តុលាការ​របប​ក្រុងភ្នំពេញ​សម្រេច​ឃុំខ្លួន​ជនជាតិ​ចិន ៧​នាក់​ដែល​ចាប់ជំរិត​ជនជាតិ​ចិន​ដូចគ្នា

ដោយ សន ចាន់រដ្ឋា
2018-12-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ជនជាតិ​ចិន​៤​នាក់​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​ពី​បទ​បង្ខាំង​មនុស្ស​ខុស​ច្បាប់ កាល​ពី​ថ្ងៃ​ទី២៦ ខែ​ធ្នូ ឆ្នាំ​២០១៨។
ជនជាតិ​ចិន​៤​នាក់​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​ពី​បទ​បង្ខាំង​មនុស្ស​ខុស​ច្បាប់ កាល​ពី​ថ្ងៃ​ទី២៦ ខែ​ធ្នូ ឆ្នាំ​២០១៨។
Photo courtesy of Police

តុលាការ​របប​ក្រុងភ្នំពេញ​កាលពី​ថ្ងៃ​ទី​២៨ ខែ​ធ្នូ បាន​សម្រេច ឃុំខ្លួន​ជនជាតិ​ចិន​ចំនួន​ប្រាំពីរ​នាក់ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​បង្ខាំង​មនុស្ស​ខុសច្បាប់ និង​ជំរិត​ទារ​ប្រាក់​ជនជាតិ​ចិន​ដូចគ្នា។ កាលពី​យប់​ថ្ងៃ​ទី​២២ ខែ​ធ្នូ ជន​ជាតិ​ចិន​មួយ​ក្រុម​បាន​ធ្វើ​សកម្មភាព​ចាប់ជំរិត​ជនជាតិ​ចិន​ដូចគ្នា នៅ​ក្បែរ​ប្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ យក​ទៅ​បង្ខាំង​ទុក​នៅ​ក្នុង​បុរី​មួយ​ក្នុង ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ។ ក្រុម​ជនជាប់ចោទ​បាន​ទូរស័ព្ទ​ទៅ​គំរាម​ក្រុម​គ្រួសារ​ជនរងគ្រោះ ដោយ​ទាមទារ​ប្រាក់​ចំនួន​ប្រាំមួយ​ពាន់​ដុល្លារ ជា​ថ្នូរ​នឹង​ការ​ដោះលែង និង​មិន​ធ្វើ​ទារុណកម្ម​លើ​ជនរងគ្រោះ។

សារព័ត៌មាន​ក្នុងស្រុក​បាន​ដកស្រង់​សម្ដី​របស់​ជនរងគ្រោះ​ឱ្យ​ដឹង​ថា ការ​ចាប់​ជំរិត​នេះ​កើតឡើង​ដោយសារតែ​ខ្លួន​បាន​ខ្ចី​លុយ​ជនជាប់ចោទ​ជាង​ពីរ​ពាន់​ដុល្លារ​អាមេរិក (,២០០) បូក​រួម​ទាំង​ការប្រាក់​ចំនួន​ប្រាំបី​រយ​ដុល្លារ (៨០០) ទៀត សរុប​ប្រមាណ​បី​ពាន់​ដុល្លារ ហើយ​មិន​មាន​លុយ​សង​ទៅ​ជន​ជាប់ចោទ​វិញ។

រហូតដល់​ថ្ងៃ​កើត​ហេតុ កាលពី​ថ្ងៃ​ទី២២ ខែ​ធ្នូ ក្រុម​ជនជាប់ចោទ​បាន​ណាត់​ជួប ជនរងគ្រោះ​នៅ​ជិត​ប្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ រួច​ហើយក៏​ធ្វើ​សកម្មភាព​ចាប់ជំរិត​នេះ​តែម្ដង។ នៅ​ថ្ងៃ​បន្ទាប់ ក្រុម​ជនជាប់ចោទ​បាន​ណាត់​ជួប​ក្រុម​គ្រួសារ​ជនរងគ្រោះ ដើម្បី​ទទួលយក​ប្រាក់​ជា​ថ្នូរ​នឹង​ការ​ដោះលែង ប៉ុន្តែ​ក្រុម​ជនជាប់ចោទ ត្រូវ​បាន​សមត្ថកិច្ច​ឡោមព័ទ្ធ​ចាប់​ខ្លួន​បាន​មនុស្ស​ចំនួន ១៥​នាក់។

ទោះ​យ៉ាង​ណា នៅ​ពេល​សមត្ថកិច្ច​នាំ​ខ្លួន​មនុស្ស​ទាំង ១៥នាក់​ទៅ​សាកសួរ សមត្ថកិច្ច​រក​ឃើញ​ថា​មានតែ​មនុស្ស ៧នាក់​ប៉ុណ្ណោះ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​បង្ខាំង​មនុស្ស និង​ជំរិត​ទារ​ប្រាក់​នេះ ចំណែក​មនុស្ស​ ៨នាក់​ផ្សេងទៀត ត្រូវ​បាន​សមត្ថកិច្ច​ស្នើ​ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សុំ​គោលការណ៍​ដោះលែង។

ចំណែក​កាលពី​ថ្ងៃ​ទី២៥ ខែ​ធ្នូ កម្លាំង​អាជ្ញាធរ​ចម្រុះ​នៅ​ខេត្ត​ព្រះសីហនុ បាន​ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន ៤​នាក់​ផ្សេងទៀត ពាក់ព័ន្ធ​នឹង​ករណី​ឃុំឃាំង និង​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់។ ករណី​ចាប់​បង្ខាំង​មនុស្ស​នេះ កើតឡើង​ដោយសារ​ជនរងគ្រោះ បាន​ខ្ចី​លុយ​ពី​ជនសង្ស័យ ដើម្បី​លេងល្បែង​ក្នុង​កាស៊ីណូ រហូត​ចាញ់​អស់​គ្មាន​លុយ​សង​ត្រឡប់​ទៅវិញ ក៏​ត្រូវ​ក្រុម​ជនសង្ស័យ​ចាប់​យក​ទៅ​បង្ខាំង​ទុក​នៅ​ក្នុង​ផ្ទះ​បែបនេះ។

ករណី​បង្ក​អសន្តិសុខ​សង្គម បង្ក​ដោយ​ជនជាតិ​ចិន ដូចជា អំពើ​ចោរកម្ម ការ​ចាប់​ជំរិត កេង​ចំណេញ​ផ្លូវ​ភេទ​ពី​ស្ត្រី​វ័យក្មេង ការ​ប្រើ​អំពើ​ហិង្សា ជួញដូរ​គ្រឿងញៀន ការ​ចាប់​ជំរិត​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ការ​ចែកចាយ​រូបភាព​អាសអាភាស​របស់​កុមារ​ជាដើម ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា តែង​កើតមាន​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា ជាពិសេស​នៅ​ខេត្ត​ព្រះសីហនុ និង​តំបន់​អង្គរ ខេត្ត​សៀមរាប។

ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា សម្ដែង​ក្អី​បារម្ភ​ចំពោះ​វត្តមាន​ជនអន្តោប្រវេសន៍​ចិន ហូរ​ចូល​មក​យ៉ាង​គំហុក​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ចុង​ក្រោយនេះ។

តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន បាន​លើក​ឡើង​ក្នុង​សេចក្ដីថ្លែងការណ៍​របស់​ខ្លួន ដែល​ចេញផ្សាយ​កាលពី​ថ្ងៃទី២៦ ខែ​ធ្នូ ថា​ជនជាតិ​ចិន​ដែល​ចូល​មក​កម្ពុជា​តាម​រូបភាព​អភិវឌ្ឍន៍ អាច​នឹង​នាំ​ឱ្យ​កម្ពុជា​ជួប​ហានិភ័យ​ខ្ពស់ នៅ​ពេល​អនាគត ស្រប​ពេល​ដែល​បច្ចុប្បន្ន​លោក សង្កេត​ឃើញ​ថា កំណើន​ជនជាតិ​ចិន​នេះ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់ ភ្ញៀវ​ទេសចរ​បរទេស និង​ក្នុងស្រុក រួម​ទាំង​ប៉ះពាល់​ដល់​មុខរបរ​ប្រចាំថ្ងៃ​របស់​ពលរដ្ឋ​កម្ពុជា​ផង​ដែរ។

លោក រ៉ុង ឈុន ស្នើ​ដល់​របប​ក្រុងភ្នំពេញ​ឱ្យ​មាន​វិធានការ​ដើម្បី​ទប់ស្កាត់​ចំពោះ​លំហូរ​ជន​អន្តោប្រវេសន៍​ចិន​មក​កម្ពុជា​នេះ ដើម្បី​រក្សា​សណ្ដាប់ធ្នាប់ សន្តិសុខ​សង្គម សុវត្ថិភាព​ភ្ញៀវ​ទេសចរណ៍ និង​មុខរបរ​ពលរដ្ឋ​កម្ពុជា​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល