ILO ជំរុញ​ឲ្យ​ដោះស្រាយ​ជម្លោះ​កម្មករ​រោងចក្រ​កម្ពុជា​​ជា​បន្ទាន់

អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​អាក់​ខាន​ដំណើរការ​ផលិត​របស់​រោងចក្រ​កាត់ដេរ និង​ស្បែក​ជើង​ជា​ច្រើន ដោយសារ​កម្មករ​ធ្វើ​បាតុកម្ម​ទាមទារ​ប្រាក់ខែ​គោល ដោយ​បញ្ជាក់​ថា ការ​អាក់​ខាន​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច និង​កេរ​ឈ្មោះ​កម្ពុជា យ៉ាង​ធ្ងន់ធ្ងរ លើ​ទីផ្សារ​អន្តរជាតិ​នៃ​អ្នក​បញ្ជាទិញ។
ដោយ វោហារ ជាតិ
2013-12-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កម្មករ​ធ្វើ​បាតុកម្ម​នៅ​ខាង​មុខ​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ទាមទារ​ដំឡើង​ប្រាក់ខែ ១៦០​ដុល្លារ កាល​ពី​ព្រឹក​ថ្ងៃ​៣១ ធ្នូ ឆ្នាំ​២០១៣។
កម្មករ​ធ្វើ​បាតុកម្ម​នៅ​ខាង​មុខ​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ទាមទារ​ដំឡើង​ប្រាក់ខែ ១៦០​ដុល្លារ កាល​ពី​ព្រឹក​ថ្ងៃ​៣១ ធ្នូ ឆ្នាំ​២០១៣។
RFA/Mom Sophon

អង្គការ​អន្តរជាតិ​ខាង​ការងារ​ដែល​មាន​ការិយាល័យ​ប្រចាំ​ប្រទេស​ថៃ កម្ពុជា និង ឡាវ បាន​ចេញ​លិខិត​មួយ​នៅ​ថ្ងៃ​ទី​៣១ ធ្នូ អំពាវ​នាវ​ឲ្យ​មាន​ដំណោះស្រាយ​នៃ​ជម្លោះ​លើ​វិស័យ​វាយនភណ្ឌ​នេះ​ជា​បន្ទាន់ ដោយ​ជំរុញ​ឲ្យ​ភាគី​ពាក់​ព័ន្ធ ដូចជា​ភាគី​កម្មករ សហជីព​កម្មករ រដ្ឋាភិបាល និង​និយោជក និង​ពាណិជ្ជករ​ពាក់ព័ន្ធ រួម​គ្នា​ដោះស្រាយ​ទើប​អាច​បញ្ចប់​ជម្លោះ​នេះ​បាន។

សេចក្ដី​អំពាវ​នាវ​នោះ​សរសេរ​ថា៖ «អង្គការ​អន្តរជាតិ​ខាង​ការងារ​ជំរុញ​គ្រប់​ភាគី​ទាំង​អស់ ខិតខំ​ឲ្យ​អស់​លទ្ធភាព​ស្វែង​រក​ដំណោះស្រាយ​ចំពោះ​ស្ថានភាព​នេះ។ យើង​សុំ​លើក​ទឹក​ចិត្ត​យ៉ាង​ខ្លាំងក្លា​រាល់​ភាគី​ទាំង​អស់​ឲ្យ​បង្កើន​ការ​ប្រឹងប្រែង​តាម​រយៈ​យន្តការ​ជា​មូលដ្ឋាន ឈរ​លើ​គោលការណ៍​សម្រាប់​ប្រយោជន៍​សង្គម និង​ប្រយោជន៍​ត្រី​ភាគី​មាន​ភាព​ស្មើៗ​គ្នា»

ស្រប​ពេល​នេះ អង្គការ​អន្តរជាតិ​ខាង​ការងារ​បញ្ជាក់​ថា វិស័យ​វាយនភណ្ឌ​ជា​វិស័យ​មួយ​យ៉ាង​សំខាន់​បាន​ផ្ដល់​ប្រាក់​ចំណូល​ថវិកា​ជាតិ​កម្ពុជា ក្នុង​នោះ ការ​នាំ​ចេញ​លើ​វិស័យ​នេះ​មាន​ចំនួន​ទឹក​ប្រាក់​ប្រហែល ៥​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ និង​ផ្ដល់​ការងារ​ប្រហែល ៤០០.០០០​នាក់។ អាយឡូ បាន​អំពាវនាវ​ឲ្យ​រោងចក្រ​ទាំង​អស់​បើក​ទ្វារ​ឡើង​វិញ​យ៉ាង​ឆាប់ ដែល​អាច​ធ្វើ​ទៅ​បាន និង​ធានា​សុវត្ថិភាព​ការងារ​របស់​កម្មករ និង​គោរព​ការពារ​អចលនទ្រព្យ​រោងចក្រ។

លិខិត​អំពាវនាវ​នេះ​បាន​រំលឹក​ថា ការ​បះបោរ​ធ្វើ​បាតុកម្ម​របស់​កម្មករ​កម្ពុជា​លើក​នេះ ជា​មេរៀន​​មួយ​សម្រាប់​កម្ពុជា ត្រូវ​រៀន​បន្ថែម​ទៀត អំពី​ទំនើបកម្ម ដើម្បី​ធ្វើ​ឲ្យ​ប្រាក់ខែ​គោល​កម្មករ​​បាន​សមរម្យ ដោយ​ធ្វើ​ការ​កែ​សម្រួល​ប្រព័ន្ធ​នេះ​តាម​ខ្នាត​អន្តរជាតិ ដោយ​ប្រើ​ខ្នាត​ទិន្នន័យ​ផ្ទៀងផ្ទាត់​ឥត​លំអៀង។

ម្យ៉ាង​វិញ​ទៀត លិខិត​អំពាវនាវ​នេះ​សរសេរ​ថា ការ​ពិនិត្យ​មើល ឬ​ការ​ដំឡើង​ប្រាក់​ខែ​គោល គួរ​ធ្វើ​ឡើង​រៀងរាល់​ឆ្នាំ ហើយ​ប្រាក់​ខែ​គោល​ត្រូវ​ធានា​ឲ្យ​បាន​សមស្រប​ទៅ​តាម​សេចក្ដី​ត្រូវ​ការ​ក្នុង​ជីវភាព​រស់​នៅ​របស់​កម្មករ ជាមួយ​លក្ខណៈ​សេដ្ឋកិច្ច​ទូទៅ។

លិខិត​អំពាវនាវ​ដដែល​បញ្ជាក់​ថា អង្គការ​អន្តរជាតិ​ខាង​ការងារ​ផ្ដល់​ការ​គាំទ្រ​របស់​ខ្លួន​ដល់​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​អភិវឌ្ឍ​កែ​សម្រួល​ប្រព័ន្ធ​ប្រាក់​ខែ​គោល​នេះ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់​ទង​មន្ត្រី​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​ទេ នៅ​ថ្ងៃ​ទី​៣១ ធ្នូ ដើម្បី​សុំ​ការ​បញ្ជាក់​លើ​លិខិត​អំពាវ​នៃ​អង្គការ​អន្តរជាតិ​ខាង​ការងារ​នេះ។ ក៏​ប៉ុន្តែ ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ចេញ​សេចក្ដី​ប្រកាស​មួយ​នៅ​រសៀល​ថ្ងៃ​ទី​៣១ ធ្នូ សម្រេច​ដំឡើង​ប្រាក់ខែ​គោល​ឲ្យ​កម្មករ ១០០​ដុល្លារ។ ចំនួន​នេះ​គឺ​រដ្ឋាភិបាល​ដំឡើង ៥​ដុល្លារ​បន្ថែម​ទៀត​លើ​ចំនួន ៩៥​ដុល្លារ ដែល​រដ្ឋាភិបាល​បាន​សម្រេច​កាល​ពី​សប្ដាហ៍​មុន។

បច្ចុប្បន្ន កម្មករ​រោងចក្រ​កាត់ដេរ​និង​ស្បែក​ជើង​បាន​ទទួល​ប្រាក់​គោល​ចាប់​បី ៧៥ ទៅ ៨០​ដុល្លារ។

ទោះ​យ៉ាង​ណា ប្រធាន​សហជីព​មួយ​ចំនួន ជាពិសេស​ក្រុម​សហជីព​ដែល​ធ្វើ​បាតុកម្ម​កន្លង​មក នៅ​តែ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​ដំឡើង​ប្រាក់​ខែ​គោល​ចំនួន ១០០​ដុល្លារ​នេះ ហើយ​ពួកគេ​គាំទ្រ​លិខិត​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ ដែល​សុំ​ឲ្យ​មាន​ការ​ដំឡើង​ប្រាក់​ខែ​គោល​ឲ្យ​សម​ស្រប​ទៅ​នឹង​សេចក្ដី​ត្រូវ​ការ​នៃ​ជីវភាព​រស់​នៅ​របស់​កម្មករ​និង​តម្លៃ​ទំនិញ​ទីផ្សារ។

ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ​នៃ​ឧស្សាហកម្ម​វាយនភណ្ឌ​កាត់​ដេរ​កម្ពុជា អ្នកស្រី ម៉ម ញឹម ដែល​ដឹក​នាំ​កម្មករ​រាប់​ពាន់​នាក់​ធ្វើ​បាតុកម្ម​បន្ត​ទាមទារ​ដំឡើង​ប្រាក់​ខែ​គោល ១៦០​ដុល្លារ នៅ​មុខ​ក្រសួង​ការងារ​ថ្ងៃ​ទី​៣១ ធ្នូ បញ្ជាក់​ថា អ្នកស្រី​គាំទ្រ​ប្រព័ន្ធ​ត្រួត​ពិនិត្យ និង​របៀប​រៀបចំ​ប្រាក់​ខែ​គោល ដែល​ស្នើ​ឡើង​ដោយ​អង្គការ​អន្តរជាតិ​ខាង​ការងារ៖ «ខ្ញុំ​មិន​គិត​ថា រដ្ឋាភិបាល​ដំឡើង​ប្រាក់​ខែ​គោល​ឲ្យ​កម្មករ​ប៉ុណ្ណឹង តម្លៃ​ទំនិញ​ទីផ្សារ​ឡើង​ខ្លាំង​អ៊ីចឹង យើង​រស់​បាន​ទេ។ ខ្ញុំ​គាំទ្រ​លិខិត អាយឡូ ការ​ដំឡើង​ប្រាក់​ខែ​គោល​ត្រូវ​ឲ្យ​ត្រូវ​តាម​តម្លៃ​ទំនិញ​ទីផ្សារ​ឡើង​ថ្លៃ​ដូច​សព្វថ្ងៃ​អ៊ីចឹង ទើប​យើង​អាច​រស់​បាន»

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

ran

ពី ភ្នំេពញ

ទោះស្លាប់ត្រូតែរើបំរះទ្បើង

Jan 04, 2014 06:42 PM

គេហទំព័រ​ទាំងមូល