ព្រះមហាក្សត្រ និង​សម្ដេច​ម៉ែ​យាង​មក​កម្ពុជា​ក្រោយ​បញ្ចប់​ការ​ពិនិត្យ​ព្រះរាជ​សុខភាព​នៅ​ចិន

ដោយ អាស៊ីសេរី
2019-04-08
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ព្រះមហាក្សត្រ នរោត្ដម សីហមុនី យាង​ទត​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក​នៅ​មុខ​ព្រះបរមរាជវាំង កាល​ពី​​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។
ព្រះមហាក្សត្រ នរោត្ដម សីហមុនី យាង​ទត​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក​នៅ​មុខ​ព្រះបរមរាជវាំង កាល​ពី​​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។
RFA

ព្រះមហាក្សត្រ ព្រះបាទ​សម្ដេច​ព្រះ បរមនាថ នរោត្តម សីហមុនី និង​សម្ដេច​ម៉ែ មុនីនាថ សីហនុ យាង​និវត្តន៍​មក​ដល់​កម្ពុជា​វិញ​ហើយ នៅ​រសៀល​ថ្ងៃអាទិត្យ ទី៧ ខែ​មេសា នេះ បន្ទាប់ពី​បាន​គង់​ពិនិត្យ​ព្រះរាជ​សុខភាព នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន អស់​រយៈពេល​ជិត ៣​សប្ដាហ៍។

ក្រុម​មេដឹកនាំ​របប​ក្រុងភ្នំពេញ មាន​ជាអាទិ៍ ប្រធាន​ព្រឹទ្ធសភា លោក សាយ ឈុំ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រី​គ្រាក់ៗ​មួយ​ចំនួន​ទៀត ព្រមទាំង​ព្រះ​ញាតិវង្ស​ផង បាន​ទៅ​ទទួល​ព្រះរាជ​ដំណើរ​របស់​ព្រះអង្គ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ។

ព្រះបាទ នរោត្តម សីហមុនី ទ្រង់​យាង​ទៅ​ពិនិត្យ​ព្រះរាជ​សុខភាព​នៅ​ប្រទេស​ចិន​ជា​ទៀងទាត់ ក៏ប៉ុន្តែ​ម្ដងម្កាល​នៅ​ពេល​របប​លោក ហ៊ុន សែន ធ្វើ​ច្បាប់​ណាមួយ​ដែល​ប្រាសចាក​ពី​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ ទ្រង់​ក៏​យាង​ទៅ​ប្រទេស​ចិន​ខុស​កាលវិភាគ​របស់​ទ្រង់​ផង​ដែរ។ ជា​ឧទាហរណ៍ កាល​ពី​ដើម​ឆ្នាំ​២០១៨ ព្រះអង្គ​បាន​យាង​ចេញពី​កម្ពុជា ទៅ​គង់នៅ​ទីក្រុង​ប៉េកាំង​អស់​រយៈពេល​ជាង​មួយ​ខែ ស្រប​ពេល​ដែល​របប​លោក ហ៊ុន សែន កំពុង​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ និង​ក្រម​ព្រហ្មទណ្ឌ ដែល​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​។ អ្នកវិភាគ​យល់ថា ព្រះរាជ​ដំណើរ​របស់​ព្រះអង្គ​នៅ​ពេល​នោះ គឺ​ដោយសារ​ទ្រង់​មិន​សព្វព្រះរាជហឫទ័យ​ក្នុង​ការ​ឡាយ​ព្រះហស្ថលេខា​លើ​ការ​កែប្រែ​ច្បាប់​ទាំងនេះ។

នៅ​ពេល​អវត្តមាន​ព្រះមហាក្សត្រ លោក សាយ ឈុំ តែង​ឡើង​ធ្វើជា​ប្រមុខ​រដ្ឋស្តីទី​ជំនួស​ព្រះអង្គ​។ អនុប្រធាន​គណបក្ស​កាន់អំណាច​រូប​នេះ បាន​ចុះ​ហត្ថលេខា​ជា​បន្តបន្ទាប់​លើ​ព្រះរាជក្រឹត្យ​ផ្លាស់ប្ដូរ​មុខ​តំណែង ដំឡើង​ឋានន្តរសក្ដិ ព្រមទាំង​តែងតាំង​មន្ត្រី ទីប្រឹក្សា និង​ជំនួយការ​របប​ក្រុងភ្នំពេញ​ជាច្រើន​ស្អេកស្កះ ដែល​ពួកគេ​ភាគច្រើន​គឺជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល