កម្មករ​រោងចក្រ​ស៊ីម៉ងត៍​នៅ​កំពត​ទាមទារ​លក្ខខណ្ឌ​ការងារ​ប្រសើរ

ដោយ វោហារ ជាតិ
2014-12-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

កម្មករ​រោងចក្រ​ស៊ីម៉ងត៍ ចក្រីទីង នៅ​ខេត្ត​កំពត នៅ​ថ្ងៃ​ទី​៣០ ខែ​ធ្នូ តវ៉ា​ទាមទារ​ឲ្យ​ថៅកែ​ក្រុមហ៊ុន​ដំឡើង​ប្រាក់​ខែ និង​ធានា​រ៉ាប់រង​សេវា​សុខភាព។ ក៏ប៉ុន្តែ​ភាគី​រោងចក្រ​នៅ​មិន​ទាន់​ឆ្លើយ​តប​ទៅ​នឹង​ការ​តវ៉ា​របស់​កម្មករ​នៅ​ឡើយ​ទេ។

កម្មករ​ប្រុស​ស្រី​ជិត ១០០​នាក់ ប្រមូល​ផ្ដុំ​នៅ​មុខ​ការិយាល័យ​ក្រុមហ៊ុន រោងចក្រ​ផលិត​ស៊ីម៉ងត៍ ចក្រីទីង ទាមទារ​លក្ខខណ្ឌ​ការងារ ៤​ចំណុច។ ការ​ទាមទារ​ទាំង​នោះ​រួម​មាន ​ទាមទារ​ដំឡើង​ប្រាក់​ខែ​កម្មករ​ក្រោយ​ធ្វើការ​ឲ្យ​ក្រុមហ៊ុន​បាន​រយៈពេល​មួយ​ឆ្នាំ ដូច​ដែល​បាន​ចែង​ក្នុង​កិច្ច​សន្យា​ការងារ ទាមទារ​ប្រាក់​ឧបត្ថម្ភ ថែរក្សា​សុខភាព និង​សង្គ្រោះ​ព្យាបាល​ជំងឺ​នៅ​ពេល​មានគ្រោះថ្នាក់ ពេល​បំពេញ​ការងារ ទាមទារ​ប្រាក់​បំណាច់ ឬ​ប្រាក់​ខែ​ទី​១៣ និង​ទាមទារ​ឲ្យ​កម្មករ​បុគ្គលិក​ខ្មែរ​មាន​សិទ្ធិ​ស្មើ​បុគ្គលិក​ចិន ធ្វើ​ការ​ក្នុង​រោងចក្រ​នោះ​ដែរ។

លោក ចាន់ ឧត្ដម កម្មករ​ម្នាក់​ក្នុង​ចំណោម​កម្មករ​ដទៃ​ទៀត​ឲ្យ​ដឹង​ថា កម្មករ​ដែល​ធ្វើ​ការ​ទាមទារ​នេះ​មិន​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​នៃ​សហជីព​ណា​មួយ​ទេ គឺ​ធ្វើឡើង​ដោយ​បាន​ស្រុះស្រួល​គំនិត​គ្នា​ឯក​ឯង។

ទាក់ទង​ទៅ​នឹង​ការ​ទាមទារ​លើ​ការ​ធានា​រ៉ាប់រង​សុខភាព​កម្មករ លោក​បញ្ជាក់​ថា កម្មករ​ចាំបាច់​ត្រូវ​ការ​សេវា​ថែរក្សា​សុខភាព​ ព្រោះ​ការងារ​រោងចក្រ​ផលិត​ស៊ីម៉ងត៍​ប្រឈម​នឹង​គ្រោះថ្នាក់ និង​ប៉ះពាល់​ដល់​សុខភាព​ខ្លាំង​ជាង​កម្មករ​ដទៃ​ទៀត៖ «អា​ហ្នឹង​ការ​ពិត​មិន​ត្រូវ​ជា​ប្រាក់​ក៏​បាន​ដែរ​ ឲ្យ​តែ​ថា មាន​របៀប​ជា អ៊ិនស៊ូរិន (insurance) ដែល​មាន​ពេទ្យ​សម្រាប់​ឲ្យ​ពួក​ខ្ញុំ​ទៅ​ពិនិត្យ​សុខភាព​ប្រចាំ​ខែ ឬ​មួយ​ប្រចាំ​ត្រីមាស ដូច​ថា មាន​គ្រោះថ្នាក់​ការងារ​គ្រោះថ្នាក់​អ៊ីចឹង​ទៅ យើង​មាន​ពេទ្យ​ណា​ខ្លះ​ដែល​ត្រូវ​ទៅ»

ក​បន្ត​ថា បញ្ហា​សំខាន់​មួយ​ទៀត​ដែល​កម្មករ​ចង់​បាន​នោះ គឺ​សិទ្ធិ​ស្មើ​គ្នា​រវាង​បុគ្គលិក​ខ្មែរ និង​ចិន ក្នុង​រោងចក្រ​ដែល​បច្ចុប្បន្ន​បុគ្គលិក​ខ្មែរ​ត្រូវ​បាន​គេ​គិត​ថា​ ជា​កម្មករ​តូចតាច៖ «ពួក​ខ្ញុំ​ចង់​ទាមទារ​ឲ្យ​មាន​តម្លាភាព​រវាង​បុគ្គលិក​ជនជាតិ​ចិន និង​ជនជាតិ​ខ្មែរ ឲ្យ​មាន​ភាព​ស្មើ​គ្នា ដូច​ថា យើង​ធ្វើការ​ជាមួយ​គ្នា​ចង់​ឲ្យ​ចុះសម្រុង​គ្នា។ បុគ្គលិក​ចិន ភាគ​ច្រើន​ចាត់​ទុក​ថា ខ្លួន​ឯង​​ជា​មេ ហើយ​ពួក​បុគ្គលិក​ខ្មែរ​ជា​កម្មករ​សុទ្ធសាធ​អ៊ីចឹង​ណា។ ជួនកាល​បុគ្គលិក​ខ្មែរ​បុគ្គលិក​ចិន​មាន​ជំនាញ​ដូច​គ្នា តែ​ខាង​ចិន ដូច​គេ​មាន​អាទិភាព​ជាង​យើង អ៊ីចឹង​យើង​ទាមទារ​ឲ្យ​មាន​តម្លាភាព»

ឆ្លើយ​តប​ទៅ​នឹង​ការ​ទាមទារ​របស់​កម្មករ​នេះ តំណាង​ភាគី​រោងចក្រ​ស៊ីម៉ងត៍​ចក្រីទីង ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បញ្ជាក់​ថា ភាគី​រោងចក្រ​យក​ការ​ទាមទារ​នេះ​ទៅ​ពិភាក្សា និង​ពិចារណា ហើយ​នឹង​ឆ្លើយ​តប​ទៅ​កម្មករ​វិញ​ឲ្យ​ដឹង​ពី​លទ្ធផល​នៅ​ថ្ងៃ​ទី​៣១ ធ្នូ។

រោងចក្រ​ស៊ីម៉ង់​ចក្រីទីង មាន​កម្មករ​ប្រមាណ​ជាង ១០០​នាក់ ធ្វើ​ការ។ ក្រុម​កម្មករ​ដែល​ចេញ​មុខ​តវ៉ា​អះអាង​ថា កម្មករ​ដទៃ​ទៀត​ដែល​មិន​បាន​មក​តវ៉ា​នៅ​ថ្ងៃ​ទី​៣០ ធ្នូ គឺ​ដោយសារ​មាន​ការ​គាបសង្កត់​​ពី​ខាង​ភាគី​រោងចក្រ​មិន​ឲ្យ​ចូល​រួម។

ទាំង​កម្មករ​ទាំង​តំណាង​រោងចក្រ​ឲ្យ​ដឹង​ថា មន្ត្រី​មន្ទីរសង្គមកិច្ច និង​ការងារ​ខេត្ត​កំពត ក៏​បាន​ចុះទៅ​ដល់​កន្លែង​តវ៉ា​ក្នុង​រោង​ចក្រ​នោះ​ដែរ។ ក៏ប៉ុន្តែ​លោក ទូច សុទ្ធា ​មន្ត្រី​មន្ទីរ​សង្គមកិច្ច​ខេត្ត​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​រឿង​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល