សហជីព និង​កម្មករ​ថា រោងចក្រ​ខ្លះ​មិនទាន់​បើកប្រាក់​បំណាច់​អតីតភាព​ការងារ​ឆ្នាំ​២០១៩

ដោយ ជាតិ ចំណាន
2019-12-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា លោក ប៉ាវ ស៊ីណា ផ្ដល់​បទសម្ភាសន៍​នៅ​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៧។
ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា លោក ប៉ាវ ស៊ីណា ផ្ដល់​បទសម្ភាសន៍​នៅ​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៧។
RFA

សហជីព និង​កម្មករ​ឱ្យ​ដឹង​ថា រោងចក្រ​ខ្លះ មិន​ទាន់​បើកប្រាក់​បំណាច់​អតីតភាព​ការងារ​សម្រាប់​ឆ្នាំ​២០១៩ ឱ្យ​កម្មករ​នៅឡើយ​ទេ។ សហជីព​ថា នេះ​ជា​ការ​មិន​អនុវត្ត​តាម​ប្រកាស​របស់​ក្រសួង​ការងារ។

សហជីព​រក​ឃើញ​ថា រោងចក្រ​មួយ​ចំនួន ពុំ​បាន​អនុវត្ត​តាម​ប្រកាស​របស់​ក្រសួង​ការងារ​ទេ ដោយ​ពួកគេ​យឺតយ៉ាវ និង​ពន្យារពេល​បើកប្រាក់​បំណាច់​អតីតភាព​ការងារ​មុន​ឆ្នាំ​២០១៩ ឱ្យ​កម្មករ។

ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ លោក ប៉ាវ ស៊ីណា លើកឡើង​ក្នុង​ហ្វេសប៊ុក (Facebook) ថា ក្រសួង​ការងារ បាន​តម្រូវ​ឱ្យ​ម្ចាស់​រោងចក្រ ត្រូវ​បើក​ជូន​កម្មករ នៅ​ក្នុង​ខែ​ធ្នូ​នេះ។ ទោះជា​យ៉ាងណា លោក​ថា អ្នក​គ្រប់គ្រង​រោងចក្រ​ខ្លះ បាន​លើក​ទៅ​បើក​ប្រាក់​ជូន​កម្មករ នៅ​ខែ​មករា ឆ្នាំ​២០២០ ចន្លោះ​ពី​ថ្ងៃ​ទី​០៥ រហូតដល់​ថ្ងៃ​ទី​២០ ខែ​មករា​វិញ ហើយ​ក៏​មាន​រោងចក្រ​ខ្លះ​ទៀត ពុំ​ទាន់​បាន​កំណត់​ថ្ងៃ បើកប្រាក់​ជូន​កម្មករ​ដែរ។

លោក ប៉ាវ ស៊ីណា បញ្ជាក់​ថា កម្មករ​បាន​ត្អូញត្អែរ​ពី​រឿង​នេះ ដែល​អាច​ជា​ចរន្ត​រុញច្រាន​ទៅជា​វិវាទ​នៅ​ថ្ងៃ​ណាមួយ ប្រសិនបើ​និយោជក មិនបាន​អនុវត្ត តាម​ប្រកាស​របស់​ក្រសួង​ការងារ ហើយ​ក្រសួង​មិន​ចាត់​ឱ្យ​មន្ត្រី​ចុះ​ត្រួតពិនិត្យ​រឿង​នេះ​ទេ​នោះ។

ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​តម្រូវ​ឱ្យ​ម្ចាស់​រោងចក្រ សហគ្រាស បើកប្រាក់​បំណាច់​អតីតភាព​ការងារ និង​ការ​ទូទាត់​ប្រាក់​ជូន​កម្មករ​ពីរ​ដង ក្នុង ​១​ឆ្នាំ រយៈពេល ៦​ខែ​ម្តង គឺ​បើក​ជូន​​នៅ​​រៀងរាល់​ខែ​មិថុនា​ម្ដង និង​រៀងរាល់​ខែ​ធ្នូ​ម្ដង ជា​រៀងរាល់​ឆ្នាំ។

កម្មករ​ម្នាក់​ធ្វើការ​នៅ រោងចក្រ ប៊ូវឃ័រ (Bowker) នៅ​ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល លោក ឡឹក សុភ័គ ប្រាប់​ថា រោងចក្រ​មួយ​ចំនួន​នៅ​ម្ដុំ​ផ្លូវជាតិ​លេខ​៤ នៅ​ស្រុក​អង្គស្នួល បាន​ទូទាត់​តួលេខ​ជា​លុយ​រួចហើយ តែ​មិន​ទាន់​បាន​បើក​ជា​សាច់ប្រាក់​ឱ្យ​កម្មករ​នៅឡើយ​ទេ។ លោក​ថា ខាង​ភាគី​ថៅកែ រោងចក្រ​បាន​សន្យា​ថា នឹង​បើកប្រាក់​បំណាច់​អតីតភាព​ការងារ​ទាំងនោះ ឱ្យ​កម្មករ នៅ​ខែ​មករា៖ «ខាង​ម្ដុំៗ​ ខ្ញុំ គេ​ដាក់​តួលេខ​ឱ្យ​ហើយ​បង។ ពេល​ដែល​បើក​ពាក់កណ្ដាល​តែម្ដង ហើយ​ទាល់តែ​ថ្ងៃ​១០​ហ្នឹង (​ខែ​មករា​) បាន​គេ​បើក​អា​រំលឹក​ឱ្យ ទាំង​អ្នក​ពេញ​សិទ្ធិ ទាំង​អ្នក​ដែល​បណ្ដោះអាសន្ន»

ចំណែក ប្រធាន​សហព័ន្ធ​សហជីព​ស៊ីខៅឌូ លោក គង់ អាទិត្យ ឱ្យ​ដឹង​ថា រោងចក្រ ដែល​មាន​សហជីព​ស៊ីខៅឌូ​ប្រចាំការ បាន​បើកប្រាក់​បំណាច់​អតីតភាព ឆ្នាំ​២០១៩ ឱ្យ​កម្មករ​អស់​ហើយ​។ លោក​មិន​ដឹង​ថា រោងចក្រ​ណា មិន​ទាន់​បាន បើកប្រាក់​អតីតភាព ឱ្យ​កម្មករ​ទេ ប៉ុន្តែ​លោក​ជឿ​ថា រោងចក្រ​ណា ដែល​មិន​មាន​សហជីព អាច​នឹង​មាន​ករណី​នេះ​កើត​ឡើង៖ «នៅ​ក្នុង​សមាជិក​របស់ខ្ញុំ អត់​មាន​ផង​។ អត់​មាន ដែល​គេ​អត់​បើក​ឱ្យ​ផង​។ តែ​ប្រហែល​ជា​មាន​រោងចក្រ​មួយ​ចំនួន ដែល​អត់​មាន​សហជីព អត់​មាន​អ្វី​អ៊ីចឹង​។ គេ​ពន្យារពេល អត់​បើក អត់​អ្វី​អ៊ីចឹង​ណា។ គេ​ពន្យារ​ពេល ឬក៏​រត់​អត់​រួច​។ មិន​អត់​ទេ»

អាស៊ីសេរី មិន​អាច​សុំ​ការ​បញ្ជាក់​រឿង​ពី​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក ហេង សួរ បាន​ទេ នៅ​ថ្ងៃ​ទី​៣០ ធ្នូ ដោយសារ ទូរស័ព្ទ​រោទ៍​គ្មាន​អ្នក​លើក។

កាលពី​ចុង​ឆ្នាំ​២០១៨ មាន​កម្មករ ច្រើន​រោងចក្រ​បាន​ធ្វើ​បាតុកម្ម​ជា​បន្ត​បន្ទាប់ ដោយសារ​ថៅកែ​មិន​ព្រម​ទូទាត់​ប្រាក់​បំណាច់​ប្រចាំ​ឆ្នាំ​ឱ្យ។ ដោយឡែក​នៅ​ចុង​ឆ្នាំ​២០១៩ នេះ​វិញ គេ​ឃើញ​មាន​កម្មករ​រោងចក្រ នៅ​ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល សិប្បកម្ម ហុង ស៊ីង និង​កម្មករ​នៅ​កាស៊ីណូ មួយ​ចំនួន នៅ​ខេត្ត​ព្រះសីហនុ បាន​ធ្វើ​បាតុកម្ម​ទាមទារ​ប្រាក់​បំណាច់​អតីតភាព​ប្រចាំ​ឆ្នាំ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល