កម្មករ​រោង​ចក្រ​ ៤៣នាក់​រង​របួស​ធ្ងន់​ស្រាល​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នៅ​ខេត្ត​ស្វាយរៀង

ដោយ វ៉ែន សុមេធ
2019-07-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
គ្រោះថ្នាក់​ចរាចរ ដែល​មាន​កម្មករ​កាត់​ដេរ​ ១៥នាក់​រង​របួស​ធ្ងន់ ​និង ២៨​នាក់​របួស​ស្រាល  នៅ​ក្នុង​ខេត្ត​ស្វាយ​រៀង កាល​ពី​ថ្ងៃ​ទី​៣១ ខែ​កក្កដា ឆ្នាំ២០១៩។
គ្រោះថ្នាក់​ចរាចរ ដែល​មាន​កម្មករ​កាត់​ដេរ​ ១៥នាក់​រង​របួស​ធ្ងន់ ​និង ២៨​នាក់​របួស​ស្រាល នៅ​ក្នុង​ខេត្ត​ស្វាយ​រៀង កាល​ពី​ថ្ងៃ​ទី​៣១ ខែ​កក្កដា ឆ្នាំ២០១៩។
រូប៖ ហ្វេសប៊ុក៖ Pav Sina

ក្នុង​រយៈពេល​២​ថ្ងៃ​នេះ មាន​គ្រោះថ្នាក់​ចរាចរ ​កើតឡើង​ផ្ទួនៗ គ្នា ចំពោះ​ឡាន​ដឹក​កម្មករ​កាត់ដេរ នៅ​ក្នុង​ខេត្ត​ស្វាយ​រៀង​។ នៅ​ថ្ងៃ​ទី​៣១ កក្កដា មាន​កម្មករ​កាត់​ដេរ​ ១៥នាក់​រង​របួស​ធ្ងន់ ​និង ២៨​នាក់​របួស​ស្រាល ក្នុង​គ្រោះថ្នាក់​ចរាចរ​មួយ បង្ក​ឡើង​ដោយ​ឡាន​ដឹក​សត្វ​មាន់ បើក​វ៉ា​ប្រជែង​ហើយ​ជ្រុល​ទៅ​បុក​រថយន្ត​តូរីស​ដឹក​កម្មករ ​ពេញ​មួយ​ទំហឹង ក្នុង​ទិស​ដៅ​ផ្ទុយ​គ្នា។ ហេតុ​ការណ៍​នេះ កើត​ឡើង​នៅ​ម៉ោង​ ៦​ព្រឹក ស្ថិត​នៅ​ភូមិ​កៀន​សាំង សង្កាត់​ស្វាយរៀង ក្រុង​ស្វាយរៀង ខេត្ត​ស្វាយរៀង។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការងារ ឲ្យ​ដឹង​ថា ក្នុងចំណោម​កម្មករ ៤៣​នាក់ មាន​កម្មករ​៣៩​នាក់​ សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ស្វាយរៀង និង ៤នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​ ក្នុង​រាជធានី​ភ្នំពេញ ដោយ​សារ​រង​របួស​ធ្ងន់ធ្ងរ។ ក្រសួង​ការងារ​បញ្ជាក់​ថា ក្រសួង​នឹង​បន្ត​ជួយ​ដោះស្រាយ​ទុក្ខ​លំបាក​របស់​កម្មករ និង​ក្រុម​គ្រួសារ​ទៅ​តាម​គោល​ការណ៍​របស់​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម។

កាល​ពី​ថ្ងៃ​ទី៣០ កក្កដា ក៏​មាន​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ក្នុង​ខេត្ត​ស្វាយរៀង មួយ​ករណី​ដែរ ដែល​បណ្ដាល​ឲ្យ​កម្មករ ២នាក់​ស្លាប់ និង​របួស ៣១នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល