ក្រសួង​ប្រៃសណីយ៍​ថា មិន​បារម្ភ​រឿង​ក្រុមហ៊ុន Huawei ធ្វើ​ចារកម្ម​តាមរយៈ​ប្រព័ន្ធ 5G

ដោយ ហេង រស្មី
2019-05-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
និមិត្តសញ្ញា​ក្រុមហ៊ុន​ចិន វ៉ោវ៉េ (Huawei)។
និមិត្តសញ្ញា​ក្រុមហ៊ុន​ចិន វ៉ោវ៉េ (Huawei)។
RFA

ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​អះអាង​ថា ក្រសួង​មិន​បារម្ភ​ពី​រឿង​ក្រុមហ៊ុន​ចិន ហួវ៉េ (Huawei) លួច​យក​ទិន្នន័យ​របស់​កម្ពុជា​នោះ​ឡើយ ព្រោះ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​មួយ​នេះ ធ្វើឡើង​ក្នុង​គោលដៅ​ជំនួញ​ប៉ុណ្ណោះ​។ ការ​អះអាង​បែបនេះ​របស់​ក្រសួង​ប្រៃសណីយ៍ ធ្វើឡើង​ស្រប​ពេល​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដ៏​ធំ​ជាងគេ​របស់​ចិន​មួយ​នេះ កំពុង​ញាំញី​ដោយ​រឿងអាស្រូវ​លួច​ធ្វើ​ចារកម្ម​តាមរយៈ​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប​របស់​ខ្លួន​។ អង្គការ​សង្គម​ស៊ីវិល​ថ្លែង​ថា រដ្ឋាភិបាល​ត្រូវ​មាន​ការសិក្សា និង​ពិសោធន៍​ឱ្យ​បាន​ច្បាស់លាស់ មុននឹង​ដាក់​ឱ្យ​ប្រើប្រាស់​នូវ​ប្រព័ន្ធ​បច្ចេកវិទ្យា​ថ្មី​នេះ ព្រោះ​វា​អាច​ផ្ដល់​ទាំង​ផល​វិជ្ជមាន និង​អវិជ្ជមាន​ដល់​ប្រទេស​ជាតិ។

អ្នកនាំពាក្យ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ លោក មាស ប៉ូ អះអាង​ប្រាប់​អាស៊ីសេរី​ថា ក្រសួង​កំពុង​សហការ​ជាមួយ​ក្រុមហ៊ុន​ចិន ហួរវ៉េ ក្នុង​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​អ៊ីនធឺណិត​ជំនាន់​ទី​៥ ឬ​ហៅថា 5G។ លោក​បញ្ជាក់​ទៀត​ថា ក្រសួង​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​គ្រប់គ្រង​រឿង​នេះ ដែល​ធានា​ថា មិន​អាច​មានការ​លួច​យក​ព័ត៌មាន ឬ​ធ្វើ​ចារកម្ម​តាមរយៈ​ប្រព័ន្ធ​បច្ចេកវិទ្យា​ថ្មី​នេះ​បាន​ឡើយ​។ ក៏ប៉ុន្តែ លោក​មិនបាន​បញ្ជាក់​ឱ្យ​ច្បាស់​ទេ​ថា តើ​ក្រសួង​មានការ​ពិសោធ​បែប​ណា ទើប​អាច​ប្រាកដ​ថា ប្រព័ន្ធ 5G របស់​ក្រុមហ៊ុន ហួរវ៉េ នេះ ពិតជា​គ្មាន​ផ្ទុក​កម្មវិធី​ស៊ើប​ការសម្ងាត់​មែន​នោះ៖ «ជា​ជំនាញ គឺ​យើង​ពិតជា​ដឹង ពីព្រោះ​នៅ​ក្នុង software (​កម្មវិធី​) នីមួយៗ​ហ្នឹង កាលណា​មានអី​ប្លែក យើង​ដឹង​។ យើង​រៀបចំ security (​សន្តិសុខ​) ត្រឹមត្រូវ»

របប​ក្រុងភ្នំពេញ​បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​ក្រុមហ៊ុន ហួវ៉េ របស់​ចិន ដើម្បី​អភិវឌ្ឍ​បច្ចេកវិទ្យា 5G កាល​ពី​ចុង​ខែ​មេសា​កន្លង​ទៅ ពោល​គឺ​នៅ​អំឡុង​ពេល​ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន។

របប​ក្រុងភ្នំពេញ​អះអាង​ថា តាមរយៈ​កិច្ច​សហប្រតិបត្តិការ​នេះ កម្ពុជា​នឹង​ក្លាយ​ជា​ប្រទេស​ដំបូង​គេ​ក្នុង​តំបន់​អាស៊ាន ដែល​មាន​ប្រព័ន្ធ 5G ប្រើប្រាស់ ខណៈ​លោក ហ៊ុន សែន បាន​បង្ហាញ​ពី​បំណង​ចង់​ឱ្យ​មាន​អ៊ិនធឺណិត​ល្បឿន​លឿន គ្រប​ដណ្ដប់​ដល់​ទី​ជនបទ​។ របប​នេះ​រំពឹង​ថា ប្រព័ន្ធ 5G នឹង​ក្លាយ​ជា​មជ្ឈមណ្ឌល​ដ៏​ធំ​ទូលាយ​នៃ​អនាគត​ទីក្រុង​ឆ្លាត​វៃ ដែល​ពោរពេញ​ដោយ​លំនៅឋាន និង​ការិយាល័យ​ឆ្លាត​វៃ ដែល​ត្រូវ​បាន​ត​ភ្ជាប់​ជាមួយ​នឹង​ឧបករណ៍​អ៊ីនធឺណិត ហើយ​ប្រព័ន្ធ​នេះ​ក៏​នឹង​អាច​ជួយ​ដល់​ការ​ទូទាត់​ការ​ចំណាយ និង​ដំណើរការ​ទិន្នន័យ​តាម​ប្រព័ន្ធ​អនឡាញ ទាំង​សេវា​របស់​រដ្ឋ និង​ឯកជន​ផង​ដែរ។

ទោះជា​យ៉ាងណា អង្គការ​សង្គម​ស៊ីវិល បង្ហាញ​កង្វល់​ជុំវិញ​បញ្ហា​សុវត្ថិភាព​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​តាមរយៈ​ប្រព័ន្ធ 5G នេះ​។ ពួកគេ​ចង់​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ធ្វើ​ពិសោធន៍​ឱ្យ​បាន​ច្បាស់លាស់ មុននឹង​ដាក់​ឱ្យ​ដំណើរការ​ប្រព័ន្ធ​ថ្មី​នេះ ពីព្រោះ​ក្រុមហ៊ុន ហួវ៉េ របស់​ចិន កំពុង​មាន​កេរ្តិ៍ឈ្មោះ​មិនល្អ​លើ​ឆាក​អន្តរជាតិ ជុំវិញ​ការ​លួច​យក​ទិន្នន័យ​ព័ត៌មាន​​ពី​​ប្រទេស​​ដទៃ។

ប្រធាន​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) និង​ជា​សកម្មជន​សិទ្ធិ​អ៊ីនធឺណិត លោក ទឹម ម៉ាឡៃ មើលឃើញ​ថា កម្ពជា​មាន​ហានិភ័យ​ខ្ពស់​រឿង​សុវត្ថិភាព​លើ​ប្រព័ន្ធ​អ៊ីនធឺណិត ជាពិសេស​ការគ្រប់គ្រង​ប្រព័ន្ធ​ទិន្នន័យ ដោយសារ​កម្ពុជា​នាំចូល​ផលិតផល​បច្ចេកវិទ្យា​ច្រើន​លើសលប់​ពី​បរទេស ហើយ​ធនធានមនុស្ស​លើ​វិស័យ​នេះ​នៅ​មាន​កម្រិត​នៅឡើយ​។ លោក​បន្ត​ថា ប្រសិនបើ​ទិន្នន័យ​ប្រទេស​មួយ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ប្រទេស​មួយ​ផ្សេងទៀត ប្រទេស​នោះ​នឹង​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​នៅ​ថ្ងៃ​អនាគត​៖ «ប៉ះពាល់​ដល់​អធិបតេយ្យ​ជាតិ ប៉ះពាល់​ដល់​សន្តិសុខ សុវត្ថិភាព​ជាតិ​ដែរ ហើយ​ការសម្រេចចិត្ត​លើ​គោល​នយោបាយ​​មួយ​​ចំនួន​ ត្រូវ​បាន​លេចឮ យើង​អត់​អាច​ធ្វើ​ការ​ដោយ​ឯករាជ្យ​បាន។ វា​អាច​គ្រោះថ្នាក់​នៅ​ពេល​អនាគត មាន​ន័យ​ថា បើ​ព័ត៌មាន​សន្តិសុខ​ជាតិ​យើង​ត្រូវ​បាន​នៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ប្រទេស​ណាមួយ​នៅ​លើ​ពិភពលោក អ៊ីចឹង​វា​ជា​ក្តី​បារម្ភ​ដែល​អ្នកធ្វើការ​លើ​ផ្នែក​ប្រព័ន្ធ​បច្ចេកវិទ្យា​ត្រូវ​យកចិត្តទុកដាក់ ជាពិសេស​គឺ​រដ្ឋាភិបាល​របស់​ប្រទេស​យើង​តែម្ដង»

មួយរយៈ​ពេល​ចុង​ក្រោយនេះ ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​ លំដាប់​ពិភពលោក បានសម្រេច​ផ្អាក​ការ​រកស៊ី​ជាមួយ ក្រុមហ៊ុន ហួវ៉េ (Huawei) ជា​បន្តបន្ទាប់ ក្រោយ​ពេល​សហរដ្ឋអាមេរិក​បាន​ដាក់​ក្រុមហ៊ុន​មួយ​នេះ​ទៅ​ក្នុង​បញ្ជី​ខ្មៅ​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម។ អាមេរិក​បាន​ចោទ​ក្រុមហ៊ុន ហួវ៉េ ថា ​បាន​ធ្វើ​ចារកម្ម​ឱ្យ​ប្រទេស​ចិន និង​ធ្វើ​ឱ្យ​អន្តរាយ​ដល់​វិស័យ​សន្តិសុខ​ជាតិ​របស់​អាមេរិក​។ រដ្ឋាភិបាល​អាមេរិក​តម្រូវ​ឱ្យ​ក្រុមហ៊ុន​អាមេរិក​ទាំងអស់ ត្រូវ​សុំ​ការអនុញ្ញាត​ពី​ក្រសួងពាណិជ្ជកម្ម​ជាមុន​សិន មុន​ពេល​រកស៊ី​ជាមួយ​ក្រុមហ៊ុន ហួវ៉េ

មកដល់ពេលនេះ ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ ដែល​បាន​ប្រកាស​ផ្អាក​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ក្រុមហ៊ុន ហួរវ៉េ មាន​ជាអាទិ ក្រុមហ៊ុន​ហ្គូហ្គល (Google) របស់​អាមេរិក ក្រុមហ៊ុន​ប៉ាណាសូនិក (Panasonic) របស់​ជប៉ុន ក្រុមហ៊ុន​ធ្វើ​បន្ទះ​ឈីប (Chip makers) ខ្វលខំ (Qualcomm) និង អ៊ិនធែល (Intel) របស់​អាមេរិក និង​ក្រុមហ៊ុន​កែច្នៃ​បន្ទះ​ឈីប អាម (Arm) របស់​អង់គ្លេស​។ ចំណែក ក្រុមហ៊ុន ម៉ៃក្រូសូហ្វ (Microsoft) របស់​អាមេរិក​វិញ ក៏​ទំនងជា​នឹង​កាត់ផ្ដាច់​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ក្រុមហ៊ុន ហួរវ៉េ ដែរ គ្រាន់តែ​មិនទាន់​ចេញ​សេចក្ដី​ថ្លែងការណ៍​ផ្លូវការ។

ដោយឡែក នៅ​ប្រទេស​អង់គ្លេស​វិញ ក្រុមហ៊ុន​ផ្គត់ផ្គង់​ទូរស័ព្ទ​ធំ​ជាងគេ គឺ​វ៉ូដាហ្វូន (Vodafone) និង អ៊ី​អ៊ី (EE) បាន​ផ្អាក​ការ​បញ្ជាទិញ​ទូរស័ព្ធ​ស៊េរី​ទំនើប​របស់​ក្រុមហ៊ុន ហួរវ៉េដែល​បំពាក់​ប្រព័ន្ធ 5G។ ជាមួយគ្នានេះ ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត​ជាច្រើន​ទៀត​របស់​អង់គ្លេស ក៏​កំពុង​ត្រួតពិនិត្យ​លើ​ប្រព័ន្ធ 5G របស់​ក្រុមហ៊ុន ហួវ៉េ ផង​ដែរ ដើម្បី​វាយតម្លៃ​ផល​ប៉ះពាល់​លើ​អតិថិជន ទាំង​ក្នុង​រយៈពេល​ខ្លី និង​រយៈពេល​វែង​។ ក្រុមហ៊ុន​ទាំងនេះ សុទ្ធសឹងតែ​គ្រោង​ដាក់​ឱ្យ​ដំណើរការ​ប្រព័ន្ធ 5G ក្នុង​ពេល​ឆាប់ៗ​ខាងមុខ ក៏ប៉ុន្តែ​បានសម្រេច​ចិត្ត​ភ្លាមៗ ក្រោយពេល​អាមេរិក​បាន​ហាមឃាត់​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ក្រុមហ៊ុន ហួរវ៉េ ក្រោម​ហេតុផល​រឿង​ចារកម្ម​។ ក្រៅពី​ក្រុមហ៊ុន​ធំៗ​ ទាំងនេះ មាន​ក្រុមហ៊ុន​បច្ចេកវិទ្យា​ជាច្រើន​ផ្សេងទៀត ក្នុង​តំបន់​អឺរ៉ុប អាមេរិក និង​អាស៊ី ក៏​កំពុងតែ​សើរើ​មើល​ឡើងវិញ​នូវ​ទំនាក់ទំនង​ពាណិជ្ជកម្ម​របស់​ខ្លួន​ជាមួយ​ក្រុមហ៊ុន ហួវ៉េ ផង​ដែរ។

ទោះជា​យ៉ាងណា អ្នកនាំពាក្យ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ លោក មាស ប៉ូ អះអាង​ថា រឿង​បែបនេះ​នឹង​មិន​អាច​កើត​មាននៅ​កម្ពុជា​ឡើយ ព្រោះ​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន ហួវ៉េ ជា​កិច្ចសហការ​រយៈពេល​វែង ហើយ​ធ្វើឡើង​ក្នុង​ទិសដៅ​ជំនួញ មិន​ពាក់ព័ន្ធ​នឹង​រឿង​ធ្វើ​ចារកម្ម​ឡើយ​។ លោក​ថា កម្ពុជា​គ្រោង​នឹង​ដាក់​ឱ្យ​ដំណើរការ​ប្រព័ន្ធ 5G នៅ​ឆ្នាំ​២០២០ ខាងមុខ៖ «ពាក់ព័ន្ធ​រឿង​ការងារ​បច្ចេកទេស​ទេ យើង​អត់​មាន​មក​ពាក់ព័ន្ធ​អ្វី​រឿង​អស់ហ្នឹង​ទេ​។ គាត់​ចេះតែ​លើកឡើង​ឱ្យ​តែ​ឮ​ម៉េច ពីព្រោះ​យើង​ដៃគូ​ជាមួយ​ចិន ដៃគូ​យូរអង្វែង ហើយ​នៅ​ស្រុក​យើង​ហ្នឹង​មាន​ស្អី​។ យើង​ចាប់ដៃ​គ្នា​ដើម្បី​ធ្វើ​ការងារ​ជំនាញ​តើ​។ យើងខ្ញុំ​សង្ឃឹមថា មិន​មាន​ពាក់ព័ន្ធ​អី​រឿង​ចារកម្ម​រឿង​អី​ហ្នឹង​ទេ​។ អានេះ​ការងារ​ធ្វើ Business (​ជំនួញ​) ទេ យើង​យក​ចារកម្ម​មក​និយាយ​យ៉ាងម៉េច​កើត»

សកម្មជន​សិទ្ធិមនុស្ស និង​សិទ្ធិ​អ៊ីនធឺណិត លោក ទឹម ម៉ាឡៃ ថ្លែង​ថា បើ​រដ្ឋាភិបាល​ពិតជា​អាច​គ្រប់គ្រង​ប្រព័ន្ធ 5G បាន​ដូច​ការ​អះអាង​មែន នោះ​ជា​រឿង​ប្រសើរ​បំផុត​សម្រាប់​សុវត្ថិភាព​ជាតិ និង​ប្រជាពលរដ្ឋ​។ ក៏ប៉ុន្តែ​លោក​ថា ការ​និយាយ​តែមួយ​មុខ​មិនទាន់​គ្រប់គ្រាន់​ឡើយ ពោល​គឺ​រដ្ឋាភិបាល​ត្រូវ​មាន​ក្រុមការងារ​ពិសេស​មួយ​ដើម្បី​ពិនិត្យ​ឱ្យ​បាន​ល្អិតល្អន់​បំផុត​ចំពោះ​បច្ចេកវិទ្យា​ថ្មី​នេះ និង​ត្រូវ​បង្ហាញ​ឱ្យ​សាធារណជន​បាន​ដឹង និង​មាន​ទំនុក​ចិត្ត​ខ្ពស់ មុននឹង​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ៖ «ត្រូវ​មាន​ក្រុម​អ្នកត្រួតពិនិត្យ និង​អ្នក​ជជែក​គ្នា​ជា​យុទ្ធសាស្ត្រ​ជាមួយ​នឹង​រដ្ឋាភិបាល​ប្រទេស​មួយទៀត ឬក៏​អ្នក​វិនិយោគ​នៅ​ក្នុង​ប្រទេស​មួយទៀត​នៃ​ក្រុមហ៊ុន​ដែល​នាំចូល​ហ្នឹង​។ យើង​ត្រូវ​ប្រាកដប្រជា​ថា វិនិយោគ​នេះ​ត្រូវ​មាន​សុចរិត​ភាព ហើយ​ត្រូវ​ទទួល​បាន​នូវ​ការ​បង្ហាញ​ជា​សាធារណៈ​ដល់​ពលរដ្ឋ​ថា វា​មាន​ទំនុក​ចិត្ត​ដល់​ការប្រើប្រាស់ ព្រោះ​ដើម្បី​កេរ្តិ៍ឈ្មោះ​នៃ​ការ​វិនិយោគ​ផង ដើម្បី​កេរ្តិ៍ឈ្មោះ​រដ្ឋាភិបាល​ផង»

ចំណែក នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត ទទួលស្គាល់​ថា ការ​អភិវឌ្ឍ​ជាតិ​នា​ពេល​បច្ចុប្បន្ន ត្រូវ​ពឹងផ្អែក​មួយ​ផ្នែកធំ​លើ​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប ក៏ប៉ុន្តែ​លោក​ថា រដ្ឋាភិបាល​ត្រូវ​ធានា​ថា រាល់​ក្រុមហ៊ុន​ដែល​មក​វិនិយោគ​លើ​វិស័យ​បច្ចេកវិទ្យា​នេះ ត្រូវតែ​មាន​សុចរិត​ភាព​ក្នុង​ការ​វិនិយោគ​។ លោក​បន្ត​ថា ពេលនេះ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ បាន​ផ្លាស់ប្ដូរ​ឥរិយាបថ​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ក្រុមហ៊ុន ហួវ៉េ ដោយសារតែ​រឿងអាស្រូវ​លួច​ធ្វើ​ចារកម្ម ដូច្នេះ​លោក​ថា កម្ពុជា​ក៏​គួរតែ​ពិនិត្យមើល​បញ្ហា​នេះ​ដែរ​។

អ្នកការពារ​សិទ្ធិមនុស្ស​រូប​នេះ មិនទាន់​ជឿជាក់​លើ​ការ​អះអាង​របស់​ក្រសួង​ប្រៃសណីយ៍​ជុំវិញ​រឿង​សមត្ថភាព​គ្រប់គ្រង​លើ​ប្រព័ន្ធ 5G របស់​ក្រុមហ៊ុន ហួវ៉េ នោះឡើយ ព្រោះ​លោក​មើល​ឃើញ​ថា កម្ពុជា​ហាក់​នៅ​មាន​ភាព​ទន់ខ្សោយ​នៅឡើយ​លើ​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន បើ​ប្រៀបធៀប​នឹង​ប្រទេស​ដទៃ​ទៀត​ក្នុង​តំបន់ និង​ពិភពលោក៖ «យើង​នៅតែ​មាន​ការ​ព្រួយ​បារម្ភ​ខ្លាច​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប​ហ្នឹង​បង្កប់​នូវ Software (​កម្មវិធី​) ដើម្បី​ទទួល​នូវ​ព័ត៌មាន​សម្ងាត់​ពី​រដ្ឋាភិបាល ឬក៏​ពី​ប្រជាពលរដ្ឋ អា​ហ្នឹង​ ​គឺជា​ភាព​គ្រោះថ្នាក់​សម្រាប់​ប្រទេសជាតិ​មួយ​ទៅ​ថ្ងៃក្រោយ​។ អ៊ីចឹង គឺ​សូម​ឱ្យ​មានការ​សិក្សា​ឱ្យ​បាន​ច្បាស់លាស់​ដោយ​អ្នក​បច្ចេកវិទ្យា និង​អ្នក​ជំនាញ​ឱ្យ​បាន​ច្បាស់លាស់​ជាមុន​សិន ចៀសវាង​ភាព​គ្រោះថ្នាក់​ទៅ​ថ្ងៃក្រោយ»

កម្ពុជា​បាន​ក្លាយ​ខ្លួន​ទៅជា​ប្រទេស​ទី​មួយ​ក្នុង​តំបន់​អាស៊ាន ដែល​យល់ព្រម​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​អភិវឌ្ឍ​បច្ចេកវិទ្យា 5G នេះ ជាមួយ​ក្រុមហ៊ុន ហួវ៉េ (Huawei) របស់​ចិន​។ រឿង​នេះ​ទំនងជា​ដោយសារ​របប​ក្រុងភ្នំពេញ មាន​ទំនង​ទំនង​ជិត​ស្និទ្ធ​​ខ្លាំង​ជាមួយ​របប​ក្រុង​ប៉េកាំង ទើប​ធ្វើ​ឱ្យ​របប​នេះ​ផ្ដល់​សិទ្ធិ​ឱ្យ​ក្រុមហ៊ុន​ចិន​អភិវឌ្ឍ​បច្ចេកវិទ្យា​ថ្មី​នេះ ទោះបីជា​ដឹង​ថា ក្រុមហ៊ុន​ចិន​មាន​កេរ្តិ៍ឈ្មោះ​មិនសូវ​ល្អ​លើ​ឆាក​អន្តរជាតិ​ក៏ដោយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល