អ្នក​លេង​ហ្វេសប៊ុក​រិះគន់​របប​ភ្នំពេញ​ដែល​បំផុស​គំនិត​បំបែក​កំណត់ត្រា​ពិភពលោក​ជា​បន្ត​បន្ទាប់

ដោយ មាន ឫទ្ធិ
2018-11-14
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រធាន​សហព័ន្ធ​សហភាព​យុវជន​កម្ពុជា លោក ហ៊ុន ម៉ានី ចូល​រួម​កម្មវិធី​បើក​ការ​ប្រកួត​បាល់ទាត់​ពាន​រង្វាន់ Soccer League ឆ្នាំ​២០១៦ នៅ​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៦ នា​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក។
ប្រធាន​សហព័ន្ធ​សហភាព​យុវជន​កម្ពុជា លោក ហ៊ុន ម៉ានី ចូល​រួម​កម្មវិធី​បើក​ការ​ប្រកួត​បាល់ទាត់​ពាន​រង្វាន់ Soccer League ឆ្នាំ​២០១៦ នៅ​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៦ នា​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក។
RFA

ក្រុម​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម បាន​នាំគ្នា​សរសេរ​សារ​រិះគន់​បែប​ឌឺដង​ផង និង​ផ្ដល់​ជា​មតិយោបល់​ណែនាំ​ផង ចំពោះ​ការណ៍​ដែល​របប​លោក ហ៊ុន សែន បាន​បំផុស​គំនិត​ផ្ដួចផ្ដើម​ឲ្យ​មានការ​បំបែក​កំណត់ត្រា​ពិភពលោក​ជា​បន្តបន្ទាប់។ ការរិះគន់​នេះ ធ្វើឡើង​ក្រោយ​ពេល​របប​ក្រុង​ភ្នំពេញ ប្រកាស​អំពី​មោទនភាព និង​សាមគ្គី​ជាតិ​តាមរយៈ​ស្នាដៃ​បំបែក​កំណត់ត្រា​ពិភពលោក World Guinness Record ទើប​ទទួល​បាន​ចុងក្រោយ​នេះ គឺ​ការ​បង្កើត​ទូក «» វែង​ជាងគេ​បង្អស់​នៅ​លើ​ពិភពលោក។

អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ម្នាក់ ឈ្មោះ នី ណល (Ny Nall) សរសេរ​បែប​លែបខាយ​ថា៖ «ធំ​ជាងគេ វែង​ជាងគេ ច្រើន​ជាងគេ ក្រ​ជាងគេ ជំពាក់​លុយ​ធនាគារ​ច្រើន​ជាងគេ ចំណាកស្រុក​ច្រើន​ជាងគេ រដ្ឋ​ជំពាក់​លុយ​បរទេស​ច្រើន​ជាងគេ ប៉ូលិស PM ទា​ហ៊ាន​ក្បាលពោះ​ធំ​ជាងគេ ឧកញ៉ា​មាន​ច្រើន​ជាងគេ ឯកឧត្ដម​ពាក់​ផ្កាយ​ច្រើន​ជាងគេ ពុករលួយ​ជាងគេ គ្រួសារនិយម បក្សពួក​និយម​ជាងគេ ស្អី​ក៏​ជាងគេ​ដែរ​ខ្មែរ​នោះ!!!»

បន្ថែម​ពីលើ​មតិ​បែប​លែបខាយ​របស់​លោក នី ណល នេះ អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ម្នាក់ទៀត​ឈ្មោះ ក្មេង កំពូលឌឺ (Khmeng Kom Pol Der) សរសេរ​ឌឺដង​ថា «ឆ្នាំក្រោយ​នឹង​បំបែក​កំណត់ត្រា​ជាងគេ​លើ​ពិភពលោក​ហើយ ចេះ​បានតែ​ប៉ុណ្ណឹង។ ជាង ៣០​ឆ្នាំ​ហើយ ក្រមា​វែង ទូកង​វែង អន្សម​ជ្រូក​ធំ រាំ​ម៉ាឌីហ្សន»

ដូចគ្នា​នេះ​ដែរ អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ម្នាក់ទៀត​ឈ្មោះ សាខុម ហៅ​តាអ៊ាន សរសេរ​បែប​កំប្លុកកំប្លែង​ថា «មិនទាន់​ចប់​ទេ យើង​ត្រូវ​ធ្វើ​ឲ្យ​បាន​កំណត់ត្រា​ផ្សេងៗ​ទៀត​ដូចជា​ឈើចាក់ធ្មេញ​យក្ស (នាំចេញ​) ឬក៏​បំបែក​កំណត់ត្រា​ការ​រាន​ព្រៃ​លឿន​ជាងគេ​ក្នុង​តំបន់»

កាលពី​ថ្ងៃ​ទី​១២ វិច្ឆិកា របប​ក្រុងភ្នំពេញ បាន​ប្រកាស​ពី​មោទនភាព​ជាតិ ដែល​កម្ពុជា​ទើបនឹង​បំបែក​កំណត់ត្រា​ពិភពលោក បង្កើត​ទូក «​ង​» វែង​ជាងគេ​ក្នុង​ពិភពលោក មាន​ប្រវែង​រហូតដល់​ទៅ​ជិត ១០០​ម៉ែត្រ ហើយ​អាច​ផ្ទុក​បាន​ចំណុះ​មនុស្ស រហូតដល់​ទៅ​ជិត ២០០នាក់។ នេះ​ជា​កំណត់ត្រា​ពិភព​លោក​ថ្មី ដែល​កម្ពុជា​ទើប​ដណ្តើម​បាន​ពី​ប្រទេស​ចិន ដែល​ធ្លាប់​ជា​ម្ចាស់​បង្កើត​ទូក «​ង​» វែង​ជាងគេ​ក្នុង​ពិភពលោក កាលពី​ពេលមុន។ ការ​បង្កើត​ទូក «​ង​» វែង​ជាងគេ​នេះ ត្រូវ​ចំណាយ​រយៈពេល​អស់​ជាង ៦​ខែ និង​អស់​ទឹកប្រាក់​ជាង ៦​ម៉ឺន​ដុល្លារ​អាមេរិក ក្រោម​គំនិត​ផ្ដួចផ្ដើម និង​បង្កើត​របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា របស់​កូនប្រុស​លោក ហ៊ុន សែន និង​លោក ស ខេង គឺ​លោក ហ៊ុន ម៉ានី និង​លោក ស សុខា ដែល​ជា​ប្រធាន និង​អនុប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា។

របប​ក្រុងភ្នំពេញ តាមរយៈ​គណៈកម្មាធិការ​ផលិត​ទូក «​ង​» អះអាង​ថា សមិទ្ធផល​នេះ នឹង​អាច​ចូលរួម​ចំណែក​លើក​តម្កើង​កិត្យានុភាព​ជាតិ​លើ​ឆាក​អន្តរជាតិ និង​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​តាមរយៈ​វិស័យ​ទេសចរណ៍ ក្រោម​អត្ថន័យ​នៃ​ទស្សនវិជ្ជា​មួយ​គឺ «​រួមគ្នា​ដើម្បី​កម្ពុជា​រុងរឿង​» និង​ថា ទូក «​ង​» វែង​ជាងគេ​នេះ គឺជា​និមិត្តរូប​នៃ​ការ​រួម​កម្លាំង​សាមគ្គី នៃ​កូន​ខ្មែរ​ជំនាន់​ក្រោយ និង​ជា​សក្ខីភាព​បង្ហាញ​ថា «​ខ្មែរ​សាមគ្គី ខ្មែរ​ឈ្នះ​» ព្រមទាំង​បង្ហាញ​ឲ្យ​ពិភពលោក​បាន​ដឹង​ថា កម្ពុជា​កំពុង​ស្ថិត​ក្នុង​បរិយាកាស​សប្បាយរីករាយ ជាមួយ​សុខ​សន្តិភាព និង​ការអភិវឌ្ឍន៍​ក្រោម​ការដឹកនាំ​របស់​របប​ក្រុងភ្នំពេញ​សព្វថ្ងៃ។

ក្រៅ​ពី​សារ ឬ​ការ​បញ្ចេញមតិ​បែប​ឌឺដង​ទាំងនេះ ក៏​មាន​ផង​ដែរ​អ្នក​បញ្ចេញមតិ​ផ្ដល់​ជា​ការ​ណែនាំ​ទៅវិញ ក្នុង​គោលបំណង​ដើម្បី​កែ​លម្អ​សង្គម ដោយ​មិន​ត្រូវ​មាន​មោទនភាព​ពេក​នោះ​ទេ។ អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​ម្នាក់​ដាក់ឈ្មោះ «ព្រៃវែង ស្រុកកំណើត​ខ្ញុំ» ផ្ដល់​មតិ​ណែនាំ​ថា «គួរ​នាំគ្នា​រិះរក​សមិទ្ធផល​និង​បង្កើត​អ្វី​ដែល​អស្ចារ្យ មិន​គួរ​មាន​មោទនភាព​ពេក​ទេ ពិភពលោក​ដល់​ណា​ហើយ គេ​ឡើង​ដល់​ឋាន​ព្រះ​ចន្ទ​ហើយ យើង​រវល់​តែ​មាន​មោទនភាព​ចំពោះ​សមិទ្ធផល​ប៉ុណ្ណឹង ............. សុំ​អភ័យទោស​ផង​បើ​ខ្ញុំ​និយាយ​ខុស»

អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក ឈ្មោះ Jerry Ice សរសេរ​ថា​៖ «សុំ​មាន​យោបល់​ខ្លះ គួរ​មើល​ខាង​កសិកម្ម បង្កើត​ឧស្សាហកម្ម​កែច្នៃ​ខ្លួនឯង កុំ​ចាំតែ​ទិញ​គេ​គ្រប់មុខ មើល​ដី រ៉ែ ថែ​ព្រៃ​ធម្មជាតិ សមុទ្រ​ឆ្នេរ​ស្អាត ពលរដ្ឋ​មានការងារ​ធ្វើ​ប្រាក់ខែ​សមរម្យ ជួយ​ចាស់ជរា កុមារ​កំព្រា ទាំងអស់​នេះ​សំខាន់​ជាង​ទូក»

ដោយឡែក អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ម្នាក់ទៀត ឈ្មោះ Sambo Phann សម្ដែង​ក្តី​កង្វល់​ថា «​រឿង​ដែល​ត្រូវ​ខ្វល់​បំផុត គឺ​ខ្មែរ​កំពុងតែ​បាត់បង់​កម្លាំង​ផលិត​ធ្ងន់ធ្ងរ ដោយ​យុវជន​ពេញ​កំលាំង​ធ្វើ​ចំណាកស្រុក​ទៅ​ក្រៅ​ប្រទេស ស្ទើរ​ស្ងាត់​ជនបទ​ទៅ​ហើយ» លោក​សរសេរ​បន្ត​ថា «​ការ​បំផ្លិច​បំផ្លាញ​ធនធានធម្មជាតិ ការឈ្លានពាន​សេដ្ឋកិច្ច​ពី​សំណាក់ យួន សៀម ចិន និង​ការ​ពង្រឹង​សមត្ថភាព​ផលិត​របស់​កសិករ​ខ្មែរ គឺជា​រឿង​ដែល​ចាំបាច់​នៅ​ពេល​នេះ»

នេះ ជា​លើក​ទី​៤ ហើយ ដែល​កម្ពុជា​បំបែក​កំណត់ត្រា​ពិភពលោក Guinness World Record ក្រោយពី​បាន​ក្លាយ​ជា​ម្ចាស់​កំណត់ត្រា​ពិភពលោក​ខាង​ផលិត​ក្រម៉ា​វែង​ជាងគេ ប្រវែង​ជាង ១​គីឡូម៉ែត្រ កំណត់ត្រា​ពិភពលោក ខាង​រាំ​ចង្វាក់​ម៉ាឌីសុន ដែល​មាន​អ្នកចូលរួម​ច្រើន​ជាងគេ​បំផុត​ដល់​ទៅ​ជាង ២​ពាន់​នាក់ និង​កំណត់ត្រា​ពិភពលោក​ខាង​នំអន្សម​យក្ស ទម្ងន់​រហូតដល់​ទៅ​ជាង ៤​តោន។

អ្នកវិភាគ​នយោបាយ​វ័យក្មេង លោក ហង្ស វិទូ យល់ថា ការ​នាំគ្នា​ផ្តោត​តែ​ទៅលើ​រឿង​បំបែក​ឯតទគ្គកម្ម​នេះ​ពេក នឹង​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​កម្ពុជា​បាត់បង់ ឬ​ខ្ជះខ្ជាយ​ថវិកា ពេលវេលា និង​ធនធានមនុស្ស​ច្រើន​នោះ​ទេ តែ​ថែមទាំង​ធ្វើ​ឲ្យ​យុវជន​អាច​សប្បាយ​ភ្លេចខ្លួន ជាហេតុ​ធ្វើ​ឲ្យ​ពួកគេ ភ្លេច​គិត​ពី​ការ​លើកស្ទួយ​ប្រជាធិបតេយ្យ និង​ស្មារតី​ស្នេហា​ជាតិ ឬ​ការ​បង្រួបបង្រួម​ជាតិ​ទៅវិញ​ទេ ខណៈ​ដែល​ខ្វះ​សាមគ្គីភាព​ពិតប្រាកដ​រវាង​ភាគី​ខ្មែរ​ដទៃ​ទៀត ក្រៅពី​ក្រុម​អ្នកគាំទ្រ​គណបក្ស​កាន់អំណាច​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល