"ថៅកែ​រោងចក្រ​កាត់​ដេរ​គ្មាន​ប្រាក់​ខែ​បើក​ឲ្យ​កម្មករ"

សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ហៅ​កាត់​ថា ជីម៉ាក់ (GMAC) ប្រកាស​ថា ថៅកែ​រោងចក្រ​មិន​មាន​ប្រាក់​ខែ​បើក​ឲ្យ​កម្មករ​ទេ ដោយសារ​កម្មករ​ភាគ​ច្រើន​ធ្វើ​បាតុកម្ម​មិន​ចូល​ធ្វើ​ការ​បណ្ដាល​ឲ្យ​ថៅកែ​រោងចក្រ មិន​មាន​ទំនិញ​លក់​ឲ្យ​អ្នក​បញ្ជាទិញ។
ដោយ វោហារ ជាតិ
2013-12-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រធាន​សហភាព​សហជីព​កម្ពុជា និង​ជា​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន ដឹកនាំ​កម្មករ​ហែ​ក្បួន​បាតុកម្ម​នា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៦ ធ្នូ ឆ្នាំ​២០១៣។
ប្រធាន​សហភាព​សហជីព​កម្ពុជា និង​ជា​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន ដឹកនាំ​កម្មករ​ហែ​ក្បួន​បាតុកម្ម​នា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៦ ធ្នូ ឆ្នាំ​២០១៣។
RFA/Mom Sophon

ក្នុង​លិខិត​ចំហ​របស់​ជីម៉ាក់ ចុះ​ថ្ងៃ​ទី​២៩ ធ្នូ មាន​តែ​ត្រា មិន​មាន​ឈ្មោះ​និង​មិន​មាន​ចុះ​ហត្ថលេខា​ ដោយ​មន្ត្រី​ណា​ម្នាក់​នោះ បាន​ទាមទារ​ឲ្យ​ប្រធាន​សហជីព​កម្មករ​ទាំង ៦ ទទួល​ខុសត្រូវ​លើ​ការ​ខាតបង់​របស់​ថៅកែ​រោងចក្រ និង​ការ​បាត់បង់​ការងារ​របស់​កម្មករ រួម​ទាំង​ការ​បាត់បង់​ឱកាស​វិនិយោគ​លើ​វិស័យ​រោងចក្រ​កាត់​ដេរ ដោយសារ​វិនិយោគិន​បរទេស​​អាច​ឈប់​រក​ស៊ី​នៅ​កម្ពុជា ពីព្រោះ​សហជីព​ទាំង​៦​នេះ បាន​ញុះញង់​ឲ្យ​កម្មករ​ឈប់​ធ្វើការ ដោយ​នាំ​គ្នា​ធ្វើ​បាតុកម្ម​ទាមទារ​ប្រាក់​ខែ​គោល​ចំនួន ១៦០​ដុល្លារ ចាប់​តាំង​​ពី​ថ្ងៃ​ទី​២៥ ធ្នូ មក ដែល​ធ្វើ​ឲ្យ​ដំណើរការ​រោងចក្រ​កាត់​ដេរ​ជាប់​គាំង​មិន​មាន​ទំនិញ​នាំ​ចេញ​លក់​ឲ្យ​អ្នក​បញ្ជាទិញ។

ប្រធាន​សហជីព​ទាំង​៦​នោះ គឺ​មាន លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ។ លោក ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ។ លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ។ លោកស្រី ម៉ម ញឹម ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ​នៃ​ឧស្សាហកម្ម​វាយនភណ្ឌ​កាត់​ដេរ​កម្ពុជា និង​លោកស្រី យ៉ាង សោភ័ណ្ឌ ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា។

លិខិត​របស់​ជីម៉ាក់ ក៏បាន​អំពាវនាវ​ឲ្យ​​ក្រសួង​ការងារ​និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ ព្រមទាំង​សហជីព ធានា​សុវត្ថិភាព​ការងារ​ដល់​កម្មករ និង​ធានា​ទ្រព្យសម្បត្តិ​របស់​អ្នកវិនិយោគិន ហើយ​មន្ត្រី ជីម៉ាក់ រង់​ចាំ​ចម្លើយ​យ៉ាង​អត់ធ្មត់​ក្នុង​ការ​ពិភាក្សា​គ្នា​បន្ត​ទៅ​ទៀត ដើម្បី​បើក​ឲ្យ​ដំណើរការ​រោងចក្រ​ឡើង​វិញ។

ក្រោយ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា បាន​ចេញ​លិខិត​ចំហ​នេះ​មក ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ការ​មិន​ចូល​រួម​របស់​សមាគម​រោងចក្រ​ក្នុង​កិច្ច​ប្រជុំ​គណៈកម្មការ​ក្រុម​ប្រឹក្សា​ការងារ​នៅ​ថ្ងៃ​ទី​៣០ ធ្នូ។ ក្រសួង​ការងារ​សង្ឃឹម​ថា សមាគម​រោងចក្រ​នឹង​ពិចារណា​ឡើង​វិញ ក្នុង​ការ​ចូល​រួម​ពិភាក្សា​ដោះស្រាយ​បញ្ហា​នេះ។

គណៈកម្មការ​ក្រុមប្រឹក្សា​ការងារ​នេះ មាន​សមាសភាព​ត្រី​ភាគី គឺ​តំណាង​រាជរដ្ឋាភិបាល តំណាង​ក្រុម​សមាគម​រោងចក្រ និង​ខាង​សហជីព​តំណាង​កម្មករ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។ង

ព័ត៌មាន (4)
Share

អ្នក​អាន​អនាមិក

ទោះជាទៅធ្វើស្រែក៏ប្រសើរដែរ ព្រោះរដ្ឋាភិបាលក៏លែងបានទទួលសំណូកដ៏ថោកនេះទៀតដែរ ហើយបក្សពុករលួយនិងរលាយដូចតែគ្នានិង។ ចាំមើលតើរដ្ឋាភិបាលអាយ៉ងនិងអាចរស់បានយ៉ាងណា? បើមិនមានជំនួយ អ្នកមិនដឹងគឺមិនភ័យ ប៉ុន្តែសម្រាប់មន្ត្រីរដ្ឋាភិបាលវិញ គឺកំពុងតែភ័យហើយ។

Dec 30, 2013 07:23 PM

អ្នក​អាន​អនាមិក

will you try to live on and make your children to live on $95 a month? you know exactly how much you pay for your breakfast, don't you? don't look down on your own compatriots.

Dec 29, 2013 09:33 AM

អ្នក​អាន​អនាមិក

រឿង ប្រាក់ខែ កម្មករ ឡើងមិនរួចដោយសារ អំពើពុករលួយក្រោមតុ,, ថៅកែរោងចក្រ បង់លុយអោយទៅ គណបក្សប្រជាជន ជាសម្ងាត់ ថៅកែរោងចក្រ បើមិនបង់លុយអោយគេទេ! គេមិនអោយបង្កើតរោងចក្រ ឬ មិនចេញច្បាប់អោយនោះឡើយ !

Dec 29, 2013 07:37 AM

អ្នក​អាន​អនាមិក

មិនខុសគ្នាអីនឹងអ្នកជំពាក់លុយគេ ឬមេតុងទីនខ្លះ ដែលគ្មានលុយសងគេទេ បើគ្មានលុយសងផងតើយើងធ្វើមុិចគាត់? ទោះគាត់មិនរត់់ទៅណាកដោយ ច្រើនណាស់ជាប់គុគ។ ខំចាញ់បោកអ្នកនយោបាយទៀតទៅ ខ្លួនងង ជិតបានទៅធ្វើស្រែ និងចំការវិញហើយ។

Dec 29, 2013 06:16 AM

គេហទំព័រ​ទាំងមូល