ស័យធន បន្ទាប់​ពី​បើក​ដំណើរ​អាជីវកម្ម​អស់​រយៈពេល ២៣​ឆ្នាំ​មក។

ក្រុម​បុគ្គលិក​សណ្ឋាគារ​នេះ ប្រកាន់​ជំហរ​ថា ពួកគាត់​នឹង​ចេញ​តវ៉ា​មុខ​សណ្ឋាគារ និង​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​ស្ថាប័ន​ជាតិ​ផ្សេង​ទៀត លុះត្រា​ទទួល​បាន​ប្រាក់​អត្ថប្រយោជន៍​ការងារ​ពី​ម្ចាស់​សណ្ឋាគារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល