អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​​រៀបចំ​ពិធី​អបអរ​​បុណ្យ​ចូល​ឆ្នាំ​សកល

ដោយ ដែន អយុធ្យា
2014-12-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ថ្នាក់​ដឹក​នាំ​ខេត្ត​ព្រះសីហនុ និង​វិស័យ​ឯកជន នៃ​សភា​ពាណិជ្ជកម្ម​ខេត្ត​ជាប់​មាត់​សមុទ្រ​មួយ​នេះ បាន​បង្កើត​ឲ្យ​មាន​កម្មវិធី​ប្រគំ​តន្ត្រី​សម័យ និង​ស្តង់​លក់​ទំនិញ​ផ្សេងៗ​នា​តំបន់​មាត់​សមុទ្រ​ឆ្នេរ​អូរឈើទាល ដើម្បី​ផ្តល់​ភាព​សប្បាយ​រីករាយ​ជូន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ នៅ​ក្នុង​ពិធី​ឆ្លង​ឆ្នាំ​ថ្មី​ឆ្នាំ​សកល​ឆ្នាំ​២០១៥។

ពិធី​កម្សាន្ត​ឆ្លង​ឆ្នាំ​សកល​នេះ អាជ្ញាធរ​មាន​សមត្ថកិច្ច​គ្រប់​ស្ថាប័ន​ជំនាញ​នា​មូលដ្ឋាន​នេះ បាន​អះអាង​ថា បាន​ត្រៀម​វិធានការ​ការពារ​សន្តិសុខ និង​រក្សា​សណ្ដាប់ធ្នាប់​ចរាចរណ៍ ដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់ ដើម្បី​រក្សា​សុវត្ថិភាព​ជូន​ភ្ញៀវ​ដែល​ចូល​មក​កម្សាន្ត​នៅ​តាម​តំបន់​ឆ្នេរ​នានា​ក្នុង​ខេត្ត​ព្រះសីហនុ ក្នុង​ពិធី​ឆ្លង​ឆ្នាំ​សកល។

ពិធី​បើក​សម្ពោធ​ស្តង់​តាំង​ពិព័រណ៍​លក់​ទំនិញ​ចម្រុះ និង​ការ​ប្រគំ​តន្ត្រី​សម័យ រៀបចំ​ដោយ​វិស័យ​ឯកជន សហការ​ជាមួយ​ថ្នាក់​ដឹក​នាំ​ខេត្ត​ព្រះសីហនុ ដើម្បី​ស្វាគមន៍​ឆ្នាំ​ថ្មី​ឆ្នាំ​សកល​ឆ្នាំ​២០១៥ បាន​ចាប់​ផ្ដើម​នៅ​ព្រលប់​ថ្ងៃ​ច័ន្ទ ទី​២៩ ខែ​ធ្នូ ដោយ​មាន​បាញ់​កាំជ្រួច​ចម្រុះ​ព័ណ៌​ដ៏​រញ្ជួយ​មាត់​សមុទ្រ​នៃ​ឆ្នេរ​អូរឈើទាល និង​មាន​មនុស្ស​រាប់​ម៉ឺន​នាក់​ចូលរួម​អបអរ​សាទរ។

ប្រធាន​សភា​ពាណិជ្ជកម្ម​ខេត្ត​ព្រះសីហនុ លោក សុខ សុង មាន​ប្រសាសន៍​ថា គោល​បំណង​បង្កើត​កម្មវិធី​សាទរ​ឆ្នាំ​សកល ឆ្នាំ​២០១៥ នា​ខេត្ត​ជាប់​មាត់​សមុទ្រ​មួយ​នេះ គឺ​បំណង​ទាក់ទាញ​ចំនួន​ភ្ញៀវ​ទេសចរ​ទាំង​ជាតិ និង​អន្តរជាតិ ឲ្យ​ចូល​មក​ទស្សនា​មូលដ្ឋាន​នេះ​ឲ្យ​បាន​ច្រើន ដើម្បី​បង្កើន​ចំណូល​ដល់​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នេះ​ឲ្យ​បាន​ថែម​ទៀត។ លោក​បន្ត​ថា ការ​រៀបចំ​កម្មវិធី​ឆ្លង​ឆ្នាំ​សកល​នេះ មាន​រយៈពេល ៣​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​២៩ ដល់​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ដោយ​មាន​កម្មវិធី​ប្រគំ​តន្ត្រី​សម័យ​មាន​ការ​ចូលរួម​ពី​តារា​ចម្រៀង និង​តារា​សម្ដែង​ពី​ផលិតកម្ម​ល្បីៗ​មួយ​ចំនួន​នៅ​កម្ពុជា មាន​ដូចជា​តារា​ចម្រៀង ខេមរៈ សេរីមន្ត ក្រុម​តារា​កំប្លែង​នាយ​ក្រឹម និង​អ្នក​ចម្រៀង​អាយ៉ៃ លោក ព្រហ្ម ម៉ាញ ជាដើម ក៏​នឹង​មក​ចូលរួម​សម្ដែង​ជូន​ភ្ញៀវ​ក្នុង​រយៈពេល ៣​ថ្ងៃ ហើយ​កម្មវិធី​នេះ​ក៏​មាន​ផ្សាយ​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍​ម៉ាយធីវី (My TV) ថែម​ទៀត៖ «មាន​ផ្សព្វផ្សាយ​មុខ​ទំនិញ​ផ្សេងៗ​ទាំង​ទំនិញ​ក្នុង​ស្រុក និង​ក្រៅ​ស្រុក។ ជាង​នេះ​ក៏​មាន​ការ​ប្រគំ​តន្ត្រី កីឡា និង​មាន​អ្នក​ចម្រៀង​សម័យ ពិធីករ និង​តារា​កំប្លែង​មាន​ឈ្មោះ​ល្បីៗ​ក្នុង​ប្រទេស​កម្ពុជា មក​សម្ដែង​ជូន​ភ្ញៀវ​កម្សាន្ត​ក្នុង​រយៈពេល ៣​ថ្ងៃ នៃ​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល ២០១៥»

ប្រធាន​សភា​ពាណិជ្ជកម្ម​ខេត្ត​ព្រះសីហនុ លោក សុខ សុង បន្ថែម​ថា ក្រៅ​អំពី​បាន​រៀបចំ​ការ​ប្រគំ​តន្ត្រី​សម័យ ពិធី​នេះ​ក៏​មាន​រៀបចំ​ជា​ស្តង់​តាំង​ពិព័រណ៍​លក់​ផលិតផល​ទំនិញ​ចម្រុះ​ជិត ១០០​ស្តង់ ដើម្បី​ផ្តល់​ជូន​ភ្ញៀវ​ទស្សនា និង​ទិញ​ទំនិញ​ផ្សេងៗ​ក្នុង​តម្លៃ​សមរម្យ។

ទាក់ទិន​ពិធី​សាទរ​ឆ្លង​ឆ្នាំ​សកល​ឆ្នាំ​២០១៥ នេះ​ដែរ លោក ឈិត សុខុន អភិបាល​ខេត្ត​ព្រះសីហនុ ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​ចូលរួម​កម្មវិធី​នេះ ឲ្យ​ចូលរួម​ថែ​រក្សា​អនាម័យ​ឆ្នេរ និង​មិន​ត្រូវ​បោះ​ចោល​សំរាម​អនាធិបតេយ្យ​នៅ​តាម​ទី​សាធារណៈ​នោះ​ទេ។ ជាង​នេះ ភ្ញៀវ​ចូលរួម​ទាំងអស់​ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ និង​ត្រូវ​ថែ​រក្សា​ទ្រព្យ​សម្បត្តិ ឬ​សម្ភារៈ​ដែល​នាំ​មក​តាម​ខ្លួន ដើម្បី​ជៀសវាង​បាត់​បង់ ឬ​ជួប​ប្រទះ​នូវ​បញ្ហា​អ្វី​មួយ​ក្នុង​ដំណើរ​កម្សាន្ត​ឆ្លង​ឆ្នាំ​សកល​ឆ្នាំ​២០១៥៖ «អ្នក​ចូលរួម​ពិធី​ឆ្លង​ឆ្នាំ​ត្រូវ​ទុក​ដាក់​កាក​សំណល់​ផ្សេងៗ​ដែល​បាន​ហូប​ចំណី​អាហារ​នានា ត្រូវ​វេច​ខ្ចប់ និង​ទុក​ដាក់​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ជៀសវាង​បោះ​ចោល​គ្មាន​សណ្ដាប់ធ្នាប់ នាំ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​ឆ្នេរ»

ប្រធាន​សភា​ពាណិជ្ជកម្ម និង​ថ្នាក់​ដឹក​នាំ​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹង​ថា ពិធី​ឆ្លង​ឆ្នាំ​សកល​ឆ្នាំ​២០១៥ នេះ ក៏​នឹង​ត្រៀម​បង្ហោះ​ប៉េងប៉ោង​ចំនួន ២០១៥​ប៉េងប៉ោង និង​បាញ់​កាំជ្រួច​រាប់​រយ​ដើម ដើម្បី​ស្វាគមន៍ និង​សាទរ​ឆ្លង​ឆ្នាំ​សកល​ឆ្នាំ​២០១៥ ឲ្យ​កក្រើក​ឆ្នេរ​សមុទ្រ​ខេត្ត​ព្រះសីហនុ ដើម្បី​ផ្តល់​ភាព​សប្បាយ​រីករាយ​ដល់​ភ្ញៀវ​ដែល​បាន​ចូលរួម។

បញ្ហា​នេះ​ដែរ លោក ហេង ប៊ុនទី មេបញ្ជាការ​កង​រាជ​អាវុធហត្ថ និង​លោក ស៊ាង កុសល ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ មាន​ប្រសាសន៍​ថា បាន​ពង្រាយ​កម្លាំង​ទៅ​តាម​ជំនាញ​នីមួយៗ ដើម្បី​ថែ​រក្សា​សណ្ដាប់ធ្នាប់ និង​សន្តិសុខ​ជូន​ភ្ញៀវ​ដែល​ចូល​មក​កម្សាន្ត​ក្នុង​ពិធី​ឆ្លង​ឆ្នាំ​សកល​នា​ខេត្ត​ព្រះសីហនុ។ លោក ហេង ប៊ុនទី ឲ្យ​ដឹង​ថា លោក​បាន​ដាក់​ពង្រាយ​កម្លាំង​ទាំង​ក្នុង​បរិវេណ​រៀបចំ​ពិធី​នៅ​ម្តុំ​ឆ្នេរ​អូរឈើទាល និង​នៅ​តាម​គោលដៅ តាម​ផ្លូវ​ជាតិ ឬ​តាម​រមណីយដ្ឋាន​នានា​ដែល​មាន​ភ្ញៀវ​ទៅ​កម្សាន្ត​ទាំង​យប់​ទាំង​ថ្ងៃ ដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់៖ «កម្លាំង​ខ្ញុំ​បាន​ដាក់​ពង្រាយ​នៅ​គ្រប់​គោលដៅ ទាំង​គោលដៅ​នៅ​ក្នុង​ក្បែរ​រៀបចំ​ពិធី និង​គោលដៅ​នៅ​តាម​រមណីយដ្ឋាន​នានា​ដែល​មាន​ភ្ញៀវ​ទៅ​ទស្សនា មាន​ដូចជា​តំបន់​ទឹក​ធ្លាក់​ក្បាល​ឆាយ និង​តំបន់​ឆ្នេរ​សមុទ្រ​រាម ជាដើម»

លោក ឈិត សុខុន អភិបាល​ខេត្ត​ព្រះសីហនុ បាន​ព្យាករ​ថា ទំនង​ជា​អាច​មាន​ភ្ញៀវ​ចូល​មក​ទស្សនា​ខេត្ត​ឆ្នេរ​សមុទ្រ​មួយ​នេះ​ឈាន​ដល់​ជិត ១០​ម៉ឺន​នាក់។ លោក​ថា បើ​យោង​តាម​ការ​អះអាង​ពី​ម្ចាស់​សណ្ឋាគារ និង​ផ្ទះ​សំណាក់​ជាដើម​ឲ្យ​ដឹង​ថា បន្ទប់​ជួល​ស្នាក់នៅ​ភាគ​ច្រើន​ត្រូវ​ភ្ញៀវ​កក់ និង​ស្នាក់នៅ​ស្ទើរ​គ្មាន​សល់៖ «កាល​ពី​បុណ្យ​អុំ​ទូក​មាន​ភ្ញៀវ​មក​លេង​ខេត្ត​នេះ​ចន្លោះ​ពី ៧ ទៅ ៨​ម៉ឺន​នាក់​ទៅ​ហើយ។ ដូច្នេះ​ឆ្លង​ឆ្នាំ​សកល​២០១៥​នេះ អាច​មាន​ភ្ញៀវ​មក​លេង​រហូត​ដល់​ជិត ១០​ម៉ឺន​នាក់​ក៏​មិន​ដឹង»

ទោះ​បែប​នេះ​ក្តី គេ​សង្កេត​ឃើញ​ថា នៅ​យប់​ដំបូង​នៃ​កម្មវិធី​តាំង​ពិព័រណ៍​ឆ្លង​ឆ្នាំ​២០១៥ ចាប់​ផ្ដើម គេ​មិន​សូវ​ឃើញ​មាន​មនុស្ស​មក​ចូលរួម​ច្រើន​ពេក​ទេ ហើយ​ទំនិញ​ដែល​ដាក់​លក់​នៅ​ក្នុង​ស្តង់​នានា ក៏​ពុំ​សូវ​មាន​អតិថិជន​ទិញ​ច្រើន​នោះ​ដែរ។ ជាង​នេះ ទំនិញ​ដែល​ដាក់​លក់​នៅ​តាម​ស្តង់​មួយ​ចំនួន ត្រូវ​អតិថិជន​រិះគន់​ថា មាន​តម្លៃ​ខ្ពស់​ជាង​តម្លៃ​ដាក់​លក់​នៅ​តាម​ទីផ្សារ​ទៅ​ទៀត ដែល​ជា​ហេតុ​នាំ​ឲ្យ​មុខ​ទំនិញ​មួយ​ចំនួន​លក់​មិន​សូវ​ដាច់ ហើយ​ម្ចាស់​ស្តង់​ដែល​ជួល​ស្តង់​ពី​អ្នក​រៀបចំ​កម្មវិធី​តាំង​ពិព័រណ៍ ក៏​បាន​បង្ហាញ​អារម្មណ៍​ស្មុគស្មាញ ចំពោះ​បញ្ហា​ប្រឈម​នឹង​ការ​ខាត​បង់​ថវិកា​ពី​ការ​ជួល​ស្តង់​លក់​ទំនិញ​របស់​ខ្លួន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

ragore

ពី wasington

stupid Cambodia dancing
like monkey

Dec 31, 2014 07:57 AM

គេហទំព័រ​ទាំងមូល