អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​បញ្ជា​ឱ្យ​វាយកម្ទេច​សំណង់​អាគារ​១៤​ទីតាំង ដែល​គ្មាន​គុណភាព

ដោយ មួង ណារ៉េត
2019-08-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
​អគារ​កម្ពស់ ៩​ជាន់​ ដែល​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ បញ្ជា​ឱ្យ​រុះរើ​ចោល​ ក្រោយ​មាន​ស្នាម​ប្រេះ និង​គ្មាន​លិខិត​អនុញ្ញាត សាងសង់។
​អគារ​កម្ពស់ ៩​ជាន់​ ដែល​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ បញ្ជា​ឱ្យ​រុះរើ​ចោល​ ក្រោយ​មាន​ស្នាម​ប្រេះ និង​គ្មាន​លិខិត​អនុញ្ញាត សាងសង់។
រូប​ពី​ហ្វេសប៊ុក​រដ្ឋបាល​ខេត្ត​ព្រះសីហនុ

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ចេញ​បញ្ជា​ឱ្យ​វាយ​កម្ទេច​ចោល​សំណង់​អគារ​ជាង​១០​កន្លែង ក្រោយពី​រក​ឃើញ​ថា អគារ​ទាំងនោះ​គ្មាន​គុណភាព​សំណង់ និង​គ្មាន​សុវត្ថិភាព​។ សហជីព​កម្មករ​សំណង់ ស្វាគមន៍​ចំណាត់​ការ​នេះ ប៉ុន្តែ​ស្នើ​ដល់​អាជ្ញាធរ​អនុវត្ត​ច្បាប់ និង​ចុះ​ធ្វើ​អធិការកិច្ច​ឱ្យ​បាន​គ្រប់​ការដ្ឋាន​សំណង់​នៅ​គ្រប់​បណ្ដា​ខេត្ត​ក្រុង​ទាំងអស់។

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ អះអាង​ថា ក្នុង​ចំណោម​សំណង់​ជាង ៥០០​កន្លែង នៅ​ក្នុង​ខេត្ត​ព្រះសីហនុ អាជ្ញាធរ​រក​ឃើញ​ការដ្ឋាន​សំណង់ ១៤កន្លែង គ្មាន​គុណភាព ដែល​ត្រូវ​រុះរើ​ចេញ​។ ចំណែក​ការដ្ឋាន ៧០ កន្លែង​ទៀត នឹង​ត្រូវ​ធ្វើ​ការ​ត្រួតពិនិត្យ ពី​ក្រុមហ៊ុន​ឯកជន ដើម្បី​បញ្ជាក់​គុណភាព​សំណង់ និង​បញ្ចៀស​កុំ​មានការ​ខុសឆ្គង​បន្ត​ទៀត។

អភិបាល​ខេត្ត​ព្រះសីហនុ លោក គួច ចំរើន បាន​បញ្ជា​ឱ្យ​អាជ្ញាធរ​វាយកម្ទេច​ចោល​សំណង់​ទាំង​១៤​អគារ ដែល​ទើប​សាងសង់​នា​ពេល​ថ្មីៗ​នេះ ក្រោយពី​ត្រួត​ឃើញ​ថា គ្មាន​គុណភាព និង​គ្មាន​សុវត្ថិភាព​។ នេះ​បើ​តាម​ការប្រកាស​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ក្នុង​ទំព័រ​ហ្វេសប៊ុក កាល​ពី​ថ្ងៃ​ទី​២៦ ខែ សីហា។

អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ លោក ឃាង ភារម្យ បញ្ជាក់​ថា អាជ្ញាធរ​ពិតជា​ជូនដំណឹង​ទៅ​ម្ចាស់​ការដ្ឋាន​ទាំង​១៤​ទីតាំង ឱ្យ​រុះរើ​សំណង់​របស់​ខ្លួន​ចេញ​វិញ​មែន​។ ប៉ុន្តែ​លោក​មិន​អាច​ប្រាប់​អំពី​ឱសានវាទ ដែល​ត្រូវ​រុះរើ​នេះ​នោះ​ទេ៖ «១៤​ទីតាំង​ហ្នឹង គឺ​រដ្ឋបាល​ខេត្ត ក៏ដូចជា​ក្រសួង​ដែនដី ដែល​មាន​មន្ទីរ​សុរិយោដី​ជា​សេនាធិការ ចេញ​សេចក្ដីជូនដំណឹង​ឱ្យ​រុះរើ​ហើយ​។ ការ​រុះរើ​និង​វាយកម្ទេច​ជា​ពាក្យ​តែមួយ គ្រាន់តែ​ប្រើ​ភាសា​ងាយស្រួល​ស្ដាប់»

អាជ្ញាធរ​បាន​ចុះ​ត្រួតពិនិត្យ នៅ​តាម​ការដ្ឋាន​សំណង់​ក្នុង​ខេត្ត​ព្រះសីហនុ ក្រោយពី​មាន​ហេតុការណ៍​បាក់​រលំ​អាគារ​៧​ជាន់​របស់​ក្រុមហ៊ុន​ចិន នៅ​ខេត្ត​ជាប់មាត់​សមុទ្រ​មួយ​នេះ កាលពី​ខែ​មិថុនា​កន្លងទៅ ដែល​បណ្ដាល​ឱ្យ​កម្មករ​ខ្មែរ​ស្លាប់​២៨​នាក់ និង​របួស​២៦​នាក់​។ អគារ​នេះ ក៏បាន​បាក់​រលំ​សង្កត់​លើ​ភោជនីយដ្ឋាន​របស់​ជនជាតិ​ជប៉ុន និង​យានដ្ឋាន​អារុណរះ ដែល​នៅ​ជាប់​នោះ ខ្ទេចខ្ទី​អស់​ដែរ៖ «ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​សំណង់​និង​ព្រៃឈើ​កម្ពុជា (BWTUC) លោក សុខ គីន សាទរ​ចំពោះ​វិធានការ​របស់​អាជ្ញាធរ​នេះ​។ លោក​ស្នើ​ឱ្យ​គណៈកម្មការ​ត្រួតពិនិត្យ​គុណភាព​សំណង់​នៃ​ក្រសួង​ដែនដី គួរ​បន្ត​ការងារ​នេះ ឱ្យ​មាន​ប្រសិទ្ធភាព និង​អនុវត្ត​ច្បាប់​ឱ្យ​បាន​ម៉ឺងម៉ាត់ ចំពោះ​គ្រប់​ការដ្ឋាន​សំណង់​ខុសច្បាប់​ទាំងអស់ មិន​ចំពោះតែ​នៅ​ខេត្ត​ព្រះសីហនុ​មួយ​នោះ​ទេ៖ «ខ្ញុំ​គិត​ថា វា​អាច​ប្រសើរ ប្រសិនបើ​អាជ្ញាធរ​ទាំងអស់​ហ្នឹង ជំរុញ​ឱ្យ​ក្រុមហ៊ុន​ចុះបញ្ជី​ទាំងអស់​។ វា​មាន​តម្លាភាព ទាំង​កម្មករ ទាំង​អ្នក​សាងសង់ ទាំង​ម្ចាស់​អគារ​។ ខ្ញុំ​គិត​ថា វា​អាច​ល្អ ទាំងអស់​គ្នា​។ ប៉ុន្តែ​បើ​គណៈកម្មការ​នៅតែ​បន្ត​ចំណាត់​ការ​នេះ គឺ​ល្អ​។ កុំ​ឱ្យ​មួយ​ឆាវៗ ឈប់​អ៊ីចឹង​ទៅ​ណា៎»

របាយការណ៍​ស្ដីពី​លទ្ធផល​ការងារ​របស់​ក្រសួង​ដែនដី​បង្ហាញ​ថា រយៈពេល​៩​ខែ ឆ្នាំ​២០១៨ គម្រោង​សាងសង់​មាន​ចំនួន ជាង​២​ពាន់ (.៥៤១) គម្រោង លើ​ផ្ទៃដី​ជិត ១១​លាន​ម៉ែត្រការ៉េ មានតម្លៃ​ទុន​វិនិយោគ​ប៉ាន់ស្មាន​ជិត ៥​ពាន់​លាន​ដុល្លារ អាមេរិក​។ សម្រាប់​រយៈពេល​៣​ខែ​ដើម​ឆ្នាំ​២០១៩ នេះ​វិញ សំណង់​ទូទាំង​ប្រទេស​កម្ពុជា​មាន​ជាង ៤​រយ​គម្រោង (៤២៩) គ្រប់​ដណ្ដប់​លើ​ផ្ទៃដី​ជាង​៦៥​ម៉ឺន​ម៉ែត្រការ៉េ នឹង​មាន​ទុន​វិនិយោគ​សរុប ៣១៨​លាន​ដុល្លារ​។ ក្រសួង​ដែនដី​អះអាង​ថា គម្រោង​មួយ​ចំនួន​ធំ ត្រូវ​បាន​ផ្ដល់​សេវាកម្ម​សិក្សា​គម្រោង​ប្លង់​ស្ថាបត្យកម្ម​វិស្វកម្ម និង​សាងសង់​ដោយ​អ្នក​បច្ចេកទេស។

អង្គការ​ចលនា​មាតា​ធម្មជាតិ កាលពី​ចុងខែ​មិថុនា បាន​រក​ឃើញ​សំណង់​ជាច្រើន​ទីតាំង នៅ​ខេត្ត​ព្រះសីហនុ ដែល​គ្រាន់តែ​នៅ​ឆ្នេរ​ឯករាជ្យ​មួយ មាន​សំណង់​សង់​រំលោភ​ឆ្នេរសមុទ្រ ផ្ទុយ​ពី​ច្បាប់​ធម្មនុញ្ញ និង ច្បាប់​ភូមិបាល។

ចំណែក​ឯ សហព័ន្ធ​សហជីព​កម្មករ​សំណង់​និង​ព្រៃឈើ​កម្ពុជា បាន​ស្នើ​ដល់​ក្រសួង​ការងារ និង​ក្រសួង​ដែនដី ថា ក្រៅពី​ការ​ចុះ​ត្រួតពិនិត្យ​សំណង់​អគារ​នេះ សុំ​ឱ្យ​ជួយ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា ផ្ដល់​កិច្ច​គាំពារ​ពី​របប​សន្តិសុខ​សង្គម​ដល់​កម្មករ​សំណង់ និង​ចេញប្រកាស​ថ្មី ពាក់ព័ន្ធ​នឹង​សុខភាព និង​សុវត្ថិភាព​នៅ​ការដ្ឋាន​សំណង់​ផង។

ការ​អំពាវនាវ​នេះ គឺ​ដោយសារតែ​បច្ចុប្បន្ន ហានិភ័យ​គ្រោះថ្នាក់​ចំពោះ​កម្មករ​សំណង់ ដូចជា​ការ​បាត់បង់​អាយុជីវិត និង​ពិការភាព​អវយវៈ នៅតែ​ស្ថិត​ក្នុង​អត្រា​ខ្ពស់ ហើយ​កម្មករ​សំណង់​ពុំ​ទាន់​ទទួល​បាន​សេវា​កិច្ច​គាំពារ​សង្គម​នៅឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល