ក្រសួង​ការងារ គ្រោង​សម្រប​សម្រួល​វិវាទ​ការងារ ក្នុង​ក្រុមហ៊ុន​កាស៊ីណូ ណាហ្គា វើលដ៍ ក្រោយ​កម្មករ​កំណត់​ថ្ងៃ​ធ្វើ​កូដកម្ម

ដោយ មួង ណារ៉េត
2019-12-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
បុគ្គលិក​ក្រុមហ៊ុន​កាស៊ីណូ ណាហ្គា វើលដ៍ (Naga World) ជាង ១ពាន់​នាក់ ជួបជុំ​គ្នា​នៅ​ថ្ងៃ​ទី១៥ ខែ​តុលា ឆ្នាំ២០១៩ រៀបចំ​នីតិវិធី​ទាមទារ​ក្រុមហ៊ុន​ឱ្យ​ទទួល​យក​កញ្ញា ឈឹម ស៊ីថរ (អាវ​ស​កណ្ដាល) ជា​ប្រធាន​សហជីព ចូល​ធ្វើការ​វិញ។
បុគ្គលិក​ក្រុមហ៊ុន​កាស៊ីណូ ណាហ្គា វើលដ៍ (Naga World) ជាង ១ពាន់​នាក់ ជួបជុំ​គ្នា​នៅ​ថ្ងៃ​ទី១៥ ខែ​តុលា ឆ្នាំ២០១៩ រៀបចំ​នីតិវិធី​ទាមទារ​ក្រុមហ៊ុន​ឱ្យ​ទទួល​យក​កញ្ញា ឈឹម ស៊ីថរ (អាវ​ស​កណ្ដាល) ជា​ប្រធាន​សហជីព ចូល​ធ្វើការ​វិញ។
រូប៖ សង់ត្រា​ល់ (CENTRAL)

ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ហៅ​តំណាង​កម្មករ​នៃ​ក្រុមហ៊ុន​កាស៊ីណូ ណាហ្គា វើលដ៍ (NAGA World) ដើម្បី​ជួប​ពិភាក្សា និង​ដោះ​ស្រាយ​វិវាទ​ការងារ​ក្នុង​ក្រុមហ៊ុន​កាស៊ីណូ​ដ៏​ធំ​មួយ​នេះ បន្ទាប់​ពី​ក្រុម​បុគ្គលិក​បាន​កំណត់ថៃ្ងធ្វើកូដកម្មចាប់ពីថ្ងៃទី៩ ខែ​មករា ឆ្នាំ២០២០។ មន្ត្រី​សង្គម​ស៊ីវិល​ដែល ធ្វើការ​ផ្នែក​សិទ្ធិមនុស្ស និង​សិទ្ធិ​ការងារ រំពឹង​ថា ក្រសួង​ការងារ​នឹង​ជួយ​ផ្តល់​ដំណោះ​ស្រាយ​សមរម្យ ដើម្បី​បញ្ចៀស​កូដកម្ម ដែល​នាំ​ឲ្យ​មាន​ផល​ប៉ះពាល់​ទាំង​សង​ខាង។

អគ្គលេខាធិការ​នៃ​អគ្គ​លេខាធិការដ្ឋាន​គណៈកម្មការ​សម្រាប់​ដោះ​ស្រាយ​បញ្ហា​កូដកម្ម​បាតុកម្ម​នៅ​តាម​គ្រប់​មុខ​សញ្ញា​នៃ​ក្រសួង​ការងារ លោក ទេស រុក្ខាផល នឹង​ជួប​ជា​មួយ​តំណាង​កម្មករ​និយោជិត ក្រុមហ៊ុន​កាស៊ីណូ ណាហ្គា វើលដ៍ នៅ​ថ្ងៃ​ទី៣០ ខែ​ធ្នូ ដើម្បី​ពិភាក្សា និង​ដោះ​ស្រាយ​វិវាទ​ការងារ។

លិខិត​អញ្ជើញ​របស់​មន្ត្រី​ក្រសួង​ការងារ​លោក ទេស រុក្ខាផល ដែល​អាស៊ី​សេរី​ទទួល​បាន​នៅ​ថ្ងៃ​ទី២៩ ខែ​ធ្នូ បញ្ជាក់​ថា ជំនួប​នេះ​នឹង​ធ្វើ​ឡើង​នៅ​ទីស្ដីការ​ក្រសួង​ការងារ ប៉ុន្តែ​មិន​បាន​បញ្ជាក់​ថា តើ​នឹង​មាន​តំណាង​ក្រុមហ៊ុន ចូលរួម​ប្រជុំ​ដែរ​ឬ​យ៉ាង​ណា​នោះ​ទេ។

ការ​អញ្ជើញ​តំណាង​កម្មករ​ចូលរួម​ប្រជុំ​ពិភាក្សា​ដោះ​ស្រាយ​វិវាទ​ការងារ​នេះ ធ្វើឡើង​បន្ទាប់​ពី​ក្រុម​កម្មករ​បាន​កំណត់​ថ្ងៃ​ធ្វើ​កូដកម្ម​ទ្រង់ទ្រាយ​ធំ​ចាប់​ពី​ថ្ងៃ​ទី៩ ខែ​មករា ឆ្នាំ២០២០ខាងមុខ ដើម្បី​ទាមទារ​លក្ខខណ្ឌ ៦ចំណុចរួមមាន៖ ការ​ឱ្យ​ក្រុមហ៊ុន​ទទួល​យក​ប្រធាន​សហជីព ​កញ្ញា ឈឹម ស៊ីថរ ចូល​ធ្វើ​ការ​វិញ​ដោយ​ឥត​លក្ខខណ្ឌ ​និង​ទូទាត់​ប្រាប់​សំណង​ចាប់​តាំង​ពី​ថ្ងៃ​ក្រុមហ៊ុន​ព្យូរ​ការងារ, អនុញ្ញាត​ឲ្យ​កម្មករ​ឈប់​សម្រាក​ និង​ធ្វើការ​តាម​គោលការណ៍​​ស្ម័គ្រចិត្ត​នៅ​ថ្ងៃ​បុណ្យ​ជាតិ បញ្ឈប់​ប្រធានប្រតិបត្តិ​ការ​ផ្នែក​កាស៊ីណូ​ជា​ជនបរទេស​ម្នាក់​ ដែល​មាន​ចរិត​មិន​ល្អ។ ជាមួយ​គ្នា​នេះ ក្រុមហ៊ុន​ត្រូវ​ដំឡើង​ប្រាក់ឈ្នួល​ឱ្យ​បាន ៣០០ ដុល្លារ​សម្រាប់​បុគ្គលិក​ផ្នែក​សណ្ឋាគារ​ និង ៥០០ដុល្លារ​ សម្រាប់​បុគ្គលិក​ផ្នែក​កាស៊ីណូ​ និង​ក្រុមហ៊ុន ត្រូវ​បង្កើត​បទ​បញ្ញត្តិ​កុំ​ឲ្យ​មាន​អំពើ​ហិង្សា និង​ការ​បៀតបៀន​ផ្លូវ​ភេទ​លើ​បុគ្គលិក​ស្ត្រី​នៅ​កន្លែង​ការងារ ព្រមទាំង​លក្ខខណ្ឌ​មួយ​ចំនួន​ទៀត។

ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​កាស៊ីណូ ណាហ្គា វើលដ៍ កញ្ញា ឈឹម ស៊ីថរ ថ្លែង​ថា កញ្ញា នឹង​ចូលរួម​ប្រជុំ​ជាមួយ​ក្រសួង​តាម​លិខិត​អញ្ជើញ ប៉ុន្តែ​កញ្ញា មិន​សូវ​មាន សង្ឃឹមថា នឹង​មាន​ដំណោះស្រាយ​នោះ​ទេ៖ «ប្រសិន​បើ​គ្មាន​ដំណោះ​ស្រាយ ដែល​បុគ្គលិក​អត់​អាច​ទទួល​យក​បាន​ទេ​នៅ​ថ្ងៃ​ស្អែក​នេះ គឺ​បុគ្គលិក​ទាំង​អស់​នៅ​តែ​រក្សា​ជំហរ​ថា យើង​ធ្វើ​កូដកម្ម​ដដែល​នៅ​ថ្ងៃ​ទី៩ ខែ​មករា​ខាង​មុខ»

បុគ្គលិក​ក្រុមហ៊ុន​កាស៊ីណូ ណាហ្គា វើលដ៍ រាប់​រយ​នាក់ គ្រោង​ជួប​ជុំ​គ្នា​នៅ​មុខ​ក្រសួង​ការងារ ដើម្បី​បង្ហាញ​ការ​គាំទ្រ​ដល់​តំណាង​របស់​ពួកគេ និង​រង់ចាំ​ស្ដាប់​លទ្ធផល​ប្រជុំ​នៅ​ព្រឹក​ថ្ងៃ​ទី៣០ ខែ​ធ្នូ។

បុគ្គលិក​ក្រុមហ៊ុន​កាស៊ីណូ​ទាំង​នេះ បាន​ប្រកាស​ថា ប្រសិន​បើ​គ្មាន​ដំណោះ​ស្រាយ​សមរម្យ​ទេ គឺ​ពួក​គេ​នឹង​រួម​កម្លាំង​សាមគ្គី​គ្នា​ធ្វើ​កូដកម្ម​នៅ​ថ្ងៃ​ទី៩ ខែ​មករា ទាល់​តែ​មាន​ដំណោះ​ស្រាយ។

អ្នក​សម្របសម្រួល​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ​ និង​សិទ្ធិមនុស្ស​ហៅ​កាត់​ថា សង់ត្រាល់​ (CENTRAL) លោក​ ឃុន​ ថា​រ៉ូ​ មានប្រសាសន៍ថា ការ​អញ្ជើញ​តំណាង​កម្មករ​ទៅ​ពិភាក្សា​នេះ អាច​មាន​ចំណុច​វិជ្ជមាន និង​អវិជ្ជមាន។ លោក​បញ្ជាក់​ថា ចំណុច​វិជ្ជមាន គឺ​ក្រសួង​ការងារ​អាច​ព្យាយាម​ជួយ​សម្របសម្រួល​ដោះ​ស្រាយ​វិវាទ​ការងារ​នេះ ដើម្បី​បញ្ចៀស​កុំ​ឲ្យ​មាន​កូដកម្ម​កើត​ឡើង ដោយ​សារ​ថា ការ​ទាមទារ​របស់​បុគ្គលិក គឺ​ក្រុមហ៊ុន​មាន​លទ្ធភាព​ផ្តល់​ជូន​បាន។ ចំណែក​ចំណុច​អវិជ្ជមាន​វិញ គឺ​លោក​បារម្ភ​ថា ក្រសួង​ការងារ អាច​ដាក់​សម្ពាធ​បន្ថែម​ទៀត ដើម្បី​រំខាន​ដល់​គម្រោង​ធ្វើ​កូដកម្ម​របស់​បុគ្គលិក៖ «ទោះ​យ៉ាង​ណា ខ្ញុំ សង្ឃឹមថា នឹង​មាន​ចំណុច​វិជ្ជមាន​ច្រើន​ទៅ​ចុះ ប្រសិន​បើ​ក្រសួង​ការងារ មាន​ឆន្ទៈ​ដោះ​ស្រាយ​ឲ្យ​អស់​ពី​លទ្ធភាព គឺ​ករណី​វិវាទ​ការងារ​នេះ អាច​ដោះ​ស្រាយ​បាន ព្រោះ​យើង​បាន​សិក្សា​ទៅ​លើ​ប្រាក់​ចំណេញ​របស់​ក្រុមហ៊ុន ណាហ្គា វើលដ៍ គឺ​ក្រុមហ៊ុន មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ដំឡើង​ប្រាក់​ឈ្នួល​សម្រាប់​កម្មករ​និយោជិត។ សម្រាប់ ការ​ទទួល​យក​ប្រធាន​សហជីព​ម្នាក់​ចូល​ធ្វើការ​វិញ ក៏​មិន​ពិបាក​ដែរ»

វិវាទ​ការងារ​ក្នុង​ក្រុមហ៊ុន​កាស៊ីណូ ណាហ្គា វើលដ៍​ នេះ កើតឡើង​ចាប់​តាំង​ពី​យប់​ថ្ងៃ​ទី២០ ខែ​កញ្ញា បន្ទាប់​ពី​ក្រុមហ៊ុន​បាន​ព្យួរ​ការងារ​ប្រធាន​សហជីព កញ្ញា ឈឹម ស៊ីថរ។ ការ​ព្យួរ​ការងារ​នេះ​ ដោយ​សារ​តែ​ស្ត្រី​សហជីព​វ័យ​ក្មេង​រូប​នេះ​ បាន​តាម​សួរនាំ​ហេតុផល​រឿង​សន្តិសុខ​ក្រុមហ៊ុន​ ឆែក​កាបូប​បុគ្គលិក​ម្នាក់​ ហើយ​បាន​ឃើញ​ និង​បាន​ដកហូត​អាវយឺត​ដែល​មាន​សរសេរ​ថា «ក្រុមហ៊ុន​រីក​ចម្រើន​ បុគ្គលិក​ត្រូវការ​ប្រាក់ខែ​រស់នៅ​សមរម្យ»។ ក្រុមហ៊ុន​ចោទ​កញ្ញា​ថា ជា​មេ​ក្លោង​នាំ​បុគ្គលិក​ពាក់​អាវ​យឺត​ធ្វើ​យុទ្ធនាការ​ទាមទារ​ប្រាក់ឈ្នួល។

ទោះ​យ៉ាង​ណា​ក្តី ក្រុម​សង្គម​ស៊ីវិល​ជាង ២០ស្ថាប័ន​ បាន​ចាត់​ទុក​ទង្វើ​របស់​ក្រុមហ៊ុន​កាស៊ីណូ ណាហ្គា វើលដ៍ នេះ​ថា ជា​រឿង​គ្មាន​មូលដ្ឋាន​ច្បាប់ និង​អ​យុត្តិធម៌។ ក្រុម​សង្គម​​ស៊ីវិល​ពិនិត្យ​ឃើញ​​ថា កញ្ញា ឈឹម ស៊ីថរ គ្រាន់​តែ​ប្រើប្រាស់​សិទ្ធិ​ជា​មូលដ្ឋាន និង​ប្រកប​ដោយ​វិជ្ជាជីវៈ​ឯករាជ្យ​តំណាង​ឲ្យ​កម្មករ​ជាង ៤ពាន់នាក់ ទាមទារ​ឱ្យ​មាន​លក្ខខណ្ឌ​ការងារ​ល្អ​ប្រសើរ និង​ដំឡើង​ប្រាក់​ឈ្នួល​សមរម្យ​សម្រាប់​បុគ្គលិក ណាហ្គា វើលដ៍។

ក្រុម​អង្គការ​សង្គម​ស៊ីវិល គាំទ្រ​ចំពោះ​ការ​បន្ត​សកម្មភាព​ទាមទារ​របស់​កម្មករ​នយោជិត​ប្រកប​ដោយ​អហិង្សា និង​ប្រើប្រាស់​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពួក​គេ ដែល​ធានា​ដោយ​ច្បាប់ ដើម្បី​ធានា​ថា ក្រុមហ៊ុន ណាហ្គា វើលដ៍ ទទួល​យក​ប្រធាន​សហជីព​ចូល​ធ្វើ​ការ​វិញ និង​ធានា​លុប​បំបាត់​ការ​រើសអើង​រាល់​ទម្រង់​ប្រឆាំង​នឹង​សហជីព៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល