ទីតាំង​កម្សាន្ត​ជាង ១ពាន់​កន្លែង​ក្នុង​ក្រុង​ភ្នំពេញ ធ្វើ​កិច្ច​សន្យា​ទប់​ស្កាត់​បញ្ហា​គ្រឿងញៀន

ដោយ សេក បណ្ឌិត
2019-02-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
rfa.png
rfa.png
Photo: RFA

មន្ត្រី​ជំនាញ​ប្រឆាំង​គ្រឿង​ញៀន​ឱ្យ​ដឹង​ថា សមត្ថកិច្ច​បាន​ធ្វើ​កិច្ច​សន្យា​ ឱ្យ​ម្ចាស់​ទីតាំង​កម្សាន្ត​ជាង ១ពាន់​កន្លែង​ក្នុង​រាជ​ធានី​ភ្នំពេញ សហការ​ទប់​ស្កាត់​បញ្ហា​គ្រឿងញៀន។ មន្ត្រី​សិទ្ធិមនុស្ស​ជំរុញ​ឱ្យ​អាជ្ញាធរ​អនុវត្ត​ច្បាប់​ឱ្យ​បាន​តឹង​រ៉ឹង​​ ប្រសិន​បើ​រក​ឃើញ​បទល្មើស​​គ្រឿង​ញៀន​នៅ​ក្នុង​ទីតាំង​កម្សាន្ត​ទាំងនោះ។

នាយការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿង​ញៀន​នៃ​ស្នង​ការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក អ៊ីវ ភារិទ្ធ ថ្លែង​​ក្នុង​ពិធី​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ២០១៨ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆ្នាំ២០១៩ នៅ​ថ្ងៃ​ទី២៨ កុម្ភៈ​ថា ក្លឹប​រាត្រី បារ​បរទេស ហាង​ខារ៉ាអូខេ និង​ទីតាំង​កម្សាន្ត​ គឺ​ជា​កន្លែង​ងាយ​រង​គ្រោះ​ខ្លាំង​ពាក់ព័ន្ធ​នឹង​បញ្ហា​គ្រឿងញៀន ដូច្នេះ​ទើប​អាជ្ញាធរ​មាន​សមត្ថកិច្ច​ចុះ​ទៅ​ធ្វើ​កិច្ច​សន្យា​ ឱ្យ​ម្ចាស់​ទីតាំង​ទាំងនោះ​សហការ​ជាមួយ​សមត្ថកិច្ច​ក្នុង​ការ​ទប់​ស្កាត់​គ្រឿង​ញៀន។

លោក​ឱ្យ​ដឹង​ទៀត​ថា ក្នុង​ចំណោម​ទីតាំង​កម្សាន្ត​សរុប​ប្រមាណ ១.៥០០កន្លែង ក្នុង​រាជ​ធានី​ភ្នំពេញ មន្ត្រី​នគរបាល និង​អាជ្ញាធរ​បាន​ចុះទៅ​ធ្វើ​កិច្ច​សន្យា​បាន​ជិត ១.៣០០កន្លែង​ហើយ ហើយ​សមត្ថកិច្ច​នឹង​ចុះ​ស៊ើបអង្កេត​ស្រាវជ្រាវ​ករណី​គ្រឿង​ញៀន​នៅ​តាម​ទី​តាំង​ទាំង​នោះ​បន្ថែម​ទៀត។

លោក​បញ្ជាក់​ថា សមត្ថកិច្ច​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ក្នុង​ការ​ទប់​ស្កាត់​បញ្ហា​គ្រឿង​ញៀន​នេះ។ លោក​ថា​ កន្លែង​កម្សាន្ត​មួ​យ​ចំនួន នៅ​តែ​ឃុបឃិត​ផ្ដល់​ទីតាំង និង​សម្រួល​ឱ្យ​មាន​ការ​លក់​ ចែក​ចាយ និង​ប្រើ​ប្រាស់​គ្រឿង​ញៀន ទោះ​បី​ជា​ពួក​គេ​បាន​ធ្វើ​កិច្ច​សន្យា​ជាមួយ​សមត្ថកិច្ច​ហើយ​ក៏​ដោយ។ ករណី​ហាង​ខារ៉ាអូខេប្រូ និង​មជ្ឈមណ្ឌល​កម្សាន្ត រ៉ុក ជាដើម​ ដែល​អាជ្ញាធរ​ចុះ​បង្ក្រាប​ និង​ឃាត់​ខ្លួន​អ្នក​ពាក់ព័ន្ធ​បាន​រាប់​រយ​នាក់ ដែល​ជា​ចំនួន​ដ៏​ច្រើន​សន្ធឹកសន្ធាប់​គួរ​ឱ្យ​ព្រួយ​បារម្ភ។ ក្រៅពី​នេះ លោក​ថា សំណង់​មិន​រៀប​រយ​​មួយ​ចំនួន ដូច​ជា នៅ​តំបន់​បឹង​ឈូក និង​តំបន់​បឹង​កក់​ជា​ដើម មាន​សកម្មភាព​ចែក​ចាយ​គ្រឿង​ញៀន​យ៉ាង​សកម្ម​ ដោយ​ជន​ល្មើស​ប្រើ​ក្មេង​មិន​ទាន់​គ្រប់​អាយុ​ឱ្យ​ឈរ​លក់​ថ្នាំ​ញៀន ឬ​ជា​អ្នក​កាន់​ថ្នាំញៀន​យក​ទៅ​លក់​ឱ្យ​អ្នក​ទិញ។ លើស​ពី​នេះ​ទៅ​ទៀត ទីតាំង​ផ្ទះ​ជួល​ ផ្ទះ​សំណាក់ និង​សណ្ឋាគារ​មួយ​ចំនួន​​ បាន​ក្លាយ​ជា​កន្លែង​ប្រមូល​ផ្ដុំ​ និង​ស្នាក់​នៅ​បណ្ដោះអាសន្ន​របស់​ក្រុម​ជន​ល្មើស​ សម្រាប់​ការ​ជួញ​ដូរ កែច្នៃ ផលិត និង​ស្តុក​ទុក​គ្រឿង​ញៀន។

ប្រធាន​គ្រប់​គ្រង​ការិយាល័យ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​ លីកាដូ (LICADHO) លោក អំ សំអាត ទទួល​ស្គាល់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​សមត្ថកិច្ច​ក្នុង​ការ​បង្ក្រាប និង​ទប់​ស្កាត់​បញ្ហា​គ្រឿង​ញៀន។ ក៏​ប៉ុន្តែ​លោក​ស្នើសុំ​អាជ្ញាធរ​ឲ្យ​អនុវត្ត​ច្បាប់​ដោយ​គ្មាន​ការ​យោគយល់​ចំពោះ​ម្ចាស់​ទីតាំង​កម្សាន្ត និង​កន្លែង​ដទៃ​ទៀត​ ដែល​​​សម្រប​សម្រួល​ឱ្យ​មាន​បទ​ល្មើស​គ្រឿង​ញៀន​នៅ​ទីតាំង​ទាំង​នោះ។ លោក​បន្ថែម​ថា ​​គ្រឿង​ញៀន​កំពុង​បំពុល​ និង​បំផ្លាញ​ធនធាន​មនុស្ស​នៅ​កម្ពុជា ដែល​នេះ​គឺ​ជា​​រឿង​គួរ​ឱ្យ​ព្រួយ​បារម្ភ​បំផុត​សម្រាប់​សង្គម​ជាតិ៖ «»

សមត្ថកិច្ច​ក្រុង​ភ្នំពេញ​បង្ក្រាប​បទល្មើស​គ្រឿង​ញៀន​បាន ២.០២៤ករណី និង​ឃាត់ខ្លួន​ជន​សង្ស័យ​បាន ៣.៦៧០នាក់ កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ នៅ​ក្នុង​យុទ្ធនាការ​បង្ក្រាប​គ្រឿង​ញៀន​ខុស​ច្បាប់​លើក​ទី៣ នេះ។

កាល​សប្ដាហ៍​មុន​ សមត្ថកិច្ច​ក្រុង​​ភ្នំពេញ បាន​ឆ្មក់​ចូល​ចាប់​ជនសង្ស័យ​ជួញដូរ និង​ប្រើប្រាស់​គ្រឿង​ញៀន នៅ​ក្នុង​មជ្ឈមណ្ឌល​កម្សាន្ត ​រ៉ក់ ដោយ​បាន​ឃាត់ខ្លួន​មនុស្ស​ជាង ៣០០នាក់។ សមត្ថកិច្ច​ដក​ហូត​បាន​គ្រឿង​ញៀន ជាង ៥០គីឡូ​ក្រាម​ និង​វត្ថុ​តាង​ជាច្រើន​ផ្សេង​ទៀត។ ក្រោយ​មក​សមត្ថកិច្ច​បាន​ដោះលែង​មនុស្ស​ជាង ៣០០នាក់​នោះ ​ឱ្យ​ត្រឡប់​ទៅ​​វិញ​ លើកលែង​តែ​មនុស្ស​ចំនួន ១០​នាក់​ប៉ុណ្ណោះ ដែល​​​ត្រូវ​​បញ្ជូន​​ទៅ​តុលាការ។ ទោះ​ជា​យ៉ាង​ណា​ក្ដី មក​ទល់នឹង​ពេល​នេះ សមត្ថកិច្ច​ក្រុង​ភ្នំពេញ មិន​ទាន់​ឃាត់​ខ្លួន​​​អ្នក​នៅ​ពី​ក្រោយ​ការ​ជួញដូរ​ថ្នាំញៀន​នៅ​មជ្ឈមណ្ឌល​កម្សាន្ត រ៉ក់ និង​ម្ចាស់​ទីតាំង​កម្សាន្ត​មួយ​នេះ ​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់​នៅ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល