អ្នក​ជំនាញ​ពុទ្ធសាសនា និង​សុខភាព អំពាវនាវ​កុំ​ឲ្យ​ពលរដ្ឋ​យក​គ្រឿង​ស្រវឹង​ជា​ត្រី​មុខ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ

ដោយ មួង ណារ៉េត
2019-04-12
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន​ជ្រើសរើស​ការ​​​ផឹក​គ្រឿង​ស្រវឹង​​ពេល​បាន​ជួបជុំ​គ្នា​តាម​ផ្ទះ និង​កន្លែង​កម្សាន្ត​នានា ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ។
ពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន​ជ្រើសរើស​ការ​​​ផឹក​គ្រឿង​ស្រវឹង​​ពេល​បាន​ជួបជុំ​គ្នា​តាម​ផ្ទះ និង​កន្លែង​កម្សាន្ត​នានា ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ។
រូប៖ ហ្វេសប៊ុក

អ្នក​ជំនាញ​ពុទ្ធសាសនា និង​សុខភាព សម្ដែង​ក្ដី​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​នូវ​ពេល​ពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន​ជ្រើសរើស​ការ​ជួបជុំ​ផឹក​គ្រឿង​ស្រវឹង​តាម​ផ្ទះ និង​កន្លែង​កម្សាន្ត​នានា ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​សាធារណៈ សង្គម និង​វប្បធម៌​ប្រពៃណី​ជាតិ​ជា​ដើម។ អ្នក​ជំនាញ ស្នើសុំ​ឲ្យ​របប​ក្រុង​ភ្នំពេញ ពន្លឿន​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​គ្រឿង​ស្រវឹង ដើម្បី​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​គ្រឿង​ស្រវឹង។ រី​ឯ​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល មិន​ទាន់​ដឹង​ថា សេចក្ដី​ព្រាង ច្បាប់​នេះ ត្រូវ​ការ​ពេល​វេលា​ប៉ុណ្ណា​នោះ​ទេ ព្រោះ​កំពុង​សិក្សា​បន្ថែម​ទៀត ដើម្បី​កុំ​ឲ្យ​សេចក្ដី​ព្រាង ច្បាប់​នេះ ប៉ះពាល់​ដល់​ចំណូល​ពន្ធដារ និង​ចំណង​ចំណូល​ចិត្ត​របស់​ប្រជាពលរដ្ឋ។

ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី​សម័យ​បច្ចុប្បន្ន​នេះ ត្រូវ​បាន​អ្នក​ជំនាញ​ពុទ្ធសាសនា អ្នក​ជំនាញ​ផ្នែក​សុខភាព និង​សង្គម មើល​ឃើញ​ថា ហាក់​កំពុង​ត្រូវ​បាន​គេ​ប្រារព្ធ​ឡើង​ក្នុង​ន័យ​គ្រាន់តែ​ជា​ពិធី​កម្សាន្ត​សប្បាយ​ទៅតាម​ការ​នឹក​ឃើញ​រៀងៗ ខ្លួន​ច្រើនជាង​ការ​ប្រារព្ធ​ពិធី​ផ្សេងៗ តាម​ប្រពៃណី​ជាតិ។

អ្នកតស៊ូ​មតិ​​ឱ្យ​មាន​ច្បាប់​ត្រួតពិនិត្យ​ផលិតផល​គ្រឿង​ស្រវឹង និង​ជា​មន្ត្រី​កម្មវិធី​នៃ​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព (PDP) លោក ហេង គឹមហុង លើក​ឡើង​ថា ពិធី​បុណ្យ​ចូល​ឆ្នាំ នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ពលរដ្ឋ​ខ្មែរ​ភាគច្រើន ពុំ​សូវ​ទៅ​ជួបជុំ​ធ្វើ​បុណ្យទាន និង​លេង ល្បែង​ប្រជាប្រិយ​រួម​ទាំង​រាំ​លែង​តាម​ចង្វាក់​ប្រពៃណី​ជាតិ នៅ​តាម​ទីវត្ត​អារាម​ទេ គឺ​ភាគច្រើន​ប្រជាពលរដ្ឋ តែងតែ​ជួបជុំ​ទទួលទាន​សាច់​ក្លែម និង​ផឹក​គ្រឿង​ស្រវឹង​តាម​ផ្ទះ​រៀងៗ ខ្លួន ឬ​តាម​កន្លែង​កម្សាន្ត​នានា។ លោក​បន្ត​ថា ឥរិយាបថ​អវិជ្ជមាន​បែប​នេះ អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អត្តសញ្ញាណ​សម្គាល់​បុណ្យចូលឆ្នាំ​ខ្មែរ និង​ទំនៀម​ទម្លាប់ វប្បធម៌​ដ៏​ល្អ​របស់​ខ្មែរ ហើយ​នឹង​ធ្វើ​ឲ្យ​ពិធី​កម្សាន្ត​សប្បាយ​ច្រើនតែ​ក្លាយ​ជា​ជម្លោះ​កាប់​ចាក់​គ្នា និង​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ដែល​ក្លាយទៅជា​ថ្ងៃ​កាន់ទុក្ខ នា​ឱកាស​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​នេះ៖ «ប្រជាពលរដ្ឋ​ខ្មែរ​គប្បី​យក​ពេល​វេលា​ចូលឆ្នាំ​ដ៏​សំខាន់​នេះ​ ជជែក​ជិត​ស្និត​ជាមួយ​សមាជិក​គ្រួសារ បងប្អូន មិត្តភ័ក្ដិ​ និង​រីករាយ​ ក៏​ដូច​ជា ចែករំលែក​ផ្លាស់​ប្ដូរ​បទ​ពិសោធ​ និង​ជជែក​ពី​ការងារ​ ដែល​អាច​ឈាន​ទៅ​រក​ភាព​ជោគជ័យ​ក្នុង​ឆ្នាំ​ថ្មី​ គឺ​ល្អ​ប្រសើរ​ជាង​គ្រាន់​តែ​ជួបជុំគ្នា​ ដើម្បី​ផឹក​គ្រឿងស្រវឹង។ យើង​ឃើញ​ថា ខ្មែរ​យើង​ក៏​មាន​ល្បែង​របាំ​ប្រជាប្រិយ​ជា​ច្រើន​ដែរ ដែល​បង្ហាញ​ពី​ការ​ពង្រឹង​សាមគ្គីភាព​រវាង​ពលរដ្ឋ​គ្រប់​ស្រទាប់​វណ្ណៈ​ទាំងអស់»

លោក ហេង គឹមហុង បន្ត​ថា ទោះបីជា​គ្រឿង​ស្រវឹង​ផ្ដល់​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ក្ដី ​ក៏​ក្នុង​ឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ម្តងៗ គេ​សង្កេត​ឃើញ​ថា សកម្មភាព​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា ជា​ពិសេស​តាម​ទូរទស្សន៍ បាន​បង្កើន​ការ​ផ្សាយ​ពាណិជ្ជកម្ម កាន់តែ​ខ្លាំង​ឡើង ដើម្បី​ទាក់ទាញ​អតិថិជន​ទាំង​ក្មេង​ទាំង​ចាស់ ដោយ​គ្មាន​ការទប់ស្កាត់​ពី​រដ្ឋាភិបាល​ឡើយ។ ការ​ផ្សព្វផ្សាយ​លើកទឹកចិត្ត​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​គ្រឿង​ស្រវឹង​កាន់​តែ​ច្រើន​នោះ គឺ​តាមរយៈ​ការ​អួត​ពី​គុណភាព និង​ផ្ដល់​រង្វាន់​ដល់​អ្នក​ផឹក​ជាដើម៖ «មាន​រឿង​ពីរ​ដែល​រដ្ឋាភិបាល​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​ គឺ​ទី១ ចាត់​វិធានការ​ផ្ទាល់​ទៅ​លើ​ការ​ផ្សាយ​គ្រឿង​ស្រវឹង​ណា ដែល​ភូត​កុហក​ហួស​ហេតុ ឬ​ក៏​បោក​បញ្ឆោត​ប្រជាពលរដ្ឋ​ខ្មែរ​ឱ្យ​ប្រើប្រាស់​គ្រឿងស្រវឹង។ ទី២ រដ្ឋាភិបាល​ដែល​មាន​ក្រសួង​សុខាភិបាល​បាន​ព្រៀង​ច្បាប់​ស្ដីពី​ការ​ត្រួត​ពិនិត្យ​ផលិតផល​គ្រឿង​ស្រវឹង ហើយ​ពន្លឿន​ពិនិត្យ​ពិភាក្សា​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ហើយ ស្នើ​ច្បាប់​នេះ​ទៅ​រដ្ឋសភា​ពិនិត្យ និង​អនុម័ត និង​អនុវត្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ប្រទេស​ជិត​ខាង​យើង គឺ​ឡាវ ថៃ មាន​ច្បាប់​នេះ​ហើយ រី​ឯ​វៀតណាម​ក៏​កំពុង​ជជែក​សេចក្ដី​ព្រាង​ច្បាប់​នេះ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ដូច្នេះ​មាន​តែ​កម្ពុជា​យើង​ទេ ដែល​នៅ​នឹង​ថ្កល់»

អ្នក​ជំនាញ​ផ្នែក​សុខភាព ទទួល​ស្គាល់​ថា ការ​និយម​ផឹក​គ្រឿង​ស្រវឹង​នេះ គឺ​មិន​មាន​ការ​ថយ​ចុះ​នោះ​ទេ ដោយសារ​តែ​យុទ្ធសាស្ត្រ​ទីផ្សារ​របស់​ក្រុមហ៊ុន​គ្រឿង​ស្រវឹង ដែល​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ ហើយ​ជ្រាប​ចូល​ទៅ​ផ្នត់​គំនិត​របស់​ប្រជាពលរដ្ឋ​ខ្មែរ​យ៉ាង​ជ្រៅ។

នាយក​ប្រតិបត្តិ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា លោក មុំ គង់ ​សង្កេត​ឃើញ​ថា​ ក្នុង​ពិធីបុណ្យ ចូលឆ្នាំ គឺ​ពលរដ្ឋ​ខ្មែរ​ទាំង​ប្រុស ទាំង​ស្រី បាន​សេព​គ្រឿង​ស្រវឹង​ស្មើ​ដៃ​គ្នា ដែល​បណ្ដាល​ឲ្យ​មាន​បញ្ហា​ជាច្រើន​ទាំង​ខ្លួនឯង គ្រួសារ និង​សង្គមជាតិ។ លោក​បញ្ជាក់​ថា ក្នុង​ស្រា គឺ​មាន​សារធាតុ​អេតាណុល និង​មេតាណុល ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សារពាង្គកាយ​របស់​មនុស្ស៖ «ការ​ប៉ះពាល់​មាន​ច្រើន​ណាស់​ទី១ រឿង​គ្រោះថ្នាក់​ចរាចរណ៍។ ទី២ អំពើ​ហិង្សា និង​អំពើ​ហិង្សា​ផ្លូវ​ភេទ។ ទី៣ គឺ​ការ​ខាត់​បង់​ថវិកា​យ៉ាង​ច្រើន​នៅ​ពេល​ទិញ​ស្រា​ម្តងៗ និង​ទី៤ ប៉ះពាល់​ដល់​សុខភាព។ជំងឺ​ដែល​បណ្ដាល​មក​ពី​គ្រឿង​ស្រវឹង​នេះ មាន​ជាង ២រយ​ប្រភេទ ដូច​ជា ប៉ះពាល់​ប្រព័ន្ធ​រំលាយ​អាហារ ប្រព័ន្ធ​សរសៃ​ប្រសាទ ប្រព័ន្ធ​តម្រង​នោម និង​ផ្លូវ​ដង្ហើម និង​សរសៃ​ឈាម។ល។ ប៉ះពាល់​នេះ វា​អាស្រ័យ​លើ​សុខភាព​អ្នក​សេព​គ្រឿង​ស្រវឹង​ម្នាក់ៗ។ អ្នក​ខ្លះ​គ្រាន់​តែ​រយៈ​ពេល​ខ្លី​ក៏​បណ្ដាល​ឱ្យ​មាន​ផល​ប៉ះពាល់​ដែរ»

ចំណែក​អ្នក​ជំនាញ​ផ្នែក​ព្រះពុទ្ធ​សាសនា​វិញ កត់​សម្គាល់​ថា ថ្វីត្បិត​ការ​លេង​ល្បែង​ចាប់​ប៉ាត​ម្សៅ និង​គប់​ទឹក ដែល​នាំ​ឲ្យ​គ្រោះថ្នាក់ បាន​ថយ​ចុះ​ក្ដី ប៉ុន្តែ​បញ្ហា​ទទួល​ទាន​គ្រឿង​ស្រវឹង​វិញ គឺ​មាន​តែ រីក​រាល​ដាល​កើន​ឡើង​យ៉ាង​ខ្លាំង​រាប់​តាំង​ពី​ក្មេង​ដល់​ចាស់។

ព្រះចៅ​អធិការ​វត្ត​ប្រាសាទ​ស្រះ កណ្ដាល ហៅ​វត្ត​ខ្ចាស់ ខេត្ត​បន្ទាយមានជ័យ ព្រះតេជព្រះគុណ ចាន់ សុជន មាន​ថេរ​ដីកា​ថា ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី ពលរដ្ឋ​ខ្មែរ គួរ​តែ​នាំ​គ្នា​ប្រតិបត្តិ​អំពើល្អ ជម្រះ​ចិត្ត​ឲ្យ​ស្អាត នាំគ្នា​ធ្វើ​ពិធី​កតញ្ញូ​កតវេទី​ចំពោះ​អ្នកមានគុណ និង​ទៅ​វត្ត​ធ្វើ​បុណ្យ​ជួប​ជុំ​គ្នា ហើយ​លេង​ល្បែង​ប្រជាប្រិយ​តាម​គន្លង​ប្រពៃណី និង​កុំ​យក​គ្រឿង​ស្រវឹង​ជា​ត្រី​មុខ​ទៀត ព្រោះ​ជា​គ្រឿង​នាំ​ឲ្យ​មាន​ទុក្ខ និង​ទោស៖ «តាម​ប្រពៃណី​ទំនៀម​ទម្លាប់​ខ្មែរ​យើង​ពី​បុរាណ​នោះ បើ​និយាយ​ពី​រឿង​សប្បាយ គឺ​មិន​លើស​ពី​ល្បែង​ប្រជាប្រិយ​ទេ។ ល្បែង​ប្រជាប្រិយ​នេះ​រៀប​សប្បាយ​ ហើយ​ហាត់​ប្រាណ​ សុខភាព​ល្អ​ ហើយ​បង្ហាញ​ពី​ការ​សាមគ្គី​ និង​រួបរួម​គ្នា។ បុរាណ​យើង​នេះ​នាំ​លេង​នេះ​ គឺ​អត់​នាំ​ទៅ​ផឹក​ស្រា​ទេ​ មិន​មែន​នាំ​ទៅ​ខូចខិល​អំពើ​អបាយមុខ និង​ល្បែង​ដែល​នាំ​ឱ្យ​ប៉ះ​ពាល់​ដល់​សង្គម​នោះ​ទេ។ បន្ទាប់​មក យើង​ក៏​គួរ​ទៅ​វត្ត​ ពូន​ភ្នំ​ខ្សាច់​ ស្ដាប់​ធម៌​រាល់​ថ្ងៃ​ស្រង់​ព្រះ​ រាល់​ថ្ងៃ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ របស់​យើង​ពោ​ពេញ​ដោយ​គុណធម៌ និង​បាន​នូវ​សេរី​សួស្ដី​ឆ្នាំ​ថ្មី»

អង្គការ​សង្គម​ស៊ីវិល និង​អ្នកតស៊ូ​មតិ​រឿង​គ្រឿង​ស្រវឹង តែងតែ​ស្នើ​សុំ​ឱ្យ​របប​ក្រុង​ភ្នំពេញ ពន្លឿន​ដំណើរការ​នៃ​ការ​តាក់តែង​ច្បាប់​គ្រប់គ្រង​ផលិតផល​គ្រឿង​ស្រវឹង​ឱ្យ​បាន​ឆាប់រហ័ស ដោយសារ​ពួកគេ​មើល​ឃើញ​ថា គ្រឿង​ស្រវឹង​កំពុង​បំពុល និង​រាំងស្ទះ​ដល់​ការ​អភិវឌ្ឍ​សង្គម តាមរយៈ​ឥទ្ធិពល​អវិជ្ជមាន​របស់​វា។

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា រដ្ឋាភិបាល បាន​យក​ចិត្ត​ទុក​ដាក់​ខ្លាំង ចំពោះ​បញ្ហា​គ្រឿង​ស្រវឹង និង​គ្រឿងញៀន​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ដោយ​បាន​ពង្រាយ​កម្លាំង​ប៉ូលិស និង​ប្រជា​ការពារ​ភូមិ ដើម្បី​ទប់​ស្កាត់​កុំ​ឲ្យ​មាន​ការ​ប្រើប្រាស់​គ្រឿងញៀន និង​អំពើ​ហិង្សា​ផ្សេងៗ ដែល បណ្ដាល​មក​ពី​គ្រឿងស្រវឹង។ ដោយឡែក ចំពោះ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​គ្រឿង​ស្រវឹង នោះ លោក​អះអាង​ថា កំពុង​ត្រូវ​ការ​ពេល​វេលា​សិក្សា​ស្រាវជ្រាវ​បន្ថែម​ទៀត ព្រោះ​ច្បាប់​នេះ ធ្វើឲ្យ ប៉ះ​ពាល់​ចំណូល​ពន្ធដារ​របស់​ជាតិ ប៉ះ​ពាល់​ការងារ​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​វិស័យ​គ្រឿង​ស្រវឹង និង ប្រឆាំង​ចំពោះ​ចំណង់​ចំណូល​ចិត្ត ឬ​ការ​ប្រើប្រាស់​ជា​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ​ខ្មែរ៖ «ទី១ ការប្រើ​ប្រាស់​គ្រឿង​ស្រវឹង គឺ​វា​ជា​ជម្រើស​ឯកជន​របស់​ប្រជាពលរដ្ឋ។ ដូច្នេះ យើង​មិន​អាច​ប្រឆាំង​នូវ​ជម្រើស​របស់​មហាជន​បាន​ទេ ប៉ុន្តែ​យើង​កំពុង​រិះរក​ការ​កាត់​បន្ថយ​បន្តិច​ម្តងៗ ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ជា​សាធារណៈ។ ទី២ ការ​ពង្រឹង​ការ​អប់រំ​អំពី​សុខុមាលភាព អំពី​ការ​ប្រើប្រាស់​គ្រឿងស្រវឹង។ ទី៣ គឺ​ការ​អនុវត្ត​នូវ​វិធាន​នៅ​នឹង​កន្លែង ដើម្បី​កាត់​បន្ថយ​នូវ​ការ​ទទួល​ឥទ្ធិពល​នៃ​គ្រឿងស្រវឹង​ដែល​ក្លាយទៅជា​ការ​ប្រើ​អំពើ​ហិង្សា​នៅ​ក្នុង​គ្រួសារ​ក្នុង​សង្គម​ និង​ការ​ប្រើ​ប្រាស់​ដង​ផ្លូវ​សាធារណៈ​នេះឯង»

សង្គម​ស៊ីវិល​យល់​ថា ការ​លើក​ឡើង​របស់​រដ្ឋាភិបាល​នេះ គឺ​បង្ហាញ​ថា គ្មាន​ឆន្ទៈ​បង្កើត​ច្បាប់​ស្ដីពី​ការ គ្រប់គ្រង​គ្រឿង​ស្រវឹង​នោះ​ទេ ខណៈ​ផល​ប៉ះពាល់​នៃ​គ្រឿង​ស្រវឹង​នេះ មាន​ទំហំ​ធំធេង​ជាង​ផល​ប្រយោជន៍​ដែល​ទទួល​បាន​ពី​គ្រឿង​ស្រវឹង​ទៅ​ទៀត។ ភាគី​ពាក់ព័ន្ធ​ដែល​ធ្វើការ​ទាក់ទង​នឹង​ការ​បង្កើត​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​គ្រឿង​ស្រវឹង អះអាង​ថា បើសិនជា​មាន​ច្បាប់​នេះ​មែន កម្ពុជា​នឹង​អាច​កាត់ បន្ថយ​ហានិភ័យ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​គ្រឿង​ស្រវឹង ដូចជា​អំពើ​ហិង្សា និង​គ្រោះថ្នាក់​ចរាចរណ៍​ជាដើម។ លើស​ពី​នេះ ច្បាប់​នេះ​នឹង​ក្លាយ​ជា​យន្តការ​ដ៏​សំខាន់​មួយ​ក្នុង​ការ​លើកកម្ពស់​សុខ​ភាព​សាធារណៈ សុខុមាលភាព​សង្គម សីលធម៌​សង្គម ព្រមទាំង​ជួយ​កាត់បន្ថយ​ភាព​ក្រីក្រ​របស់​ពលរដ្ឋ និង​បង្កើត​ភាពជា​ដៃគូ​ពិតប្រាកដ​រវាង​បុរស និង​ស្ត្រី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល