ពលរដ្ឋ​ខេត្ត​ស្វាយរៀង​រិះគន់​តម្លៃ​ផ្ញើ​ម៉ូតូ​មួយ​គ្រឿង​៥​ពាន់​រៀល​ក្នុង​ព្រឹត្តិការណ៍​សង្ក្រាន្ត​ខេត្ត​នេះ

ដោយ អាស៊ីសេរី
2019-04-17
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទីតាំង​ផ្ញើ​ម៉ូតូ​មួយ​កន្លែង នៅ​ក្រុង​ស្វាយរៀង ក្នុង​ព្រឹត្តិការណ៍​សង្ក្រាន្ត កាល​ពី​ថ្ងៃ​ទី១៦ ខែ​មេសា ឆ្នាំ​២០១៩។
ទីតាំង​ផ្ញើ​ម៉ូតូ​មួយ​កន្លែង នៅ​ក្រុង​ស្វាយរៀង ក្នុង​ព្រឹត្តិការណ៍​សង្ក្រាន្ត កាល​ពី​ថ្ងៃ​ទី១៦ ខែ​មេសា ឆ្នាំ​២០១៩។
Photo Provided

ពលរដ្ឋ​រស់នៅ​ខេត្ត​ស្វាយរៀង និង​ភ្ញៀវ​ទេសចរ រិះគន់​ការ​យក​តម្លៃ​ផ្ញើ​ម៉ូតូ​មួយ​គ្រឿង ៥​ពាន់​រៀល ក្នុង​ព្រឹត្តិការណ៍​សង្ក្រាន្ត ដែល​ប្រារព្ធ​រយៈពេល ៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃទី១៦ មេសា នៅ​ទី​រួម​ខេត្ត​ស្វាយរៀង។

ពលរដ្ឋ​ម្នាក់​រស់នៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង អ្នកស្រី ញ៉ែម ស្រីឡូត ត្អូញ​ថា គ្រួសារ​លោកស្រី​បាន​ទៅ​ចូលរួម​ព្រឹត្តិការណ៍​សង្ក្រាន្ត នៅ​ក្រុង​ស្វាយរៀង​កាលពី​ថ្ងៃ​ទី១៤ មេសា បាន​បង្ខំចិត្ត​បង់​ប្រាក់​ផ្ញើ​ម៉ូតូ ១​គ្រឿង ៥​ពាន់​រៀល​។ លោកស្រី​ថា ពលរដ្ឋ និង​យុវជន​ខ្លះ រអ៊ូរទាំ ពី​សេវា​ផ្ញើ​ម៉ូតូ ហក់​ឡើង​ខ្ពស់​បែបនេះ ហើយ​ពួកគេ​បាន​បង្ខំចិត្ត​បង់​ប្រាក់​ឱ្យ​គេ ព្រោះតែ​គ្មាន​ជម្រើស​។ លោកស្រី​បន្ទោស​ថា គឺ​អាជ្ញាធរ​ខេត្ត​បណ្ដោយ​ឱ្យ​កើតមាន​បាតុភាព​នេះ បង្ក​ឱ្យ​ពលរដ្ឋ ភ្ញៀវ​ទេសចរ និង​យុវជន​មិន​សប្បាយចិត្ត។ លោកស្រី​អំពាវនាវ​ឱ្យ​អាជ្ញាធរ​ជាតិ រក​មធ្យោបាយ​ទប់ស្កាត់ កុំ​ឱ្យ​វប្បធម៌​អាក្រក់​នេះ​កើត​មាន ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ក្រោយៗ​ទៀត​៖ «ផ្ញើ​ម៉ូតូ​ដល់ពេល​សួរ​តម្លៃ​គេ​ថា ៥​ពាន់ ហ្នឹង​កន្លែង​មីង​ផ្ញើ​កន្លែង​ផ្សេង​មិន​ដឹង​គេ​យក​ប៉ុន្មាន​ទេ? ប៉ុន្តែ​ក្មេងៗ​ស្រុកភូមិ​ទៅលេង វា​ថា ៥​ពាន់​ដែរ វា​មិន​សមរម្យ វា​ថ្លៃ​ហ្នឹង​។ ថ្លៃ​ហួសហេតុ កោ​គ្នា​ហួសហេតុ​។ គ្រាន់តែ​ផ្ញើ​នៅផ្ទះ​ឯង​សោះ»

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង អភិបាលខេត្ត​ស្វាយរៀង លោក ម៉ែន វិបុល ដើម្បី​សុំ​ការ​បំភ្លឺ​ករណី​នេះ តែ​ទូរស័ព្ទ​ចូល មាន​អ្នក​ផ្សេង​ទទួល​ជំនួស​លោក នៅ​ថ្ងៃទី១៧ មេសា។

រដ្ឋបាល​ខេត្ត​ស្វាយរៀង និង​ស្ថាប័ន​ពាក់ព័ន្ធ​បាន​មូលមតិ​គ្នា ប្រារព្ធ​ព្រឹត្តិការណ៍​សង្ក្រាន្ត រយៈពេល ៣​ថ្ងៃ​ក្នុង​ពិធី​បុណ្យ​ចូលឆ្នាំ។ របាយការណ៍​អាជ្ញាធរ​ខេត្ត​នេះ​អះអាង​ថា ភ្ញៀវ​​ទេសចរ និង​ពលរដ្ឋ​ដែល​ទៅ​ចូលរួម​ព្រឹត្តិការណ៍​សង្ក្រាន្ត នៅ​ថ្ងៃ​ទី១៤ មេសា មាន​ជិត ១០​ម៉ឺន​នាក់ (៨៥.០០០) ហើយ​ថ្ងៃ​ទី ១៥ មេសា កើតឡើង​ដល់​ជាង ១៦​ម៉ឺន​នាក់ (១៦.០០០)

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

គេហទំព័រ​ទាំងមូល