គណៈសង្ឃ​ថា ការ​បកស្រាយ​របស់​លោក សុខ ទូច រឿង​ពង្រឹង​វិន័យ​មិន​អាច​ទទួល​យក​បាន

ដោយ អាស៊ីសេរី
2018-10-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា លោក សុខ ទូច ថ្លែង​ក្នុង​កិច្ចពិភាក្សា​តុមូល​ស្ដីពី​បដិវត្តន៍​ពណ៌​នៅ​លើ​ពិភពលោក និង​សោកនាដកម្ម​ក្រោយ​បដិវត្តន៍​ពណ៌ នា​រាជបណ្ឌិត្យសភា​កម្ពុជា រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៧។
ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា លោក សុខ ទូច ថ្លែង​ក្នុង​កិច្ចពិភាក្សា​តុមូល​ស្ដីពី​បដិវត្តន៍​ពណ៌​នៅ​លើ​ពិភពលោក និង​សោកនាដកម្ម​ក្រោយ​បដិវត្តន៍​ពណ៌ នា​រាជបណ្ឌិត្យសភា​កម្ពុជា រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៧។
RFA/Nuon Soksarim

គណៈសង្ឃ​នាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចេញ​លិខិត​បំភ្លឺ​ថា សន្ទរកថា​របស់​ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា លោក​បណ្ឌិត​សភាចារ្យ សុខ ទូច បាន​ធ្វើ​ឲ្យ​ព្រះសង្ឃ​ជា​ច្រើន​អង្គ​មិន ពេញ​ព្រះទ័យ និង​មាន​ចំណុច​មួយ​ចំនួន​មិន​អាច​ទទួលយក​បាន​ឡើយ។

គណៈសង្ឃ​នាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បញ្ជាក់​ថា ប្រធានបទ​នៃ​ការ​ពង្រឹង​វិន័យ​សង្ឃ គឺជា សមត្ថកិច្ច​របស់​គណៈ​សង្ឃនាយក និង​ថេរសភា​ពុទ្ធសាសនា​ដែល​មាន​ភារកិច្ច​រៀបចំ​ចាត់ចែង និង បកស្រាយ​លើ​បញ្ហា​នេះ មិនមែន​ជា​សមត្ថកិច្ច​រាជបណ្ឌិត្យសភា​កម្ពុជា និង​លោក សុខ ទូច នោះ​ទេ។

កាលពី​ថ្ងៃ​ទី​១៩ ខែ​តុលា ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា លោក សុខ ទូច បាន​ថ្លែង​ក្នុង​​សិក្ខាសាលា​ថ្នាក់​ជាតិ​មួយ​ថា ព្រះពុទ្ធសាសនា​គឺជា​សាសនា​របស់​រដ្ឋ ដូច្នេះ លោក​ស្នើ​ឲ្យ​មន្ត្រី​ស្រាវជ្រាវ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា សហការ​ជាមួយ​ក្រសួង​ធម្មការ ដើម្បី​រៀបចំ ច្បាប់​ស្ដីពី​''​ការ​ពង្រឹង​វិន័យ​សង្ឃ​'' សម្រាប់​អោយ​រដ្ឋសភា​ជាតិ ពិនិត្យ និង​អនុម័ត។ លោក សុខ ទូច អះអាង​ថា ព្រះសង្ឃ​មួយ​ចំនួន​ក្នុង​សម័យ​បច្ចុប្បន្ន មិន​ទាន់​បាន​គោរព​ប្រតិបត្តិ​ត្រឹមត្រូវ​តាម​វិន័យ​នៅឡើយ​ទេ ដូចជា​សង្ឃ ខ្លះ​មិន​បាន​សិក្សា​រៀន​សូត្រ ហើយ​ចេះ​ជេរ និង​សង្ឃ​ខ្លះ​ប្រើ​សម្ភារៈ​និយម​ជាដើម៖ «សម័យ​អង្គ ឌួង ម៉េច​ក៏​កែ​បាន ចុះ​សម័យ​តេជោ ម៉េច​ក៏​កែ​មិនបាន ពេល​ឃើញ​ខុស ម្តេច​ក៏​កែ​មិន​បាន​..​ត្រូវតែ​កែ ព្រោះ​សាសនា​ជា​របស់​រដ្ឋ អ៊ីចឹង​សូម​ស្នើ​ឲ្យ​អោយ​គេ​រៀបចំ​ច្បាប់ ហើយ​យើង​ធ្វើ​ទៅ​សភា​ទៅ ហើយ​សភា​បើ​យល់ថា​ត្រឹមត្រូវ រឿង​អី​ដែល​យើង​មិន​ត្រូវ​ធ្វើការ​កើត ដើម្បី​អី គឺ​ដើម្បី​ពុទ្ធ​បរិស័ទ និង​ការ​រីកចម្រើន នៃ​ព្រះពុទ្ធសាសនា។ សម័យ​គេ​កែ​បាន សម័យនេះ​កែ។ សម័យនេះ អត់​មាន​ទូរស័ព្ទ ឥឡូវ​ព្រះតេជព្រះគុណ​កំពុងតែ​ថត​កូណា ប្រើ​សុទ្ធតែ​ទូរស័ព្ទ​ទៀត។ សម័យ​ព្រះអង្គ​សូត្រ​មន្ត មិន​អាច​អត់​មាន​ផ្លិត​បានទេ ដល់​ឥឡូវ​ព្រះអង្គ​នៅមុខ​វាំង​សែលហ្វី​ហើយ​បង្ហោះ​ទៀត»

ក្នុង​លិខិត​បំភ្លឺ​ចុះ​ថ្ងៃ​ទី​២២ ខែ​តុលា ចាត់​ទុក​ទង្វើ​របស់​លោក សុខ ទូច ថា បាន​រំលោភ​បំពាន​យ៉ាង​គឃ្លើន​មក​លើ​ស្ថាប័ន​គណៈសង្ឃ​នាយក និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​ព្រះពុទ្ធ​សាសនា​ខ្មែរ​យ៉ាង​ធ្ងន់ធ្ងរ។

ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា លោក សុខ ទូច លើក​ឡើង​ថា លោក​ព្រម​ទទួល​យក​ការ​បកស្រាយ​បំភ្លឺ​របស់​គណៈសង្ឃ​នាយក​និង​មិន​មាន​អ្វី​ត្រូវ​ឆ្លើយឆ្លង​ទៀត​នោះ​ទេ។ ស្ថាប័ន​រាជបណ្ឌិត្យសភា​កម្ពុជា ក៏​មិន​មាន​គម្រោង​ចង់​បន្ត​សិក្សា​ស្រាវជ្រាវ​ដើម្បី​រៀបចំ​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​ព្រះសង្ឃ​ទៀត​ដែរ៖ «មានតែ​អរគុណ​ព្រះអង្គ​ហើយ ដែល​បាន​ឆ្លើយតប​ហើយ​សម្រាប់​ខ្ញុំ គឺ​មិន​ដឹង​ឆ្លើយតប​ថា​ម៉េច​ទេ ព្រោះ​លោក​បាន​បំភ្លឺ​អស់ហើយ។ កិច្ចការ​ទាំងអស់​នេះ មិនមែន​ខ្ញុំ​ជា​អ្នក​លើក​ឯណា​គឺ​មន្ត្រី​សង្ឃ ជា​ពិសេស​គឺ​ព្រះអង្គ​តែម្ដង ហើយ​បូក​នឹង​វិទ្យាស្ថាន​សង្គមសាស្ត្រ និង​មនុស្ស​សាស្ត្រ បើក​កម្មវិធី​នេះ ហើយ​គេ​គ្រាន់តែ​ហៅ​ខ្ញុំ​ទៅ​បើក​តើ។ ការ​បើក​នោះ ខ្ញុំ​គ្រាន់តែ​ផ្ដល់​ជា​គំនិត​ប៉ុណ្ណឹង​ទេ»

អាស៊ីសេរី បាន​ព្យាយាម​ទាក់ទង​ទៅ​ប្រធាន​លេខាធិការដ្ឋាន​គណៈសង្ឃ​នាយក ព្រះតេជព្រះគុណ ឃឹម សន ជាច្រើនលើក​នៅ​ថ្ងៃ​ទី​២៣ ខែ​តុលា តែ​មិន​ទទួល​ទូរស័ព្ទ។

ទោះ​យ៉ាង​ណា​ក្ដី​លិខិត​បំភ្លឺ​នោះ បញ្ជាក់​ថា បច្ចុប្បន្ន​នេះ គណៈសង្ឃ​នាយក​និង​ថេរសភា​ពុទ្ធសាសនា បាន​ប្រឹងប្រែង​ពង្រឹង និង​បណ្ដុះបណ្ដាល​ធនធាន​ព្រះសង្ឃ​គ្រប់​កម្រិត ព្រមទាំង​ដាស់តឿន​ព្រះ សង្ឃ​គ្រប់​អោយ​យក​ព្រះទ័យ​ទុកដាក់​ពង្រឹង​ធម៌​វិន័យ របស់​ព្រះសម្មាសម្ពុទ្ធ​បរមគ្រូ​។ គណៈសង្ឃ​នាយក ក៏​តែងតែ​ចេញប្រកាស​ក្នុង​អនុសំវច្ឆរៈ​មហាសន្និបាត ឬ​កិច្ចប្រជុំ​របស់​ព្រះសង្ឃ​ទូទាំង​ប្រទេស និង​ចេញ​បទបញ្ញត្តិ​អម​ពុទ្ធ​វិន័យ​ជា​ហូរហែ​រួច​មក​ហើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល