កម្មករ​ទាមទារ​ប្រាក់​ឈ្នួល​យ៉ាង​តិច​បំផុត​២០៧​ដុល្លារ​ក្នុង​១​ខែ

ដោយ ម៉ៅ សុធានី
2018-05-03
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កម្មករ​និយោជិត​នាំ​គ្នា​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា លើក​ទី​១៣០ នៅ​រាជធានី​ភ្នំពេញ។
កម្មករ​និយោជិត​នាំ​គ្នា​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា លើក​ទី​១៣០ នៅ​រាជធានី​ភ្នំពេញ។
Photo: RFA

កម្មករ​រោងចក្រ​ជាង​២​ពាន់​នាក់ ដែល​បាន​ចូលរួម​ប្រារព្ធ ទិវា​ពលកម្ម​អន្តរជាតិ ១ឧសភា លើក​ទី​១៣៧ កាលពី​ថ្ងៃ​ទី១ ឧសភា បាន​ទាមទារ​ប្រាក់​ឈ្នួល​អប្បបរមា ចំនួន ២០៧ដុល្លារ ក្នុង​មួយ​ខែ។ ពេល​នោះ កម្មករ ក៏​បាន​សំណូមពរ​ឲ្យ​របប​លោក ហ៊ុន សែន ទប់ស្កាត់​ទំនិញ​សព្វសារពើ​ដែល​ចេះតែ​ឡើងថ្លៃ​ឥត​ឈប់ឈរ រួម​មាន​ម្ហូបអាហារ និង​សាំង​ជាដើម។

ប្រធាន​សហភាព​ការងារ​កម្ពុជា​លោក អាត់ ធន់ លើកឡើង​ថា ការ​ទាមទារ​ចង់បាន​ប្រាក់​ឈ្នួល ២០៧ដុល្លារ ក្នុង​មួយ​ខែ​នេះ គឺ​មិនមែន​ចំពោះតែ​កម្មករ​រោងចក្រ​នោះ​ទេ គឺ​ចង់​ឲ្យ​របប​លោក ហ៊ុន សែន ធានា​ប្រាក់​អប្បបរមា​នេះ ដល់​កម្មករ ក្នុង​គ្រប់​វិស័យ​ការងារ​ទាំងអស់ រួមមាន ផ្នែក​សំណង់ ដឹកជញ្ជូន និង​សេវាកម្ម​នានា ជាដើម។ លោក អាត់ ធុន ថា តំណាងរាស្ត្រ​៤​រូប នៃ​គណៈកម្មាធិការ​សភា បាន​មក​ទទួល​ញត្តិ​ដោយ​ផ្ទាល់ ពី​កម្មករ​នៅ​កន្លែង​ប្រារព្ធ​ពិធី​នេះ នៅ​សួនច្បារ​ខាងមុខ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា។ លោក​បន្ត​ថា ក្នុង​ញត្តិ​នោះ​កម្មករ​បាន​សំណូមពរ​១៩ ចំណុច ក្នុង​នោះ​មាន​៤​ចំណុច​សំខាន់ៗ ពាក់ព័ន្ធ​នឹង​ប្រាក់​ឈ្នួល​អប្បបរមា បញ្ហា​ថៅកែ​រោងចក្រ​រត់ចោល បញ្ហា​លំបាក​របស់​សហ​ជីព និង​ច្បាប់​សហជីព៖ «ពាក់ព័ន្ធ​ទី​១ គឺ​ស្នើ​រដ្ឋាភិបាល​កំណត់​ប្រាក់​ឈ្នួល​គោល​អប្បបរមា​ដល់​កម្មករ​និយោជិក រោងចក្រ សំណង់​ការដ្ឋាន ២០៧​ដុល្លារ។ ទី​២ ស្នើ​ឲ្យ​រដ្ឋាភិបាល​គិតគូរ ពិនិត្យមើល ក្រុមហ៊ុន សហគ្រាស​ដែល​បិទទ្វារ​កន្លងមក មិនបាន​គិតគូរ​លុយ​ដល់​កម្មករ​តាមច្បាប់​ទេ។ ទី​៣ បញ្ហា​ច្បាប់​សហជីព ពីមុន​កម្មករ​មាន​បញ្ហា​យើង​តំណាង​ឲ្យ​កម្មករ ប៉ុន្តែ​ឥឡូវនេះ យើង​មិន​អាច​តំណាង​ឲ្យ​កម្មករ​បានទេ...»

អគ្គលេខាធិការ​សម្ព័ន្ធ​សហជីព​សេរី​ស្ត្រី​កាត់ដេរ កញ្ញា អ៊ុំ ឌីណា ទទួលស្គាល់​ថា កម្មករ​ពិតជា​ត្រូវការ​យ៉ាងតិច ២០៧ដុល្លារ ក្នុង​មួយ​ខែ ដើម្បី​អាច​រស់នៅ​សមរម្យ​បាន។ កញ្ញា​បន្ត​ថា អាជ្ញាធរ​ក្រុងភ្នំពេញ ត្រូវ​ចុះ​ពិនិត្យមើល​ផ្ទាល់ ពី​ស្ថានភាព​រស់នៅ​របស់​កម្មករ នៅ​កន្លែង​ផ្ទះ​ជួល និង​ធ្វើ​យ៉ាងណា​ជួយ ទប់ស្កាត់​នៃ​ទំនិញ​សព្វសារពើ​ក្នុង​ផ្សារ ដែល​បាន​ឡើងថ្លៃ ក្រោយ​ដែល​កម្មករ បច្ចុប្បន្ន បាន​ទទួល​ប្រាក់ខែ​អប្បបរមា ១៧០​ដុល្លារ​ក្នុង​មួយ​ខែ៖ «ប្រាក់​ឈ្នួល​គាត់​ឡើង​ដល់​១៧០​ដុល្លារ​មែន ប៉ុន្តែ​ទំនិញ​ទីផ្សារ​ឡើងថ្លៃ ថ្លៃឈ្នួល​ផ្ទះ​ដូចជា​ថ្លៃ​អគ្គិសនី។ ឈ្នួល​ផ្ទះ​ដោយឡែក​នៅ​ទីកន្លែង​មួយ​ចំនួន ឡើងថ្លៃ​ជា​លំដាប់។ ជាទូទៅ​ទំនិញ​ប្រើប្រាស់​ប្រចាំថ្ងៃ គឺ​ឡើងថ្លៃ អ៊ីចឹង​ប្រាក់​ហ្នឹង មិន​អាច​ចាយវាយ​គ្រប់គ្រាន់​ទេ។ ពួក​ខ្ញុំ​ធ្វើការ​ស្រាវជ្រាវ​រក​ឃើញ​ដល់​ទៅ​២៥០​ដុល្លារ​ឯណោះ ដែល​ត្រូវ​ការ​ចំណាយ។ ប៉ុន្តែ​យើង​បែងចែក​ទៅ គឺ​២០៧​ដុល្លារ​ហ្នឹង គឺ​បូករួម​នឹង​ធ្វើ​ការ​ថែម​ម៉ោង​របស់​ពួកគាត់»

ប្រធាន​សហភាព​ការងារ​កម្ពុជា​លោក អាត់ ធន់ ឲ្យ​ដឹង​ផង​ដែរ ថា តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា អ្នកស្រី ឡោក ខេង ដែល​បាន​មក​ទទួល​ញត្តិ​នោះ សន្យា​ថា គណៈកម្មាធិការ​ទី​១​នៃ​រដ្ឋសភា នឹង​ជជែក​ពិភាក្សា​ពី​សំណូមពរ​និង​ក្ដី​បារម្ភ​របស់​កម្មករ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល