គ្រូបង្រៀន​វិទ្យាល័យ​មួយ​នៅ​កំពង់ឆ្នាំង​ស្នើ​ស៊ើប​អង្កេត​អំពើ​ពុក​រលួយ​ក្នុង​ការ​បើក​ប្រាក់​ខែ

ដោយ ជិន ជេដ្ឋា
2014-12-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

សមាជិក​ក្រុមប្រឹក្សា​ខេត្ត​កំពង់ឆ្នាំង នៃ​គណបក្ស​សង្គ្រោះ​ជាតិ រក​ឃើញ​ពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បើក​ប្រាក់​បៀវត្សរ៍​ក្នុង​វិស័យ​អប់រំ​របស់​ខេត្ត​នេះ។ ពួក​គេ​អះអាង​ថា បច្ចុប្បន្ន​យ៉ាង​ហោច​ណាស់​មាន​ឈ្មោះ​គ្រូបង្រៀន​កម្រិត​វិទ្យាល័យ និង​បឋមសិក្សា​ចំនួន ៥​នាក់ មិន​ដែល​ទៅ​បំពេញ​ការងារ ឬ​បង្រៀន​ទាល់​តែ​សោះ ប៉ុន្តែ​មាន​ឈ្មោះ​បើក​ប្រាក់​បៀវត្សរ៍​ជា​រៀង​រាល់​ខែ។

ក្រុម​គ្រូបង្រៀន និង​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​របស់​គណបក្ស​ប្រឆាំង ស្នើ​ឲ្យ​ក្រសួង​អប់រំ និង​ស្ថាប័ន​ពាក់ព័ន្ធ បើក​ការ​ស៊ើប​អង្កេត​ពេញ​លេញ​មួយ ទាក់ទង​ករណី​កេង​បន្លំ​ថវិកា​ជាតិ ឬ​ប្រើ​ឈ្មោះ​ខ្មោច​ដើម្បី​បើក​ប្រាក់​ខែ​នៅ​វិទ្យាល័យ ហ៊ុន សែន បរិបូរណ៍ និង​នៅ​សាលា​រៀន​ខ្លះ​ទៀត​ដែល​មាន​បញ្ហា​ដូច​គ្នា​នេះ។

លោកគ្រូ ហុក សេងថៃ លោក វ៉ាន់ ចាន់និច អ្នកស្រី ទូច ភារ៉ា និង​លោក ស្រេង សម្ផស្សណា គ្រូបង្រៀន​នៅ​វិទ្យាល័យ​បរិបូរណ៍ និង​នាយក​សាលា​បឋមសិក្សា​ច្រក​ត្នោត ស្រុក​សាមគ្គី​មានជ័យ លោក ដុស អេន ត្រូវ​គេ​ចោទ​ថា ចេញ​ក្រៅ​ប្រទេស និង​ខ្លះ​រក​ស៊ី​នៅ​ផ្ទះ តែ​មាន​ឈ្មោះ​បើក​ប្រាក់​ខែ។

សមាជិក​ក្រុមប្រឹក្សា​ខេត្ត​កំពង់ឆ្នាំង លោក ហែម សម្ផស្ស ថ្លែង​នៅ​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ថា គ្រូបង្រៀន​ទាំង​នេះ​មិន​បាន​មក​បង្រៀន តែ​មាន​ឈ្មោះ​បើក​ប្រាក់​រាល់​ខែ​តាំង​ពី​ឆ្នាំ​២០១២។ ក្រៅ​ពី​នេះ​លោក​ដឹង​ថា មន្ត្រី​ការិយាល័យ​បុគ្គលិក​នៃ​មន្ទីរ​អប់រំ បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ និង​បក្ខពួក​និយម តាម​រយៈ​ការ​សុំ​ផ្លាស់ប្ដូរ​សាលា​បង្រៀន ដោយ​សុំ​ដូរ​ទីតាំង​បង្រៀន​ក្នុង​ស្រុក គឺ​យក ១៥០​ដុល្លារ ទៅ ២០០​ដុល្លារ បើ​ដូរ​ឆ្លង​ស្រុក​យក ៣០០​ដុល្លារ ទៅ ៤០០​ដុល្លារ ហើយ​បើ​សុំ​ប្ដូរ​ឆ្លង​ខេត្ត​យក ៦០០​ដុល្លារ។ លោក​សន្និដ្ឋាន​ថា ថវិកា​ពុក​រលួយ​រាប់​សិប​ម៉ឺន​រៀល​នេះ អាច​ត្រូវរ៉ូវ​គ្នា​នៅ​ត្រឹម​នាយក​សាលា ឬ​ថ្នាក់​ការិយាល័យ​អប់រំ​ស្រុក៖ «ខ្ញុំ​ទៅ​បើក​លុយ ដល់​បើក​លុយ​មាន​គ្រូៗ​ប្រាប់​ព័ត៌មាន​មក​ខ្ញុំ។ ពួក​គាត់​ប្រាប់​ម្នាក់​ទៅ​កូរ៉េ និង​ម្នាក់​ទៅ​អាហ្វ្រិក មែន ហើយ​អ្នក​បាត់ (មិន​មក​បង្រៀន) គេ​ថា​ព្យួរ​ឈ្មោះ តែ​ប្រាក់​ខែ​នៅ​តែ​ឃើញ​បើក»

ឆ្លើយ​តប​បញ្ហា​នេះ នាយក​វិទ្យាល័យ ហ៊ុន សែន បរិបូរណ៍ លោក លីវ ប៊ុនកា ថ្លែង​បដិសេធ​ថា នៅ​អំឡុង​ពេល​គ្រូ​ព្យួរ​ឈ្មោះ ឬ​មិន​បំពេញ​ការងារ ពុំ​មាន​ឈ្មោះ​បើក​ប្រាក់​ខែ​ដូច​ការ​ចោទ​ប្រកាន់​ឡើយ។ លោក​ថា បុគ្គលិក ៣​នាក់​ក្នុង​ចំណោម ៤​នាក់ លែង​ជា​បុគ្គលិក​នៅ​ក្នុង​សាលា​របស់​លោក​ប្រហែល ២​ឆ្នាំ​ហើយ ចំណែក​បុគ្គលិក​ម្នាក់​ជាប់​អាហារូបករណ៍​ទៅ​ប្រទេស​ចិន តែ​មាន​សិទ្ធិ​បើក​ប្រាក់​ខែ៖ «រឿង​រាក់​ជ្រៅ​ទៅ​លើ​ទៀត​ខ្ញុំ​អត់​ដឹង​ទេ ប៉ុន្តែ​ឈ្មោះ​ប៉ុន្មាន​ហ្នឹង (គ្រូ​ទាំង​បួន​នាក់) ចេញ​ពី​អង្គភាព​ខ្ញុំ​ពីរ​នាក់​ហើយ ហើយ​ម្នាក់​ទៀត​ព្យួរ និង​ម្នាក់​ទៀត​ទៅ​រៀន​នៅ​ប្រទេស​ចិន គេ​មាន​សិទ្ធិ​បើក​លុយ​ណា​បង»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា ខេត្ត​កំពង់ឆ្នាំង លោក ពេជ្រ សំបូរ ដើម្បី​សុំ​ការ​បញ្ជាក់​បន្ថែម​ជុំវិញ​បញ្ហា​នេះ​បាន​ទេ រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ទី​៣០ ខែ​ធ្នូ។

ចំណែក​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ប្រចាំ​ខេត្ត​កំពង់ឆ្នាំង លោក ជួន ចាំ ថ្លែង​ថា លោក​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​នេះ​នៅ​ឡើយ​ទេ ប៉ុន្តែ​លោក​អះអាង​ថា ប្រសិន​បើ​មាន​ករណី​គ្រូបង្រៀន​មិន​បាន​បំពេញ​ការងារ​សោះ ហើយ​បើក​ប្រាក់​ខែ​នោះ គឺ​ជា​រឿង​ពុក​រលួយ និង​ខុស​ច្បាប់។ លោក​ស្នើ​ឲ្យ​ក្រសួង ឬ​មន្ទីរ ស៊ើប​អង្កេត​ករណី​នេះ​ឲ្យ​បាន​ច្បាស់ ដើម្បី​បញ្ចៀស​ការ​រិះគន់ និង​ភាព​ស្អាតស្អំ​ក្នុង​វិស័យ​អប់រំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

In Cambodia there are many government workers already stole the time from work.Like doctor teachers...they stole at least 2 or 4 hours every day and work for them self. When they come back to work they still need the money from the patients or the students . If they already get the money from stole the time at work ,they should serve very well the students or the patients.

Dec 30, 2014 09:48 AM

គេហទំព័រ​ទាំងមូល