កម្ពុជា​ដាក់​ឲ្យ​ប្រើប្រាស់​កន្លែង​ផ្ដល់​លិខិត​ធ្វើ​ដំណើរ និង​ប័ណ្ណ​ពលករ​ទៅ​ប្រទេស​ថៃ

ដោយ សន ចាន់រដ្ឋា
2018-01-08
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពលករ​ខ្មែរ​នៅ​ទឹក​ដី​ថៃ ច្រក​តាផ្យ៉ា របស់​ថៃ ជាប់​ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០១៦។ Photo Provided
ពលករ​ខ្មែរ​នៅ​ទឹក​ដី​ថៃ ច្រក​តាផ្យ៉ា របស់​ថៃ ជាប់​ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០១៦។ Photo Provided
Photo Provided

ក្រសួងមហាផ្ទៃ និង​ក្រសួង​ការងារ ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ទីស្នាក់ការ​ផ្ដល់​លិខិត​ធ្វើដំណើរ និង​ប័ណ្ណ​ពលករ​កម្ពុជា​ធ្វើការ​នៅ​បរទេស​ចំនួន ៣​កន្លែង​ផ្សេងគ្នា ជា​ផ្លូវការ​ចាប់ពី​ថ្ងៃ​ទី​៨ ខែ​មករា ឆ្នាំ​២០១៨ ដើម្បី​សម្រួល និង​ពន្លឿន​ការ​ផ្ដល់​សេវា​ជូន​ពលករ​កម្ពុជា ដែល​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ។

មន្ត្រី​សង្គម​ស៊ីវិល សម្ដែង​ការ​សាទរ​ចំពោះ​វិធានការ​នេះ និង​ស្នើ​ឲ្យ​ធ្វើការ​ប្រកប​ដោយមាន​តម្លាភាព និង​យុត្តិធម៌ ជៀសវាង​អំពើពុករលួយ។

ទីស្នាក់ការ​ផ្ដល់​លិខិត​ធ្វើដំណើរ និង​ប័ណ្ណ​ពលករ​កម្ពុជា​ធ្វើការ​នៅ​បរទេស​ទាំង ៣​កន្លែង ដែល​អាជ្ញាធរ​ទើប​ដាក់​ឲ្យ​ប្រើប្រាស់​នេះ គឺ​មាននៅ​រាជធានី​ភ្នំពេញ​ស្ថិត​ក្នុង​ផ្សារ​ស្ទឹងមានជ័យ​ថ្មី (​ជាន់​ទី​២) នៅ​ខេត្ត​បាត់ដំបង និង​នៅ​ខេត្ត​បន្ទាយមានជ័យ។

អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ការងារ នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នៅ​ផ្សារ​ស្ទឹងមានជ័យ​ថ្មី លោក សេង សក្តា ថ្លែងប្រាប់ អ្នក​សារព័ត៌មាន​ថា គោលបំណង​នៃ​ការ​បង្កើត​ទីស្នាក់ការ​ផ្ដល់​លិខិត​ធ្វើដំណើរ និង​ប័ណ្ណ​ពលករ​កម្ពុជា ធ្វើការ​នៅ​បរទេស​នេះ គឺ​ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ពលករ ដែល​ចង់​បំពេញបែបបទ​ឯកសារ ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ហើយក៏​ជា​កន្លែង​មួយ​ច្បាស់លាស់ ក្នុង​ការ​បំពេញបែបបទ​នីតិវិធី សម្រាប់​ឲ្យ​បាន​ឯកសារ​ស្របច្បាប់​ទៅ​ធ្វើ​ការ​នៅ​បរទេស។ លោក​បន្ត​ថា ប័ណ្ណ​ទាំងនេះ​មាន​សុពលភាព ៥​ឆ្នាំ និង​គ្មាន​ការ​ពន្យារ​ពេល​នោះ​ទេ។

រីឯ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម នៃ​ក្រសួងមហាផ្ទៃ ម៉ៅ ច័ន្ទតារា ក៏​បាន​បញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ដែរ​ថា ការ​បង្កើត​ទីស្នាក់ការ​ផ្ដល់​លិខិត​ធ្វើដំណើរ និង​ប័ណ្ណ​ពលករ​កម្ពុជា​ធ្វើការ នៅ​បរទេស​ចំនួន ៣​កន្លែង​នេះ គឺជា​ការ​រួមចំណែក​មួយ​យ៉ាង​សំខាន់​ក្នុង​ការ​ទប់ស្កាត់​បញ្ហា​ពលករ​ចាញ់បោក​មេខ្យល់ ចំណាកស្រុក​ខុសច្បាប់ ការ​ចំណាយ​ថវិកា​ច្រើន ខ្ជះខ្ជាយ​ពេលវេលា និង​ទប់ស្កាត់​ការ​ចេញ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស គ្មាន​ឯកសារ​ស្របច្បាប់។

មន្ត្រី​កម្មវិធី នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ការងារ និង​សិទ្ធិមនុស្ស លោក ឌី ថេហូ សាទរ​ចំពោះ​ការ​បង្កើត​ទីស្នាក់ការ​ផ្ដល់​សេវា​បែបបទ​ឯកសារ​ជូន​ពលករ​នេះ ទោះបីជា​យឺត​ពេល​បន្តិច​ក្តី។ លោក​រំពឹង​ថា ការ​ធ្វើ​ការងារ​ជូន​ពលរដ្ឋ​នេះ សូម​ធ្វើ​ដោយ​ភាព​ស្មោះត្រង់ និង​កុំ​សម្លឹង​ឃើញ​តែ​ផលប្រយោជន៍​នយោបាយ​ដោយសារតែ​ជិត​បោះឆ្នោត។ លោក​ស្នើសុំ​ឲ្យ​មន្ត្រី​ដែល​បំពេញការងារ កំណត់​តម្លៃ​ឲ្យ​បាន​ច្បាស់លាស់ ព្រោះ​កន្លងមក​មាន​ករណី​យក​តម្លៃ​ខ្ពស់​ហួសហេតុ និង​ស្នើសុំ​ឲ្យ​មាន​លេខ​រៀង​ត្រឹមត្រូវ ជៀសវាង​ភាព​រញ៉េរញ៉ៃ។ «»

យ៉ាងណា​ក៏​ដោយ​ចុះ មន្ត្រី​ក្រសួង​ការងារ​ប៉ាន់ប្រមាណ​ថា ទីស្នាក់ការ​ទាំង ៣​កន្លែង​នេះ គឺ​មន្ត្រី​អាច​ធ្វើ​លិខិត​ធ្វើដំណើរ និង​ប័ណ្ណ​ពលករ​កម្ពុជា​ធ្វើការ​នៅ​បរទេស​ជូន​ពលករ​បាន​ប្រមាណ ៣​ពាន់​នាក់ ក្នុង​មួយ​ខែ។ ដើម្បី​ធ្វើ​លិខិត​ធ្វើដំណើរ និង​ប័ណ្ណ​ពលករ​នេះ ប្រជាពលរដ្ឋ​កម្ពុជា ត្រូវ​បំពេញ​តាម​លក្ខខណ្ឌ គតិយុត្តិ​មួយ​ចំនួន ដូចជា​ត្រូវ​មាន​កិច្ចសន្យាការងារ​ពី​និយោជក​ថៃ តាមរយៈ​ទីភ្នាក់ងារ ដែល​បញ្ជូន​ពួកគេ​ទៅ​ធ្វើ​ការងារ​នៅ​ទីនោះ ត្រូវ​មាន​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ បើ​គ្មាន​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​ទេ ត្រូវ​មាន​សំបុត្រ​បញ្ជាក់​កំណើត​ច្បាប់ដើម ភ្ជាប់​ជាមួយ​សៀវភៅ​គ្រួសារ ឬ​សៀវភៅ ស្នាក់នៅ​ដែល​ច្បាស់លាស់​ត្រឹមត្រូវ។

តំណាង​ក្រសួងមហាផ្ទៃ និង​ក្រសួង​ការងារ ក៏​ស្នើ​ដល់​ទី​ភ្នាក់ងារ​ជ្រើសរើស​បណ្ដុះបណ្ដាល និង​បញ្ជូន​ពលករ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ផង​ដែរ កុំ​ឲ្យ​កំណត់​ថ្លៃ​សេវា​ខ្ពស់​ហួសពេក ព្រោះ​រដ្ឋាភិបាល​បាន​រិះរក និង​ធ្វើ​គ្រប់​វិធី ដើម្បី​សម្រួល និង​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ កម្មករ ពលករ​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល