បុគ្គលិក ណាហ្គា វើលដ៍ កំពុង​ត្រៀម​ខ្លួន​តវ៉ា​នៅ​ថ្ងៃ​ទី៩ មករា

ដោយ ថន ថារ៉ូ
2020-01-08
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អគារ​កាស៊ីណូ ណាហ្គា វើលដ៍ (NAGA World) នៅ​រាជធានី​ភ្នំពេញ ថត​ទី៧ ខែ​មករា ឆ្នាំ២០២០។
អគារ​កាស៊ីណូ ណាហ្គា វើលដ៍ (NAGA World) នៅ​រាជធានី​ភ្នំពេញ ថត​ទី៧ ខែ​មករា ឆ្នាំ២០២០។
រូប៖ ពលរដ្ឋ

បុគ្គលិក ណាហ្គា វើលដ៍ (Naga World) សម្រេចនាំគ្នាធ្វើកូដកម្មចាប់ពីថ្ងៃទី៩ ខែ​មករា បន្ទាប់ពី ក្រុមហ៊ុន​កាស៊ីណូ​ដ៏​ធំ​មួយ​នេះ មិន​ផ្ដល់​ដំណោះ​ស្រាយ​សមរម្យ តាម​ការ​ទាមទារ​របស់​ពួក​គេ​កន្លង​មក។ ចំណែក​ក្រុមហ៊ុន បាន​ព្រមាន​មិន​ឲ្យ​បុគ្គលិក​ធ្វើ​កូដកម្ម និង​បាន​ប្តឹង​ទៅ​តុលាការ​ឱ្យ​កោះហៅ​ តំណាង​សហជីព​ទៅ​សួរ​នាំ​ផង​ដែរ។ សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិ​ការងារ និង​សិទ្ធិ​មនុស្ស ចាត់​ទុក​ការ​ធ្វើ​កូដកម្ម​នេះ​ថា គឺ​ជា​ការ​ប្រើ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​កម្មករ​និយោជិត និង​ជា​រឿង​ស្រប​ច្បាប់។

សហជីព​ប្រចាំ​ក្រុមហ៊ុន ណាហ្គា វើលដ៍ រំពឹង​ថា កូដកម្មនៅថ្ងៃទី៩ ខែ​មករា នឹង​មាន​សន្ទុះ​ចូល​រួម​ពី បុគ្គលិក​គ្រប់​ផ្នែក​ក្នុង​ក្រុមហ៊ុន ណាហ្គា វើលដ៍ ប្រមាណ​ជាង ២ពាន់​នាក់ ដើម្បី​ទាមទារ​ឲ្យ​ក្រុមហ៊ុន​នេះ ទទួល​យក​ប្រធាន​សហ ជីព​ម្នាក់​គឺ កញ្ញា ឈឹម ស៊ីថរ ឱ្យ​ចូល​ធ្វើ​ការ​វិញ និង​ដំឡើង​ប្រាក់​ឈ្នួល សមរម្យ​ដល់​បុគ្គលិក ព្រមទាំង​លក្ខខណ្ឌ​មួយ​ចំនួន​ទៀត។

អនុប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ នៃ​ក្រុមហ៊ុន ណាហ្គា វើលដ៍ អ្នកស្រី ឈុន សុខា ប្រាប់​អាស៊ី​សេរី​ថា ការ​សម្រេច​ចេញ​ធ្វើ​កូដកម្ម​នៅ​មុខ​ក្រុមហ៊ុន ណាហ្គា វើលដ៍ ទ្រង់ទ្រាយ​ធំ​នេះ ដោយសារ​តែ​ថ្នាក់​ដឹក​នាំ​សហជីព បាន​ដំណើរ​ការ​ដោះ​ស្រាយ​ដោយ​សន្តិវិធី​នៅ​ក្នុង​ក្រុមហ៊ុន នៅ​ក្រសួង​ការងារ និង​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល នៅ​តែ​មិន​អាច​រក​ដំណោះ​ស្រាយ​បាន។ អ្នកស្រី​បន្ត​ថា កូដកម្ម​នេះ គឺ​ធ្វើ​ឡើង​ដោយ​ស្រប​តាម​ច្បាប់ និង​ជា​ការ​ប្រើប្រាស់​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ខ្លួន៖ «តាំង​ពី​ព្យួរ​ការងារ​ប្រធាន​សហជីព កញ្ញា ឈឹម ស៊ីថរ មក​ដល់​ឥឡូវ​នេះ សន្ទុះ​នៃ​ការ​សាមគ្គី​របស់​បុគ្គលិក គឺ​អត់​រា​ថយ​ទេ ទោះ​ជា​ក្រុមហ៊ុន​ចេញ​លិខិត​ព្រមាន និង​ហៅ​បុគ្គលិក​ទៅ​គំរាម​ផង​សម្លុត​ផង និង​លួងលោម​ផង ក៏​បុគ្គលិក​មិន​ចុះ​ញ៉ម​ដែរ។ អ្វី​ដែល​បុគ្គលិក​ទាមទារ គឺ​វត្តមាន​របស់​ប្រធាន​សហជីព ព្រោះ​ពួក​គេ​គិត​ថា រឿង​ដែល​កើត​ឡើង ចំពោះ​ប្រធាន​សហជីព ជា​រឿង​អយុត្តិធម៌»

ក្នុង​ពេល​សហជីព​គ្រោង​ដឹក​នាំ​បុគ្គលិក​កម្មករ​ធ្វើ​កូដកម្ម​នេះ ខាង​ភាគ​ក្រុមហ៊ុន​បាន​ចេញ​លិខិត​ព្រមាន​ជា​មុន​មិន​ឲ្យ​បុគ្គលិក​ចូល​រួម​ធ្វើ​កូដកម្ម​នោះ​ទេ ដោយ​ចាត់​ទុក​កូដកម្ម​នេះ​ថា ខុសច្បាប់។ ក្រុមហ៊ុន​គំរាម​ទៀត​ថា ប្រសិន​បើ​បុគ្គលិក​ណា​ចូលរួម នឹង​ប្រឈម​ការ​ដាក់​វិន័យ និង​បញ្ឈប់​កិច្ច​សន្យា​ការងារ​ដោយ​គ្មាន​សំណង។ ទន្ទឹម​គ្នា​នេះ សាលា​ដំបូង​រាជធានី​ភ្នំពេញ ក៏បាន​ចេញ​ដីកា​កោះ​ហៅ​ប្រធាន​សហជីព​ប្រចាំ​ក្រុមហ៊ុន ណាហ្គា វើលដ៍ កញ្ញា ឈឹម ស៊ីថរ ទៅ​សួរ​នាំ​អំពី​គម្រោង​ធ្វើ​កូដកម្ម​នេះ តាម​បណ្ដឹង​របស់​ក្រុមហ៊ុន នៅ​រសៀល​ថ្ងៃ​ទី៨ ខែ​មករា​ដែរ។

សេចក្តី​ថ្លែង​ការណ៍​របស់​សហជីព​ប្រចាំ​ក្រុមហ៊ុន​កាស៊ីណូ ណាហ្គា វើលដ៍ ចេញ​ផ្សាយ កាល​ពី​យប់​ថ្ងៃ​ទី៧ ខែ​មករា ឲ្យ​ដឹង​ថា អ្វី​ដែល​ថ្នាក់​ដឹក​នាំ​ក្រុមហ៊ុន ណាហ្គា វើលដ៍ កំពុង​ធ្វើ គឺ​បង្ហាញ​យ៉ាង​ច្បាស់​ក្រឡែត​ថា ក្រុមហ៊ុន​គ្មាន​ចេតនា​ដោះ​ស្រាយ​ដោយ​សន្តិវិធី​នោះ​ទេ គឺ​មាន​តែ​ការ​គំរាម​កំហែង និង​រំលោភលើអនុញ្ញាស្នូលរបស់អង្គការពលកម្មអន្តរជាតិលេខ៨៧ ស្ដីពី​សិទ្ធិ​ចរចា​ជា​សមូហភាព ច្បាប់​ស្ដីពី​ការ​មាត្រា៣៣៣ និង​ច្បាប់​ស្ដីពី​សហជីព មាត្រា៨៧។ ក្នុង​សេចក្ដី​ប្រកាស​នោះ បង្ហាញ​ថា បុគ្គលិក​រាប់​ពាន់​នាក់ នៅ​តែ​ទទូច​ឲ្យ​ក្រុមហ៊ុន​ដោះ​ស្រាយ​ចំណុច ដែល​ទាមទារ​កន្លង​មក​ដោយ​រៀបចំ​ឲ្យ​មាន​កិច្ច​ចរចា​ដោយ​មាន​ភាព​ស្មោះត្រង់ និង​ផ្ដល់​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក និង​ជា ពិសេស​ទម្លាក់​ចោល​ការ​ព្យួរ​ការងារ​ប្រធាន​សហជីព និង​បាន​ចូល​បំពេញ​ការងារ​ធម្មតា​ឡើង​វិញ។

បុគ្គលិក​ក្រុមហ៊ុន​កាស៊ីណូ ណាហ្គា វើលដ៍ មួយ​រូប លោកស្រី រ៉េត ធារ៉ាត់ ថ្លែង​ថា លោកស្រី និង​បុគ្គលិក ដទៃ​ទៀត បាន​ត្រៀម​ខ្លួន​រួច​ហើយ ដើម្បី​ចូលរួម​ធ្វើ​កូដកម្ម​អហិង្សា ដោយ​មិន​ខ្លាច​ការ​គំរាម​កំហែង​របស់​ក្រុមហ៊ុន​នោះ​ឡើយ។ បុគ្គលិក​រូប​នេះ​បន្ត​ថា ក្រុមហ៊ុន​គ្មាន​សិទ្ធិ​អារ​កាត់​ថា កូដកម្ម​របស់​បុគ្គលិក​ខុស​ច្បាប់​ឡើយ ហើយ​អ្វី​ដែល​បុគ្គលិក​ធ្វើ គឺ​គ្រាន់​តែ​អនុវត្តន៍​សិទ្ធិ​របស់​ខ្លួន បន្ទាប់​ពី​ក្រុមហ៊ុន​ព្រងើយ​កន្តើយ​ក្នុង​ការ​ដោះ​ស្រាយ​កន្លង​មក៖ «ក្រុមហ៊ុន គ្មាន​សិទ្ធិ​គំរាម​បុគ្គលិក​មិន​ឲ្យ​ធ្វើ​កូដកម្ម​អហិង្សា​ទេ។ ពួក​យើង​ធ្វើ​កូដកម្ម​ទាល់​តែ​មាន​ដំណោះ​ស្រាយ ហើយ​ពួក​យើង​មិន​សុខ​ចិត្ត​ទេ បើ​សិន​ជា​ក្រុមហ៊ុន​នៅ​តែ​ព្យួរ​ការងារ​ប្រធាន​សហជីព»

វិវាទ​ការងារ​ក្នុង​ក្រុមហ៊ុន​កាស៊ីណូ ​ណាហ្គា វើលដ៍​ នេះ កើតឡើង​ចាប់​តាំង​ពី​យប់​ថ្ងៃ​ទី២០ ខែ​កញ្ញា បន្ទាប់​ពី​ក្រុមហ៊ុន​ព្យួរ​កា​រងា​រ​ប្រធាន​សហជីព​ម្នាក់ គឺ​កញ្ញា ឈឹម​ ស៊ីថរ ដោយ​មិន​កំណត់​ពេល​វេលា ដែល​ភាគី​បុគ្គលិក​អះអាង​ថា ធ្វើ​ឡើង​ទាំង​អយុត្តិធម៌ និង​មិន​អនុលោម​តាម​ច្បាប់​ស្ដីពី​ការងារ ក៏​ដូច​ជា​បទ​បញ្ជាផ្ទៃ​ក្នុង​របស់​ក្រុមហ៊ុន។ មូលហេតុ​ដែល​នាំ​ឱ្យ​មាន​ការ​ព្យួរ​ការងារ​នេះ គឺ​ដោយសារ​តែ​ស្ត្រី​សហជីព​វ័យ​ក្មេង​រូប​នេះ​ បាន​ប្រើប្រាស់​តួនាទី​របស់​ខ្លួន​ចេញ​មុខ​ដោះស្រាយ​រឿង​សន្តិសុខ​ក្រុមហ៊ុន ហាម​បុគ្គលិក​មិន​ឲ្យ​យក​អាវ​យឺត ដែល​មាន​សរសេរ​សារ​ថា "ក្រុមហ៊ុន​រីក​ចម្រើន បុគ្គលិក​ត្រូវការ​ប្រាក់​ខែ​រស់​នៅ​សមរម្យ'' ចូល​ក្នុង​ក្រុមហ៊ុន និង​ក្នុង​អំឡុង​ពេល​ចរចា​ផល​ប្រយោជន៍​ជូន​សមាជិក​របស់​ខ្លួន។ ក្រុមហ៊ុន​បាន​ចោទ​កញ្ញា​ថា ជា​មេ​ក្លោង​នាំ​បុគ្គលិក​ពាក់​អាវ​យឺត​ធ្វើ​យុទ្ធនាការ​ទាមទារ​ប្រាក់​ឈ្នួល។

អ្នកគ្រប់គ្រង​កម្មវិធី​ការងារ​នៃ​មជ្ឈ​មណ្ឌល​សម្ពាធនភាព​កា​រងា​រ និង​សិទ្ធិមនុស្ស​ លោក​ ឃុន​ ថា​រ៉ូ មាន​ប្រសាសន៍​ថា ការ​សម្រេច​ចិត្ត​ធ្វើ​កូដកម្ម​អហិង្សា​នេះ គឺ​ជា​ជម្រើស​ចុង​ក្រោយ និង​ជា​ការ ប្រើ​សិទ្ធិ​ស្រប​តាម​ច្បាប់​របស់​ថ្នាក់​ដឹក​នាំ​សហជីព និង​បុគ្គលិក ព្រោះ​ពួក​គេ​បាន​ជូន​ដំណឹង​ទៅ​ក្រុមហ៊ុន និង​ភាគី​ពាក់ព័ន្ធ​រួចរាល់​ទៅ​តាម​នីតិវិធី​ច្បាប់ និង​ដោយសារ​តែ​ការ​ព្យាយាម​ស្វែង​រក​ដំណោះ​ស្រាយ​កន្លង​មក ពុំ​ទទួល​បាន​លទ្ធផល។ លោក​បន្ត​ថា ក្រុមហ៊ុន​គ្មាន​ដែន​សមត្ថកិច្ច ក្នុង​ការ​វិនិច្ឆ័យ​ថា ការ​ធ្វើ​កូដកម្ម​នោះ​ខុស​ច្បាប់​ឡើយ ពោល​គឺ​មាន​តែ​តុលាការ​ប៉ុណ្ណោះ។ លោក​ចាត់​ទុក​អ្វី​ដែល​ក្រុមហ៊ុន​លើក​ឡើង​ថា ជា​ចេតនា​បំបាក់​ស្មារតី​បុគ្គលិក​មិន​ឲ្យ​ប្រើ​សិទ្ធិ ដែល ខ្លួន​មាន​ក្នុង​ការ​ចូល​រួម​ធ្វើ​កូដកម្ម។ អ្នក​គ្រប់គ្រង​កម្មវិធី​ការងារ​នៃ​អង្គការ​សង់ត្រាល់​រូប​នេះ យល់ថា វិវាទ​ការងារ​នេះ អាច​ដោះ​ស្រាយ​ទៅ​បាន​ដោយ​មិន​ពិបាក​នោះ​ទេ ប្រសិន​បើ​ក្រុមហ៊ុន​មាន​ឆន្ទៈ​ដោះ​ស្រាយ​ប្រកប​ដោយ​ភាព​ស្មោះ​ត្រង់។ ប៉ុន្តែ​លោក​មើល​ឃើញ​ថា ក្រុមហ៊ុន​រើសអើង និង​មាន​ចេតនា​លុប​បំបាត់​សហជីព​ចេញ​ពី​ក្នុង​ក្រុមហ៊ុន៖ «យើង​មើល​ទៅ​លើ​សេចក្ដី​ជូន​ដំណឹង​របស់​ក្រុមហ៊ុន គឺ​ក្រុមហ៊ុន​ប្រើ​តាក់ទិច​មួយ​មិន​ព្រម​ចរចា​ជាមួយ​សហជីព ប៉ុន្តែ​គាត់​ព្យាយាម​ដំឡើង​ប្រាក់​ឈ្នួល​ឲ្យ​បុគ្គលិក​កម្មករ​ទៅ​តាម​មុខងារ និង​តួនាទី​ហើយ​ដំឡើង​ដោយ​ខ្លួន និង​មិន​ព្រម​ទទួល​យក​ថ្នាក់​ដឹក​នាំ​សហជីព​ចូល​ធ្វើ​ការ​វិញ​នោះ​ទេ។ ខ្ញុំ​មើល​ឃើញ​ថា នេះ​ជា​ចេតនា​មួយ ដែល​មិន​ព្រម​ចូល​តុ​ចរចា ដោយ​ជំនឿ​ជឿ​ទុក​ចិត្ត​ដោយ​ភាព​ស្មោះ​ត្រង់​ដោយ​សន្តិវិធី​ជាមួយ​នឹង​សហជីព ហើយ​ខ្ញុំ​គិត​ថា នេះ​គឺ​ជា​កំហុស​ឆ្គង​ធំ​មួយ​របស់​ក្រុមហ៊ុន ព្រោះ​ទំនាក់ទំនង​វិជ្ជាជីវៈ​ត្រូវ​តែ​គោរព​សិទ្ធិ​គ្នា​ទៅ​វិញ​ទៅ មក​ហើយ​យើង​ត្រូវ​មាន​ការ​សម្បទាន និង​ត្រូវ​មាន​ការ​ចរចា​ដោយ​ស្មោះ​ត្រង់»

គម្រោង​ធ្វើ​កូដកម្ម​របស់​បុគ្គលិក​ក្រុមហ៊ុន ណាហ្គា វើលដ៍​ នៅ​ថ្ងៃ​ទី៩ ខែ​មករា នឹង​ធ្វើ​នៅ​មុខ​ក្រុមហ៊ុន​តែ​ម្ដង ដោយ​ចាប់​ផ្ដើម​ពី​ម៉ោង ៦ព្រឹក ដល់ម៉ោង ៦យប់ ហើយ​កូដកម្ម​នេះ នឹង​ធ្វើ​នៅ​ថ្ងៃ​បន្ត​បន្ទាប់​ទៀត លុះ​ត្រា​តែ​មាន​ដំណោះ​ស្រាយ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន ធ្លាប់​ចេញ​សេចក្តី​ថ្លែង​ការណ៍​គាំទ្រ​ចំពោះ​ការ​បន្ត​សកម្មភាព ទាមទារ​របស់​កម្មករ​នយោជិត​ប្រកប​ដោយ​អហិង្សា និង​ប្រើ​ប្រាស់​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពួក​គេ ដែល​ធានា​ដោយ​ច្បាប់ ដើម្បី​ធានា​ថា ក្រុមហ៊ុន ណាហ្គា វើលដ៍ ទទួល​យក​ប្រធាន​សហជីព​ចូល ធ្វើការ​វិញ និង​ធានា​លុប​បំបាត់​ការ​រើសអើង​រាល់​ទម្រង់​ប្រឆាំង​សហជីព៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល