ក្រសួង​រំពឹង​ថា នឹង​ទទួល​ទេសចរ​៥០​ម៉ឺន​នាក់​ក្នុង​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៨ នៅ​ខេត្ត​កំពត

ដោយ មួង ណារ៉េត
2019-12-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពិធី​បុណ្យ​សមុទ្រ​លើក​ទី៨ ខេត្ត​កំពត ពីថ្ងៃ​ទី២០ - ២២ ខែ​ធ្នូ ឆ្នាំ​២០១៩។
ពិធី​បុណ្យ​សមុទ្រ​លើក​ទី៨ ខេត្ត​កំពត ពីថ្ងៃ​ទី២០ - ២២ ខែ​ធ្នូ ឆ្នាំ​២០១៩។
រូបពី​ហ្វេសប៊ុក ហ៊ុន សែន

ក្រសួង​ទេសចរណ៍​រំពឹង​ថា នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរណ៍ ចូល​លេង​កម្សាន្ត​ក្នុង​ពិធីបុណ្យ​សមុទ្រ លើក​ទី​៨ នៅ​ខេត្ត​កំពត ខ្ទង់​៥០​ម៉ឺន​នាក់ នៅ​ឆ្នាំនេះ​។ អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​នៅ​ខេត្ត​កំពត ថា សន្តិសុខ សណ្ដាប់ធ្នាប់ និង​ការរៀបចំ​បុណ្យ​សមុទ្រ​លើក​ទី​៨ មាន​សភាព​ល្អ​ប្រសើរ។

អាជ្ញាធរ​អះអាង​ថា បាន​បញ្ចូល​កម្មវិធី​២​បន្ថែម​ទៀត ក្នុង​ពិធីបុណ្យ​សមុទ្រ​ឆ្នាំនេះ គឺ ការរៀបចំ​វិថី​ម្ហូបអាហារ និង​ការ​ដាក់​ឱ្យ​ដំណើរការ​ទូរ​រថភ្លើង​ខ្នាត​អន្តរជាតិ ពី​ខេត្ត​ព្រះសីហនុ​ឆ្លង​មក​ខេត្ត​កំពត​។ អ្នកនាំពាក្យ​ក្រសួងទេសចរណ៍ លោក តុប សុភ័គ ប្រាប់​អាស៊ីសេរី ថា ពិធីបុណ្យ​សមុទ្រ នឹង​មាន​មនុស្ស​ចូលរួម​ច្រើន នៅ​ថ្ងៃ​សៅរ៍ និង​អាទិត្យ​នេះ​។ លោក​ថា ក្រៅពី​ធ្វើ​កម្មវិធី​នៅ​មាត់សមុទ្រ ភ្ញៀវ​ទេសចរណ៍ អាច​ទៅលេង​កម្សាន្ត​នៅ ទីតាំង​ទេសចរណ៍​ទើប​បង្កើត​ថ្មី ជាច្រើន​កន្លែង​ទៀត​ក្នុង​ខេត្ត​កំពត៖ «អំពាវនាវ​បងប្អូន​ប្រជាពលរដ្ឋ​របស់​យើង ចូលរួម​រីករាយ​លេង​កម្សាន្ត​ឱ្យ​បាន​ច្រើន​កុះករ​ទៅ ក្នុង​រយៈពេល ៣​ថ្ងៃ​ហ្នឹង​។ ថ្ងៃនេះ ជា​ថ្ងៃ​ធំ​ហើយ ដែល​ពិធី​ប្រកាស​បើក​ក្រោម​អធិបតីភាព​របស់​សម្ដេច​តេជោ នាយករដ្ឋមន្ត្រី ហើយក៏​អត់​ទាន់​ចប់​ដែរ យើង​នៅ​មាន​ថ្ងៃ​បន្ត នៅ​ថ្ងៃស្អែក​មួយថ្ងៃ​ទៀត​។ នៅ​មាន​ពិធី​ផ្សេងទៀត ថ្ងៃ​ទី​៣ បាន​ចប់​។ អ៊ីចឹង សូម​អញ្ជើញ​ចូលរួម បងប្អូន​ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ​ទាំងអស់ ចូលរួម​លេង​កម្សាន្ត​រីករាយ​ទាំងអស់​គ្នា»

ពិធីបុណ្យ​សមុទ្រ លើក​ទី​៨ នេះ ប្រារព្ធ​ឡើង​រយៈពេល​៣​ថ្ងៃ គឺ​ថ្ងៃ​ទី ២០ ២១ និង​២២ ខែ​ធ្នូ នៅ​ជាប់​ព្រែក ឬ​ដៃសមុទ្រ ក្នុង​ក្រុង​កំពត ម្ដុំ​សាលា​ខេត្ត​។ បុណ្យ​សមុទ្រ ប្រារព្ធ​ឡើង មួយ​ឆ្នាំ​ម្ដង ដោយ​ផ្លាស់​វេន​គ្នា នៃ​ខេត្ត​ជាប់មាត់​សមុទ្រ​ទាំង​៤ គឺ​ខេត្ត​កំពត កែប ព្រះសីហនុ និង​ខេត្ត​កោះកុង​។ កាលពី​ឆ្នាំ​២០១៨ ពិធីបុណ្យ​នេះ ប្រារព្ធ​ឡើង​នៅ​ខេត្ត​កោះកុង ហើយ​ក្រសួងទេសចរណ៍ អះអាង​ថា កាលនោះ​មាន ភ្ញៀវ​ទេសចរណ៍ ចូលរួម ប្រមាណ ៣៥​ម៉ឺន​នាក់។

កម្មវិធី​បុណ្យ​សមុទ្រ​ឆ្នាំនេះ ប្រារព្ធ​ឡើង ក្រោម​ប្រធានបទ ទីក្រុង​ស្អាត ឆ្នេរ​ល្អ ទេសចរណ៍​រុងរឿង នឹង​មាន​ការ​តាំងពិព័រណ៍ មហោស្រព​ម្ហូបអាហារ ភេសជ្ជៈ និង​ការ​តាំង​បង្ហាញ​គម្រោង​អភិវឌ្ឍ​តំបន់​ឆ្នេរ សរុប​ជាង​បួន​រយ (៤៦១)​ស្តង់ ក្នុង​នោះ រួមមាន ស្តង់​គម្រោង​អភិវឌ្ឍ​ទេសចរណ៍​នៅ​តំបន់​ឆ្នេរ ផលិតផល​ទេសចរណ៍ ផលិតផល​ក្នុងស្រុក និង​សហគ្រាស​ធុន​តូច និង​មធ្យម ស្តង់​ពិព័រណ៍​បរទេស ការរៀបចំ​វិថី​ម្ហូបអាហារ (Food Street)

ក្រៅ​ពី​នេះ ក៏​មាន​ទស្សនីយភាព​សិល្បៈ​ចម្រុះ​បូរាណ​សម័យ ដែល​សម្ដែង​ដោយ​សិល្បករ សិល្ប ការិនី ជាតិ និង​អន្តរជាតិ មកពី​ប្រទេស​ចិន ថៃ ឥណ្ឌូណេស៊ី ឥណ្ឌា និង​វៀតណាម ជាដើម​។ រីឯ ការ​ប្រកួត​កីឡា​វិញ មាន​កីឡា​រត់​កម្សាន្ត ការ​ប្រណាំង​កង់ បាល់ទះ​លើ​ឆ្នេរ​ខ្សាច់ បោកចំបាប់​លើ​ឆ្នេរ​ខ្សាច់ កីឡា​ប្រណាំង​ម៉ូតូ​ទឹក​លក្ខណៈ​អន្តរជាតិ ប្រដាល់​គុន​ខ្មែរ​អន្តរជាតិ​ដណ្ដើម​ខ្សែក្រវាត់​អន្តរជាតិ គុន​ល្បុក្កតោ ការប្រកួត​អុកចត្រង្គ និង​កីឡា​ផ្សងព្រេង​លើ​ភ្នំ។

មន្ទីរ​ទេសចរណ៍​ខេត្ត​កំពត បាន​ផ្សព្វផ្សាយ​បន្ថែម​តាម​ហ្វេសប៊ុក (facebook) ក្រៅពី​ការ​ដើរ​លេង​កម្សាន្ត​ក្នុង​បុណ្យ​សមុទ្រ ភ្ញៀវ​ទេសចរណ៍​អាច​បន្ត​លេង​កម្សាន្ត​នៅ​តាម​រមណីយដ្ឋាន​ធម្មជាតិ និង​រមណីយដ្ឋាន​កែច្នៃ ជាង​២០​ទីតាំងនៅ​ខេត្ត​កំពត ដូចជា ឧទ្យាន​ជាតិ​ព្រះមុនីវង្ស ឬ ភ្នំ​បូកគោ រមណីយដ្ឋាន​ទឹកឈូ សហគមន៍​ទេសចរណ៍​ត្រពាំង​សង្កែ រមណីយដ្ឋាន​ដូង​ទេរ ឧទ្យាន​ដងព្រែក ភ្នំ​ឈ្ងោក ភ្នំ​កំពង់ត្រាច ជាដើម​។ ដូច​រាល់​ឆ្នាំ​ដែរ ប្រមុខ​រដ្ឋាភិបាល លោក ហ៊ុន សែន ជា​អ្នក​ឡើង​ថ្លែង​បើក​កម្មវិធី​បុណ្យ​សមុទ្រ នៅ​យប់​ថ្ងៃ​ទី​២១ ធ្នូ។

អ្នក​សម្របសម្រួល​សមាគម​អាដហុក (Adhoc) ខេត្ត​កំពត លោក យន់ ផល្លី សង្កេត​ឃើញ​ថា ការ​រៀបចំ​ពិធីបុណ្យ​សមុទ្រ នៅ​ឆ្នាំនេះ មាន​សភាព​ល្អ​ប្រសើរ និង​មានការ​ចូលរួម​ពី​ពលរដ្ឋ ច្រើន​គួរសម ទាំង​ពេល​ថ្ងៃ និង​ពេលយប់​។ ឯ​សន្តិសុខ និង​សណ្ដាប់ធ្នាប់ ក្នុង​ពិធីបុណ្យ​សមុទ្រ​វិញ លោក​សង្កេត​ឃើញ​ថា មាន​ករណី ចោរឆក់ ប៉ុន្មាន​ករណី​ដែរ កាល​ពី​ថ្ងៃ​ទី២០ ធ្នូ តែ​សមត្ថកិច្ច​បង្ក្រាប​បាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល