ពលរដ្ឋ​ស្រុក​អូរជ្រៅ​ខេត្ត​បន្ទាយមានជ័យ​ជា​ច្រើន​នាក់​ជិះ​គោយន្ត​ឆ្លង​ដែន​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ

ដោយ សេក បណ្ឌិត
2018-01-11
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លំនៅឋាន​ប្រជាពលរដ្ឋ​តាម​ព្រំដែន​ក្នុង​ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មិថុនា ឆ្នាំ​២០១៧។
លំនៅឋាន​ប្រជាពលរដ្ឋ​តាម​ព្រំដែន​ក្នុង​ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មិថុនា ឆ្នាំ​២០១៧។
RFA/Hum Chamroeun

ប្រជាពលរដ្ឋ​ខ្មែរ​រស់​នៅ​តាម​ជាប់​ព្រំដែន​ថៃ ​ក្នុង​ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ជា​ច្រើន​នាក់​ បាន​នាំ​គ្នា​ជិះ​គោយន្ត​ឆ្លង​ដែន​តាម​ច្រក​របៀង​ទាំង​ប្រថុយប្រថាន​ ដើម្បី​ទៅ​ស៊ី​ឈ្នួល​​ធ្វើ​ការ​ងារ​នៅ​ប្រទេស​ថៃ ដោយ​ខុស​ច្បាប់។ ការងារ​ទាំង​នោះ គឺ​អ្នក​ភូមិ​ត្រូវ​ធ្វើ​ដំណើរ​ចេញ​ទៅ​នៅ​ពេល​ព្រឹក ​ហើយ​ត្រឡប់​មក​ផ្ទះ​វិញ​ពេល​រសៀល​ និង​អាច​បាន​ប្រាក់​ចំណូល​ពី​ការងារ​ឆ្លង​ដែន​នោះ ​​ប្រមាណ ២​ម៉ឺន ៥​ពាន់​រៀល (២៥.០០០) ក្នុង​មួយ​ថ្ងៃ។

​​អ្នក​ភូមិ​នៅ​រស់​នៅ​ជាប់​​ព្រំដែន​នៃ​ស្រុក​អូរជ្រៅ លើក​ឡើង​ថា ការ​ស្វែង​រក​ការងារ​ធ្វើ​ដោយ​ឆ្លង​ដែន​ទាំង​ប្រថុយប្រថាន​នឹង​គ្រោះថ្នាក់ និង​ប្រឈម​នឹង​ផ្លូវ​ច្បាប់​នេះ មិន​អាច​​បាន​ប្រាក់​ធ្វើ​មាន​បាន​នោះ​ទេ គឺ​បាន​ចំណូល​គ្រាន់​តែ​សម្រាប់​ដោះ​ទាល់​ដើម្បី​រស់​​មួយ​រយៈ​ពេល​ប៉ុណ្ណោះ។

ពលរដ្ឋ​ម្នាក់​រស់​នៅ​ក្បែរ​ច្រក​របៀង​ទំនប់​ដាច់ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ​ ខេត្ត​បន្ទាយមានជ័យ លោកស្រី សន ថែល ថ្លែង​ថា​ សព្វថ្ងៃ​នេះ​យ៉ាង​ហោច​ណាស់​មាន​ពលរដ្ឋ​ជិះ​គោយន្ត​ឆ្លង​ដែន​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ តាម​ច្រក​ព្រំដែន​តាម​គោយន្ត​ប្រមាណ ​៦​គ្រឿង ​ក្នុង​មួយ​ថ្ងៃ ដោយ​ពួកគាត់​ចេញ​ដំណើរ​នៅ​ម៉ោង ​៦​ព្រឹក ហើយ​ត្រឡប់​មក​ផ្ទះ​​វិញ​នៅ​ម៉ោង​ ៦​ល្ងាច។ លោកស្រី​អះអាង​ទៀត​ថា មូលហេតុ​ដែល​អ្នក​ភូមិ​ឆ្លង​ដែន​ទៅ​ធ្វើ​ការ​ប្រទេស​ថៃ​ ដោយសារ​នៅ​ស្រុក​ខ្មែរ​គ្មាន​ការងារ​ធ្វើ​ ហើយ​ការ​នាំ​គ្នា​ជិះ​គោយន្ត​ទៅ​ស៊ី​ឈ្នួល​នៅ​ថៃ នោះ គឺ​ដក​ដំឡូង​មី និង​កាប់​អំពៅ​ឲ្យ​ថៅកែ​ថៃ ដោយ​ថៅកែ​ជន​ជាតិ​ថៃ ចាំ​ទទួល​នៅ​ច្រក​ព្រំដែន​តែម្ដង៖ «គេ​មាន​ការ​ងារ​បន្ត​បន្ទាប់​មិន​ដាច់​ទេ ពេល​នេះ​គេ​ទៅ​កាប់​អំពៅ​រហូត​ដល់​ចូល​ឆ្នាំ​ខ្មែរ​ ពេល​រួច​បុណ្យ​ចូល​ឆ្នាំ​ទៅ​ស៊ី​ឈ្នួល​ដាំ​បន្ត​ទៀត។ អ្នក​ខ្លះ​មាន​ម៉ែ​ទៅ​យក​កូន​ទៅ​ជា​មួយ​ដែរ ហើយ​អ្នក​នៅ​ឆ្ងាយ​គេ​ដេក​នៅ​ដី​ថៃ បើ​អ្នក​ជិត​គេ​មក​វិញ ក្មេងៗ​គេ​ទៅ​អស់​នៅ​តែ​មនុស្ស​ចាស់ៗ​ទេ​ក្នុង​ភូមិ»

​​​​​ចំណែក​អ្នក​លក់​ចាប់ហួយ​នៅ​ជាប់​ព្រំដែន​ថៃ ក្បែរ​ច្រក​របៀង​ទំនប់​ដាច់ លោកស្រី គឹម ស្រីតូច ឲ្យ​ដឹង​ថា ចំនួន​ពលរដ្ឋ​ឆ្លង​ដែល​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ នៅ​តែ​មាន​ច្រើន ​បើ​ទោះ​បី​ជា​ក្រុម​យុវជន​មួយ​ចំនួន​បាន​ទៅ​ធ្វើ​ការងារ​រោងចក្រ​នៅ​ក្រុង​ប៉ោយប៉ែត ខ្លះ​​ក្ដី។ លោកស្រី​បន្ថែម​​ថា ​នៅ​តាម​ផ្ទះ​របស់​ពលរដ្ឋ​​តំបន់​ព្រំដែន​មាន​សភាព​ស្ងប់ស្ងាត់​នៅ​ពេល​ថ្ងៃ និង​មាន​សភាព​អ៊ូអរ​ឡើង​វិញ​នៅ​ពេល​រសៀល និង​ពេល​ព្រឹក ព្រោះ​ជា​ពេល​ដែល​អ្នក​ភូមិ​ត្រឡប់​មក​ពី​ធ្វើ​ការ​នៅ​ប្រទេស​ថៃ។

លោកស្រី​ឲ្យ​ដឹង​ទៀត​ថា ​ចំពោះ​ពលរដ្ឋ​ដែល​ទៅ​ធ្វើ​នៅ​ប្រទេស​ថៃ ដោយ​អ្នក​ខ្លះ​ធ្វើ​ការ​គិត​តម្លៃ​ឈ្នួល​មួយ​ថ្ងៃ​ដែល​មាន​តម្លៃ​ប្រមាណ​ពី​ ២​ម៉ឺន ​៥​ពាន់ ទៅ ៣​ម៉ឺន​រៀល​ក្នុង  (៣០.០០០) និង​អ្នក​ខ្លះ​ទៀត​មៅ​ការ​កាប់​អំពៅ​រាប់​បាច់​ឲ្យ​ថៃ ជា​ដើម៖ «អ្នក​ទៅ​ស៊ី​ឈ្នួល​ថៃ គេ​តែង​ប្រាប់​ខ្ញុំ​ថា​គេ​កាប់​អំពៅ​រាប់​បាច់ ដោយ ១០០​បាច់​បាន​ប្រមាណ ១​ម៉ឺន ៥​ពាន់​រៀល។ ឥឡូវ​គេ​ទៅ​ធ្វើ​ការ​រោងចក្រ​ខ្លះ​ បើ​អត់​ទាន់​មាន​រោង​ចក្រ​ទៅ​ច្រើន​ បើ​មិន​ទៅ​ស៊ី​ឈ្នួល​​ថៃ នៅ​នេះ​អត់​មាន​មុខ​របរ​អី​រក​ប្រាក់​ចំណូល​ទេ»

តំបន់​ដែល​ពលរដ្ឋ​ទៅ​ធ្វើ​ការ​ក្នុង​ទឹក​ដី​ថៃ​នោះ​ គាត់​ច្រើន​គឺ​នៅ​ជាប់​នឹង​ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ដែល​នៅ​មិន​ឆ្ងាយ​ពី​ព្រំដែន​ខ្មែរ-​ថៃ ប៉ុន្មាន​នោះ​ទេ​ ​ដោយ​​កន្លែង​ខ្លះ​ចម្ងាយ​ប្រមាណ​ពី​៣ ទៅ ​៥​គីឡូម៉ែត្រ​ពី​ច្រក​ព្រំដែន។ ម្យ៉ាង​ទៀត​​ពលរដ្ឋ​ភាគ​ច្រើន​ធ្វើ​ដំណើរ​ដោយ​គោយន្ត និង​អ្នក​ខ្លះ​ទៀត​ដោយ​ម៉ូតូ​ផ្ទាល់​ខ្លួន ជិះ​តាម​ច្រក​របៀង​ទំនប់​ដាច់​ចូល​ទៅ​ដល់​ប្រទេស​ថៃ តែ​ម្ដង។

មន្ត្រី​យោធា​ប្រចាំ​ការ​នៅ​ច្រក​ទំនប់​ដាច់​ លោក រ័ត្ន នាសនា មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​ឆ្លង​ដែល​ទៅ​ធ្វើ​ការ​ប្រទេស​ថៃ តាម​ច្រក​របៀង​ប្រចាំ​ការ​មាន​ចំនួន​ច្រើន​ជាង​គេ​ក្នុង​តំបន់​ច្រក​ព្រំដែន​នៃ​ស្រុក​អូរជ្រៅ គឺ​​មាន​ប្រមាណ​ពី ៣០ ទៅ ៦០​នាក់​ក្នុង​មួយ​ថ្ងៃ ចំណែក​ឯ​ច្រក​ព្រំដែន​ផ្សេង​ទៀត​ មាន​ប្រមាណ​ពី​ ២០ ទៅ ​៣០​នាក់​ក្នុង​មួយ​ថ្ងៃ។

លោក​អះអាង​ទៀត​ថា ចំពោះ​ពលរដ្ឋ​ដែល​ឆ្លង​ដែន​ អ្នក​ខ្លះ​មក​ពី​ខេត្ត​ឆ្ងាយ និង​មួយ​ចំនួន ​គឺ​ជា​ប្រជាពលរដ្ឋ​រស់​នៅ​តំបន់​ព្រំដែន​ ហើយ​រដូវ​ដែល​សំបូរ​ការងារ​ច្រើន គឺ​ចន្លោះ​ពី​ខែ​វិច្ឆិកា ដល់​មេសា ជា​រៀងរាល់​ឆ្នាំ៖ «ពួក​គាត់​ទៅ​អំពៅ​នៅ​ជិតៗ​ព្រំដែន​នេះ​ឯង ពួកគាត់​មិន​ហ៊ាន​ទៅ​ឆ្ងាយ​ទេ ព្រោះ​អត់​មាន​លិខិត​ឆ្លង​ដែន​ធ្វើ​ការងារ​ទេ ខ្លាច​គេ​ចាប់។ ខ្លះ​បាន​ច្រើន ខ្លះ​បាន​តិច​ ដោយ​អ្នក​ខ្លះ​មេការ​បាន​ច្រើន ប្រមាណ​ពី​៤ ទៅ ៥​ម៉ឺន​រៀល ចំណែក​អ្នក​ដែល​មិន​ចេះ​អី មាន​ប្រហែល ៣​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ ហើយ​ខែ​ច្រូត​គាត់​អាច​រក​បាន​ច្រើន​ជាង​នេះ​ ដោយ​មួយ​ថ្ងៃ​បាន​ប្រមាណ ៥​ម៉ឺន​រៀល»

លោក​បន្ថែម​ទៀត​ថា​ ប្រមាណ ​៦​ខែ​ចុង​ក្រោយ​នេះ​ ពុំ​មាន​ករណី​សមត្ថកិច្ច​​ចាប់​ពលរដ្ឋ​​ឆ្លង​ដែន​ទៅ​ធ្វើ​ការងារ​ព្រឹក​ត្រឡប់​មក​វិញ​ល្ងាច​នោះ​ទេ ទំនង​ដោយ​សារ​ភាគី​ថៃ​យល់​ថា​ ពួកគាត់​ធ្វើ​ការ​មិន​ឆ្ងាយ​ពី​ព្រំដែន​ខ្មែរ​ ហើយ​ត្រូវ​វិល​ត្រឡប់​មក​ផ្ទះ​វិញ។ ម្យ៉ាង​ទៀត​ពួកគាត់​ក៏​ពុំ​បាន​បង្ក​បញ្ហា​ដល់​ពលរដ្ឋ​ថៃ ដែរ។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ​(Adhoc) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា កត់សំគាល់​ថា ប្រជាពលរដ្ឋ​ទៅ​ធ្វើ​ការ​វិល​ល្ងាច​នៅ​ប្រទេស​ថៃ​ មាន​គ្រប់​ច្រក​របៀង​ក្នុង​ខេត្ត​បន្ទាយមានជ័យ ដោយ​​មួយ​កន្លែង​មាន​ប្រមាណ​​ ២០ ទៅ​ ៧០​នាក់។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​ លើក​ឡើង​ថា ពលរដ្ឋ​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ​ បើ​ទោះ​បី​ជា​ទៅ​ព្រឹក​វិល​ល្ងាច​ក៏​ដោយ​ គឺ​ពួកគាត់​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ដល់​អាយុជីវិត ព្រមទាំង​ប្រឈម​នឹង​ការ​ចាប់​ដាក់គុក​ពី​សមត្ថកិច្ច​ថៃ គ្រប់​ពេល​ ព្រោះ​ពួកគាត់​ឆ្លង​ដែន​ដោយ​ខុស​ច្បាប់៖ «កន្លង​មក​យើង​មាន​ការ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​របស់​ពួកគាត់​ មួយ​វិញ​ទៀត​យើង​គិត​ថា ជា​ការ​សោក​ស្ដាយ​មួយ​នៅ​តាម​ព្រំដែន​ជាប់​ថៃ​ដែរ​បែរ​ជា​​​​យើង​ក្លាយ​ជា​កម្មករ​របស់​គេ គួរ​តែ​យើង​ជា​អ្នក​ជំនួញ​ដូច​គេ​ដែរ ហើយ​យើង​គួរ​តែ​ខ្មាស​ប្រទេស​ជិត​ខាង​ផង»

ខេត្ត​ជាប់​ព្រំដែន​ថៃ ដែល​ពលរដ្ឋ​ខ្មែរ និយម​ឆ្លង​ដែន​ទៅ​ស្វែង​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ មាន​ដូច​ជា​ខេត្ត​បាត់ដំបង បន្ទាយមានជ័យ ​និង​ខេត្ត​ឧត្ដរមានជ័យ ជា​ដើម ដោយសារ​ខេត្ត​ទាំង​នោះ​មាន​ច្រក​របៀង​ច្រើន ដែល​​ធ្វើ​ឲ្យ​ពលរដ្ឋ​​ងាយ​ស្រួល​ក្នុង​ការ​ឆ្លង​ទៅ​ក្រៅ​ប្រទេស។

​លោក ស៊ុំ ច័ន្ទគា​ មាន​ប្រសាសន៍​ថា​ ដើម្បី​កាត់បន្ថយ​កុំ​ឲ្យ​ពលរដ្ឋ​ឆ្លង​ដែន​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ លុះ​ត្រា​តែ​រដ្ឋាភិបាល​កម្ពុជា បង្កើន​ការងារ​នៅ​តាម​ព្រំដែន​ឲ្យ​បាន​ច្រើន ហើយ​ត្រូវ​ស្វែងរក​ទីផ្សារ​លក់​កសិផល​របស់​កសិករ​ឲ្យ​មាន​តម្លៃ​សមរម្យ​ ទើប​ពួកគាត់​អាច​កាត់​បន្ថយ​មិន​ធ្វើ​ចំណាក​ស្រុក​ទៅ​ក្រៅ​ប្រទេស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល