កម្មករ​សំណង់​ក្រុមហ៊ុន​អេម៉ារីអូ​ត្រៀម​តវ៉ា​នៅ​មុខ​សាលាខេត្ត​ព្រះសីហនុ​បើ​ថៅកែ​មិន​បើក​ថ្លៃ​ឈ្នួល

ដោយ អាស៊ីសេរី
2018-01-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ផែនទី​ខេត្ត​ព្រះសីហនុ។
ផែនទី​ខេត្ត​ព្រះសីហនុ។
Photo: RFA

ប្រជាពលរដ្ឋ​ធ្វើ​ការងារ​ជា​កម្មករ​សំណង់ ឲ្យ​ក្រុមហ៊ុន​អេម៉ារីអូ (EMARIO) អះអាង​ថា នឹង​បន្ត​លើក​បដា​តវ៉ា ដល់​ពីមុខ​សាលាខេត្ត​ព្រះសីហនុ និង​សាលាដំបូង​ខេត្ត​នេះ នៅ​ថ្ងៃ​ខាងមុខ​ទៀត បើ​អាជ្ញាធរ​ស្ថាប័ន​ពាក់ព័ន្ធ មិន​ជួយ​អន្តរាគមន៍​បើកប្រាក់​បៀវត្ស​ចំនួន ៣​ខែ ដែល​ថៅកែ​ក្រុមហ៊ុន​នេះ មិន​ព្រម​បើក​ឲ្យ​ពួកគេ។

ក្រុម​កម្មករ​សំណង់​របស់​ក្រុមហ៊ុន​អេម៉ារីអូ មាន​ទីតាំង​នៅ ភូមិ​៣ សង្កាត់​៣ ក្រុងព្រះសីហនុ បាន​បន្ត​លើក​បដា​តវ៉ា​ចូល​ដល់​ថ្ងៃ​ទី​២ នៅ​ពីមុខ​ច្រកចេញ​ចូល​ការដ្ឋាន​ក្រុមហ៊ុន​នេះ កាលពី​ព្រឹក​ថ្ងៃ​ពុធ ទី​៣១ ខែ​មករា ឆ្នាំ​២០១៨។ ការ​តវ៉ា​នេះ ក្រុម​កម្មករ​បាន​លើក​បដា​ផ្សេងៗ ក្នុង​នោះ​ក៏​មាន​រូបថត លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​អ្នកស្រី ប៊ុន រ៉ានី ព្រមទាំង​រូបថត​ថៅកែ​ស្រី​ម្ចាស់​ក្រុមហ៊ុន​អេម៉ារីអូ និង​បាន​នាំ​យក​គ្រឿងចក្រ​មក​បិទ​ផ្លូវ ច្រក​ចេញ​ចូល​ទៅ​ក្នុង​បរិវេណ​សណ្ឋាគារ និង​រមណីយដ្ឋាន អេម៉ារីអូ ដែល​ជា​ទីតាំង​កម្មករ​ធ្វើការ​សំណង់។ ការ​តវ៉ា​នេះ​មាន​រយៈពេល ២​ថ្ងៃ​មក​ហើយ គឺ​ចាប់ពី​ថ្ងៃ​ទី​៣០ ដល់​ថ្ងៃ​ទី​៣១ ខែ​មករា ក្នុង​គោលដៅ​ទាមទារ​ឲ្យ​ថៅកែ​ក្រុមហ៊ុន​នេះ បើក​លុយ​កម្លាំង​ញើស​ឈាម ដែល​ថៅកែ​មិន​បើក​ជូន ៣​ខែ​មក​ហើយ​នោះ។

តំណាង​កម្មករ​បាន​អះអាង​ថា ពួកគេ​មាន​គម្រោង​លើកគ្នា​ទៅ​ប្រមូល​ផ្ដុំ​តវ៉ា​ជា​ថ្មី​ទៀត នៅ​ពីមុខ​សាលាខេត្ត​ព្រះសីហនុ និង​សាលាដំបូង​ខេត្ត​នេះ​នៅ​ថ្ងៃ​ខាងមុខ​ទៀត បើ​អាជ្ញាធរ​ពាក់ព័ន្ធ មិន​ជួយ​រក​ដំណោះស្រាយ បើកប្រាក់​ខែ​ជូន​ពួកគេ​ឲ្យ​បាន​ឆាប់​ទេ។

បន្ថែម​លើ​នេះ ក្រុម​កម្មករ​ក៏បាន​សំណូមពរ​ដល់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ភរិយា​ឲ្យ​ជួយ​អន្តរាគមន៍​ទៅ​លោកស្រី ជូ តារារ៉េត ហៅ ធាវី ជនជាតិ​ខ្មែរ ដែល​ជា​ថៅកែ​ក្រុមហ៊ុន​អេម៉ារីអូ ឲ្យ​មក​បើកប្រាក់​ខែ​ជូន​ពួកគេ​ឲ្យ​បាន​ឆាប់ ព្រោះ​ពេល​នេះ ក្រុម​កម្មករ​សំណង់​ទាំងអស់ ស្ទើរ​ដាច់​បាយ ឬ​រក​អង្ករ​ច្រក​ឆ្នាំង​ពុំ​បាន​ទេ៖ «សូម​ឲ្យ​ថៅកែ​ក្រុមហ៊ុន កុំ​យក​ជម្លោះ​ផ្ទៃ​ក្នុង​ឈ្លោះ​ទាស់ទែង​គ្នា​ជាមួយ​ប្ដី​ប្រពន្ធ​ខ្លួនឯង ហើយ​មក​ធ្វើបាប​កម្មករ​របស់​ខ្លួន ដែល​ចំណាយ​កម្លាំង​ញើស​ឈាម​ធ្វើការ​ឲ្យ​ក្រុមហ៊ុន​ត្រឹម​តែមួយ​ក្រពះ សម្រាប់​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ។ សំណូមពរ​ដល់​លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ និង​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​អន្តរាគមន៍​ទៅ​ក្រុមហ៊ុន ឲ្យ​បើក​លុយ​ប្រាក់ខែ​ជូន​កម្មករ​ឲ្យ​បាន​ឆាប់ ព្រោះ​ខកខាន​មិនបាន​បើក​ជូន​ពួកគេ ៣​ខែ​មក​ហើយ»

តំណាង​កម្មករ​សំណង់​ក្រុមហ៊ុន​អេម៉ារីអូ ដែល​ថៅកែ​មិន​បើក​ប្រាក់ខែ​ជូន មាន​ចំនួន ៤៥៧​នាក់ និង​បាន​ធ្វើ​ការ​ក្នុង​ការដ្ឋាន​សំណង់​ក្រុមហ៊ុន​នេះ មិន​បាន​បើកប្រាក់​ចំនួន ៣​ខែ គឺ​ចាប់ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ និង​ខែ​មករា ឆ្នាំ​២០១៨។

អ្នក​មើល​ការ​ខុសត្រូវ​ការដ្ឋាន​សំណង់ របស់​ក្រុមហ៊ុន​អេម៉ារីអូ បាន​ឲ្យ​ដឹង​ថា ដើមហេតុ​ដែល​ថៅកែ​ក្រុមហ៊ុន​នេះ មិន​បើក​ប្រាក់ខែ​ជូន​កម្មករ ៣​ខែ​មកនេះ គឺ​បណ្ដាល​មក​ពី​ប្ដី​ប្រពន្ធ​ថៅកែ​ក្រុមហ៊ុន​នេះ មាន​ជម្លោះផ្ទៃក្នុង​គ្រួសារ ហើយ​បាន​ប្ដឹងផ្ដល់​គ្នា​នៅ​ប្រព័ន្ធ​តុលាការ។

ទោះជា​យ៉ាងណា នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​មករា គេ​ឃើញ​មាន​វត្តមាន​មន្ត្រី​សាលាខេត្ត​ព្រះសីហនុ ដឹកនាំ​ដោយ លោក អ៊ី ធារិន អនុប្រធាន​អន្តរ​វិស័យ​សាលាខេត្ត​នេះ បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ជួប កម្មករ​សំណង់​អេម៉ារីអូ ដែល​តវ៉ា​បិទ​ច្រកចេញ​ចូល​ទៅ​កាន់​ការដ្ឋាន​សំណង់ សណ្ឋាគារ និង រមណីយដ្ឋាន អេម៉ារីអូ ស្ថិតនៅ​ភូមិ​៣ សង្កាត់​៣ ក្រុង​ព្រះសីហនុ។

លោក អ៊ី ធារិន បាន​ឲ្យ​តំណាង​កម្មករ​ធ្វើបញ្ជី​ឈ្មោះ​កម្មករ ដែល​មិនទាន់​បើក​ប្រាក់ខែ ៣​ខែ​កន្លង​មក​នេះ ដោយ​ផ្ទៀងផ្ទាត់​ជាមួយ​បញ្ជី​ឈ្មោះ​កម្មករ​ចំនួន ៤៥៧​នាក់ ដែល​ក្រុមហ៊ុន​អេម៉ារីអូ បាន​ផ្ញើ​ពី​ភ្នំពេញ មក​មន្ទីរ​ការងារ​ខេត្ត​ព្រះសីហនុ ដើម្បី​ឈាន​ទៅ​រក​ដំណោះស្រាយ​បញ្ចប់​ការ​តវ៉ា​នេះ​ឲ្យ​បាន​ឆាប់។

ក្រោយ​ពី​មាន​ការ​សម្របសម្រួល ក្រុម​កម្មករ​សំណង់​ក្រុមហ៊ុន​អេម៉ារីអូ ក៏​បាន​យល់ព្រម នាំ​យក​គ្រឿងចក្រ​ចេញពី​ច្រក​ផ្លូវ​ចូល​ទៅ​សណ្ឋាគារ និង​រមណីយដ្ឋាន​អេម៉ារីអូ ជា​បណ្ដោះអាសន្ន និង​បាន​រំសាយ​កា​រក​ប្រមូល​ផ្ដុំ ដើម្បី​រង់ចាំ​ការ​រក​ដំណោះស្រាយ​ពី​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ជូន​មួយ​ដំណាក់កាល​សិន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល