អាជ្ញាធរ​ថៃ​បញ្ជូន​ពលករ​ខ្មែរ​ ៨៥​នាក់​​មក​​កម្ពុជា​​វិញ បន្ទាប់​ពី​​ចាប់​​ដាក់​គុក​​ជាង​ ៤​ខែ

ដោយ សន ចាន់រដ្ឋា
2019-08-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទិដ្ឋភាព​រថយន្ត​ប៉ូលិស​ថៃ ចាប់​បញ្ជូន​ពលករ​ខ្មែរ​មក​ស្រុកវិញ កាល​ពី​ចុង​ខែ​សីហា ២០១៩។
ទិដ្ឋភាព​រថយន្ត​ប៉ូលិស​ថៃ ចាប់​បញ្ជូន​ពលករ​ខ្មែរ​មក​ស្រុកវិញ កាល​ពី​ចុង​ខែ​សីហា ២០១៩។
Photo courtesy

អាជ្ញាធរ​ថៃ​បាន​បញ្ជូន​ពលករ​ខ្មែរ​ចំនួន​ ៨៥​នាក់​ត្រឡប់​ទៅដល់​ស្រុក​កំណើត​វិញ​ហើយ កាលពី​រសៀល​ថ្ងៃ​ទី​២៨ សីហា បន្ទាប់ពី​ប៉ូលិស​ថៃ​ចាប់​ពួកគេ​ជាប់គុក​អស់​ជាង​ ៤​ខែ​រួចមក។ ពលករ​ដែល​​ទើប​​ចេញ​ពី​គុក អះអាង​ថា ពួកគេ​នឹង​ខ្ចី​ប្រាក់​ពី​ធនាគារ​ធ្វើ​លិខិត​ឆ្លងដែន​វិលត្រឡប់​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ​វិញ​ក្នុង​ពេល​ឆាប់ៗ។

ពលរដ្ឋ​នៅ​ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ ដែល​ទើប​សមត្ថកិច្ច​ថៃ​ដោះលែង​ឱ្យ​មាន​សេរីភាព​វិញ អ្នកស្រី ផាត សៅគុណ ប្រាប់​អាស៊ីសេរី​នៅ​រសៀល​ថ្ងៃ​ទី​២៩ សីហា​ថា អាជ្ញាធរ​ថៃ​បាន​បញ្ជូន​អ្នកស្រី និង​ពលករ​ដទៃ​ទៀត តាម​រថយន្ត​ទ្រុង​របស់​ប៉ូលិស​អន្តោប្រវេសន្ត​ថៃ​ចូល​មក​កម្ពុជា​តាម​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត នៅ​ម៉ោង​ ៦​ល្ងាច​ថ្ងៃ​ទី​២៨ សីហា។ អ្នកស្រី​បន្ថែម​ថា ពួកគេ​សប្បាយចិត្ត​យ៉ាង​ខ្លាំង​រហូតដល់​សម្រាន្ត​មិន​លក់ ដោយសារ​រំភើប​ក្រោយពី​ទទួល​ដំណឹង​បាន​មួយថ្ងៃ​មុន​ពេល​សមត្ថកិច្ច​ថៃ​ដោះលែង​ឱ្យ​មាន​សេរីភាព៖ «ជាប់គុក​ថ្ងៃ​ដំបូង​ខ្ញុំ​ភ័យ​ដល់ពេល​យូរៗ​ទៅ​មក​ជា​ធម្មតា​វិញ តែ​ក្នុង​ចិត្ត​ដេក​ភ័យ​មិន​ដឹង​ថ្ងៃ​ណា​គេ​ដោះលែង​វិញ លឺ​គេ​ថា​ជាប់​ពី ១​ឆ្នាំ ទៅ ៣​ឆ្នាំ​បាន​ដោះលែង​វិញ ក៏​ភ័យ​ខ្ញុំ​យំ​រាល់ថ្ងៃ​ចង់​មក​ផ្ទះ​ចេះតែ​តេ​មក​ប្រាប់​ពុក។ ភ័យខ្លាច​មិនបាន​ចេញ​ណាមួយ​ជំពាក់​លុយ​ធនាគារ​ផង។ មួយ​យប់​នឹង​គេ​ប្រាប់​ខ្ញុំ​ពី​ល្ងាច​មក​ខ្ញុំ​ដេក​អត់​លក់​ទេ រហូត​ដល់​ព្រឹក​រហូត​ដល់​គេ​បញ្ជូន​មក រហូត​អត់​មាន​អ្នកណា​ដេក​ទេ អង្គុយ​ចាំ​គេ​បញ្ជូន​មក​ខ្មែរ​វិញ»

អ្នកស្រី​បន្ត​ថា ពួកគាត់​ឆ្លងដែន​ទៅ​ប្រទេស​ថៃ​តាម​រថយន្ត​ដឹកទំនិញ​របស់​ជនជាតិ​ថៃ ដោយមាន​បាំង​សំពត់​កៅស៊ូ​បិទ​ជិត។ អ្នកស្រី​បន្ថែម​ថា ពួកគេ​អង្គុយ​ប្រជ្រៀត​គ្នា​យ៉ាង​ណែន​ជាង ៥០​នាក់​ក្នុង​មួយ​គ្រឿង ចេញពី​ដំណើរ​ព្រំដែន​ខេត្ត​បន្ទាយមានជ័យ ឆ្ពោះ​ទៅ​ទីក្រុង​បាងកក កាលពី​ថ្ងៃ​ទី​២៥ មេសា​កន្លង​ទៅ ដើម្បី​ទៅ​ស្វែងរក​ការងារ​ធ្វើ​យក​ប្រាក់​ដោះស្រាយ​ជីវភាព​គ្រួសារ។ អ្នកស្រី​បញ្ជាក់​ថា ពួកគេ​ត្រូវ​បាន​ប៉ូលិស​ថៃ​ចាប់ខ្លួន​នៅ​ជាយ​ទីក្រុង​បាងកក ក្រោយ​ពី​ធ្វើដំណើរ​អស់​ប្រហែល ៦​ម៉ោង។​អ្នកស្រី​ឱ្យ​ដឹង​ថា ក្នុងចំណោម​ដែល​ដោះលែង​នោះ គឺ​ចំនួន​៦១​នាក់​ជាប់គុក​នៅ​ស្រុក​អារញ្ញ ខេត្ត​ស្រះកែវ និង ២៤​នាក់​ជាប់គុក​នៅ​ទីក្រុង​បាងកក។

គេហទំព័រ​ក្រសួងការបរទេស​កម្ពុជា​ចុះផ្សាយ​នៅ​ថ្ងៃ​ទី​២៩ សីហា ថា អាជ្ញាធរ​ថៃ បាន​ដោះលែង​ពលករ​ខ្មែរ​ចំនួន ៨៥​នាក់ ដែល​ចាប់ខ្លួន​នៅ​ជាយ​ទីក្រុង​បាងកក កាលពី​ថ្ងៃ​ទី​២៥ ខែ​មេសា កន្លង​ទៅ​ពី​បទ​ឆ្លងដែន​ចូល​ប្រទេស​ថៃ​ដោយ​ខុសច្បាប់។ ក្រសួង​ឱ្យ​ដឹង​ទៀត​ថា ការ​ដោះលែង​នេះ ធ្វើឡើង ក្រោយ​ពី​មាន​កិច្ច​អន្តរាគមន៍​ស្នើសុំ​ជា​បន្តបន្ទាប់​របស់​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ថៃ និង​ស្ថាន​អង្គ​កុងស៊ុល​កម្ពុជា​នៅ​ខេត្ត​ស្រះកែវ (Sra Kao)​។ ក្រសួង​ថា អាជ្ញាធរ​ថៃ​បាន​បញ្ជាក់​ថា ថ្មីៗ​នេះ ប្រទេស​របស់​ខ្លួន​បាន​ចេញ​ច្បាប់​ថ្មី ទប់ស្កាត់​ការ​ជួញដូរ​មនុស្ស ដែល​មាន​ការស៊ើបអង្កេត​យ៉ាង​តឹងរ៉ឹង​ដើម្បី​តាម​ចាប់​មេខ្យល់ ទើប​បណ្ដាល​ឱ្យ​មានការ​ឃាត់ខ្លួន​ពលរដ្ឋ​ខ្មែរ​ទាំង​ ៨៥​នាក់ ដាក់​ពន្ធនាគារ​អស់​ជាច្រើន​ខែ​បែបនេះ​។ ក្រសួង​ឱ្យ​ដឹង​ថា ពលរដ្ឋ​ខ្មែរ​ទាំង​៨៥​នាក់ បាន​មកដល់​កម្ពុជា​វិញ​អស់ហើយ នៅ​រសៀល​ថ្ងៃ​ទី​២៨ ខែ​សីហា ។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ប្រចាំ​ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា ថ្លែង​ថា ការ​ដោះលែង​នេះ​ដោយសារតែ​សាច់ញាតិ​ប្ដឹង​មក​អង្គការ​សង្គម​ស៊ីវិល​នៅ​ខេត្ត​បន្ទាយមានជ័យ និង​មាន​ផ្សាយ​តាម​ព័ត៌មាន​កន្លងមក ទើប​មានការ​អន្តរាគមន៍​ពី​អាជ្ញាធរ​កម្ពុជា ហើយ​ប្រសិនបើ​សាច់ញាតិ​មិន​បាន​ប្ដឹង​ឱ្យ​ជួយ​ពលករ​ទាំង​នោះ​ទេ ពួកគេ​នៅតែ​បន្ត​ជាប់ឃុំ​ក្នុង​គុក មិន​ដឹង​ថ្ងៃ​ណា​មាន​សេរីភាព​នោះ​ឡើយ។ មន្ត្រី​សង្គម​ស៊ីវិល​រូបនេះ លើក​ឡើង​ថា ដើម្បី​កុំ​ពលករ​ជាប់​ពន្ធនាគារ​ជាច្រើន​ខែ​បែបនេះ​ទៀត គឺ​អាជ្ញាធរ​ពាក់ព័ន្ធ​គួរតែ​ដោះស្រាយ​ជាមួយ​ភាគី​ថៃ​ឱ្យ​បាន​ជាក់លាក់ ដើម្បី​ឱ្យ​ថៃ​ចាប់​បញ្ជូន​ពលករ​ត្រឡប់​មក​ស្រុកកំណើត​វិញ​ឱ្យ​បាន​ឆាប់ ប្រសិនបើ​ពួកគេ​ចាញ់​បោក​មេខ្យល់​ឆ្លងដែន​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ខុស​ច្បាប់៖ «ព្រោះ​វា​ម៉េច​កន្លង​មក បើ​គាត់​មិន​ស្រែក​មិន​អី​ទេ គឺ​គ្មាន​អ្នកណា​យកចិត្តទុកដាក់​ទេ គឺ​តែ​ប៉ុណ្ណឹង បើ​បាន​ស្រែក​បាន​អី​ខ្លះ​ទៅ មាន​ការ​នឹកឃើញ​យក​ចិត្ត​ទុកដាក់​ទៅ រត់ការ​ដោះលែង​អី​ទៅ​កន្លងមក​យើង​ឃើញ​អីចឹង រហូត​ដល់​នៅ​កម្ពុជា​យើង​រហូត​ដល់​មាន​ការ​ឃុំខ្លួន​លើស​ឃុំ​អី ហើយ​ត្រូវ​បាន​ពួកគាត់​ស្រែ​អីចឹង​ក៏បាន​ការ​ដោះលែង​ទៅ»

ក្រោយ​ពី​សមត្ថកិច្ច​ថៃ​ដឹក​ពលករ​ទាំង​៨៥​នាក់​មក​ព្រំដែន​កម្ពុជា​ហើយ គឺ​អាជ្ញាធរ​កម្ពុជា និង​អង្គការ​សង្គម​ស៊ីវិល​ធ្វើ​ការងារ​ផ្នែក​លើកកម្ពស់​ពលករ​ប្រចាំ​នៅ​ក្រុង​ប៉ោយប៉ែត បាន​អប់រំ​ដល់​ពួកគេ​ប្រមាណ ១​ម៉ោង ទើប​អនុញ្ញាត​ឱ្យ​ត្រឡប់​ទៅ​ស្រុក​កំណើត​រៀងៗ​ខ្លួន​វិញ នៅ​រសៀល​ថ្ងៃ​ទី​២៨ សីហា។

អ្នកស្រី ផាត សៅគុណ អះអាង​ថា ក្រោយ​ពី​ការ​ដោះលែង​មាន​សេរីភាព​ហើយ ពួកគេ​គ្រោង​ទៅ​ខ្ចី​ប្រាក់​ពី​ធនាគារ ដើម្បី​ធ្វើ​លិខិត​ឆ្លងដែន​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ​ជា​ថ្មី​ទៀត ក្នុង​ពេល​ឆាប់ៗ ពីព្រោះ​នៅ​ស្រុកកំណើត​គ្មាន​ការងារ​ធ្វើ រក​ប្រាក់​ចំណូល​ដោះស្រាយ​ជីវភាព​នោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល