ជីវិត​ផ្សងព្រេង​របស់​បុរស​ម្នាក់​នៅ​ខេត្ត​ពោធិ៍សាត់​លួច​ចូល​ទឹកដី​ថៃ​កាប់​ឈើ​គ្រញូង

ដោយ ជិន ជេដ្ឋា
2017-08-03
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ដោក សុខ ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៧ នៅ​ក្បែរ​ផ្ទះ​របស់​លោក ឋិត​នៅ​ភូមិ​ដីក្រហម ឃុំ​អន្លង់រាប ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់។ RFA/Chin Chetha
លោក ដោក សុខ ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៧ នៅ​ក្បែរ​ផ្ទះ​របស់​លោក ឋិត​នៅ​ភូមិ​ដីក្រហម ឃុំ​អន្លង់រាប ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់។ RFA/Chin Chetha
RFA/Chin Chetha

ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​នាក់​បាន​ស្លាប់ និង​របួស​ដោយសារ​លួច​ចូល​ទឹក​ដី​ថៃ រក​ឈើ​គ្រញូង ហើយ​ត្រូវ​ទាហាន​ថៃ បាញ់​ស្លាប់។ តើ​អ្នក​ឡើង​រក​ឈើ​គ្រញូង​នៅ​ដី​ថៃ ប្រឈម​នឹង​គ្រោះ​ថ្នាក់​យ៉ាង​ណា​ខ្លះ?

នៅ​ក្នុង​ផ្ទះ​បាំង​ជញ្ជាំង​ក្ដារ ប្រក់​ស័ង្កសី​តូច​ល្មម​មួយ​ខ្នង ឋិត​នៅ​ភូមិ​ដីក្រហម ស្រុក​វាលវែង គឺ​ជា​ទីលំនៅ​យ៉ាង​ស្ងប់ស្ងាត់​របស់​លោក ដោក សុខ និង​កូន​ស្រី​តូចៗ​ពីរ​នាក់ ក្រោយ​ប្រពន្ធ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ជាមួយ​ប្ដី​ក្រោយ។ បច្ចុប្បន្ន​លោក ដោក សុខ រស់​នៅ​ដោយ​ពឹង​ផ្អែក​លើ​មុខរបរ​ធ្វើ​ចម្ការ​ទំហំ​បី​ហិកតារ និង​ចូល​ព្រៃ​ស៊ី​ឈ្នួល​អារ​ឈើ​ឲ្យ​គេ បន្ទាប់​ពី​រាងចាល​លែង​ហ៊ាន​ចូល​ដី​ថៃ រក​ឈើ​គ្រញូង។

លោក ដោក សុខ មាន​ប្រសាសន៍​ថា លោក​មាន​ស្រុក​កំណើត​នៅ​ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ តែ​មាន​ប្រពន្ធ​នៅ​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ ជា​ច្រើន​ឆ្នាំ​ហើយ ដោយ​មាន​កូន​ស្រី​ពីរ​ជា​ចំណង​ដៃ​មុន​បែក​គ្នា។ គ្រួសារ​លោក​មាន​ជីវភាព​ទីទ័លក្រ​ខ្លាំង​នៅ​អំឡុង​ឆ្នាំ​២០០៤ ទើប​លោក និង​អ្នក​ស្រុក​ចំណូល​ថ្មី​ចំនួន ៤​នាក់​ផ្សេង​ទៀត នាំ​គ្នា​វេច​អង្ករ និង​ចាន​ឆ្នាំង​ចូល​ព្រៃ​រក​ឈើ​ក្នុង​ដី​ថៃ តាម​ច្រក​របៀង៖ «អត់​តាម​រយៈ​ទេ ទៅ​ចិត្ត​ខ្លួន​ឯង​ទៅ​រក​មួយ​ជើង​ពីរ​ជើង​ទៅ! ទៅ​ប្រហែល​ជា​ម៉ោង ៧​កន្លះ​ឆ្លង​តាម​ច្រក​សូផាន់ហ៊ីន ដើរ​តាម​ព្រៃ ដល់​ផ្លូវ​ក្រោម ផ្លូវ​ក្រហម​របស់​វា​ហ្នឹង។ ដើរ​យប់​ព្រលប់​មូស​ខាំ ទាក​ក៏​ខាំ ហើយ​មេឃ​ក៏​ភ្លៀង តែ​ជីវភាព​ខ្វះខាត ហើយ​ចេះ​តែ​ទៅៗ​ពេក​ហើយ»

លោក​ថា ចម្ងាយ​ផ្លូវ​ពី​ផ្ទះ​លោក​ទៅ​ព្រំដែន​ថៃ ប្រហែល ៧០​គីឡូម៉ែត្រ។ ក្រុម​លោក​ត្រូវ​ជិះ​ម៉ូតូ​ទៅ​ជិត​ដល់​ព្រំដែន​សិន រួច​បន្ត​ដំណើរ​ដោយ​ថ្មើរ​ជើង​ចាប់​ពី​ម៉ោង ៧​កន្លះ រហូត​ដល់​ម៉ោង​៣ ឬ​៤​ទៀបភ្លឺ ទើប​ត្រឡប់​មក​វិញ ក្រោយ​ពី​រក​ឈើ​គ្រញូង​បាន​ម្នាក់​មួយ​ដុំ។ ឈើ​គ្រញូង​ដែល​រក​បាន​នោះ បាន​ច្រៀក​វា​ជា​ឈើ​ឡាំង មាន​ទំហំ​មុខ​កាត់​ជិត ២​តឹក និង​ប្រវែង ១​ម៉ែត្រ ឬ​ជិត ២​ម៉ែត្រ​តាម​កម្លាំង​ដែល​អាច​លី​រួច៖ «ក្នុង​ម្នាក់​បាន​មួយ​ដុំ ប្រហែល ១៧ ប្រវែង​កន្លះ​ម៉ែត្រ ឬ​១​ម៉ែត្រ។ យក​ឲ្យ​គេ​ខាង​ណោះ​ទៅ​គេ​អ្នក​លក់ យើង​ចាំ​តែ​យក​លុយ។ ខ្ញុំ​អត់​ស្គាល់​ដែរ​ហ្នឹង ឃើញ​តែ​ម្ដងៗ ពេល​មក​ដល់​កន្លែង​ព្រំដែន​ទៅ​គេ​លក់​បាត់​ទៅ​មិន​ដឹង​ម៉ូយ​ណា​ទិញ»

នៅ​លើក​ទី​៦ ដែល​លោក​ចូល​ព្រៃ​កាប់​ឈើ​គ្រញូង​ក្នុង​ទឹក​ដី​ថៃ មាន​មិត្តភ័ក្ដិ​លោក​ម្នាក់​ឈ្មោះ យ៉ា ត្រូវ​កង​ទាហាន​ថៃ បាញ់ ១​គ្រាប់​ចំ​ពី​ក្រោយ​ខ្នង បណ្ដាល​ឲ្យ​របួស​ធ្ងន់ និង​ដាច់​ខ្យល់​ស្លាប់​ពេល​សែង​ចេញ​ពី​ព្រៃ​ជិត​ដល់​ទឹក​ដី​ខ្មែរ​វិញ។ ពេល​បាញ់​ត្រូវ​ក្រុម​ទាហាន​ថៃ បាន​ហៅ​លោក និង​អ្នក​ចូល​ទៅ​រក​ឈើ​ជាមួយ​គ្នា​ដែល​រត់​ក្រាប​ពួន​នៅ​ព្រៃ​ក្បែរៗ​នោះ ឲ្យ​សែង​ខ្មោច និង​ឈើ​គ្រញូង​មក​ទឹក​ដី​ខ្មែរ៖ «ទៅ​ដំបូង​ឲ្យ​គ្នា​ពីរ​នាក់​ចាំ​ផ្លូវ ពេល​ចាំ​ផ្លូវ​វា​ឡើយ​ដេក ហើយ​ថៃ ចាប់​អា​ពីរ​នាក់​ហ្នឹង​ហើយ អា​គ្នា​ឯង​ហ្នឹង​វា​ប្រាប់​ឲ្យ​ថៃ​ចាំ​ត្រង់​ហ្នឹង ដល់​ពេល​យើង​ចេញ​មក​ប៉ះ​ជាមួយ​វា​បណ្ដោយ។ កំពុង​លី​ឈើ ដល់​ពេល​ត្រូវ​ទៅ​ធ្លាក់​ឈើ​ពី​ស្មា ដល់​ពេល​ឃើញ​គ្នា​ឯង​ម្នាក់​ត្រូវ​គ្រាប់​ហើយ​មាន​គិត​យ៉ាង​ម៉េច​ទៀត​មាន​យក​មក​ផ្ទះ។ ពេល​យក​មក​ផ្ទះ​ហ្នឹង​ដាក់​ស្នែង​សែង គេ​ថា ឲ្យ​យក​សព និង​ឈើ​មក​ផ្ទះ​ផង វា​ក៏​ទៅ​បាត់​ទៅ យើង​ក៏​ចូល​មក​យក​សព​មក ហើយ​ឈើ​ចោល​ទៅ»

ក្រៅ​ពី​ប្រឈម​នឹង​ទាហាន​ថៃ បាញ់​សម្លាប់ អ្នក​ឡើង​រក​ឈើ​គ្រញូង​ក្នុង​ទឹក​ដី​ថៃ ក៏​ប្រឈម​នឹង​ការ​ដើរ​ជាន់​មីន ពស់​ចឹក និង​សត្វ​កំណាច​ខាំ​ដែរ។ នៅ​អំឡុង​ពេល​ដើរ​រក​គ្រញូង​ក្នុង​ព្រៃ​ទាំង​យប់​នោះ គឺ​ពួក​គេ​ពុំ​មាន​អ្វី​ក្រៅ​ពី​ពិល​បំភ្លឺ​រក​ឈើ​ម្នាក់​មួយ រណា​ដៃ ឬ​ពូថៅ និង​ភួយ​មួយ​សម្រាប់​ទ្រាប់​ខ្នង​លី​ឈើ​ប៉ុណ្ណោះ។ ប៉ុន្តែ​កម្រៃ​បាន​មក​ពី​ការ​លក់​ឈើ មិន​សម​នឹង​ការ​នឿយហត់ និង​ការ​ប្រឈម​នេះ​ឡើយ។

លោក ដោក សុខ ជឿ​ថា សមត្ថកិច្ច​ប្រចាំ​ព្រំដែន​ខ្មែរ-​ថៃ ខ្លះ​បើក​ដៃ​ឲ្យ​មាន​បទល្មើស​នេះ ព្រោះ​ពេល​ពលរដ្ឋ​ចូល​ព្រៃ​រក​ឈើ​បាន​មក​ដល់​ព្រំ​ដែន​ភ្លាម មិន​ពិបាក​លក់​ឡើយ ដោយ​មាន​ឈ្មួញ​មិន​ស្គាល់​មុខ និង​សមត្ថកិច្ច​ខ្លះ​បន្លំ​ខ្លួន​ទិញ​ឈើ​ទាំង​នោះ​ដែរ។ ក្នុង​១​យប់ លោក​អាច​រក​ឈើ​បាន​១​ដុំ ហើយ​លក់​បាន​ចន្លោះ​ពី ៣០​ម៉ឺន​រៀល ទៅ ៤០​ម៉ឺន​រៀល ដើម្បី​យក​ប្រាក់​មក​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ៖ «យើង​ឈឺ​ចាប់​ខ្លាំង តែ​គិត​មិន​ដល់​ធ្វើ​អី​វា​មិន​កើត ធ្វើ​ម៉េច​បើ​យើង​ចូល​ទឹកដី​គេ។ តែ​បើ​យើង​អត់​រក​អា​ហ្នឹង​ក៏​វា​ពិបាក​ដាច់​បាយ​ដាច់​ទឹក​កូន​ចៅ។ ខ្ញុំ​មិន​ដែល​បាន​ទៅ​រក​ថ្ងៃ​ក្រោយ​ទៀត​ផង ឈប់​បណ្ដោយ​ខ្លាច​មាន​ឧបទ្ទវហេតុ​អត់​ដឹង»

លោក​ខក​ចិត្ត​នឹង​ទង្វើ​អមនុស្ស​ធម៌​របស់​ក្រុម​ទាហាន​ថៃ ដែល​បាញ់​មិត្ត​លោក​ឲ្យ​ស្លាប់ ហើយ​ហៅ​ឲ្យ​លី​ទាំង​គ្រញូង និង​ខ្មោច​មក​ស្រុក​វិញ។ លោក​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ឈប់​ទៅ​រក​គ្រញូង​ក្នុង​ដី​ថៃ បន្ត​ទៀត។ សព្វថ្ងៃ​លោក ដោក សុខ រីករាយ​នឹង​មុខ​របរ​ធ្វើ​ចម្ការ និង​ស៊ី​ឈ្នួល​អារ​ឈើ​ឲ្យ​គេ​ម្ដងម្កាល​ដើម្បី​បាន​ប្រាក់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ដោយ​មិន​ចាំបាច់​ប្ដូរ​ជីវិត​ទៅ​រក​គ្រញូង​នៅ​លើ​ទឹកដី​ថៃ​ទៀត​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល