លោក ហ៊ុន ម៉ានិត គ្រោង​ប្ដឹង​អង្គការ និង​ម្ចាស់​ហ្វេសប៊ុក​មួយ​ដែល​ចោទ​លោក​មាន​លុយ​រាប់​លាន​ដុល្លារ

ដោយ សេក បណ្ឌិត
2019-06-20
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ហ៊ុន ម៉ានិត កូន​ប្រុស​លោក ហ៊ុន សែន ចូល​រួម​ពិធី​ប្រារព្ធ​ខួប​លើក​ទី​៦៥ នៃ​ការ​បង្កើត​គណបក្ស​ប្រជាជន​​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៦។
លោក ហ៊ុន ម៉ានិត កូន​ប្រុស​លោក ហ៊ុន សែន ចូល​រួម​ពិធី​ប្រារព្ធ​ខួប​លើក​ទី​៦៥ នៃ​ការ​បង្កើត​គណបក្ស​ប្រជាជន​​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៦។
RFA

កូនប្រុស​ទី​២​របស់ លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានិត បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​២០ មិថុនា​ថា លោក​កំពុងតែ​ពិចារណា ថា​តើ​គួរ​ប្រើ​នីតិវិធី​ច្បាប់​ប្ដឹង អង្គការ ឈ្មោះ "​ខ្ញុំ​ខ្មែរ​" និង​ម្ចាស់​គណនី​ហ្វេសប៊ុក តោ និមល (Tor Nimol) ឬក៏​ទុកចោល ករណី​ចោទប្រកាន់​រូបលោក និង​ប្អូនស្រី លោក ថា មាន​ប្រាក់​រាប់​លាន​ដុល្លារ។ ការព្រមាន​នេះ ដោយសារតែ ម្ចាស់​គណនី​ហ្វេសប៊ុក ឈ្មោះ តោ និមល បាន​បង្ហោះ​ព័ត៌មាន​មួយ កាលពី​ថ្ងៃ​ទី​១៨ មិថុនា ដែល​ថា​៖ «​កូនប្រុស របស់​លោក ហ៊ុន សែន មាន​លុយ មួយ​រយ​លាន​ដុល្លារ នៅ​ក្នុង​ធនាគារ ធីឌី ក្នុង​ប្រទេស​កាណាដា (TD bank of Canada)

ម្ចាស់​គណនី​ហ្វេសប៊ុក ដដែល​បាន​សរសេរ​ទៀត​ថា​៖ សប្បាយ​ណាស់ .!! លើ​គំនរ​ទឹកភ្នែក​ប្រជាជន​...?

លោក ហ៊ុន ម៉ាណិត នៅ​ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​២០១៩ បាន​ចេញមុខ​ច្រានចោល​ចំពោះ​ព័ត៌មាន​នេះ និង​ចាត់ទុកថា​ជា​ព័ត៌មាន​ក្លែងក្លាយ។ លោក​សរសេរ​បញ្ជាក់​នៅ​លើ​លើ​ហ្វេសប៊ុក​ថា​៖ «​ព័ត៌មាន​មិន​ពិត​នេះ​គឺ​បាន​បង្កើត​ឡើង​ដោយ​ក្រុម​ប្រឆាំង ក្នុង​គោលបំណង​បង្ខូច​ឈ្មោះ លាប​ពណ៌ បង្កើត​ជា​ការសង្ស័យ ពី​សាធារណជន។ ហើយ​អ្នក​ដែល​ចេញ​ព័ត៌មាន​មិន​ពិត​នេះ​មុនគេ គឺ​មកពី​អតីត​គណបក្ស​ព្រះអាទិត្យ​លិច និង​តំណាង "​ខ្ញុំ​ខ្មែរ​" ឈ្មោះ Tor Nimol»

លោក​បញ្ជាក់​ទៀត​ថា ករណី​បែប​នេះ មិនមែន​ជា​លើក​ទី​១​នោះ​ទេ កន្លងមក​ក្រុម​ប្រឆាំង​បាន​ប្រើ​ព័ត៌មាន​ក្លែងក្លាយ​មក​លើ​ក្រុម​គ្រួសារ​លោក​ជា​បន្តបន្ទាប់។

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​ទៅ​តំណាង "​ខ្ញុំ​ខ្មែរ​" ឈ្មោះ Tor Nimol» ក៏ប៉ុន្តែ រហូតមកដល់​ម៉ោង​ផ្សាយ​នេះ មិន​មាន​ការ​ឆ្លើយ​តប​យ៉ាងណា​នៅឡើយ​ទេ​។ កាលពី​សប្ដាហ៍​មុន​ក្រុម​យុវជន​នៃ​មាតា​ធម្មជាតិ ក៏បាន​រកឃើញ​ថា កូនប្រុស​របស់​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី លោក ជា សុធារ៉ា ក៏​មាន​លុយ​ប្រមាណ ៨​លាន​ដុល្លារ​ទិញ​វិមាន​នៅ​ប្រទេស​អូស្ត្រាលី ទោះបី​លោក​មាន​ប្រាក់ខែ​ប្រមាណ​តែ ៥០០​ដុល្លារ​។ ក្រុម​យុវជន​សង្ស័យ​ថា ករណី​អាច​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ និង​ស្នើ​ឱ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ស៊ើបអង្កេត​ករណី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

fact is the fact amigo

This dictator's son should files a lawsuit against his father dictator"HS"in P Penh kangaroo court who got more money than he made.Hey amigo no anyone gonna buy your word ever....have or u don't have everyone knew this very clear amigo.

Jul 01, 2019 12:41 PM

គេហទំព័រ​ទាំងមូល