ព្រះសង្ឃ​ប្រតិកម្ម​នឹង​ប្រធាន​រាជបណ្ឌិត្យសភា​ដែល​ចង់​រៀបចំ​ច្បាប់​ស្ដីពី​វិន័យ​សង្ឃ

ដោយ សេក បណ្ឌិត
2018-10-21
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រធាន​​រាជបណ្ឌិត្យសភាកម្ពុជា លោក សុខ ទូច ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​រាជបណ្ឌិត្យសភាកម្ពុជា កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៥។
ប្រធាន​​រាជបណ្ឌិត្យសភាកម្ពុជា លោក សុខ ទូច ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​រាជបណ្ឌិត្យសភាកម្ពុជា កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៥។
RFA

ព្រះសង្ឃ​មួយ​ចំនួន ប្រតិកម្ម​តប​ទៅ​ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា លោក​បណ្ឌិត​សភាចារ្យ សុខ ទូច ដែល​ថ្លែង​រិះគន់​ព្រះសង្ឃ និង​ស្នើ​ឲ្យ​ភាគី​ពាក់ព័ន្ធ​សិក្សា​ស្រាវជ្រាវ ដើម្បី​រៀបចំ​ច្បាប់​ស្ដីពី​ការ ពង្រឹង​វិន័យ​សង្ឃ។

ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​សាមញ្ញ​មួយ​ចំនួន សម្ដែង​មិន​ការ​ពេញចិត្ត និង​​សោកស្ដាយ​ដែល​ប្រធាន រាជបណ្ឌិត្យសភា​កម្ពុជា​លោក សុខ ទូច មិន​បាន​សិក្សា​ស៊ីជម្រៅ​អំពី​ព្រះពុទ្ធវចនៈ ឬ​ការ​ទូន្មាន​របស់​ព្រះពុទ្ធ​ជា​ម្ចាស់ និង​ធម៌​វិន័យ​របស់​ព្រះសង្ឃ ប៉ុន្តែ​បែរជា​តាំង​ខ្លួន​ជា​អ្នក​ប្រៀនប្រដៅ ព្រះសង្ឃ ដោយ​មើល​រំលង​ក្រសួង​ធម្មការ និង​ស្ថាប័ន​ព្រះសង្ឃ​ទៅវិញ។

សមណ​និស្សិត​នៃ​សាកលវិទ្យាល័យ​ព្រះសីហនុរាជ ព្រះតេជព្រះគុណ ជេស ម៉ាហេង មាន​ថេរ​ដីកា ថា លោក សុខ ទូច បាន​សារភាព​ខ្លួនឯង​ថា គាត់​មិន​ដែល​បាន​អាន​ព្រះ​ត្រៃបិដក និង​ចេះ​ធម៌​វិន័យ​ទេ សូម្បីតែ​ប្រើ​ភាសា​និយាយ​ជាមួយ​ព្រះសង្ឃ​ក្ដី ដូច្នេះ​គាត់​មិន​សាក​សមជា​អ្នក​ប្រៀនប្រដៅ​ព្រះ សង្ឃ​ឡើយ។ ព្រះតេជព្រះគុណ​បន្ត​ថា លោក សុខ ទូច គួរតែ​ទុក​តួនាទី​នេះ​ទៅ​ខាង​ក្រសួង​ធម្មការ និង​សាសនា និង​មន្ត្រី​សង្ឃ​ជា​អ្នក​ចាត់ចែង​ទៅ​ចុះ៖ «គាំទ្រ​ចំពោះ​ការ​ចង់​ពង្រឹង​វិន័យ​សង្ឃ ប៉ុន្តែ​ពង្រឹង ឬ​មិន​ពង្រឹង​គួរតែ​ពិភាក្សា​ខាង​គណសង្ឃ​នាយក​ទៅ ព្រោះ​ស្ថាប័ន​នីមួយៗ តែងតែ​មានការ គ្រប់គ្រង​រៀងៗ​ខ្លួន ដូច្នេះ​ធ្វើ​អ្វី​កុំ​អោយ​ខុស​តួនាទី ហើយ​សិក្ខាសាលា​ដែល​គាត់​ធ្វើ​នោះ គឺ​អត់​ឆ្លងកាត់​គណៈ​សង្ឃនាយក ទាំង​ដែល​ខ្លួនឯង​ធ្វើ​ខុស​តួនាទី​ហើយ ខំប្រឹង​ធ្វើ​យក​ត្រូវ​ទៀត។ ក្នុង​នាម​ជា​បណ្ឌិត គេ​មិនមែន​និយាយ​ចេញ​មក​ទាំង​ច្រឡោងខាមទេ។ និយាយ​ថា ចង់​ពង្រឹង​វិន័យ​សង្ឃ ប៉ុន្តែ​ខ្លួនឯង​មិនទាន់​ទាំង​យល់​ស៊ីជម្រៅ​នៅ​ក្នុង​ព្រះពុទ្ធសាសនា ផង។ គួរណា​កុំ​ធ្វើ​ខុស​តួនាទី ព្រោះ​កាលណា​ការងារ​ច្របូកច្របល់​វា​មិនមែន​ជា​មង្គល​ទេ»

ព្រះតេជព្រះគុណ មាន​សង្ឃដីកា​បន្ថែម​ថា កំហុស​តែង​កើត​មាន​ជា​ធម្មតា​ចំពោះ​មនុស្ស​សាមញ្ញ ឯ​ភាព​ឆ្គាំឆ្គង​នោះ បាន​សាបសូន្យ​ទៅវិញ​ច្រើន​ហើយ បន្ទាប់​ពី​អ្នកបួស​ព្យាយាម​សិក្សា​ឲ្យ​ស៊ីជម្រៅ​លើ​ពុទ្ធវចនៈ។

ទន្ទឹម​គ្នា​នេះ មន្ត្រី​សង្ឃ​ទាំងឡាយ​ក៏បាន​ខិតខំ​អស់​លទ្ធភាព​ឃ្លាំមើល​ប្រតិបត្តិ​របស់​ភិក្ខុ​សាមណេរ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ខ្លួន​រៀងៗ​ខ្លួន​តាម​តំបន់​ដែល​ខ្លួន​កាន់កាប់៖ «ធម្មតា​សង្គម​បច្ចេកវិទ្យា ហើយ​ជាទូទៅ​មនុស្ស​ទាំងអស់​គ្មាន​អ្នកណា​ល្អឥតខ្ចោះ​ទេ ដូច្នេះ​ការប្រព្រឹត្ត​តែងតែ​មាន​លេច​ធ្លាយ ប្រៀប​ដូច​ដូង​អ៊ីចឹង គឺ​មួយ​ធ្លាយ​តែង​មាន​តក់​មាន​នាល ចុះ​ទម្រាំ​ព្រះសង្ឃ​មាន​ច្រើន​ម៉ឺន​អង្គ​ទៀត រឿង​អី​ថា មិន​មាន​ជនខិលខូច​ខ្លះ​នោះ គឺ​តែងតែ​មាន​ហើយ។ ម្យ៉ាងទៀត គណបក្ស​មួយ​ចំនួន​ដែល​វាយប្រហារ​លើ​ព្រះសង្ឃ​គឺជា​រឿង​ចាស់ៗ ដែល​កន្លង​ទៅ​ហើយ។ ថ្មីៗ​នេះ ដូចជា​មិន​មាន​អ្វី​ច្រើន​ទេ ព្រោះ​គណសង្ឃនាយក​លោក​ខំ​ប្រឹងប្រែង​ដោះស្រាយ​ណាស់ ហើយ​ខ្ញុំ​កូណា​ក៏​ដោយ​រឹតតែ​ប្រឹងប្រែង​បន្ថែម​ទៀត​ដើម្បី​កាន់តែ​ធ្វើ​អោយ​ល្អ»

កាលពី​ថ្ងៃ​ទី​១៩ ខែ​តុលា ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា លោក សុខ ទូច បាន​ថ្លែង​ក្នុង​​សិក្ខាសាលា​ថ្នាក់​ជាតិ​មួយ​ស្ដីពី​''​សង្គតិ​ភាព​ព្រះពុទ្ធសាសនា ដើម្បី​ពង្រឹង និង​អភិវឌ្ឍ​វិស័យ​ពុទ្ធចក្រ និង​អាណាចក្រ ក្នុង​សង្គម​កម្ពុជា​បច្ចុប្បន្ន'' ថា ព្រះពុទ្ធសាសនា​គឺជា​សាសនា​របស់​រដ្ឋ ដូច្នេះ លោក​ស្នើ​ឲ្យ​មន្ត្រី​ស្រាវជ្រាវ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា សហការ​ជាមួយ​ក្រសួង​ធម្មការ ដើម្បី​រៀបចំ ច្បាប់​ស្ដីពី​''​ការ​ពង្រឹង​វិន័យ​សង្ឃ​'' សម្រាប់​អោយ​រដ្ឋសភា​ជាតិ ពិនិត្យ និង​អនុម័ត។ ដោយ​សម្ដី​សំដៅ​ហាក់​មាន​កំហឹង ព្រមទាំង​ទទួលស្គាល់​ខ្លួនឯង​ថា មិន​ចេះ​ដឹង​ធម៌​វិន័យ របស់​ព្រះពុទ្ធ​ផង​នោះ លោក​បណ្ឌិតសភាចា្យ សុខ ទូច មើល​ឃើញ​ថា ព្រះសង្ឃ​មួយ​ចំនួន​ក្នុង​សម័យ​បច្ចុប្បន្ន មិន​ទាន់​បាន គោរព​ប្រតិបត្តិ​ត្រឹមត្រូវ​តាម​វិន័យ​របស់​ព្រះពុទ្ធ​នៅឡើយ​ទេ ដូចជា​សង្ឃ ខ្លះ​មិនបាន​សិក្សា​រៀន​សូត្រ ហើយ​ចេះ​ជេ សង្ឃ​ខ្លះ​មាន​ឥរិយាបថ មិន​សមរម្យ ប្រើ​សម្ភារៈ​និយម និង​រស់នៅ​ក្នុង​កុដិ​និង​វិហារ​ប្រៀប​ដូច​ជា​វីឡា​ទំនើបៗ​ជាដើម៖ «សម័យ​ស្ដេច អង្គ ឌួង ម៉េច​ក៏​កែ​បាន ចុះ​សម័យ​តេជោ ម៉េច​ក៏​កែ​មិន​បាន ពេល​ឃើញ​ខុស ម្ដេចក៏​កែ​មិន​បាន​..​ត្រូវតែ​កែ ព្រោះ​សាសនា​ជា​របស់​រដ្ឋ អ៊ីចឹង​សូម​ស្នើ​ឲ្យ​អោយ​គេ​រៀបចំ​ច្បាប់ ហើយ​យើង​ធ្វើ​ទៅ​សភា​ទៅ ហើយ​សភា​បើ​យល់ថា​ត្រឹមត្រូវ រឿង​អី​ដែល​យើង​មិន​ត្រូវ​ធ្វើការ​កើត ដើម្បី​អី គឺ​ដើម្បី​ពុទ្ធ​បរិស័ទ និង​ការ​រីក​ចម្រើន នៃ​ព្រះពុទ្ធសាសនា។ សម័យ​គេ​កែ​បាន សម័យនេះ​កែ។ សម័យ​នេះ អត់​មាន​ទូរស័ព្ទ ឥឡូវ​ព្រះតេជព្រះគុណ​កំពុងតែ​ថត​កូណា ប្រើ​សុទ្ធតែ​ទូរស័ព្ទ​ទៀត។ សម័យ​ព្រះអង្គ​សូត្រ​មន្ត​មិន​អាច​អត់​មាន​ផ្លិត​បានទេ ដល់​ឥឡូវ​ព្រះអង្គ​នៅ​មុខ​វាំង​សែលហ្វី (Selfie) ហើយ​បង្ហោះ​ទៀត»

បន្ទាប់ពី​មានការ​រិះគន់​ច្រើន​នោះ លោក សុខ ទូច បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុកថា រាជ បណ្ឌិត្យសភា​កម្ពុជា​ថា លោក​គ្មាន​បំណង​ក្នុង​ការ​រៀបចំ ច្បាប់​ស្ដីពី​ការ​បង្កើត​វត្ត​អារាម​ទេ។ លោក​បញ្ជាក់​ថា រដ្ឋសភា មាន​សិទ្ធិ​ក្នុង​ការ​ស្នើ​ច្បាប់ បង្កើត​ច្បាប់ និង​អនុម័ត​ច្បាប់ រីឯ​រដ្ឋាភិបាល​មាន​តួនាទី រៀបចំ​សេចក្ដី​ព្រាង​ច្បាប់ និង​អនុវត្ត​ច្បាប់។ សម្រាប់​រាជបណ្ឌិត្យសភា​កម្ពុជា គឺ​ស្ថាប័ន​ស្រាវជ្រាវ​របស់​ជាតិ គ្មាន​សិទ្ធិ​ក្នុង​ការរៀបចំ​សេចក្ដី​ព្រាង​ច្បាប់ និង​សេចក្ដី​ស្នើ​ច្បាប់​នោះ​ទេ។

ទាក់ទង​ករណី​នេះ អាស៊ីសេរី បាន​ព្យាយាម​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ធម្មការ និង​សាសនា លោក សេង សុមុនី ជាច្រើនលើក ប៉ុន្តែ​ចូល​ពុំ​ទទួល​ទូរស័ព្ទ។

ព្រះចៅ​អធិការ​វត្ត​ប្រាសាទ​ស្រះ​កណ្ដាល ហៅ​វត្ត​ខ្ចាស់ ខេត្ត​បន្ទាយមានជ័យ ព្រះតេជព្រះគុណ ចាន់ សុជន មាន​ថេរ​ដីកា​ថា ព្រះ​វិន័យ​របស់​ភិក្ខុសង្ឃ គឺ​អ្នក​ដែល​មិន​បាន​បួស មិន​អាច​យល់ដឹង​ស៊ីជម្រៅ ទេ ម្លោះ​ហើយ​ពលរដ្ឋ​ខ្លះ ក៏​ចោទ​ព្រះសង្ឃ​ថា ប្រព្រឹត្តិ​ខុស​នេះ​ឬ​ខុស​នោះ ដោយសារ​ជួន​កាល ពួក គេ​គ្រាន់តែ​មើល​ដោយ​ប្រើ​អារម្មណ៍ និង​ទស្សនៈ​ផ្ទាល់ខ្លួន​តែប៉ុណ្ណោះ។ ព្រះតេជព្រះគុណ បន្ត​ថា ព្រះធម៌ វិន័យ​មាន​ចំនួន​ប្រាំបី​ម៉ឺន​បួន​ពាន់​ព្រះ ធម្ម​ខន្ធ ដែល​ព្រះសម្មាសម្ពុទ្ធ​បញ្ញត្តិ​ទុក​មក គឺ​មិន អាច​បុគ្គល ណាមួយ​ធ្វើ​វិសោធនកម្ម ឬ​បន្ថែមបន្ថយ​បានទេ។ ព្រះតេជព្រះគុណ ពន្យល់​បន្ត​ថា ក្នុង សម័យកាល​ព្រះពុទ្ធ ក៏​មាន​ព្រះសង្ឃ​ខូច​ខ្លះ​ដែរ មិនមែន​មានតែ​សម័យ​បច្ចុប្បន្ន​ទេ ប៉ុន្តែ​ព្រះសង្ឃ ទាំងនោះ តែងតែ​ត្រូវ​បាន​ពិនិត្យ និង​ដោះស្រាយ តាម​ធម៌​វិន័យ​របស់​ព្រះពុទ្ធ​រហូត​មក៖ «ព្រះ​វិន័យ​សង្ឃ ឧទាហរណ៍​ថា ឆាន់​សុរា ការប្រព្រឹត្ត​នូវ​មេថុនធម្ម ជាមួយ​មាតុគ្រាម ឬ​ស្ត្រី​អី​នោះ គឺ​ត្រូវ​មាន​កម្រិត ឧទាហរណ៍​ត្រូវ​អាបត្តិ​បរាជិក ត្រូវ​សឹក ឬ​មិន​ដល់​កម្រិត​សិក​ទេ ក៏​លោក​ធ្វើ​កិច្ច​នៅ​ក្នុង​វិន័យ។ និយាយ​ជា​រួម​ទៅ ព្រះ​វិន័យ​សង្ឃ​មាន​អស់ហើយ ដែល​មិន​ត្រូវ មាន​ច្បាប់​ថ្មី​នៅ​លើ​អ្វី​ដែល​ចែង​មក​ហើយ​នុះ​ទេ ប៉ុន្តែ​អ្វី​ដែល​អាត្មា​ចង់​និយាយ​គឺ​មួយទៀត​ខាង​អាជ្ញាធរ មាន​សមត្ថកិច្ច​ជាដើម លូកដៃ​ក្នុង​រឿង​នឹង។ ជួន​កាល​មិន​ទាន់​មាន​មន្ត្រី​សង្ឃ ឬ​ឧបជ្ឈា​ដោះស្រាយ​រឿង​នឹង​ផង អាជ្ញាធរ​មកដល់ ពេញ​វត្ត​បាត់ រហូត​ឈាន​ដល់​ការ​ចាប់​ផ្សឹក និង​ឈាន​ដល់​ការ​ធ្វើ​ទារុណកម្ម​ទៀត»

ព្រះតេជព្រះគុណ បន្ត​ថា ប្រសិនបើ​លោក​បណ្ឌិត សុខ ទូច មាន​មតិ​យោបល់​ក្នុង​ន័យ​ស្ថាបនា​ចំពោះ​ការប្រព្រឹត្តិ​របស់​ព្រះ​ភិក្ខុសង្ឃ គួរតែ​ទៅ​ជួប​ពិភាក្សា​ជាមួយ​ក្រសួង​ធម្មការ និង​សម្តេច​ព្រះសង្ឃរាជ ដើម្បី​ផ្ទល់​យោបល់​កែ​លម្អ ដោយ​មិន​គួរ​និយាយ​ផ្សព្វផ្សាយ​ហែកហួរ ពី​រឿង​តូច​ទៅ ជា​រឿង​ធំ​នោះ​ទេ។ ទោះ​យ៉ាង​ណា​ក្តី​ព្រះ​តេជព្រះគុណ ក៏​អំពាវនាវ​ដល់​ស្ថាប័ន​ព្រះសង្ឃ​មាន​ក្រសួង​ធម្មការ​ជាដើម ជួយ​បន្ត​យកចិត្ត​ទុក​បន្ថែម​ទៀត ចំពោះ​ការអប់រំ​នៅ​ក្នុង​វិស័យ​ពុទ្ធចក្រ​ឲ្យ​បាន​រីកចម្រើន និង​រឹងមាំ​ដូច សម័យ​ពី​ដើម​ក្នុង​ទសវត្សរ៍​ទី​៦០​ឬ​មុន​ហ្នឹង​បន្តិច ដែល​មាន​ព្រះសង្ឃ​ជាច្រើន បាន​ក្លាយ​ជា​អ្នក​ប្រាជ្ញ៖ «ធ្វើ​ម៉េច​មន្ត្រី​សាសនា​ទាំង​មន្ត្រី​ក្រសួង​ធម្មការ និង​ស្ថាប័ន​សម្ដេច​នាយក​ក្តី ពិនិត្យ​សារ​ឡើងវិញ ហើយ​ធ្វើ​ម៉េច​អោយ​ព្រះសង្ឃ​គ្រប់​អង្គ និង​ព្រះ​គ្រូ​ចៅអធិការ​ជាដើម ទទួល​បាន​ចំណេះដឹង និង​បាន​អនុវត្ត​ល្អ​សមរម្យ ជាង​នេះ ដើម្បី​ទទួល​បាន​នូវ​ឧត្ដមភាព ហើយ​សាក​សមជា​អ្នកបួស ព្រោះ​អ្នកបួស​មាន​កម្រិត​មួយ​ខ្ពស់ សូម្បីតែ​ព្រះមហាក្សត្រ ក៏​ថ្វាយ​បង្គំ​លោក​ដែរ»

អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ទាំង​ព្រះសង្ឃ និង​ពលរដ្ឋ​សាមញ្ញ​មួយ​ចំនួន​ទៀត ក៏បាន​សរសេរ​រិះគន់​ខ្លាំងៗ​ថា លោក​សុខ ទូច ជា​បណ្ឌិត តែ​និយាយ​តាម​កំហឹង និង​តាម​ការ​នឹក​ឃើញ ទាំង​ដែល​មិន​ចេះ​ដឹង​នូវ​ធម៌​វិន័យ​របស់​ព្រះសង្ឃ។ អ្នក​ខ្លះ​ទៀត សរសេរ​ថា លោក​បណ្ឌិត សុខ ទូច គួរតែ​ខំ​ប្រព្រឹត្ត​ខ្លួនឯង​អោយ​ល្អ​សិន​ទៅ ព្រោះ​ពេលនេះ លោក​មិនទាន់​ជា​អ្នក​លះបង់​អំពើ​អាក្រក់ នោះ​ទេ ហើយ​កំពុង​ត្រូវ​បាន​ប្រជាពលរដ្ឋ​ព្រួត​ជេ និង​ស្អប់ ដោយសារតែ​លោក​លក់​ឧត្តមគតិ និយាយ ភូត​កុហក​និង​ការពារ​របប​ផ្ដាច់ការ។ លើស​ពី​នេះ អ្នកខ្លះ​ក៏​ស្នើសុំ​ឲ្យ​លោក សុខ ទូច គួរតែ​ពិនិត្យ ទៅលើ​របប​លោក​ហ៊ុន សែន​ដែល​កំពុងតែ​រំលោភ​រដ្ឋធម្មនុញ្ញ និង​បំពាន​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​ជាដើម។ ចំណែក​រឿង​បព្វជិត មិន​គោរព វិន័យ​បាន​ត្រឹមត្រូវ ជា​រឿង​ក្រិត​ក្រមសីលធម៌ ពាក់ព័ន្ធ​នឹង​ជំនឿ និង​សង្គម ដូច្នេះ​ត្រូវ​ទុក​អោយ​ថ្នាក់ដឹកនាំ​សាសនា​ជា​អ្នក​ទ​ទូល​ខុសត្រូវ។

ជា​ការ​ឆ្លើយតប​ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា លោក សុខ ទូច មាន​ប្រសាសន៍​ថា ការរិះគន់​របស់​ព្រះសង្ឃ​ជា​រឿង​ធម្មតា ហើយ ប្រសិនបើ​ព្រះសង្ឃ​មាស​ទឹក​ដប់​នោះ គឺ​មិន​ត្រូវ​ខ្លាច​ការ​រិះគន់​នោះ​ទេ គឺ​គួរតែ​ចូលរួម​សួរដេញដោល​និង​ជួយ​ផ្តល់​គំនិត​យោបល់ ប៉ុន្តែ​មន្ត្រី​សង្ឃ​ដែល និមន្ត​អោយ​ចូលរួម​ធ្វើជា​វាគ្មិន​ចំនួន ៤​អង្គ មិនបាន​ចូលរួម​ទៅវិញ រួម​ទាំង​លោកស្រី ខ្លូត ធីតា ទីប្រឹក្សា​រដ្ឋាភិបាល និង​ជា​អតីត​ប្រធាន រាជបណ្ឌិត សភា​កម្ពុជា​ទៀត​ផង។ ទោះជា​មានការ​រិះគន់​យ៉ាង​ណា​ក្តី លោក​បណ្ឌិត សុខ ទូច នៅ​តែ​មាន​ជំហរ​ចង់​ឲ្យ​មានការ​ស្រាវជ្រាវ​ពាក់ព័ន្ធ​ភាព​មិន​ប្រក្រតី​នានា​ពាក់ព័ន្ធ​នឹង​កិច្ចការ​សាសនា ដើម្បី​ដាក់​ជូន ទៅ​ស្ថាប័ន​រដ្ឋាភិបាល និង​បន្ត​បញ្ជូន​ទៅ​រដ្ឋសភា ពិនិត្យ និង​អនុម័ត៖ «យើង​រង់ចាំ​លទ្ធផល​ថា តើ​វាគ្មិន​ឆ្លើយ​​ថា​ម៉េច​ខ្លះ ហើយ​វាគ្មិន​ត្រូវ​បន្ត​ស្រាវជ្រាវ​ទៀត បើ​បន្ត​ស្រាវជ្រាវ​ទៀត យើង​នឹង​ធ្វើ​លិខិត​មួយ​ទៅ​ក្រសួង​ដែល​ពាក់ព័ន្ធ និង​ចុះ​ស្រាវជ្រាវ​បន្ត​ទៀត យើង​មិន​អាច​ថយក្រោយ​ទេ ធម្មតា ការងារ​បើ​គ្រាន់តែ​ប៉ះ​អី​បន្តិច មាន​បញ្ហា ដោះស្រាយ​រឿង ប្រទេសជាតិ​អត់​បានទេ។ ប្រសិនបើ​លោក​មាស​ទឹក​ដប់ មានរឿង​លោក​ត្រូវ​ខ្លាច ត្រូវ​អញ្ជើញ​គេ​ចូលរួម ដើម្បី​សិក្សា​អោយ​ឃើញ​ការពិត មិនមែន​មក​ជេ​តាម​ហ្វេសប៊ុក តាម​អី​អ៊ីចឹង​គឺ​អត់​ត្រូវ ហើយ​បួស​ធ្វើ​អី បើ​បួស​ជេ ដាក់​បណ្ដាសា​អ៊ីចឹង»

របាយការណ៍​របស់​ក្រសួង​ធម្មការ ក្នុង​ឆ្នាំ​២០១៧ បង្ហាញ​ថា នា​ពេល​បច្ចុប្បន្ន ប្រទេស​កម្ពុជា មាន​ព្រះសង្ឃ​ចំនួន​ជិត ៧​ម៉ឺន (៦៩.១៩៩)​អង្គ។ រីឯ វត្តមាន​ចំនួន​ជិត ៥​ពាន់​វត្ត (.៨៧២)

មេគណ​រាជធានី​ភ្នំពេញ និង​ជា​ព្រះ​គ្រូសូត្រ​ស្តាំ​វត្ត​បទុមវតី ព្រះ​ញាណ​វង្ស ឃឹម សន ធ្លាប់​មាន សង្ឃដីកា​ថា ជាទូទៅ​ចំពោះ​សង្ឃ​ណា​ដែល​មាន កំហុស​នោះ គឺ​មាន​ថេរ​សភា​សង្ឃ​កំពូល និង​មាន​ថេរ​សភា​ស្រុក ខេត្ត រាជធានី សម្រាប់​កាត់​ក្តី​សង្ឃ។ ព្រះ​តេជព្រះគុណ បន្ត​ថា ក្នុង​ករណី​ប្រសិនបើ សភា​សង្ឃ​ក្នុង​ដែន​ខណ្ឌ​ដោះស្រាយ​អស់​លទ្ធភាព​ហើយ​មិន​ចប់ គឺ​ត្រូវ​បញ្ជូន​មក​ថេរសភា​សង្ឃ​ថ្នាក់​លើ និង​មក​ក្រុម​វិន័យ​សង្ឃ​កំពូល ថា​តើ​គួរ​ចាត់វិធានការ​ទៅលើ​សង្ឃ​អង្គ​នោះ​យ៉ាងណា។ ម្យ៉ាងទៀត​ប្រសិនបើ​សង្ឃ​ណា​មាន​កំហុស​ពាក់ព័ន្ធ​នឹង​ច្បាប់​រដ្ឋ​នោះ ហើយ​ប្រសិនបើ​ថេរ​សភា​សង្ឃ​ថ្នាក់ក្រោម​ដោះស្រាយ​យឺតយូរ តែ​ខាង​តុលាការ មាន​ភស្តុតាង​រឹងមាំ​គ្រប់គ្រាន់ និង​ចេញ​ដីកា​មក​ថា ភិក្ខុ​អង្គ​នោះ​ត្រូវ​មានទោស​ព្រហ្មទណ្ឌ ដូច្នេះ​ខាង​មន្ត្រី​សង្ឃ​មិន​អាច​រង់ចាំ​បានទេ ហើយ​ត្រូវ​ផ្សឹក​ឲ្យ​លាចាក​សិក្ខាបទ​ភ្លាមៗ។

ម្យ៉ាងវិញទៀត ដើម្បី​ពង្រឹង​ធម៌​វិន័យ​របស់​ព្រះសង្ឃ គឺជា​រៀងរាល់​ឆ្នាំ ស្ថាប័ន​ព្រះសង្ឃ​តែងតែ​រៀបចំ​ប្រជុំ​អនុសំវច្ឆរមហាសន្និបាត គឺ​សំដៅ​ដល់​កិច្ចប្រជុំ​របស់​ព្រះសង្ឃ​ទូទាំង​ប្រទេស ដើម្បី​ពិនិត្យមើល​ទៅលើ​ចំណុច​សំខាន់ៗ​មួយ​ចំនួន រួមមាន​ប្រព័ន្ធ​អប់រំ​ក្នុង​ព្រះពុទ្ធសាសនា ដែល​ហៅថា​ពុទ្ធិកសិក្សា ការ​គោរព​ប្រតិបត្តិ​របស់​ព្រះសង្ឃ ក្នុង​ធម៌​វិន័យ និង​ការចូលរួម​របស់​ព្រះសង្ឃ​ក្នុង​ការ​អភិវឌ្ឍ​សង្គម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

Sok Touch is also drafting a law to control his mother and father, and his parents in law.

Oct 21, 2018 12:56 PM

គេហទំព័រ​ទាំងមូល