កត្តា​ជីវភាព​ជា​មូលហេតុ​ចម្បង​ដែល​ពលករ​ធ្វើ​ចំណាកស្រុក​ទៅ​ប្រទេស​ថៃ

ដោយ ម៉ៅ សុធានី
2018-01-11
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពលករ​ខ្មែរ​នៅ​ទឹក​ដី​ថៃ ច្រក​តាផ្យ៉ា របស់​ថៃ ជាប់​ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០១៦។ Photo Provided
ពលករ​ខ្មែរ​នៅ​ទឹក​ដី​ថៃ ច្រក​តាផ្យ៉ា របស់​ថៃ ជាប់​ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០១៦។ Photo Provided
Photo Provided

ពលករ​ខ្មែរ​មួយ​ចំនួន​ដែល​កំពុង​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​ថៃ បាន​ត្អូញត្អែរ​ពី​កត្តា​ជីវភាព​ថា ពួកគាត់​ពិបាក​រក​ប្រាក់​កម្រៃ ទើប​សម្រេច​ចិត្ត​ចាកចោល​ប្រពន្ធ និង​កូន​ទៅ​ធ្វើ​ការ​ជា​កម្មករ​សំណង់​ក្នុង​ប្រទេស​ថៃ។ ពួកគាត់​អះអាង​ថា ការងារ​នៅ​ក្នុង​ប្រទេស​ថៃ ពិបាក​ជាង​ការងារ​នៅ​ក្នុង​ប្រទេស​កំណើត ប៉ុន្តែ​ដើម្បី​អាច​រស់​បាន ពួកគាត់​ត្រូវតែ​បង្ខំ​ចិត្ត​រត់​ទៅ​ធ្វើការ​នៅ​ថៃ ដោយ​សង្ឃឹម​ថា ថ្ងៃ​ណា​ដែល​មាន​ប្រាក់​គ្រប់គ្រាន់ អាច​វិល​ទៅ​រស់​នៅ​ជួបជុំ​គ្នា​ក្នុង​ប្រទេស​កំណើត​វិញ។

​ពលករ​ខ្មែរ​មួយ​ចំនួន​បាន​លើក​ឡើង​ពី​មូលហេតុ​ដែល​ពួកគេ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ទាំង​លំបាកលំបិន គឺ​ដោយសារ​តែ​ជីវភាព​រស់​នៅ​ខ្វះខាត កសិផល​លក់​មិន​គ្រប់​ការ​ហូប​ចុក​ប្រចាំ​ឆ្នាំ ពិបាក​រក​ការងារ​នៅ​ក្នុង​ស្រុក និង​ជំពាក់​បំណុល​ធនាគារ។ ពួកគាត់​រំលឹក​ថា ដើម​ឡើយ​ពួកគាត់​គឺ​ជា​កម្មករ​សំណង់ កម្មករ​រោងចក្រ និង​កសិករ​ធ្វើស្រែ​ចម្ការ ប៉ុន្តែ​នៅ​ពេល​ដែល​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​បាន​ប្រឈម​នឹង​ជីវភាព​កាន់តែ​លំបាក​ទៅៗ ពួកគាត់​បាន​ទៅ​ធ្វើ​ពលករ​នៅ​ក្រៅ​ប្រទេស ជាពិសេស គឺ​នៅ​ប្រទេស​ថៃ ដោយសារ​នៅ​កៀក​គ្នា​នឹង​ប្រទេស​កំណើត។

ពលករ​ម្នាក់​ធ្វើ​ការ​នៅ​ទីក្រុង​បាងកក ជា​កម្មករ​សំណង់ ឈ្មោះ ភាន បាន​ប្រាប់​ពី​មូលហេតុ ដែល​លោក​ត្រូវ​ចាកចោល​គ្រួសារ គឺ​ការ​ទទួល​បាន​ប្រាក់​កម្រៃ​តិចតួច​សម្រាប់​កម្មករ​សំណង់​ក្នុង​ប្រទេស។ លោក​ថា នៅ​ប្រទេស​ថៃ រូប​គាត់​អាច​ទទួល​បាន​ប្រាក់​កម្រៃ​ខ្ពស់​ជាង​នៅ​ប្រទេស​ខ្មែរ ប៉ុន្ដែ​ពិបាក​រស់​នៅ​ណាស់ មិន​ដូច​ប្រទេស​កំណើត​ខ្លួន​ឡើយ៖ «»។

ពលករ​ម្នាក់​ទៀត​ជា​កម្មករ​សំណង់​ក្នុង​ប្រទេស​ថៃ​ដែរ ជាមួយ​ពលករ​ឈ្មោះ ភាន គឺ​លោកស្រី ឡាន អូន។ ក្នុង​វ័យ ៣៨​ឆ្នាំ លោកស្រី ឡាន អូន ត្អូញត្អែរ​ថា លោកស្រី​ពិបាក​រក​ការងារ​នៅ​ក្នុង​ប្រទេស ហើយ​ការងារ​​នៅ​តាម​រោងចក្រ​ខ្លះ មិន​ទទួល​យក​ស្ត្រី​ដែល​មាន​វ័យ​ចំណាស់​ដូច​លោកស្រី​ទេ៖ «»។

ចំណែក​ពលករ​ម្នាក់​ទៀត​ដែល​ជា​អតីត​កសិករ បាន​ប្រាប់​ថា តម្លៃ​កសិផល​បាន​ធ្លាក់​ចុះ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ គឺ​ជា​ដើមហេតុ​ដែល​គាត់​សម្រេច​ចិត្ត​បោះបង់ចោល​ស្រែចម្ការ រត់​មក​ធ្វើ​ជា​កម្មករ​សំណង់​ដូច​អ្នក​ផ្សេងទៀត​ដែរ។ លោក​បន្ដ​ថា កម្មករ​សំណង់​នៅ​ប្រទេស​ថៃ ទទួល​បាន​ប្រាក់​កម្រៃ​ពី​ចន្លោះ ៤០០ ទៅ ៥០០​បាត គឺ​ប្រហាក់ប្រហែល​នឹង ៥ ទៅ ៦​ម៉ឺន​រៀល៖ «»។

បើ​ទោះ​ជា​កម្មករ​សំណង់​ក្នុង​ប្រទេស​ថៃ ទាំង​នេះ​អះអាង​ថា ពួកគាត់​អាច​រក​បាន​ប្រាក់​កម្រៃ​ច្រើន​ជាង​ការងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ​ពួកគាត់​រៀបរាប់​ទាំង​ទឹកភ្នែក​រលីងរលោង​ថា រាល់ថ្ងៃ​គាត់​មិន​ចង់​ចាក​ចោល​គ្រួសារ​នៅ​ស្រុក​កំណើត​នោះ​ទេ។ ពលករ​ខ្លះ បង្ខំចិត្ត​ទុក​កូន​តូចៗ នៅ​ជាមួយ​ឪពុក​ម្ដាយ​ដែល​មាន​វ័យ​ចាស់ជរា​ឲ្យ​មើល​ថែរក្សា ខណៈ​មាន​ពលករ​ខ្លះ គឺ​ជា​អ្នក​ទើប​រៀបការ​ហើយ​ថ្មីថ្មោង។ ពួកគាត់​ប្រាប់​ថា គោលបំណង​សំខាន់​បំផុត​មក​ធ្វើការ​នៅ​ស្រុក​គេ ដើម្បី​រក​ប្រាក់​ផ្គត់ផ្គង់​ជីវភាព​ក្រុម​គ្រួសារ​នៅ​ស្រុក​កំណើត។

​ពាក់ព័ន្ធ​នឹង​ពលករ​នៅ​ប្រទេស​ថៃ ស្ថានទូត​កម្ពុជា ប្រចាំ​នៅ​ប្រទេស​ថៃ បាន​ប្រកាស​ផ្អាក​​ផ្ដល់​លិខិត​ឆ្លង​ដែន និង​ប័ណ្ណ​ពលករ​ធ្វើ​ការងារ​ក្រៅ​ប្រទេស​នៅ​សប្ដាហ៍​ក្រោយ​នេះ។ ក្នុង​សេចក្ដី​ជូន​ដំណឹង​កាល​ពី​ទី​១០ មករា ស្ថានទូត​កម្ពុជា ប្រចាំ​នៅ​ប្រទេស​ថៃ បាន​ឲ្យ​ដឹង​ថា ការិយាល័យ​ផ្ដល់​លិខិត​ឆ្លង​ដែន ឬ​លិខិត​ធ្វើ​ដំណើរ ហៅ​កាត់​ថា TD និង​ប័ណ្ណ​ពលករ​កម្ពុជា ទៅ​ធ្វើ​ការ​នៅ​បរទេស (OCWC) ប្រចាំ​នៅ​ខេត្ត​រ៉ាក់យ៉ង និង​ឆាក់ឈើងសាវ នឹង​ផ្អាក​ផ្ដល់​លិខិត​ឆ្លង​ដែន និង​ប័ណ្ណ​ធ្វើការ​ដល់​ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ចាប់​ពី​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០១៨ នេះ​ទៅ។

​ស្ថានទូត​កម្ពុជា បាន​អំពាវនាវ​ទៅដល់​ពលករ​ខ្មែរ​កំពុង​ស្នាក់​នៅ និង​ធ្វើការ​ក្នុង​ប្រទេស​ថៃ ទាំង​អស់​ដែល​មិន​ទាន់​ដាក់​ពាក្យ​ស្នើ​សុំ​នោះ អាច​បន្ត​ទំនាក់ទំនង និង​ដាក់ពាក្យ​ស្នើសុំ​ដក​ឯកសារ​របស់​ខ្លួន​នៅ​លេខាធិការដ្ឋាន​អចិន្ត្រៃយ៍​របស់​គណៈកម្មការ​ផ្ដល់​ភាព​ស្របច្បាប់​ដែល​មាន​ទីតាំងនៅ​ស្ថានទូត​កម្ពុជា ប្រចាំ​ប្រទេស​ថៃ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល