ពលរដ្ឋ​ស្នើ​អាជ្ញាធរ​បង្ក្រាប​សកម្មភាព​លក់​អាវ​ប៉ូលិស​និង​ទាហាន​នៅ​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក

ដោយ អាស៊ីសេរី
2017-11-04
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
និមិត្តសញ្ញា​អាស៊ីសេរី
និមិត្តសញ្ញា​អាស៊ីសេរី
Photo: RFA

ពលរដ្ឋ​ដែល​ចូល​រួម​នៅ​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បង្ហាញ​ការ​ភ្ញាក់​ផ្អើល​នៅ​ពេល​ដឹង​ថា អាវ​ប៉ូលិស និង​ទាហាន ត្រូវ​បាន​ដាក់​លក់​ដោយ​សេរី​នៅ​ក្នុង​ពិធី​បុណ្យ​អុំទូក។ ពួកគាត់​ស្នើ​ឲ្យ​អាជ្ញាធរ​បង្ក្រាប​សកម្មភាព​នេះ​ដោយ​ផ្ដើម​ចេញ​ពី​អ្នក​លក់​ជា​មុន។

យុវតី​ម្នាក់​រស់​នៅ​ខែត្រ​ព្រៃវែង មក​ដើរ​លេង​នៅ​ក្នុង​ពិធីបុណ្យ​អុំទូក​នៅ​មុខ​ព្រះបរមរាជវាំង រាជធានី​ភ្នំពេញ ឲ្យ​ដឹង​ថា គាត់​បាន​ប្រទះ​ឃើញ​អាវ​ដែល​មាន​អក្សរ​ជា​ភាសា​អង់គ្លេស​ដាក់​ថា ប៉ូលិស (Police) និង​ទាហាន (Army) ត្រូវ​បាន​គេ​ដាក់​លក់​ជា​ច្រើន​នៅ​តាម​ផ្សារ​ក្នុង​រាជធានី​ភ្នំពេញ និង​នៅ​តាម​តូប​ខ្លះ​នៅ​តំបន់​កោះពេជ្រ។ ពលរដ្ឋ​រូប​នេះ​ស្នើ​ឲ្យ​សមត្ថកិច្ច​បង្ក្រាប​ការ​តាំង​លក់​អាវ​ប៉ូលិស​នេះ​ដែល​ដាក់​តាំង​លក់​ជា​សាធារណៈ៖ «»។

កាល​ពី​យប់​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា កម្លាំង​សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​មនុស្ស​ជាង ១០០​នាក់ ដែល​ពាក់អាវ​មាន​អក្សរ Police និង Army ដើរ​លេង​ក្នុង​ពិធី​បុណ្យ​អុំទូក នៅ​កន្លែង​គោលដៅ​ផ្សេងៗ​គ្នា។ គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ បាន​ស្រង់​សម្ដី​ស្នងការ​រាជធានី​ភ្នំពេញ លោក ជួន សុវណ្ណ ថា ការ​ឃាត់​ខ្លួន​ពលរដ្ឋ​ជាង ១០០​នាក់ ដែល​ពាក់​អាវ​មាន​អក្សរ​ប៉ូលិស និង​ទាហាន ដោយសារ​សង្ស័យ​មាន​ចេតនា​មិន​ល្អ​នៅ​ពិធី​បុណ្យ​អុំ​ទូក។

លោក ជួន សុវណ្ណ អះអាង​ថា ក្រោយ​ពី​សួរ​នាំ​ប្រជាពលរដ្ឋ​ថា ពួកគាត់​ដើរ​កម្សាន្ត​ធម្មតា​ទេ ដោយសារ​រដូវ​នេះ​ជា​រដូវ​រងា ដូច្នេះ​ពួកគាត់​បាន​ទិញ​អាវ​ប្រភេទ​អាវ​រងា​នេះ​ពាក់ មាន​មនុស្ស​ចាស់ ក្មេង​ជំទង់ ប្រុស​ស្រី ។ សមត្ថកិច្ច​បញ្ជាក់​ថា ការ​ឃាត់​ខ្លួន​មនុស្ស​ជាង ១០០​នាក់​នេះ នៅ​តាម​គោលដៅ​ផ្សេងៗ​គ្នា ក្នុង​រាត្រី​ថ្ងៃ​អុំ​ទូក​ថ្ងៃ​ទី​២។  ក្រោយ​ពី​សាកសួរ​រួច សមត្ថកិច្ច​បញ្ជាក់​ថា ពលរដ្ឋ​ទាំង​ជាង ១០០​នាក់​នោះ មិន​មាន​ចេតនា​អាក្រក់​នោះ​ទេ សមត្ថកិច្ច​បាន​អនុញ្ញាត​ឲ្យ​ពួកគាត់​ដើរ​លេង​កម្សាន្ត​វិញ ប៉ុន្តែ​ដក​ហូត​យក​អាវ​ដែល​មាន​ពាក្យ Police និង Army ដើម្បី​រក្សាទុក។

មេ​ប៉ូលិស​ក្រុង​ភ្នំពេញ លោក ជួន សុវណ្ណ ប្រាប់​គេហទំព័រ​ប៉ូលិស​ដដែល​ថា លោក​គ្រោង​នឹង​ស្នើ​សុំ​អភិបាល​រាជធានី​ភ្នំពេញ ដើម្បី​អំពាវនាវ​ឲ្យ​គ្រប់​អាជីវករ​លក់​ដូរ​តាម​បណ្ដា​ផ្សារ​នានា នៅ​រាជធានី​ភ្នំពេញ ឈប់​លក់​អាវ​ដែល​មាន​អក្សរ​ដូច​ខាង​លើ​នេះ​ត​ទៅ​ទៀត ជៀសវាង​មាន​ការ​យល់​ច្រឡំ។

ពលរដ្ឋ​ដើរ​លេង​បុណ្យអុំទូក​ម្នាក់​ទៀត​ប្រាប់​ថា ក្រោយ​បាន​ដឹង​រឿង​នេះ លោក​ព្រួយបារម្ភ​ថា អាច​មាន​ជន​ខិលខូច​ស្លៀក​សម្លៀកបំពាក់​ប៉ូលិស និង​ទាហាន ឆ្លៀត​ឱកាស​បង្កើត​ចលាចល​នៅ​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំ​ទូក។ លោក​យល់​ស្រប​នឹង​សមត្ថកិច្ច​ដែល​កោះ​ហៅ​ពលរដ្ឋ​ពាក់អាវ​ប៉ូលិស និង​ទាហាន​ទាំង​នោះ​យក​មក​ណែនាំ ប៉ុន្តែ​លោក​ស្នើ​ឲ្យ​អាជ្ញាធរ​ចាត់​វិធានការ​លើ​កន្លែង​លក់​អាវ​ប៉ូលិស និង​ទាហាន​ទាំង​នោះ៖ «»។

​អភិបាល​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង តាម​រយៈ​សារព័ត៌មាន​ក្នុង​ស្រុក បាន​អំពាវនាវ​ដល់​អាជីវករ​ទាំង​អស់ និង​អ្នក​រក​ស៊ី​នាំ​ចូល​សំលៀកបំពាក់ ស្នើសុំ​បញ្ឈប់​ការ​លក់ និង​នាំចូល​នូវ​សម្លៀក​បំពាក់ និង​ឧបករណ៍​ដែល​មាន​អក្សរ​ប៉ូលិស និង​ទាហាន​ត​ទៅ​ទៀត​ជា​បន្ទាន់ ព្រោះ​ការ​នាំ​ចូល និង​លក់​សម្ភារៈ​កងកម្លាំង​ប្រដាប់​អាវុធ​អាច​នឹង​មាន​ទោស​តាម​ផ្លូវ​ច្បាប់។

​ចំណែក​ពលរដ្ឋ​ម្នាក់​ទៀត​ជា​អ្នក​រស់​នៅ​ក្រុង​ភ្នំពេញ ប្រាប់​ថា លោក​មិន​បាន​នៅ​ចូលរួម​ពិធីបុណ្យ​អុំ​ទូក​មុខ​ព្រះ​បរម​រាជវាំង​ចតុមុខ​​នោះ​ទេ ដោយ​លោក​ទៅ​កម្សាន្ត​នៅ​តាម​ខែត្រ។ ប៉ុន្តែ លោក​សប្បាយចិត្ត​នៅ​ពេល​ដែល​បាន​ដឹង​ថា សមត្ថកិច្ច​គ្រាន់តែ​ព្រមាន​ពលរដ្ឋ​ដែល​ពាក់អាវ​ប៉ូលិស និង​ទាហាន ដោយ​មិន​ចាត់​វិធានការ​ផ្សេងៗ។ លោក​យល់​ថា សមត្ថកិច្ច​គួរ​ចាត់​វិធានការ​ទៅ​លើ​អ្នក​លក់​វិញ៖ «»។

​ដោយ​ឡែក កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា សមត្ថកិច្ច​បាន​ចាប់​មនុស្ស ២​នាក់ ដែល​សង្ស័យ​ថា បាន​យក​ដាវ​ទៅ​គំរាម​ជំរិត​ទារ​ប្រាក់​ពី​ពលរដ្ឋ​ដើរលេង​កម្សាន្ត​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ថ្ងៃ​ទី​២ នៅ​ម្ដុំ​វត្ត​ពោធិយារ៉ាម ហៅ​វត្ត​ចាស់ ស្ថិត​នៅ​ភូមិ​១ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ។

តាម​របាយការណ៍​របស់​ប៉ូលិស ជនសង្ស័យ​បាន​យក​ដាវ​ទៅ​ជំរិត​ទារ​ប្រាក់ និង​ជំរិត​ទារ​ទូរស័ព្ទ​ពី​ពលរដ្ឋ​ដែល​ដើរលេង​កម្សាន្ត​នៅ​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក នៅ​ពេល​នោះ​កម្លាំង​ល្បាត​ក្នុង​គោលដៅ​ប្រទះ​ឃើញ​ទើប​បង្ក្រាប​បាន​តែម្ដង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល