ថៅកែ​រោងចក្រ​ហ្គាវ័ន្ដ​ស្នើ​លោក ហ៊ុន សែន អន្តរាគមន៍​ឲ្យ​កម្មករ​ឈប់​បិទ​ច្រក​ចេញ​ចូល

ដោយ សេក បណ្ឌិត
2018-02-07
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្រុម​កម្មករ​នៃ​រោងចក្រ ហ្គាវ័ន អាប់ភែរឹល (Gawon Apparel) ប្រមូល​ផ្តុំ​គ្នា​នៅ​បរិវេណ​ខាង​ក្នុង​នៃ​រោងចក្រ រង់ចាំ​ដំណោះស្រាយ​នា​ទីក្រុង​តាខ្មៅ ខេត្ត​កណ្ដាល នៅ​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៧។
ក្រុម​កម្មករ​នៃ​រោងចក្រ ហ្គាវ័ន អាប់ភែរឹល (Gawon Apparel) ប្រមូល​ផ្តុំ​គ្នា​នៅ​បរិវេណ​ខាង​ក្នុង​នៃ​រោងចក្រ រង់ចាំ​ដំណោះស្រាយ​នា​ទីក្រុង​តាខ្មៅ ខេត្ត​កណ្ដាល នៅ​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៧។
Photo: RFA

ថៅកែ​រោងចក្រ ហ្គាវ័ន្ដ អាប់ភែរីល (GAWON Apparel) នៅ​ក្រុង​តាខ្មៅ ខែត្រ​កណ្ដាល បាន​ដាក់​លិខិត​មួយ​ទៅ​ទីស្ដីការគណៈរដ្ឋមន្ត្រី ដើម្បី​ស្នើសុំ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្វើ​អន្តរាគមន៍ ដើម្បី​ឲ្យ​កម្មករ​ដែល​ដេក​យាម​មុខ​រោងចក្រ បើកផ្លូវ​ឲ្យ​ដំណើរការ​ឡើងវិញ។ លិខិត​អន្តរាគមន៍​នោះ ថៅកែ​រោងចក្រ​បាន​ចោទ​សហជីព​ស៊ីខៅឌូ ថា ជា​អ្នកដឹកនាំ​កម្មករ​ឲ្យ​បិទ​ច្រក​ចេញ​ចូល តាំងពី​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៧​មក។

លិខិត​សុំ​អន្តរាគមន៍​របស់​ថៅកែ​រោងចក្រ​ហ្គាវ័ន្ដ នៅ​ក្រុង​តាខ្មៅ ស្នើ​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នេះ ធ្វើឡើង​ក្រោយ​ពី ថៅកែ​ជនជាតិ​កូរ៉េ​ខាងត្បូង​រូប​នេះ បាន​ប្ដឹង​ទៅ​រដ្ឋមន្ត្រី​ក្រសួង​ការងារ លោក អ៊ិត សំហេង កាលពី​ថ្ងៃ​ទី​១៥ ខែ​មករា ដោយ​ចោទ​សហជីព​ថា ជា​អ្នក​ញុះញង់​ឲ្យ​កម្មករ​តវ៉ា​បិទ​ផ្លូវ និង​ដេក​យាម​នៅមុខ​រោងចក្រ។ កាលណោះ ថៅកែ​រោងចក្រ​ហ្គាវ័ន្ដ គឺ អ្នកស្រី ឆា ក្យុងហ៊ី បាន​ចោទ​សហជីព​ស៊ីខៅឌូ ថា បាន​ញុះញង់​កម្មករ​ឲ្យ​ធ្វើ​កូដកម្ម​ដេក​មុខ​រោងចក្រ​ទាំង​ថ្ងៃ​ទាំង​យប់។

ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី៦ កុម្ភៈ ដែល​ស្នើ​ទៅ​លោក ហ៊ុន សែន តាមរយៈ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ថៅកែ​រោងចក្រ បាន​ចោទ​សហជីព​ស៊ីខៅឌូ​ប្រចាំ​រោងចក្រ ៣​នាក់ គឺ ឈ្មោះ រ៉ាន់ បូរ៉ា ឈ្មោះ ប្រាក់ ចាន់ថន និង​ឈ្មោះ គ្រិស ចន្ថា ថា បាន​ដឹកនាំ​កម្មករ​ធ្វើ​កូដកម្ម និង​បាន​បិទ​ច្រក​ចេញ​ចូល​មុខ​រោងចក្រ បិទ​ផ្លូវ​ជាតិ​លេខ​២១ នៅ​ចំណុច​ភូមិ​ព្រែក​សំរោង ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល និង​បាន​គំរាមកំហែង​ទៅលើ​កម្មករ​ដទៃ​ទៀត ដែល​មាន​បំណង​ចូល​ធ្វើ​ការ​វិញ មិន​ឲ្យ​ចូល​ធ្វើការ។ ថៅកែ​រោងចក្រ ហ្គាវ័ន្ដ អះអាង​ថា សហជីព​បាន​រារាំង​កម្មករ​មិន​ឲ្យ​ចូល​ធ្វើ​ការ​តាមរយៈ​ការ​ប្រទាក់​ដៃ​គ្នា រារាំង​កម្មករ​ផ្សេងទៀត មិន​ឲ្យ​ចូល​ធ្វើការ ការ​ទាញ​ទ្វារ​រោងចក្រ​បិទ ការ​បោះ​តង់​នៅមុខ​រោងចក្រ និង​ការ​ស្រែក​គំរាម​កម្មករ​ដទៃ​ទៀត ថា​នឹង​ប្រើ​ហិង្សា​ប្រសិនបើ​ហ៊ាន​ចូល​ធ្វើការ និង​បាន​ញុះញង់​ឲ្យ​កម្មករ​ដទៃ​ទៀត បិទ​ផ្លូវ​ជាតិ​លេខ​២១។

ជម្លោះ​រវាង​ក្រុម កម្មករ ជាមួយ​ថៅកែ​រោងចក្រ​ហ្គាវ័ន នៅ​ក្រុង​តាខ្មៅ បាន​ចាប់ផ្ដើម​តាំង​ពី​ដើម​ខែ​ធ្នូ ឆ្នាំ​២០១៧។ កាលណោះ ក្រុម​កម្មករ​អះអាង​ថា ពួកគេ​នាំគ្នា ធ្វើ​កូដកម្ម​ដេក​យាម​នៅមុខ​រោងចក្រ ដោយសារ​ថៅកែ​មិន​ព្រម​បើកប្រាក់​ឈ្នួល​ប្រចាំខែ​ឲ្យ​ពួកគាត់ និង​សង្ស័យ​ថា ថៅកែ​មាន​ចេតនា បិទ​រោងចក្រ​ស្ងាត់ៗ ហើយ​លួច​ដឹក​សម្ភារៈ​ចេញ​ដោយ​មិន​បើកប្រាក់​ឈ្នួល​ឲ្យ​កម្មករ។

កម្មការិនី​នៃ​រោងចក្រ​នេះ អះអាង​ថា បាន​ទ្រាំ​ដេក​តវ៉ា​លើ​ចិញ្ចើម​ផ្លូវ​មុខ​រោងចក្រ ទាំង​ថ្ងៃ​ទាំង​យប់ និង​បាន​វេច​មុង​ភួយ ចាន​ឆ្នាំង ទៅ​ដាំបាយ​ហូប​នៅមុខ​រោងចក្រ ដើម្បី​ការពារ​សម្ភារៈ​រោងចក្រ ព្រោះ​ខ្លាច​លួច​ដឹក​សម្ភារៈ​ចេញ បិទ​រោងចក្រ​ដោយ​ស្ងាត់ៗ ដោយ​មិន​ព្រម​ទូទាត់​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ឲ្យ​កម្មករ។ កម្មការិនី ប្រាប់​ថា នៅ​ពេល​យប់ មាន​ក្រុម​ជើង​កាង ជាច្រើន តែង​មក​បង្ក​រឿង​ជាមួយ​ពួកគាត់ ដើម្បី​បង្ខំ​ឲ្យ​ពួកគាត់ បញ្ឈប់​សកម្មភាព​ដេក​យាម​នៅមុខ​រោងចក្រ។

ចំពោះ​កិច្ច​អន្តរាគមន៍​ពី​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន វិញ ក្រុម​កម្មករ​រោងចក្រ​ហ្គាវ័ន្ដ បាន​ចូលរួម​ជាមួយ​កម្មករ​រោងចក្រ​ហ្វឺស ហ្គាវ័ន្ដ (First Gawon) នៅ​សង្កាត់​ចាក់អង្រែក្រោម ក្រុងភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មករា ដោយ​ដាក់​ញត្តិ​នៅ​ខុទ្ទកាល័យ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ម្ដង​រួច​មក​ហើយ។

ថៅកែ​រោងចក្រ ហ្គាវ័ន្ដ អ្នកស្រី ឆា ក្យុងហ៊ី បាន​រាយការណ៍​ទៅ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា ក្រុម​សហជីព​ស៊ីខៅឌូ នៅ​មូលដ្ឋាន​ទាំង​៣​នាក់ បាន​ស្នើសុំ​តុលាការ​ខែត្រ​កណ្ដាល​ចេញ​ដីកា​រក្សា​ការពារ​រឹបអូស ទ្រព្យសម្បត្តិ​រោងចក្រ ដើម្បី​លក់​ឡៃឡុង។ សាលាដំបូង​ខែត្រ​កណ្ដាល​បាន​ចេញ​ដីកា​រក្សា​ការពារ​ទ្រព្យសម្បត្តិ​ក្រុមហ៊ុន ថៅកែ​រោងចក្រ អះអាង​ថា ក្រុម​សហជីព​មូលដ្ឋាន​ទាំង​បី បាន​ញុះញង់​ឲ្យ​កម្មករ ដោយ​ប្រាប់​កម្មករ​ថា តុលាការ​នឹង​លក់​ឡៃឡុង​ទ្រព្យសម្បត្តិ​រោងចក្រ ហើយ​យក​ប្រាក់​បើក​ឲ្យ​កម្មករ​ម្នាក់ ១​ម៉ឺន (១០,០០០)​ដុល្លារ។ ហេតុនេះ ទើប​កម្មករ​យល់ព្រម​បិទ​ច្រក​ចេញចូល​រោងចក្រ​តាម​ការ​ញុះញង់​របស់​សហជីព។ ថៅកែ​រោងចក្រ​បន្ដ​ថា សកម្មភាព​សហជីព​បែប​នេះ បណ្ដាល​ឲ្យ​កម្មករ និយោជិក ដែល​មិន​ចូលរួម​ធ្វើ​កូដកម្ម មិន​អាច​ចូល​ធ្វើការ​បាន ទើប​សង្វាក់​ផលិតកម្ម​រោងចក្រ​ត្រូវ​បាន​រាំងស្ទះ​ទាំងស្រុង និង​បាន​រារាំង​ដល់​ការ​ដឹក​ទំនិញ​ឲ្យ​អ្នក​បញ្ជា​ទិញ មិនទាន់​ពេល ទើប​អ្នកបញ្ជា​ទិញ​មិនបាន​ទម្លាក់​លុយ​ឲ្យ​រោងចក្រ ជាហេតុ​ធ្វើ​ឲ្យ​រោងចក្រ​គ្មាន​លុយ​បើក​ឲ្យ​កម្មករ​ទាន់​ពេល​វេលា។

មន្ត្រី​សហជីព​ស៊ីខៅឌូ ប្រចាំ​រោងចក្រ ហ្គាវ័ន្ដ លោក រ៉ាន់ បូរ៉ា បដិសេធ​ការ​ចោទ​ប្រកាន់​ថា ក្រុម​សហជីព ញុះញង់​ឲ្យ​កម្មករ​ដេក​មុខ​រោងចក្រ។ លោក​ថា កម្មករ កម្មការិនី ជា​អ្នក​ស្នើសុំ​ឲ្យ​សហជីព​ជួយ​ឃ្លាំមើល និង​ចូលរួម​ដេក​យាម នៅមុខ​រោងចក្រ ព្រោះ​មាន​ជើង​ខាង​រំខាន​ដំណេក​របស់​ពួកគាត់។ «»

កម្មការិនី​ម្នាក់ ដែល​នាំ​ប្ដី និង​កូន ទៅ​ដេក​នៅមុខ​រោងចក្រ​ហ្គាវ័ន្ដ ជិត​២​ខែ​មកនេះ គឺ អ្នកស្រី ថូ ណៃយៀប អះអាង​ថា សហជីព​ស៊ីខៅឌូ មិន​បាន​ញុះញង់​ក្រុម​កម្មករ​នោះ​ទេ គឺ​កម្មករ ជា​អ្នក​នាំគ្នា​ដេក​តវ៉ា ដើម្បី​ទាមទារ​ដោយ​ខ្លួនឯង និង​បាន​ពឹង​ពាក់​ឲ្យ​សហជីព​ជួប​មក​ដេក​កំដរ។ «»

កម្មការិនី​រោងចក្រ ហ្គាវ័ន្ដ ហៅ​ការ​ចោទ​ទៅលើ​សកម្មភាព​ដេក​តវ៉ា​មុខ​រោងចក្រ ទើប​ធ្វើ​ឲ្យ​អ្នកបញ្ជា​មិន​ទម្លាក់​លុយ និង​គ្មាន​លុយ​បើក​ឲ្យ​កម្មករ​នោះ ថា​ជា ការ​កុហក​របស់​ថៅកែ ព្រោះ​កម្មករ​ទើប​នាំគ្នា​ដេក​តវ៉ា ក្រោយពេល​រោងចក្រ មិន​បើក​លុយ​ឲ្យ​កម្មករ​តែប៉ុណ្ណោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

កូនកម្ពុជា

ថៅកែ នេះបែបប្រើ របៀបធ្វើនំ អត់ម្សៅ ហើយ មើលទៅ !
លុយប្រាក់ខែ មិនបើកអោយ ជំពាក់ ចេះតែប្រើ អោយកម្មករកម្មការីនី ធ្វើការ !
ឬ មួយ ថៅកែ ចាយលុយក្រោមតុ ច្រើនពេក ?

Feb 08, 2018 09:40 AM

គេហទំព័រ​ទាំងមូល