មន្ត្រី​សង្គម​ស៊ីវិល​នៅ​ខេត្ត​ឧត្ដរមានជ័យ​​បារម្ភ​​អំពី​​ពលរដ្ឋ​​ធ្វើ​​ចំណាក​ស្រុក​កាន់​តែ​ច្រើន​​ដោយ​​សារ​​ខ្វះ​ដី​ដាំ​ដុះ​ និង​ដំណាំ​មិន​បាន​ផល​​​​

2019-02-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ការិយាល័យ​ប៉ូលិស​អន្តោប្រវេសន៍​ប្រចាំ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​អូរស្មាច់ ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០១៦។ Photo Provided
ការិយាល័យ​ប៉ូលិស​អន្តោប្រវេសន៍​ប្រចាំ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​អូរស្មាច់ ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០១៦។ Photo Provided
Photo Provided

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​និង​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ឧត្ដរមានជ័យ​អះអាង​ថា​ មួយ​រយៈ​ចុងក្រោយ​នេះ​បញ្ហា​​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត​នេះ​ធ្វើ​ចំណាក​ស្រុក​ទៅ​ស្វែង​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​កាន់​តែ​ច្រើន​ឡើង។ ពួកគាត់​កត់​សម្គាល់​ថា​ បញ្ហា​ចម្បង​ដែល​បណ្ដាល​ឲ្យ​ពលរដ្ឋ​ធ្វើ​ចំណាក​ស្រុក​ដោយសារ​ឆ្នាំ​នេះ​​ជួប​គ្រោះ​រាំងស្ងួត​ ដែល​ធ្វើ​ឲ្យ​​​​កសិករ​ដាំដុះ​មិន​សូវ​បាន​ផល​ហើយ​លក់​ខាត​ដើម​ទុន​​ និង​បញ្ហា​ខ្វះ​ដី​ដាំដុះ។

ប្រជាពលរដ្ឋ​រស់​នៅ​ឃុំ​ចម្ការ​ចេក​ ស្រុក​អូស្មាច់​ខេត្ត​ឧត្ដរមានជ័យ​ អ្នក​ស្រី ចាន់ សុខេន ឲ្យ​ដឹង​អាស៊ី​សេរី​ដឹង​កាល​ពី​រសៀល​ថ្ងៃ​ទី​២៥ កុម្ភៈ​ថា ប្រជាពលរដ្ឋ​នៅ​តំបន់​ដែល​អ្នក​ស្រី​រស់​នៅ ធ្វើ​ចំណាក​ស្រុក​ប្រមាណ​ពី ៥០​ទៅ ៦០​ភាគរយ​នៃ​ចំនួន​មនុស្ស ដែល​រស់​នៅ​ក្នុង​ភូមិ​ជា​ប្រចាំ។ ពលរដ្ឋ​រូប​នេះ​អះអាង​ទៀត​ថា សមាជិក​ក្នុង​​គ្រួសារ​របស់​អ្នក​ស្រី​ចំនួន ៣នាក់​កំពុង​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ដោយសារ​នៅ​ផ្ទះ​គ្មាន​ការងារ​ធ្វើ​ដែល​មាន​ប្រាក់​ខែ​សមរម្យ ដែល​ជំរុញ​ឲ្យ​កូនៗ ទាំង​៣នាក់​ចេញ​ទៅ​រក​ការងារ​នៅ​ក្រៅ​ប្រទេស​ ដើម្បី​បាន​យក​មក​​ទៅ​ដោះ​បំណុល​ធនាគារ​ ដែល​បាន​ខ្ចី​គេ​យក​មក​ប្រើប្រាស់​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ​​កាល​ពី​ឆ្នាំ​កន្លង​មក។ អ្នក​ស្រី​បន្ត​ថា កាល​ពី​ឆ្នាំ​កន្លង​ទៅ​ក្រុម​គ្រួសារ​អ្នក​ស្រី​បាន​ខ្ចី​ប្រាក់​ពី​ធនាគារ​យក​ធ្វើ​ដើម​ទុន​បើក​កន្លែង​លក់​ដូរ​តូចតាច​នៅ​ក្នុង​ឃុំ​ ប៉ុន្តែ​លក់​មិន​ដាច់​ដោយសារ​នៅ​ក្នុង​ភូមិ​មិន​សូវ​មាន​មនុស្ស​រស់​នៅ​ ហើយ​ខាត់​អស់​ដើម​ទុន​រាប់​ពាន់​ដុល្លារ។អ្នក​ស្រី​បន្ថែម​ទៀត​ថា ឆ្នាំ​នេះ​ក៏​កាន់​តែ​លំបាក​ជាង​ឆ្នាំ​មុនៗ ទៀត ព្រោះ​ពលរដ្ឋ​នៅ​ព្រំដែន​តំបន់​ពួក​គាត់​រស់​នៅ​ធ្វើ​ចំណាក​ស្រុក​កាន់​តែ​ច្រើន​ ជា​ពិសេស​នៅ​រដូវ​ប្រាំង​ ចាប់​ពី​ខែ​​ធ្នូ​រហូត​មក​ទល់​សព្វ​ថ្ងៃ៖ «អ្នក​ដែល​គ្នា​ទៅ​ថៃ​គាត់​ថា មេ​ខ្យល់​នាំ​ទៅ​រត់​មក​វិញ​មិន​បាន​លុយ​ផង នាំ​គ្នា​ទៅ​មកៗ ដោយ​មេ​ខ្យល់​ថា ទៅ​ស្រួល​មិន​អី​ទេ ខ្ញុំ​ប៊ិះ​តែ​ទៅ​ជាមួយ​គេ​ដែរ​ហើយ ដែល​គេ​ប្រាប់​ថា អូ!ស្រួល​ណាស់​អត់​អី​ទេ ហើយ​ឲ្យ​ប្ដី​ប្រពន្ធ​ផ្ទះ​ជិត​គ្នា​ទៅ​មុន រយៈ​ពេល​ប្រហែល​ខែ​មុន​នេះ ដោយសារ​ខ្ញុំ​ខ្វះ​ខាត​ពេក ខ្ញុំ​ចង់​ទៅ​ថៃ​ជាមួយ​គេ។ឥឡូវ​ពួក​គាត់​មក​វិញ គាត់​ថា រត់​ប៉ូលិស​ច្រើន​ពេក​មិន​បាន​លុយ​កាក់​ទេ ខ្ញុំ​ប៊ិះ​ចាញ់​បោក​គេ​ដែរ»

ពលរដ្ឋ​រូប​នេះ​បន្ត​ថា អ្នក​ដែល​ធ្វើ​ចំណាក​ស្រុក​នៅ​តាម​ព្រំដែន​ភាគ​ច្រើន​ទៅ​រយៈ​ពេល​ខ្លី​ចន្លោះ​ពី​ ៤ ទៅ​ ៦​ខែ​ ហើយ​ត្រឡប់​មក​ដាំដុះ​វិញ​ ព្រោះ​ពួកគាត់​មិន​ចង់​ធ្វើ​ចំណាក​ស្រុក​នោះ​ទេ ដោយ​ចង់​រក​ការងារ​ធ្វើ​ក្នុង​ស្រុក​បាន​រស់​នៅ​ជា​មួយ​ក្រុម​គ្រួសារ ប្រសើរ​ជាង​ធ្វើ​ការងារ​នៅ​ក្រៅ​ប្រទេស​ប្រថុយប្រថាន​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត និង​ប្រឈម​នឹង​ប៉ូលិស​ថៃ​ចាប់​ដាក់​គុក ដោយសារ​ពួកគាត់​ទៅ​ធ្វើ​ការងារ​ខុស​ច្បាប់ ព្រោះ​ពួកគាត់​ក្រីក្រ​មិន​មាន​ប្រាក់​ធ្វើ​លិខិត​ឆ្លងដែន​ទៅ​ធ្វើ​ការ​ស្រប​ច្បាប់​នោះ​ទេ។

ចំណែក​ពលរដ្ឋ​ម្នាក់​ទៀត​រស់​នៅ​ស្រុក​អន្លង់វែង​លោក ជឹម វណ្ណា អះអាង​ថា ក្នុង​ភូមិ​របស់​លោក​ប្រមាណ ​៥០​ភាគ​រយ​បាន​ចំណាក​ស្រុក ក្នុង​នោះ​មួយ​ចំនួន​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ និង​មួយ​ចំនួន​ទៀត​ទៅ​ធ្វើ​ការ​នៅ​តាម​ព្រំដែន​ជាប់​ប្រទេស​ថៃ​ ដោយសារ​ឆ្នាំ​នេះ​តំបន់​ពួក​គាត់​រស់​នៅ​​ជួប​គ្រោះ​រាំង​ស្ងួត ហើយ​បណ្ដាល​ឲ្យ​​ដំណាំ​ដំឡូង​មី​មិន​សូវ​បាន​ផល​ដូច​ឆ្នាំ​មុនៗ​ បើ​ទោះ​បី​ឆ្នាំ​នេះ​តម្លៃ​ដំឡូង​មី​បាន​ប្រសើរ​ជាង​ឆ្នាំ​មុន​បន្តិច​ក៏​ដោយ​ ក៏​មិន​អាច​ទូទាត់​ដើម​ទុន​ ដែល​បាន​ខ្ចី​ពី​ធនាគារ​យក​ដាំដុះ​បាន​ដែរ។ ពលរដ្ឋ​រូប​នេះ​បន្ថែម​ទៀត​ថា បញ្ហា​មួយ​ទៀត ដោយសារ​ប្រជាពលរដ្ឋ​ខ្វះ​ដី​ដាំដុះ ជា​ពិសេស​ពលរដ្ឋ​ដែល​មាន​ទំនាស់​ដីធ្លី​នៅ​ក្នុង​ស្រុក​រាប់​រយ​គ្រួសារ ហើយ​អាជ្ញាធរ​មិន​បាន​ដោះស្រាយ​ជូន​ពួកគាត់​នៅ​ឡើយ​ទេ ដែល​​ធ្វើ​ឲ្យ​​ពួកគាត់​កាន់​តែ​ក្រីក្រ ​ហើយ​បង្ខំ​ចិត្ត​ធ្វើ​ចំណាក​ស្រុក​ចោល​ក្រុម​គ្រួសារ៖ «អត់​មាន​អ្នក​ណា​ធូរធារ​ទេ​បង រក​មួយ​ថ្ងៃ​សម្រាប់​ចាយ​មួយ​ថ្ងៃ ហើយ​ដើរ​ស៊ី​ឈ្នួល​ដក​ដំឡូង​ឲ្យ​គេ ខ្ញុំ​ចាំ​មើល​អាជ្ញាធរ​ថា មក​វាស់វែង​ដី​ឲ្យ។ មិន​ឃើញ រហូត​ដល់ ២ខែ​ហើយ ដែល​អភិបាល​ស្រុក​សន្យា​ថា មក​ដោះ​ស្រាយ។ ឥឡូវ​ខ្ញុំ​ចាំ​បាត់ៗ មិន​ដឹង​យ៉ាង​ម៉េច​ទេ»

លោក​បន្ត​ថា ឆ្នាំ​ក្រោយ​ជីវភាព​របស់​ពួកគាត់​​អាច​នឹង​លំបាក​ជាង​ឆ្នាំ​នេះ​ ព្រោះ​ពួកគាត់​ប្រមាណ​ ៧០​ភាគរយ​ដាំ​ដំឡូង​មី​ដែល​មាន​​លើ​ផ្ទៃ​ដី​ចន្លោះ​ពី ១ ទៅ ​៤ហិកតារ​ក្នុង​មួយ​គ្រួសារ ប៉ុន្តែ​ដើម​ដំឡូង​មី​ឆ្នាំ​នេះ​បាន​ក្រៀម​ស្វិត​ងាប់​អស់​ ដែល​បណ្ដាល​ឲ្យ​ខ្វះ​ដើម​ដំឡូង​មី​សម្រាប់​ធ្វើ​ពូជ​ដាំដុះ​នៅ​ពេល​ខាង​​​មុខ។ លោក​ថា សព្វ​ថ្ងៃ​កសិករ​មួយ​ចំនួន​បាន​ចេញ​ទៅ​ធ្វើ​កម្មករ​នៅ​តាម​ព្រំដែន​ ដើម្បី​រក​ប្រាក់​ទិញ​ដើម​ដំឡូង​មី​ពី​ប្រទេស​ថៃ​យក​ធ្វើ​ពូជ​ដាំ​ដុះ​នៅ​ដើម​រដូវវស្សា​ខាង​មុខ ដែល​ធ្វើ​ឲ្យ​ពួកគាត់​ត្រូវ​ចំណាយ​អស់​ដើម​ទុន​កាន់​តែ​ច្រើន​បន្ថែម​ទៀត​ទៅ​ការ​ដាំ​ដុះ​នេះ។

អាស៊ី​សេរី​មិន​ទាន់​អាច​ទាក់ទង​អភិបាល​រង​ខេត្ត​ឧត្ដរ​មាន​ជ័យ លោក វ៉ាត់ ប៉ា រ៉ានីន ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​២៥​ កុម្ភៈ ដោយ​ទទួល​ទូរស័ព្ទ​ប្រាប់​ថា​​ជាប់​រវល់​នៅ​ព្រំដែន​ ហើយ​​មិន​មាន​សេវា​ទូរស័ព្ទ​​។

ប៉ុន្តែ​អភិបាល​ស្រុក​អន្លង់​វែង​លោក ហោ ជិន​វីរៈ​យុទ្ធ មាន​ប្រសាសន៍​ប្រាប់​អាស៊ី​សេរី​ថា ឆ្នាំ​នេះ​កសិករ​នៅ​ក្នុង​ស្រុក​លោក​គ្រប់គ្រង​ដាំដុះ​បាន​ផល​ជា​ធម្មតា ហើយ​តម្លៃ​កសិផល​ក៏​បាន​ប្រសើរ​ជាង​ឆ្នាំ​មុន​ៗ​ដែរ​។លោក​មាន​ជំនឿ​ទៀត​ថា ជីវភាព​របស់​ពលរដ្ឋ​នឹង​បាន​ប្រសើរ​ជាង​ឆ្នាំ​កន្លង​ទៅ​ ដោយសារ​ពួកគាត់​ភាគ​ច្រើន​ប្រកប​រប​ដាំ​ដំឡូង​មី ដែល​​មាន​​ផ្ទៃ​ដី​​សរុប​​ប្រមាណ​ ៧ពាន់​ហិកតារ ហើយ​គិត​ត្រឹម​ថ្ងៃ​ទី​២៥ ​កុម្ភៈ​កសិករ​ប្រមូល​ផល​ដំឡូង​អស់​ប្រហែល ​៨០​ភាគរយ​ ហើយ​នៅ​សល់ ​២០ភាគ​រយ​ទៀត​មួយ​ចំនួន​កំពុង​ប្រមូល​ផល និង​ទុក​ដើម​សម្រាប់​ធ្វើ​ពូជ​​ដាំដុះ​បន្ត​ទៀត​។ ​លោក​អះអាង​ទៀត​ថា ប្រជាពលរដ្ឋ​ធ្វើ​ចំណាក​ស្រុក​ជា​ធម្មតា​ដូច​ឆ្នាំ​មុន​ៗ​ ដែរ​ ដោយ​មិន​មាន​ការ​កើន​ឡើង​ដូច​ការ​លើក​ឡើង​របស់​ប្រជាពលរដ្ឋ​ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​នោះ​ឡើយ៖ «អ្នក​ចំណាក​ស្រុក​គាត់​ចេញ​ទៅ​ធ្វើ​ការ​ក្រៅ​វា​ជា​អាជីព​របស់​ពួក​គាត់ ហើយ​សម្រាប់​ស្រុក​អន្លង់​វែង​បើ​ជា​តួលេខ​យើង​ឃើញ​មាន​ច្រើន តែ​តាម​ពិត​ចំណាក​ស្រុក​របស់​គាត់​ទៅ​ធ្វើ​ការ​ព្រំ​ដែន​ប្រទេស​ថៃ​ទៅ​ព្រឹក​ហើយ​វិល​ល្ងាច​មួយ​ចំនួន​ធំ។ ដូច្នេះ​ការ​បារម្ភ​រឿង​ចំណាក​ស្រុក​អី​អត់​មាន​ទេ មាន​តែ​យើង​អំពាវនាវ​ឲ្យ​អ្នក​ចំណាក​ស្រុក​ត្រឡប់​មក​វិញ ឥឡូវ​តម្លៃ​ពលកម្ម​នៅ​ក្នុង​អាច​ខ្វះ​ខាត ព្រោះ​កម្មករ​ដែល​ធ្វើ​ចម្ការ​ស្វាយ និង​ដក​ដំឡូង​មី​អី​ចង់​ពិបាក​រក​កម្មករ​ធ្វើ​មិន​មាន​ផង»

ទោះ​ជា​យ៉ាង​ណា​កាល​ពី​ថ្ងៃ​ទី​១៣ ​កុម្ភៈ ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន ​និង​កីឡា លោក ហង្ស ជូន​ណារ៉ុន ថ្លែង​ថា នៅ​ខេត្ត​ជាប់​ព្រំដែន​ថៃ រួម​មាន​ខេត្ត​បាត់ដំបង​ បន្ទាយមានជ័យ​ និង​ខេត្ត​ឧត្ដរមានជ័យ​ ​ដែល​កុមារ​បោះបង់​ការ​សិក្សា​ចំនួន​ ២៣​ភាគ​រយ​ គឺ​ចំនួន​​ដែល​​​ខ្ពស់​ជាង​គេ​បើ​ធៀប​នឹង​បណ្ដា​ខេត្ត​ផ្សេង​ទៀត​នៅ​ទូទាំង​ប្រទេស​​​ ដោយ​សារ​គ្រួសារ​​ក្រីក្រ​ ហើយ​ឪពុកម្ដាយ​ធ្វើ​ចំណាក​ស្រុក​ទៅ​ស្វែង​រក​ការ​ងារ​ធ្វើ​នៅ​ក្រៅ​ប្រទេស។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​​ អាដហុក ​(Adhoc) ខេត្ត​ឧត្ដរមានជ័យ​លោក ស្រី ណារ៉េន​ មាន​ប្រសាសន៍​ថា នៅ​តាម​ឃុំ​មួយ​ចំនួន​ក្នុង​ខេត្ត​មួយ​នេះ​ស្ងាត់​មិន​សូវ​មាន​ប្រជាពលរដ្ឋ​នៅ​ផ្ទះ​ដួច​ឆ្នាំ​មុន​ៗ ​នោះ​ទេ​។លោក​អះអាង​ថា ​ចាប់​តាំង​ពី​ចុង​ឆ្នាំ​២០១៨​ មក ​ភូមិ​ខ្លះ​​ស្ងាត់​រហូត​ដល់​លោក​ចុះ​អប់រំ​វិធីការ​យល់​ដឹង​ផ្នែក​សិទ្ធិមនុស្ស​​នៅ​តាម​មូលដ្ឋាន​ស្ទើរ​តែ​​រក​ពលរដ្ឋ​ចូល​រួម​មិន​បាន ​១០​នាក់​ផង​ ដោយសារ​ពួកគាត់​ធ្វើ​ចំណាក​ស្រុក​។ លោក​បញ្ជាក់​ទៀត​ថា ការ​ធ្វើ​ចំណាក​ស្រុក​នេះ​បណ្ដាល​មក​ពី​ដំណាំ​ដាំដុះ​របស់​កសិករ​ឆ្នាំ​នេះ​មិន​សូវ​បាន​ផល និង​បញ្ហា​ខ្វះ​ដី​ដាំដុះ​ ជា​ពិសេស​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ​ដែល​អាជ្ញាធរ​មិន​ទាន់​ដោះស្រាយ​ គឺ​ពួកគាត់​ធ្វើ​ចំណាក​ស្រុក​ច្រើន​ជាង​គេ៖ «ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ពេល​ដែល​ធ្វើ​ការ​ទាក់ទង​រឿង​កសិកម្ម​របស់​គាត់ គាត់​ត្រូវ​ទៅ​ខ្ចី​លុយពី​ធនាគារ ហើយ​ធម្មតា​ធនាគារ​គេ​រក​ផល​ប្រយោជន៍​របស់​គេ ដូច្នេះ​គេ​យក​ការ​ប្រាក់ ហើយ​បើ​គាត់​ធ្វើ​កសិកម្ម​មិន​បាន​ផល ដូច្នេះ​កសិផល​ដែល​ទទួល​បាន​ក៏​មិន​រួច​នឹង​តម្លៃ ដែល​គាត់​ខ្ចី​ធនាគារ ហើយ​ពួក​គាត់​ត្រូវ​តែ​បង្ខំ​ចិត្ត​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ និង​តំបន់​ផ្សេងៗ ដើម្បី​យក​តម្លៃ​ពលកម្ម​មក​សង​ធនាគារ​វិញ»

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​បន្ត​ថា ដើម្បី​ដ្រោះ​ស្រាយ​បញ្ហា​នេះ លុះត្រាតែ​អាជ្ញាធរ​ពាក់ព័ន្ធ​បង្កើត​ប្រព័ន្ធ​ធារាសាស្ត្រ​នៅ​តាម​ឃុំ​ឲ្យ​បាន​ច្រើន ដើម្បី​កសិករ​យក​ទឹក​ដាំដុះ​បាន​ទាំង​រដូវប្រាំង​និង​រដូវវស្សា​ ព្រោះ​សព្វ​ថ្ងៃ​កសិករ​ដាំដុះ​បាន​តែ​មួយ​រដូវ​ ដោយ​​​​ពួកគាត់​រំពឹង​ទៅ​លើ​តែ​ទឹក​ភ្លៀង​ក្នុង​ការ​ស្រោចស្រព​ផល​ដំណាំ​​។លោក​ថា​រដ្ឋាភិបាល​ក៏​ត្រូវ​ជួយ​រក​ទីផ្សារ​សម្រាប់​លក់​កសិផល​របស់​កសិករ​ឲ្យ​មាន​តម្លៃ​ប្រសើរ​ជាង​បច្ចុប្បន្ន​​ ហើយ​ត្រូវ​រឹត​បន្តឹង​ការ​នាំ​ចូល​បន្លែ​ផ្លែឈើ​ដែល​កសិករ​ក្នុង​ស្រុក​ដាំដុះ​បាន​ និង​ជួយ​ដោះស្រាយ​ទំនាស់​ដីធ្លី​ជូន​ពលរដ្ឋ​ដើម្បី​ពួកគាត់​បាន​ដី​ដាំដុះ​ឲ្យ​បាន​គ្រប់គ្នា ដោយ​មិន​មាន​ការ​ភ័យ​ខ្លាច​អ្នក​មាន​លុយ​មាន​អំណាច​បណ្ដេញ​ពួកគាត់​ចេញ​ពី​ដី​ដូច​សព្វ​ថ្ងៃ​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល