សមត្ថកិច្ច​អះអាង​ថា​ព្រះរាជពិធី​បុណ្យ​អុំទូក​បាន​បញ្ចប់​ទៅ​ដោយ​គ្មាន​បទល្មើស​ធំដុំ

ដោយ ទីន ហ្សាការីយ៉ា
2018-11-24
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្រុម​កង​អង្គរក្ស​ដើរ​ល្បាត​ការពារ​សុវត្ថិភាព​ក្នុង​ពិធី​បុណ្យ​អុំ​ទូក ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។
ក្រុម​កង​អង្គរក្ស​ដើរ​ល្បាត​ការពារ​សុវត្ថិភាព​ក្នុង​ពិធី​បុណ្យ​អុំ​ទូក ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។
RFA

នៅ​ថ្ងៃ​ចុង​បញ្ចប់​ពិធីបុណ្យ​អុំទូក កាលពី​ថ្ងៃ​ទី​២៣ វិច្ឆិកា ព្រះមហាក្សត្រ នរោត្ដម សីហមុនី បាន ប្រទាន​រង្វាន់​ដល់​ដល់​កីឡាករ​អុំទូក​ដែល​ទទួល​បាន​ជ័យជំនះ ក្នុង​ការ​ប្រណាំង​ទូក​អស់​រយៈពេល​៣​ថ្ងៃ​មកនេះ​ដែរ។ ទូកង​ដែល​ទទួល​បាន​លេខ​១ នៅ​ទូទាំង​ប្រទេស​បាន​ទៅលើ​ទូក​ឈ្មោះ «កោះកែសែនជ័យ​បារមី​ព្រះអង្គ​ខ្មៅ» មកពី​ខេត្ត​ព្រះវិហារ ទូក​នេះ មាន​ចំណុះ​៧៧​នាក់។

រីឯ​ចំណាត់​លេខ​២ ឈ្មោះ «សារាយ​តេជោ​សែនជ័យ» មក​ពី​ខេត្ត​កណ្ដាល មាន​ចំណុះ ៧៧​នាក់​ដូចគ្នា។

នៅ​ថ្ងៃ​ចុងក្រោយ​នៃ​ពិធីបុណ្យ​អុំទូក​នេះ មាន​ទូក​ចូលរួម​ប្រកួត​ចំនួន ២៩៥​ទូក ក្នុង​នោះ ទូក​អុំ​ចំនួន​១៦៤​ទូក ទូក​ចែវ​ចំនួន ៣៣​ទូក និង ទូក​អន្តរជាតិ​ចំនួន ៩៨​ទូក ដែល​មាន​ចំណុះ​ទូក​ចំនួន​សរុប​១៩.០១៧​នាក់ និង​ស្រី ១៤១​នាក់។

អគ្គស្នងការ​នគរបាល​ជាតិ​ចេញ​របាយការណ៍​កាលពី​រាត្រី​ថ្ងៃ​ទី​២៣ វិច្ឆិកា អះអាង​ថា ក្នុង​ពិធី​បុណ្យ​អុំទូក​ថ្ងៃ​ទី​៣ និង​ជា​ការ​បិទ​បញ្ចប់​ពិធី​នេះ គឺ​មាន​គ្រោះថ្នាក់​មួយ​ចំនួន រួមមាន មាន​ករណី​លិច​ទូក​២​លើក ហើយ​អាជ្ញាធរ​បាន ជួយសង្គ្រោះ​កីឡាករ​អុំទូក​លិច បាន​ចំនួន​៩១​នាក់។ ក្រៅ​ពី​នេះ​ទៀត សមត្ថកិច្ច​ជួយសង្គ្រោះ​ក្មេង​វង្វេង​គ្រួសារ​ចំនួន ៣៥​លើក ស្មើ​នឹង ៣៦​នាក់ និង​ប្រគល់​ជូន​ក្រុម​គ្រួសារ​វិញ។

លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា ក្នុង​ពិធីបុណ្យ​អុំទូក មាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ជាង ១​ម៉ឺន ២​ពាន់​នាក់ មក​កម្សាន្ត​ក្នុង​ពិធី​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល