រោងចក្រ​ស៊ីម៉ងត៍​ចក្រី​ទីង​នៅ​កំពត​យល់​ព្រម​លើ​លក្ខខណ្ឌ​មួយ​ចំនួន​របស់​កម្មករ

ដោយ វោហារ ជាតិ
2014-12-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

កិច្ច​ចរចា​រវាង​តំណាង​កម្មករ និង​ភាគី​រោងចក្រ​ស៊ីម៉ងត៍​ចក្រី​ទីង ខេត្ត​កំពត នៅ​រសៀល​ថ្ងៃ​ទី​៣១ ធ្នូ លើ​ការ​ទាមទារ​របស់​កម្មករ​ចំនួន ៤​ចំណុច ទាក់ទង​ទៅ​នឹង​ការ​ទាមទារ​លក្ខខណ្ឌ​ការងារ និង​ដំឡើង​ប្រាក់​ខែ​កម្មករ​បាន​បញ្ចប់​នៅ​ល្ងាច​ថ្ងៃ​ដដែល។ ចំពោះ​លទ្ធផល គឺ​ភាគី​រោងចក្រ​បាន​យល់​ព្រម​លើ​ចំណុច​ខ្លះ និង​ចំណុច​ខ្លះ​ទៀត​ត្រូវ​ដោះស្រាយ​នៅ​ពេល​ក្រោយ។

បន្ទាប់​ពី​បាន​បើក​កិច្ច​ប្រជុំ​ចរចា​គ្នា​អស់​រយៈពេល​ពីរ​ម៉ោង​នៅ​ក្នុង​រោងចក្រ​រួច​មក ភាគី​តំណាង​រោងចក្រ​បាន​យល់​ព្រម​ដោះស្រាយ​តាម​សំណើ​របស់​កម្មករ​ចំនួន ២​ចំណុច ក្នុង​ចំណោម ៤​ចំណុច​ដែល​កម្មករ​បាន​ទាមទារ។ ចំណែក​ភាគី​កម្មករ សុខ​ចិត្ត​ទទួល​យល់​ព្រម​បណ្ដោះ​អាសន្ន។

តំណាង​ភាគី​កម្មករ​ដែល​ចូល​ចរចា លោក ហេង ចិន ឲ្យ​ដឹង​ថា ចំណុច​ដែល​ភាគី​រោងចក្រ​ព្រម​តាម​សំណើ​របស់​កម្មករ​នោះ គឺ​ទី​១ ព្រម​ដំឡើង​ប្រាក់​ខែ​ឲ្យ​កង​សន្តិសុខ ៩​នាក់ ក្នុង​ម្នាក់ៗ ១០​ដុល្លារ​បន្ថែម​លើ​ប្រាក់​ខែ​ចាស់​ដែល​មាន ៨០​ដុល្លារ ក្នុង​ពេល​កម្មករ​ទាមទារ​ដំឡើង​ប្រាក់​ខែ​ឲ្យ​បុគ្គលិក និង​កម្មករ​ខ្មែរ​សរុប​ជាង ១០០​នាក់។ ទី​២ ភាគី​រោងចក្រ​យល់​ព្រម​ទិញ​ធានា​រ៉ាប់រង​អាយុ​ជីវិត និង​សុខភាព ២៤​ម៉ោង ឲ្យ​បុគ្គលិក​ទាំងអស់​តាម​សំណើ។ ចំណុច​ទី​៣ ភាគី​រោងចក្រ​យល់​ព្រម​ថា​នឹង​ធ្វើ​យ៉ាង​ណា​ឲ្យ​បុគ្គលិក និង​កម្មករ​ខ្មែរ មាន​សិទ្ធិ​ស្មើ​បុគ្គលិក និង​កម្មករ​ជនជាតិ​ចិន តាម​ការ​តវ៉ា​របស់​កម្មករ​ខ្មែរ។ ក៏ប៉ុន្តែ​ចំណុច​ទី​៤ ចំពោះ​ការ​ទាមទារ​ប្រាក់​បំណាច់ ឬ​ប្រាក់​ខែ​ទី​៣ ភាគី​រោងចក្រ​នឹង​យក​ទៅ​ពិភាក្សា​ជាមួយ​ថៅកែ​នៅ​ស្រុក​ចិន សិន ហើយ​សុំ​ឲ្យ​កម្មករ​រង់ចាំ​ចម្លើយ​ក្នុង​រយៈពេល ៣​សប្ដាហ៍​ទៀត។

ចំពោះ​លទ្ធផល​នេះ លោក ហេង ចិន អះអាង​ថា​នៅ​មិន​ទាន់​ពេញ​ចិត្ត​នៅ​ឡើយ​ទេ តែ​ភាគី​កម្មករ​បាន​យល់​ព្រម​បណ្ដោះអាសន្ន​សិន ហើយ​កម្មករ​យល់​ព្រម​ចូល​ធ្វើ​ការ​វិញ​ចាប់​ពី​ខែ​ក្រោយ​ទៅ និង​ចាំ​មើល​ថា តើ​ភាគី​រោងចក្រ​គោរព​ពាក្យ​សន្យា ឬ​អត់?៖ «ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​ហ្នឹង លទ្ធផល​ហ្នឹង ខ្ញុំ​បាទ និង​បុគ្គលិក​ទាំងអស់​គ្នា និង​រូប​ខ្ញុំ​ជា​តំណាង បាន​យល់​ព្រម​ដោយ​មាន​លក្ខខណ្ឌ គឺ​យើង​ចាំ​មើល​ថា តើ​ក្រុមហ៊ុន​នឹង​អនុវត្ត​ទៅ​តាម​អ្វី​ដែល​យើង​បាន​ព្រមព្រៀង​គ្នា​សរសេរ​ជា​លាយលក្ខណ៍​អក្សរ​ទាំងអស់ បើ​ក្រុមហ៊ុន​អនុវត្ត ពួក​ខ្ញុំ​នឹង​ចូល​ធ្វើ​ការ​តាម​ធម្មតា​ដូច​មុន​វិញ។ ប៉ុន្តែ​ក្រោយ​ពេល​ដែល​ក្រុមហ៊ុន​ធ្វើ​កិច្ចសន្យា​ជាមួយ​ពួក​ខ្ញុំ​ហើយ ធ្វើ​មិន​ដូច​ជា​កិច្ចសន្យា​ទេ លើ​ក្រដាស​គាត់​សរសេរ​ផ្សេង ហើយ​គាត់​ធ្វើ​ផ្សិង ពួក​ខ្ញុំ​នឹង​បន្ត​ធ្វើ​កូដកម្ម​បន្ត​ទៀត»

ចំណែក​ភាគី​តំណាង​រោងចក្រ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ និង​សំឡេង ក៏​បាន​បញ្ជាក់​ដូច​តំណាង​ភាគី​តំណាង​រោងចក្រ​ដែរ។ លោក​ថា ភាគី​រោងចក្រ​មិន​អាច​ដំឡើង​ប្រាក់​ខែ​ឲ្យ​កម្មករ​ខ្មែរ​ទាំងអស់​បាន​នៅ​ពេល​នេះ ដោយសារ​ទីផ្សារ​លក់​ស៊ីម៉ងត៍​របស់​រោងចក្រ​មិន​ទាន់​បាន​ដំណើរ​ការ​ពេញ​លេញ តែ​នៅ​ពេល​ដំណើរ​ការ​ល្អ​ហើយ ភាគី​រោងចក្រ​នឹង​ដំឡើង​ប្រាក់​ខែ​ឲ្យ​កម្មករ​តាម​ដំណាក់​កាលៗ។

កិច្ច​ប្រជុំ​ចរចា​នេះ ធ្វើ​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​កម្មករ​ជិត ១០០​នាក់ បាន​តវ៉ា​ទាមទារ​លក្ខខណ្ឌ​ការងារ ៤​ចំណុច ដូចជា​សុំ​ដំឡើង​ប្រាក់​ខែ​កម្មករ​ក្រោយ​ធ្វើ​ការ​ឲ្យ​ក្រុមហ៊ុន​បាន​រយៈពេល​មួយ​ឆ្នាំ ទាមទារ​ប្រាក់​ឧបត្ថម្ភ​ថែ​រក្សា​សុខភាព និង​សង្គ្រោះ​ព្យាបាល​ជំងឺ​នៅ​ពេល​មាន​គ្រោះថ្នាក់​ពេល​បំពេញ​ការងារ ទាមទារ​ប្រាក់​បំណាច់ ឬ​ប្រាក់​ខែ​ទី​១៣ និង​ទាមទារ​ឲ្យ​កម្មករ​បុគ្គលិក​ខ្មែរ​មាន​សិទ្ធិ​ស្មើ​បុគ្គលិក​ចិន ធ្វើ​ការ​ក្នុង​រោងចក្រ​នោះ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល