អាជីវករ​ផ្សារ​ក​អណ្ដើក​ខេត្ត​ព្រៃវែង​ត្អូញត្អែរ​ពី​ការ​លំបាក​ក្រោយ​ពេល​ភ្លើង​ឆេះ​ផ្សារ

ដោយ មុំ សុផុន
2014-12-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កម្ទេច​ផេះផង់​ផ្សារ​ក​អណ្ដើក ឃុំ​ប្រាសាទ ស្រុក​កំពង់ត្របែក ខេត្ត​ព្រៃវែង បន្ទាប់​ពី​ពន្លត់​រួច នៅ​ថ្ងៃ​ទី ២៦ វិច្ឆិកា ២០១៤។
កម្ទេច​ផេះផង់​ផ្សារ​ក​អណ្ដើក ឃុំ​ប្រាសាទ ស្រុក​កំពង់ត្របែក ខេត្ត​ព្រៃវែង បន្ទាប់​ពី​ពន្លត់​រួច នៅ​ថ្ងៃ​ទី ២៦ វិច្ឆិកា ២០១៤។
RFA/Mom Sophon

ក្រុម​អាជីវករ​លក់​ដូរ​នៅ​ក្នុង​ផ្សារ​ក​អណ្ដើក មួយ​ចំនួន ក្នុង​ស្រុក​កំពង់ត្របែង ខេត្ត​ព្រៃវែង បាន​ដាក់​ឆត្រ ឬ​បាំង​ដំបូល​តង់​ដើម្បី​ដាក់​លក់​ដូរ​ខ្លះៗ​ហើយ បន្ទាប់​ពី​ភ្លើង​ឆេះ​អស់​ផ្សារ​នេះ​អស់​កាល​ជាង​មួយ​ខែ​កន្លង​មក​នេះ។ ក្រុម​អាជីវករ​ក៏​កំពុង​ទន្ទឹង​រង់ចាំ​អាជ្ញាធរ សាងសង់​ផ្សារ​ដែល​ឆេះ​អស់​នេះ​ឡើង​វិញ។

ចំណែក​ឯ​អភិបាល​ខេត្ត​ថ្លែង​ថា ក្រុម​អ្នក​ជំនាញ​កំពុង​តែ​ពិភាក្សា និង​សិក្សា​លម្អិត​ដើម្បី​សាងសង់​ផ្សារ​មួយ​នេះ។

ក្រុម​អាជីវករ​នៅ​ផ្សារ​ក​អណ្ដើក ស្រុក​កំពង់ត្របែក ខេត្ត​ព្រៃវែង កំពុង​តែ​ត្អូញត្អែរ​ពី​ការ​ប្រឈម​មុខ​នឹង​ការ​ខ្វះខាត ដោយសារ​តែ​បាត់​បង់​ចំណូល​ក្រោយ​ពេល​ដែល​ផ្សារ​ក​អណ្ដើក ត្រូវ​ភ្លើង​ឆេះ​តាំង​ពី​ចុង​ខែ​វិច្ឆិកា ឆ្នាំ​២០១៤ កន្លង​មក​នេះ។

ក្រុម​អាជីវករ​ថ្លែង​ថា ពួក​គាត់​ជួប​ការ​លំបាក ហើយ​ត្រូវ​បាត់​បង់​ចំណូល​ប្រហែល ៧០ ទៅ ៨០% ក្រោយ​ពេល​ដែល​មិន​មាន​កន្លែង​លក់​ដូរ​នៅ​ក្នុង​ផ្សារ។

លោក នៅ មាំង អាជីវករ​ផ្សារ​ក​អណ្ដើក ថ្លែង​សុំ​ឲ្យ​អាជ្ញាធរ​ដាក់​ផែនការ​សាងសង់​ផ្សារ​ឲ្យ​បាន​លឿន​បន្តិច ដើម្បី​សម្រួល​ដល់​ការ​លក់​ដូរ​របស់​អាជីវករ និង​សម្រួល​ដល់​ពលរដ្ឋ​ដែល​នៅ​ក្បែរ​នោះ ក្នុង​ការ​ឡើង​ចុះ​ទៅ​មក​ផង៖ «បន្ទាប់​ពី​ផ្សារ​ឆេះ​ទៅ អាជីវករ​បាន​លក់​នៅ​តាម​សំយាប​ផ្ទះ​គេ សម្ភារៈ​ខ្ញុំ​ដែល​ឆេះ​ទៅ​អស់​ប្រហែល ១​ម៉ឺន​ដុល្លារ។ ឥឡូវ​ដាច់​ម៉ូយ​អស់​ហើយ​ក្រោយ​ពេល​ផ្សារ​ឆេះ​អស់ ព្រោះ​គេ​នាំ​គ្នា​ទៅ​ផ្សារ​ក្រោល​គោ ឬ​នៅ​អ្នក​លឿង​ជាដើម​នោះ»

ផ្សារ​ក​អណ្ដើក ត្រូវ​អគ្គីភ័យ​បាន​ឆាប​ឆេះ​អស់​តូប​១៩៥ និង​ផ្ទះ ២៤​ខ្នង​ទៀត កាល​ពី​យប់​ថ្ងៃ​ទី​២៥ ឈាន​ចូល​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា។ អាជ្ញាធរ​ប៉ាន់​ប្រមាណ​ថា ខាត​បង់​អស់​ប្រហែល​ជា ៣​លាន​ដុល្លារ​អាមេរិក។

ប្រធាន​ភាស៊ី​ផ្សារ លោក ប៊ូ សាខឿន បាន​ថ្លែង​ថា លោក​មិន​បាន​ទារ​ថ្លៃ​ភាស៊ី​ផ្សារ​ចាប់​តាំង​ពី​ផ្សារ​ត្រូវ​ភ្លើង​ឆេះ​មក​នោះ ដោយ​ឃើញ​អាជីវករ​ត្រូវ​ខាត​បង់ ហើយ​ខ្លះ​ដាក់​លក់​តាម​សំយាប​ផ្ទះ​គេ ឬ​ប៉ាតង់​លក់​ជា​ដើម​នោះ៖ «អាជីវករ​បាន​ដាក់​លក់​នៅ​ក្រោម​ឆត្រ​បន្តិចបន្តួច ព្រោះ​គាត់​ប្រឈម​មុខ​នឹង​ជីវភាព​របស់​គាត់ ទើប​គាត់​លក់​វិញ ពួក​គាត់​សុំ​ដាក់​ឆត្រ​លក់​បន្តិចបន្តួច ព្រោះ​ខ្លះ​ត្រូវ​ជំពាក់​លុយ​គេ​ផង»

អភិបាល​ខេត្ត​ព្រៃវែង លោក ហាស់ សារ៉េត ថ្លែង​ថា ក្រុម​អាជ្ញាធរ​ពាក់ព័ន្ធ​កំពុង​តែ​រៀបចំ​ប្លង់​ផ្សារ និង​ជជែក​ជាមួយ​ក្រុម​អាជីវករ​ពី​ទីតាំង​តូប​របស់​ខ្លួន ហើយ​អាជ្ញាធរ​ក៏​ជំរុញ​ឲ្យ​ការ​សាងសង់​នេះ​ឲ្យ​បាន​លឿន​ដែរ៖ «អាជ្ញាធរ​កំពុង​គិតគូរ​រឿង​ផ្សារ​នេះ​ហើយ បើ​ទោះ​មិន​ទាន់​កំណត់​ពេល​ណា​នៅ​ឡើយ​ក៏ដោយ គឺ​កំពុង​គូរ​ប្លង់ ហើយ​ពិភាក្សា​ជាមួយ​អាជ្ញាធរ ដើម្បី​ឲ្យ​ឯកភាព​គ្នា​មុន​នឹង​ចាប់​ផ្ដើម​សាងសង់ បើ​មិន​ឯកភាព​នោះ គឺ​ពិបាក​ក្នុង​ការ​សាងសង់»

លោក​ថ្លែង​បន្ត​ថា អាជ្ញាធរ​នឹង​សង់​ដំបូល​រួម​សម្រាប់​អាជីវករ​ទាំង​នោះ ប៉ុន្តែ​មិន​ទាន់​អាច​ប៉ាន់​ប្រមាណ​ថា នឹង​ត្រូវ​ចំណាយ​ប្រាក់​ប៉ុន្មាន​លើ​ការ​សាងសង់​នោះ​នៅ​ឡើយ​ទេ ដោយ​រង់ចាំ​ការ​សិក្សា​ប្លង់​សិន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល