"កំណែទម្រង់​គុណភាព​អប់រំ​អាច​ទទួល​​ជោគជ័យ​ប្រសិន​ក្រសួង​ដោះស្រាយ​បញ្ហា​ប្រឈម​ខ្លះ"

ដោយ ខែ សុណង
2016-12-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សិស្ស​សាលា​បឋម​សិក្សា​ខិះក្រោម ឋិត​នៅ​ស្រុក​សៀមប៉ាង ខែត្រ​ស្ទឹងត្រែង ប្រើប្រាស់​ទឹក​អណ្ដូងស្នប់ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០១៦។
សិស្ស​សាលា​បឋម​សិក្សា​ខិះក្រោម ឋិត​នៅ​ស្រុក​សៀមប៉ាង ខែត្រ​ស្ទឹងត្រែង ប្រើប្រាស់​ទឹក​អណ្ដូងស្នប់ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០១៦។
RFA/Men Sothyr

សសរ​ស្ដម្ភ​ទាំង​៥ ដែល​ជា​គោលនយោបាយ​កំណែទម្រង់​គុណភាព​អប់រំ មាន​ដូចជា ការ​អនុវត្ត​ផែនការ​សកម្មភាព​គោលនយោបាយ​គ្រូ ការ​ធ្វើ​អធិការកិច្ច កម្មវិធី​សិក្សា និង​ការ​កែលំអ បរិស្ថាន សិក្សា និង​សង្គម ការ​វាយ​តម្លៃ​សិក្សា និង​កំណែទម្រង់​ឧត្ដមសិក្សា​នោះ ត្រូវ​បាន​សង្គម​ស៊ីវិល​យល់​ថា ជា​ចំណុច​អាទិភាព​ល្អ​ប្រសើរ។ ប៉ុន្តែ​ទោះ​យ៉ាង​ណា ការ​ធ្វើ​កំណែទម្រង់​នេះ នៅ​មាន​ចំណុច​មួយ​ចំនួន​ដែល​ត្រូវ​ដោះស្រាយ​ជា​បន្ទាន់ ទើប​អាច​ឈាន​ទៅ​រក​ជោគជ័យ​បាន។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​លើ​វិស័យ​អប់រំ​យល់​ថា ក្រសួង​អប់រំ ត្រូវ​បន្ត​ដោះស្រាយ​បញ្ហា​មួយ​ចំនួន​ដូចជា ពង្រឹង​សមត្ថភាព​អ្នក​អនុវត្ត​ការងារ​បច្ចេកទេស​ពាក់ព័ន្ធ និង​ហ៊ាន​អារ​កាត់​បញ្ហា​ទំនាស់​ផល​ប្រយោជន៍​ដែល​ជា​ឧបសគ្គ​ក្នុង​សកម្មភាព​ធ្វើ​កំណែទម្រង់​ក្នុង​វិស័យ​នេះ។

ប្រធាន​គ្រប់គ្រង​ផ្នែក​អប់រំ​នៃ​អង្គការ​សង្គ្រោះ​កុមារ​នៅ​កម្ពុជា សេវ ឌឹ ឆាលទ្រិន (Save The Children) លោក កែវ សារ៉ាត់ មាន​ប្រសាសន៍​ថា ក្រសួង​បាន​ជ្រើសរើស​សសរ​ស្ដម្ភ​ទាំង​៥ ដាក់​បញ្ចូល​ក្នុង​កម្មវិធី​កំណែទម្រង់​គឺ​ជា​ចំណុច​ខ្លាំង​ចំ​បញ្ហា ហើយ​ដើរ​ផ្លូវ​ត្រូវ។ ប៉ុន្តែ​លោក​ថា ទន្ទឹម​នឹង​គ្នា​នោះ ទាមទារ​ឲ្យ​ពង្រឹង​សមត្ថភាព​អ្នក​អនុវត្ត​ពាក់ព័ន្ធ ដូចជា អ្នក​អនុវត្ត​នៅ​ក្រសួង មន្ទីរ ការិយាល័យ​អប់រំ ស្រុក និង​សាលារៀន​ជា​ដើម ដើម្បី​អនុវត្ត​ការងារ​កម្មវិធី​សិក្សា និង​ការងារ​បច្ចេកទេស រួម​ទាំង​ការ​ធ្វើ​អធិការកិច្ច​ដែល​នេះ​បញ្ហា​ឧបសគ្គ។

លោក កែវ សារ៉ាត់៖ «បាទ! គាត់​ឃើញ​កម្មវិធី​សិក្សា​ហ្នឹង​ផ្សេង ដល់​វាយ​តម្លៃ​ផ្សិង អធិការកិច្ច​មួយ​ទៀត ដោយសារ​ឈ្មោះ​ផ្សេង​គ្នា តែ​គាត់​អត់​ដឹង​ថា អា​ហ្នឹង​នៅ​ជាមួយ​គ្នា​ឯ​ណា ដដែល​ហ្នឹង គ្រាន់​តែ​វា​នៅ​ផ្ទះ​ខុស​គ្នា។ ឧទាហរណ៍​ថា ឥឡូវ​គេ​រៀន​ពី​កម្មវិធី​សិក្សា រៀន​ពី​ក គ្រាន់​តែ​ខុស​គ្នា​ពី​ពិធី​ប្រឡង ពិធី​ធ្វើ​តេស្ដ ប៉ុន្តែ​នៅ​ក​ដដែល​ហ្នឹង។ អ៊ីចឹង​វា​ខុស​គ្នា​របៀប​វាយ​តម្លៃ​គេ​ធ្វើ​ម៉េច របៀប​គេ​ធ្វើ​អធិការកិច្ច​គេ​ធ្វើ​ម៉េច? អ្វី​ដែល​ត្រូវ​រៀន​កម្មវិធី​សិក្សា​រៀន​ពី​អី? និយាយ​ទៅ​រឿង​តែ​មួយ​តែ​របៀប អនុវត្ត​ទៅ​តាម​ជំនាញ​ទាមទារ​ឲ្យ​អ្នក​ដែល​ធ្វើ​ការ​នៅ​ក្នុង​វិធីសាស្ត្រ​នេះ​យល់​អា​ហ្នឹង»

ក្រៅ​អំពី​កង្វះ​សមត្ថភាព​ទន្ទឹម​នឹង​ការ​ធ្វើ​កំណែ​ទម្រង់​នេះ ក៏​មាន​ផល​ប៉ះពាល់​មួយ​ចំនួន​ទៀត​ដែរ។

លោក កែវ សារ៉ាត់ ថ្លែង​បន្ត​ថា ទំនាស់​ផល​ប្រយោជន៍​ជា​បញ្ហា​សំខាន់​មួយ​ដែល​ជា​ឧបសគ្គ​ធ្វើ​ឲ្យ​កំណែ​ទម្រង់​មិន​អាច​ឆ្ពោះ​ទៅ​ដល់​គោលដៅ៖ «កំណែ​ទម្រង់​វា​មិន​ដែល​អត់​ប៉ះពាល់​ទេ អ្នក​ខ្លះ​គេ​នៅ​កន្លែង​ហ្នឹង​គេ​ធ្លាប់​ធ្វើ​អ៊ីចឹង ស្រួល​ងាយ អាច​ប៉ះពាល់​ទៅ​ដល់​ផល​ប្រយោជន៍​គេ អត់​ចង់​ដែរ រឿង​ពីរ​រឿង​ទំនាស់​ផល​ប្រយោជន៍ និង​ទំនាស់​ដោយសារ​ខ្វះ​សមត្ថភាព​២​នេះ ដែល​ធ្វើ​ឲ្យ​កំណែទម្រង់​នេះ​យឺត»

ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​ដាក់​ចេញ​នូវ​សសរ​ស្ដម្ភ​ទាំង​៥ ដែល​ជា​បញ្ហា​អាទិភាព​ក្នុង​ការ​ពង្រឹង​គុណភាព​អប់រំ ទី​១ ការ​អនុវត្ត​ផែនការ​សកម្មភាព​គោលនយោបាយ​គ្រូ ទី​២ ការ​ធ្វើ​អធិការកិច្ច ទី​៣ កម្មវិធី​សិក្សា សៀវភៅ​គោល​សិក្សា និង​ការ​កែលំអ បរិស្ថាន​សិក្សា និង​សង្គម ទី​៤ វាយ​តម្លៃ​សិក្សា ទី​៥ ការ​ប្រឡង​ការ​ធ្វើ​តេស្ត វាយ​តម្លៃ​ថ្នាក់​ជាតិ ថ្នាក់​តំបន់ និង​អន្តរជាតិ ការ​ទទួល​ស្គាល់​គុណភាព​អប់រំ​ឧត្ដមសិក្សា។

ទាក់ទង​នឹង​កំណែទម្រង់​នេះ​ដែរ ប្រធាន​អង្គការ អេដ អេ អាក់ស្យុង ប្រចាំ​ប្រទេស​កម្ពុជា (Aide et Action International/ Cambodia) លោក វន សំភាស់ មាន​ប្រសាសន៍​ថា លោក​ចាប់​អារម្មណ៍​លើ​តែ​ចំណុច​មួយ​ប៉ុណ្ណោះ​គឺ ការ​អនុវត្ត​ផែនការ​សកម្មភាព​គោលនយោបាយ​គ្រូ។ លោក​ថា តាម​រយៈ​គោលនយោបាយ​កំណែ​ទម្រង់ បាន​លើក​កម្ពស់​ឲ្យ​មាន​ចលនា​ស្រលាញ់​វិជ្ជាជីវៈ​បង្រៀន​ច្រើន​ជាង​មុន ជំរុញ​ឲ្យ​យុវជន​ជាប់​បាក់ឌុប ពិចារណា​ជ្រើសរើស​វិជ្ជាជីវៈ​គ្រូបង្រៀន លើក​ទឹក​ចិត្ត​គ្រូ​សហគមន៍ គ្រូ​កិច្ចសន្យា​អំពី​វិជ្ជាជីវៈ​គ្រូបង្រៀន​ជា​វិជ្ជាជីវៈ​មួយ​ដែល​អាច​ចិញ្ចឹម​ជីវិត​ដោយ​ភាព​ថ្លៃថ្នូរ និង​លើក​ទឹក​ចិត្ត​គ្រូ​កំពុង​បំពេញ​ការងារ​ឲ្យ​ប្រឹងប្រែង​បន្ត​ការងារ​ជាង​ពេល​បច្ចុប្បន្ន​ជា​ដើម។ ក៏​ប៉ុន្តែ​អត្រា​ខ្វះ​គ្រូ​នៅ​តំបន់​ដាច់​ស្រយាល តំបន់​ជួប​ការ​លំបាក និង​តំបន់​ព្រៃ​ភ្នំ នៅ​តែ​ជា​បញ្ហា ប៉ះពាល់​ដល់​គុណភាព​បង្រៀន ដោយសារ​គ្រូ​តែ​ម្នាក់​មាន​បន្ទុក​ជួយ​សិស្ស​ក្នុង​ថ្នាក់​រៀន​ដ៏​ច្រើន​នាក់។ ទន្ទឹម​នឹង​គ្នា​នេះ មិន​អាច​ឲ្យ​គ្រូ​ជួយ​សិស្ស​ដែល​មាន​តម្រូវការ​ពិសេស ដូចជា សិស្ស​រៀន​ខ្សោយ សិស្ស​ពិការ​ដែល​ត្រូវការ​បត់បែន​វិធីសាស្ត្រ​មួយ​ចំនួន​សម្រាប់​ឲ្យ​គាត់​អាច​បន្ត​រៀន និង​ពេញ​ចិត្ត​ក្នុង​ការ​រៀន​បន្ត​នៅ​សាលា។

ករណី​នេះ លោក​បាន​ផ្ដល់​អនុសាសន៍​ដូច្នេះ៖ «កន្លែង​ដែល​ក្មេង​ជួប​ការ​លំបាក​អ៊ីចឹង​មាន​លទ្ធភាព​រើស​គ្រូ​កិច្ច​សន្យា​កាន់​តែ​ច្រើន​ទៅ​វា​ជួយ​បាន​ច្រើន។ និយាយ​ខ្ញុំ​មើល​ឃើញ​ចលនា​ដែល​ក្រសួង​សហការ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល ជាមួយ​សហគមន៍​ក្នុង​ការ​ជួយ​ក្មេង​ដែល​មិន​ទាន់​បាន​ចូល​រៀន​បាន​ចូល​រៀន​ច្រើន។ ចង់​ឲ្យ​បង្កើន​ល្បឿន​បន្ថែម​សម្រាប់​ជួយ​ក្រុម​ពួកគាត់​នៅ​តាម​តំបន់​ដាច់​ស្រយាល។ យើង​ចង់​ឲ្យ​មាន​យន្តការ​កាន់​តែ​ពិសេស​សម្រាប់​គ្រូ​ដែល​ត្រូវ​ទៅ​បង្រៀន​កុមារ​ពិការ កុមារ​ជនជាតិ កុមារ​ក្រីក្រ នៅ​តំបន់​ដាច់​ស្រយាល​គាត់​គួរ​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​ពិសេស​បន្ថែម​ដើម្បី​ឲ្យ​គាត់​ពេញ​ចិត្ត សប្បាយ​ចិត្ត​ធ្វើ​ការងារ​ដ៏​លំបាក​ទាំង​អស់​នេះ»

ចាប់​តាំង​ពី​ឆ្នាំ​២០១៤ ក្រសួង​អប់រំ​យុវជន និង​កីឡា ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋមន្ត្រី​ថ្មី លោក ហង់ ជួនណារ៉ុន បាន​ចេញ​គោលនយោបាយ​ជា​ច្រើន​ដើម្បី​ឈាន​ទៅ​ធ្វើ​កំណែ​ទម្រង់​វិស័យ​អប់រំ ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​សាធារណជន​រិះគន់​ថា កំពុង​ធ្លាក់​ចុះ​យ៉ាង​គំហុក។

ក្រោម​កំណែ​ទម្រង់​របស់​រដ្ឋមន្ត្រី​ថ្មី​នេះ លោក​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ ដូចជា គោលនយោបាយ​អប់រំ​ផែនការ​យុទ្ធសាស្ត្រ វិស័យ​អប់រំ ២០១៤ ដល់​ឆ្នាំ​២០១៨ ធានា​លទ្ធភាព​ទទួល​បាន​សេវា​អប់រំ​ប្រកប​ដោយ​សមធម៌ លើក​កម្ពស់​គុណភាព និង​ភាព​ឆ្លើយ​តប និង​ធានា​ភាព​ស័ក្ដិសិទ្ធិ​នៃ​ភាព​ជា​អ្នក​ដឹកនាំ និង​គ្រប់គ្រង​របស់​មន្ត្រី​អប់រំ​គ្រប់​លំដាប់​ថ្នាក់។

អាទិភាព​៨​ចំណុច នៃ​ផែនការ​សកម្មភាព​អប់រំ អាទិភាព​ទី​១ ការ​បង្កើន​គុណភាព និង​ប្រសិទ្ធភាព​នៃ​សេវា​អប់រំ អាទិភាព​ទី​២ ការ​ពង្រឹង​ការ​គ្រប់គ្រង​បុគ្គលិក អាទិភាព​ទី​៣ ការ​ពង្រឹង​ការ​ប្រឡង​គ្រប់​ប្រភេទ អាទិភាព​ទី​៤ កំណែ​ទម្រង់​ឧត្ដម​សិក្សា អាទិភាព​ទី​៥ ការ​អភិវឌ្ឍ​សម្រាប់​យុវជន​នូវ​ជំនាញ​បច្ចេកទេស និង​ជំនាញ​ទន់ អាទិភាព​ទី​៦ ការ​អនុវត្ត​កំណែទម្រង់ ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ អាទិភាព​ទី​៧ ការ​បង្កើន​ធនាគារ​ខួរ​ក្បាល​វិស័យ​អប់រំ និង​អាទិភាព​ទី​៨ កំណែ​ទម្រង់​ការ​អប់រំ​កាយ និង​កីឡា។

អ្វី​ដែល​ពិសេស​ទៅ​ទៀត​នោះ គឺ​ការ​ធ្វើ​កំណែ​ទម្រង់​ទ្រង់ទ្រាយ​ធំ គឺ​កំណែ​ទម្រង់​ការ​ប្រឡង​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយភូមិ ឬ​បាក់ឌុប ដែល​មាន​ទាំង​ការ​ឈាន​ទៅ​ចាប់​ខ្លួន​អ្នក​បោះ​វិញ្ញាសា​ចូល​ក្នុង​មណ្ឌល​ប្រឡង អ្នក​ក្លែង​បន្លំ​ជា​បេក្ខជន​ប្រឡង​ជា​ដើម ដោយ​មាន​កិច្ច​សហការ​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ហើយ​បេក្ខជន​ណា​ហ៊ាន​លាក់​វិញ្ញាសា​កំណែ​ចម្លើយ បេក្ខជន​រូប​នោះ​នឹង​ត្រូវ​ធ្លាក់​ជា​ស្វ័យប្រវត្តិ។

ស្រប​នឹង​កំណែ​ទម្រង់​ដែល​ចំ​បញ្ហា​នេះ ប្រធាន​គ្រប់គ្រង​ផ្នែក​អប់រំ នៃ​អង្គការ​សង្គ្រោះ​កុមារ​នៅ​កម្ពុជា សេវ ឌឹ ឆាលទ្រិន លោក កែវ សារ៉ាត់ ចង់​ឲ្យ​ក្រសួង​ហក់​មួយ​ជំហាន​ទៀត ដោយ​ធ្វើ​កំណែទម្រង់​ការ​ប្រឡង​ចាប់​ពី​ថ្នាក់​មូលដ្ឋាន ឬ​បឋម​សិក្សា​ទៅ។ លោក​ថា ក្រសួង​គួរ​រៀបចំ​ប្រព័ន្ធ​ប្រឡង​ជា​ស្តង់ដារ​គួរ​ឲ្យ​មាន​ការ​ពង្រឹង​ការ​ប្រឡង ការ​ធ្វើតេស្ត​មួយ​ពី​កម្រិត​សាលា​ទៅ។

អាស៊ីសេរី មិន​អាច​ទាក់ទង​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន និង​កីឡា លោក ហង់ ជួនណារ៉ុន និង​អ្នក​នាំ​ពាក្យ លោក រស់ សាលីន ដើម្បី​ថ្លែង​អំពី​សមិទ្ធផល​កំណែទម្រង់​របស់​ក្រសួង​បាន​ទេ ដោយ​ព្យាយាម​ទូរស័ព្ទ​ជា​ច្រើន​ដង​ពុំ​មាន​អ្នក​ទទួល។

ជុំវិញ​ការ​ធ្វើ​កំណែ​ទម្រង់​នេះ ប្រធាន​ស្ដីទី​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី មាន​មតិ​ផ្ទុយ​ទៅ​វិញ​ថា គុណភាព​អប់រំ នៅ​ពេល​បច្ចុប្បន្ន​បាន​ធ្លាក់​ចុះ​កាន់​តែ​ខ្លាំង ស្រប​ពេល​ដែល​ជីវភាព​គ្រូ​កាន់​តែ​លំបាក ហើយ​បាន​រឹត​បណ្ដឹង​បង្កើន​ច្បាប់​ទម្លាប់​ដាក់​កំហិត​លើ​គ្រូ​បង្រៀន និង​សិស្ស ហើយ​គោលនយោបាយ​គ្រូ​នោះ​ក៏​មិន​បាន​អនុវត្ត​ស្មើ​ភាព​គ្នា។

អ្នកស្រី​បញ្ជាក់​ថា កំណែទម្រង់​របស់​រដ្ឋមន្ត្រី​ឃើញ​ថា ល្អ​ឥត​ខ្ចោះ​តែ​នៅ​លើ​ក្រដាស ប៉ុន្តែ​ការ​អនុវត្ត​កំណែទម្រង់​របស់​ថ្នាក់​ដឹកនាំ​ក្រសួង​នៅ​មាន​និន្នាការ​គណបក្ស និង​នៅ​មាន​ការ​រើសអើង ដែល​បញ្ហា​នេះ មិន​មាន​ឲ្យ​ការ​ធ្វើ​កំណែទម្រង់​ឆ្ពោះ​ទៅ​គោលដៅ​បាន​ឡើយ៖ «កំណែ​ទម្រង់​របស់​ក្រសួង​អប់រំ សព្វ​ថ្ងៃ បើ​សិន​ជា​គាត់​គិត​ពី​បក្ស​ខ្លាំង​ដូច​សព្វថ្ងៃ​នេះ ខ្ញុំ​គិត​ថា មិន​អាច​ទៅ​រួច​បាន​ទេ សិស្សានុសិស្ស​យើង​កាន់​តែ​ធ្លាក់​ចុះ បើ​សិន​ជា​គាត់​គិត​ពី​ការ​សិក្សា ស្រាវជ្រាវ ឲ្យ​លោក​គ្រូ​អ្នក​គ្រូ​មាន​សិស្ស​សេរីភាព​ក្នុង​ការ​ជ្រើសរើស ខ្ញុំ​គិត​ថា​ប្រសើរ។ ឥឡូវ​ទាំង​សិស្ស​ទាំង​គ្រូ មាន​កម្រិត​ក្នុង​ការ​ចូល​ជា​សហជីព ជា​យុវជន​កាយរឹទ្ធិ សួរ​ថា តើ​ការ​ចូល​នេះ​វា​បម្រើ​ឲ្យ​ខាង​ណា?»

ឯកសារ​សន្និបាត​អប់រំ ចក្ខុវិស័យ​នៃ​កំណែ​ទម្រង់​វិស័យ​អប់រំ​នៅ​កម្ពុជា ឆ្នាំ​២០១៥ បាន​បង្ហាញ​ថា ក្រសួង​នឹង​បន្ត​កំណែ​ទម្រង់​ប្រឡង​សញ្ញាប័ត្រ​មធ្យម​សិក្សា ក្រោម​ពាក្យ​ស្លោក​ថា អ្នក​ចេះ​ជាប់។ របាយការណ៍​សន្និបាត​ក៏​បាន​បង្ហាញ​នូវ​មាន​ផែនការ​សកម្មភាព​ជា​ច្រើន​ទៀត ដែល​ក្រសួង​នឹង​បន្ត​ប្ដេជ្ញា​ចិត្ត​ធ្វើ​កំណែ​ទម្រង់​លើ​ផ្នែក​ជា​ច្រើន និង​យ៉ាង​លំអិត​នៃ​វិស័យ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល