បេក្ខជន​ប្រឡង​សិស្ស​ចៅក្រម​តវ៉ា​ភាព​មិន​ប្រក្រតី ក្នុង​ដំណើរ​ការ​ប្រឡង​ជំនាន់​ទី​១០

ដោយ យន់ សាមៀន
2020-01-05
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្រសួង​យុត្តិធម៌
ក្រសួង​យុត្តិធម៌
RFA/Sek Bandith

បេក្ខជន​ប្រឡង​ចូល សិស្ស​ចៅក្រម​ជំនាន់​ទី​១០ ចំនួន ៥​នាក់ តវ៉ា​មិន​សុខចិត្ត​ថា មាន​ភាព​មិន​ប្រក្រតី​ក្នុង​ដំណើរការ​ប្រឡង តាំងពី​វិញ្ញាសាសរសេរ ដល់​វិញ្ញាសា​ផ្ទាល់មាត់​។ ពួកគេ​ដាក់​សំណើ​ទាមទារ​ឱ្យ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន អន្តរាគមន៍​ដោះស្រាយ​ករណី​នេះ។

បេក្ខជន​តវ៉ា​នឹង​លទ្ធផល​ប្រឡង​សិស្ស​ចៅក្រម​ជំនាន់​ទី​១០ លោក គង់ ប៊ុនរិទ្ធិ ឱ្យ​ដឹង​ថា ភាព​មិន​ប្រក្រតី​ក្នុង​ការ​ប្រឡង​សិស្ស​ចៅក្រម​ជំនាន់​ទី​១០ កើតឡើង​តាំង​ពី​ដំណាក់កាល​ដំបូង ដោយសារ​គណៈកម្មការ​រៀបចំ​ការ​ប្រឡង មិន​បង្ហាញ​ពិន្ទុ​តាម​សំណួរ​នីមួយៗ មិន​បង្ហាញ​ពិន្ទុ​ដែល​បេក្ខជន​ទទួល​បាន ទាំង​នៅ​វិញ្ញាសា​សរសេរ វិញ្ញាសា ផ្ទាល់​មាត់ និង​លទ្ធផល​ផ្លូវការ។

លោក​ថា បេក្ខជន​ទាំង ៥​នាក់ បាន​ដាក់​ពាក្យ​ស្នើ​សុំ​ពិនិត្យមើល​ពិន្ទុ​ប្រឡង ហើយ​គណៈកម្មការ​រៀប​ចំ​ការ​ប្រឡង​បាន​យល់ព្រម​ឱ្យ​មើល ប៉ុន្តែ​ហាម​ថត និង​ហាម​ចែក​គ្នា​មើល ព្រមទាំង​មិន​អនុញ្ញាត​ឱ្យ​បេក្ខជន​ទាំង ៥​នាក់ បាន​ផ្ទៀងផ្ទាត់​លទ្ធផល​ជាមួយ​បេក្ខជន​ជាប់​ចំនួន ៥០​នាក់ ទើប​ធ្វើ​ឱ្យ​ពួកគេ​មិន​អស់ចិត្ត ហើយ​បាន​ពាក្យ​ស្នើ​ទៅ​ខុទ្ទកាល័យ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​សុំ​កិច្ច​អន្តរាគមន៍​រឿង​នេះ​។ លោក​ថា មន្ត្រី​ខុទ្ទកាល័យ​បាន​ទទួល​ហើយ និង​សន្យា​បញ្ជូន​ញត្តិ​ទៅ​ថ្នាក់​លើ៖ «មូលហេតុ​ដែល​ខ្ញុំ​ធ្វើការ​ស្នើសុំ​គណៈកម្មការ​នាយក រៀបចំ​ការប្រឡងប្រជែង​ជ្រើសរើស​សិស្ស​ចៅក្រម​ជំនាន់​ទី​១០ ធ្វើការ​បង្ហាញ​អំពី​តម្លាភាព ចំពោះ​លទ្ធផល​នៃ​ការ​ប្រឡង​នោះ​គឺ ដោយ​ខ្ញុំ​មើល​ឃើញ​ពី​ភាព​មិន​ប្រក្រតី​មួយ​ចំនួន ចំពោះ​ការ​ប្រឡង​ទើប​ខ្ញុំ ធ្វើការ​ដាក់ពាក្យ​ស្នើសុំ​។ ពាក្យ​ស្នើសុំ អន្តរាគមន៍ ដាក់ពាក្យ​ទៅ​សម្ដេច​នាយក​រដ្ឋមន្ត្រី គឺ​ខ្ញុំ​បាន​ដាក់​ហើយ នៅ​ថ្ងៃ​ទី២។ ខ្ញុំ​បាន​ដាក់​នៅ​វិមាន​សន្តិភាព ខុទ្ទកាល័យ​របស់​សម្ដេច ក៏ គាត់​បាន​ទទួល​យកពាក្យ​ខ្ញុំ​ហើយ​ដែរ។ គាត់​សន្យា​ថា នឹង​ជួយ​ធ្វើការ​ដោះស្រាយ​ជូន»

លទ្ធផល​ផ្លូវការ​នៃ​ការ​ប្រឡង​ចូលរៀន​នៅ សាលា​ភូមិន្ទ​ចៅក្រម ជំនាន់​ទី​១០ បាន​ប្រកាស​កាលពីដើម​ខែ​ធ្នូ ឆ្នាំ​២០១៩​។ លទ្ធផល​បង្ហាញ​ថា ក្រោយ​ការ​ប្រឡង​មាន​បេក្ខជន​៥០​នាក់ ទទួល​បាន​ជាប់ និង​បាន​ចូលរៀន​ជា​សិស្ស​នៅ​សាលា​ភូមិន្ទ​ចៅក្រម នៃ​រាជបណ្ឌិត្យសភា​វិជ្ជាជីវៈ​តុលាការ ហើយ​ពួកគេ នឹង​ក្លាយ​ជា​ចៅក្រម ឬ​ព្រះរាជអាជ្ញា នៅ​តាម​សាលា​ជម្រះ​ក្ដី ក្រោយ​បញ្ចប់​ការសិក្សា​រយៈពេល ២​ឆ្នាំ។

បេក្ខជន​ប្រលង​សិស្ស​ចៅក្រម​ម្នាក់ទៀត ដែល​តវ៉ា​នឹង​លទ្ធផល​នេះ​ដែរ សុំ​លាក់​ឈ្មោះ ប្រាប់​ថា ពួកគេ ចង់​ឱ្យ​គណៈកម្មការ​រៀបចំ​ការ​ប្រឡង បង្ហាញ​ការ​ផ្ទៀងផ្ទាត់​ពិន្ទុ​តាម​សំណើ ទើប​អស់ចិត្ត​។ លោក​ថា បើ​ភាព​មិន​ប្រក្រតី​មាន​តាំងពី​ដំណាក់កាល​ប្រឡង​ទៅ​ហើយ នៅ​ពេល​ដែល​បំពេញ​ការងារ​រដ្ឋ ចៅក្រម​ដែល​ជាប់​ដោយសារ​ភាព​មិន​ប្រក្រតី នឹង​បង្កើត​ភាព​អយុត្តិធម៌ ឱ្យ​ពលរដ្ឋ​ច្រើន​រាប់​មិន​អស់៖ «យើង​ដឹង​ហើយ​ថា ចៅក្រម​ម្នាក់​ហ្នឹង គេ​គាត់​ចេញ​ទៅ មិនមែន​កាន់តែ​មួយ​រឿង​ទេ គឺ​កាន់​រាប់​រយ​រឿង ក្នុង​មួយ​ជីវិត​របស់​គាត់​។ អ៊ីចឹង វា​មិនមែន​ថា សម្រាប់​តែ​ពួក​យើង​ខ្ញុំ​ទេ​។ ពួក​យើង​ខ្ញុំ ស្នើសុំ​ថា ធ្វើ​ម្ដេច​ឱ្យ​វា​មាន​តម្លាភាព ទាក់ទង​នឹង​ការ​ប្រឡង ដើម្បី​ជ្រើសរើស​ធនធានមនុស្ស​ពិត​ប្រាកដ ទៅ​បម្រើ​ការងារ នៅ​ក្នុង​វិស័យ​ច្បាប់​ណា ដើម្បី​ជាតិ​មាតុភូមិ​យើង​ណា​បង​។ ចំណុច​ហ្នឹង ខ្ញុំ​សំណូមពរ​ថា រឿង​នេះ វា​មិនមែន​រឿង​បុគ្គល​ម្នាក់ៗ​ទេ វា​ជា​រឿង​រួម​ទាំងអស់​គ្នា អ៊ីចឹង​ណា ព្រោះ​អ្វី​ពេល​ដែល​ផលិត​ចេញទៅ ធម្មតា​បើ​យើង​ផលិត​មិន​បាន​ល្អ ពេល​ដែល​ទៅ បម្រើ​ក្នុង​វិស័យ​ហ្នឹង គាត់​កាត់សេចក្ដី ក៏​វា​អត់​បាន​ល្អ​តាម​ហ្នឹង​ដែរ»

ការសង្ស័យ​ពី​ភាព​មិន​ប្រក្រតី​នៃ​ការ​ប្រឡង​សិស្ស​ចៅក្រម​ជំនាន់​ទី​១០ កើត​មាន​ឡើង​តាំង​ពី​ថ្ងៃ​ប្រកាស​លទ្ធផល​ផ្លូវការ​ភ្លាមៗ​។ ប៉ុន្តែ ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ បាន​ចេញ​សេចក្ដីថ្លែងការណ៍ ការពារ​ភាព​ស្អាតស្អំ នៃ​ការ​ប្រឡង​នេះ​។ ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ ចេញ​សេចក្ដី​បំភ្លឺ នៅ​ថ្ងៃ​ទី​២៧ ធ្នូ ឆ្នាំ​២០១៩ ថា ការប្រឡងប្រជែង សិស្ស​ចៅក្រម ជំនាន់​ទី​១០ ដែល​ក្រសួង​យុត្តិធម៌ រាជបណ្ឌិត្យសភា​វិជ្ជាជីវៈ​តុលាការ និង​សាលា​វិជ្ជាជីវៈ​ចៅក្រម បាន​ដំណើរការ ដោយ​តម្លាភាព។

អាស៊ីសេរី បាន​ព្យាយាម​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​នាយក​សាលា​ភូមិន្ទ​ចៅក្រម នៃ​រាជបណ្ឌិត្យសភា​វិជ្ជាជីវៈ​តុលាការ លោក កេង សុម៉ារិទ្ធិ និង​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន នៅ​ថ្ងៃ​ទី​០៤ មករា តែ​ទូរស័ព្ទ​រោទ៍​គ្មាន​អ្នក​ទទួល។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គឹមអេង សង្កេត​ឃើញ​ថា ការ​ប្រឡង​ចូល​បម្រើ​ជា មន្ត្រីរាជការ ចៅក្រម ព្រះរាជអាជ្ញា កន្លងមក តែង​លេច​លឺ​ពី​ភាព​មិន​យុត្តិធម៌ គ្មាន​តម្លាភាព និង​មាន​អំពើពុករលួយ។

លោក​ថា ដើម្បី​ដោះស្រាយ​បញ្ហា​ការ​មិន​ទុកចិត្ត​របស់​បេក្ខជន​ប្រឡង​ចូល​ក្របខ័ណ្ឌ​រដ្ឋ ឬ​សាលា​វិជ្ជាជីវៈ​តុលាការ​នេះ រដ្ឋាភិបាល ត្រូវ​ជ្រើសរើស​សមាជិក​គណៈកម្មការ​ប្រឡង​ដោយ​តម្លាភាព ហើយ​ពួកគេ មិន​នៅ​ក្រោម​សំពាធ អ្នក​មាន​អំណាច៖ «មាន​ចចាមអារ៉ាម​ពី​រឿង​ពុករលួយ​លើ​សិស្ស​ចៅក្រម​យូរ​មក​ហើយ ប៉ុន្តែ​អត់​ឃើញ​មាន​ការ​ដោះស្រាយ​យ៉ាង​ម្ដេច ដើម្បី​ជម្រះ​មន្ទិល​អស់ហ្នឹង​ទេ បាទ»

របាយការណ៍ អង្គការ​តម្លាភាព​អន្តរជាតិ (TI) បាន​ចេញ​ផ្សាយ កាល​ពី​ឆ្នាំ​២០១៩ បង្ហាញ​ថា ប្រទេស​កម្ពុជា ទទួល​បាន​២០​ពិន្ទុ ជា​ពិន្ទុ​ទាប និង​មាន​ចំណាត់ថ្នាក់ ទី​១៦១ ក្នុង​ចំណោម​ប្រទេស​ចំនួន ១៨០ ដែល​មាន​អំពើពុករលួយ​ខ្ពស់។ របាយការណ៍​ដដែល​នេះ បង្ហាញ​ថា ប្រទេស​កម្ពុជា​មាន​ស្ថានភាព​អំពើពុករលួយ​ខ្លាំង ក្នុង​ចំណោម​ប្រទេស​អាស៊ាន គឺ​ត្រសង​ត្រសោម​គ្នា ជាមួយ​ប្រទេស​ឡាវ ហើយ​ស្ថាប័នរដ្ឋ​របស់​កម្ពុជា ដែល​មាន​ចំណាត់ថ្នាក់​អំពើពុករលួយ​ខ្លាំង​ជាងគេ គឺ​អំពើពុករលួយ​នៅ​ក្នុង​ប្រព័ន្ធ​តុលាការ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល