រថយន្ត​ស៊េរី​ទំនើប​អត់​បង់​ពន្ធ​ជាង​៥០០​គ្រឿង​ត្រូវ​បាន​ក្រសួង​សាធារណការ​រក​ឃើញ

ដោយ វ៉ែន សុមេធ
2019-08-24
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​មើល​រថយន្ត​ស៊េរីទំនើប​អត់បង់ពន្ធ​ កាល​ពី​ថ្ងៃ​ទី២២ ខែ​សីហា ឆ្នាំ​២០១៩។
មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​មើល​រថយន្ត​ស៊េរីទំនើប​អត់បង់ពន្ធ​ កាល​ពី​ថ្ងៃ​ទី២២ ខែ​សីហា ឆ្នាំ​២០១៩។
រូប​ពី​ហ្វេសប៊ុក​ក្រសួង​សាធារណការ

ក្រសួង​សាធារណការ និង​ដឹកជញ្ជូន រក​​ឃើញ​រថយន្ត​ស៊េរី​ទំនើប​អត់​បង់ពន្ធ​ជាង ៥​រយ​គ្រឿង ខ្លះ​មាន​ស្លាក​លេខ​ខ​.​ម និង​ស្លាក​លេខ​រដ្ឋ ជាដើម ក្រោយ​ពី​បាន​ដាក់​ឱ្យ​ដំណើរការ​យន្តការ​ប្រព័ន្ធ​បច្ចេកវិទ្យា ដើម្បី​ចែករំលែក​ទិន្នន័យ​ចុះបញ្ជី​យានយន្ត និង​ទិន្នន័យ​ពន្ធ​នាំចូល​យានយន្ត​កាលពី​ខែ​ឧសភា ឆ្នាំ​២០១៨​មក។

ក្រុមការងារ​អន្តរក្រសួង​បាន​ត្រួតពិនិត្យ​រថយន្ត​ដែល​មន្ត្រី​គយ​ឃាត់ទុក​នៅក្នុង​ឃ្លាំង​របស់​គយ និង​រដ្ឋាករ​កម្ពុជា កាលពី​ថ្ងៃទី​២២ សីហា ដោយ​រក​ឃើញ​ថា មាន​រថយន្ត​ដែល​មាន​ភាព​មិន​ប្រក្រតី​ជាច្រើន​គ្រឿង​ដូចជា រថយន្ត​គ្មាន​បង្កាន់ដៃ​ពន្ធ​នាំចូល រថយន្ត​ពាក់​ស្លាក​លេខ​ក្លែងក្លាយ និង​រថយន្ត​ខ្លះ​ជា​រថយន្ត​កាត់ត​មាន​បញ្ហា​លេខ​តួ លេខ​ម៉ាស៊ីន ឆ្នាំ ផលិត​និង​ទ្រង់ទ្រាយ​ផ្សេងៗ គ្នា​ជាដើម។

ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​សហការ​ជាមួយ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​

បាន​បង្កើត​ក្រុមការងារ​អន្តរក្រសួង​មួយ កាលពី​ថ្ងៃ​ទី​២១ ខែ​ឧសភា ឆ្នាំ​២០១៨ បាន​សម្រេច​ដាក់​ឱ្យ​ដំណើរការ​យន្តការ​ប្រព័ន្ធ​បច្ចេកវិទ្យា ដើម្បី​ចែករំលែក​ទិន្នន័យ​ចុះបញ្ជី​យានយន្ត និង​ទិន្នន័យ​ពន្ធ​នាំចូល​យានយន្ត​ទៅ​វិញ​ទៅ​មក និង​តាមដាន​ភាព​មិន​ប្រក្រតី​នានា​ពាក់ព័ន្ធ និង​ការ​ចរាចរ​រថយន្ត។ប្រព័ន្ធ​បច្ចេកវិទ្យា ដើម្បី​ចែករំលែក​ទិន្នន័យ​ចុះបញ្ជី​យានយន្ត និង​ទិន្នន័យ​ពន្ធ​នាំចូល​យានយន្ត​នេះ​ផ្ដល់​លទ្ធផល​វិជ្ជមាន​ជាច្រើន ដូចជា​ការចុះបញ្ជី​យានយន្ត​មាន​រយៈពេល​ខ្លី រហ័ស​ធានា​មិន​មានការ​ក្លែងបន្លំ​ឯកសារ​សាធារណៈ ទប់ស្កាត់ និង​ចាប់​រថយន្ត​ដែល​មិន​បង់ពន្ធ​នាំចូល បង្កើន​ប្រសិទ្ធភាព​ការអនុវត្ត​ប្រមូល​ពន្ធ​និង​បង្កើន​ចំណូល​ថវិកាជាតិ ។

យ៉ាងណាក៏ដោយ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន មិន​បាន​បញ្ជាក់​ថា ម្ចាស់​រថយន្ត​ទំនើប ដែល​ត្រូវ​បាន​ឃាត់​ទុក​នេះ​ជា​នរណា និង​នាំចូល​រថយន្ត​ទាំងនោះ ចូល​មក​ដោយ​របៀប​ណា​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល