អាជ្ញាធរ​កម្ពុជា​នឹង​បញ្ជូន​ជនជាតិ​ចិន​ជាង ១រយ​នាក់​ទៅ​ប្រទេស​កំណើត​វិញ ករណី​ជំរិត​ទារ​ប្រាក់​តាម​ប្រព័ន្ធ​អ៊ីនធឹណិត

ដោយ មួង ណារ៉េត
2019-08-16
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
នគរបាល​ប្រឆាំង​គ្រឿង​ញៀន និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​លេខ៣ ឃាត់​ខ្លួន​ជន​ជាតិ​ចិន ៧នាក់ ម៉ាឡេស៊ី ១នាក់ ក្នុង​ការ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន កាល​ពី​ថ្ងៃ​ទី៥ ខែ​មករា ឆ្នាំ២០១៩។
នគរបាល​ប្រឆាំង​គ្រឿង​ញៀន និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​លេខ៣ ឃាត់​ខ្លួន​ជន​ជាតិ​ចិន ៧នាក់ ម៉ាឡេស៊ី ១នាក់ ក្នុង​ការ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន កាល​ពី​ថ្ងៃ​ទី៥ ខែ​មករា ឆ្នាំ២០១៩។
រូប៖ ហ្វេសប៊ុក​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ

សមត្ថកិច្ច​ជំនាញ​នៃ​អគ្គស្នងការ​នគរបាល​ជាតិ នៅ​ថ្ងៃ​ទី១៦ សីហា បន្ត​ការ​សាកសួរ​លើ​ជនជាតិ​ចិន​សរុប ១២៧​នាក់ ក្នុង​នោះ​មាន​ស្រី ១០នាក់ ពាក់ព័ន្ធ​នឹង​ការ​ជំរិត​ទារ​ប្រាក់​ពី​ជនជាតិ​ចិន​ដូច​គ្នា តាម​ប្រព័ន្ធ​អ៊ីនធឹណិត។

អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹមខឿន ប្រាប់​អាស៊ី​សេរី​ដោយ​ខ្លី​ថា នៅ​ពេល​សមត្ថកិច្ច​បញ្ចប់​នីតិវិធី​លើ​ជន​ជាតិ​ចិន​ទាំង​អស់​នោះ​ហើយ ខាង​ភាគី​កម្ពុជា​នឹង​បញ្ជូន​ពួក​គេ​ចេញ​ទៅ​ប្រទេស​ចិន​វិញ​ភ្លាម តាម​ការ​ស្នើ​សុំ​ពី​អាជ្ញាធរ​ចិន។

កាល​ពី​ថ្ងៃ​ទី១៤ សីហា អគ្គនាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម​នៃ​ក្រសួង​មហាផ្ទៃ​ សហការ​ជា​មួយ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ​អយ្យការ​អម​សាលា​​ដំបូង​ខេត្ត​ព្រះសីហនុ រួម​ជាមួយ​នឹង​នគរបាល​ពី​ប្រទេស​ចិន បើក​ប្រតិបត្តិ​ចុះ​បង្ក្រាប​ក្រុម​ជំរិត​ទារ​ប្រាក់​ជន​ជាតិ​ចិន​តាម​ប្រព័ន្ធ​អ៊ីនធឹណិត នៅ​ទីតាំង​ចំនួន​ពីរ​ផ្សេង​គ្នា ក្នុង​ខេត្ត​ព្រះសីហនុ ដែល​មាន​គ្នា​សរុប ១២៧​នាក់។

ការ​ចាប់​ខ្លួន​ជនជាតិ​ទាំង​នោះ គឺ​អនុវត្ត​តាម​ដីកា​តុលាការ ក្រោយ​ពី​អាជ្ញាធរ​ចិន​ស្រាវជ្រាវ​រក​ឃើញ​ថា​ ពួកគេ​ប្រើ​ប្រាស់​ទឹក​ដី​កម្ពុជា ទៅ​ជំរិត​ទារ​ប្រាក់​ពី​ជន​ជាតិ​ចិន​គ្នា​ឯង​នៅ​ប្រទេស​ចិន តាម​ប្រព័ន្ធ​អ៊ីនធឹណិត។

កាល​ពី​ចុង​ឆ្នាំ២០១៨ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ បាន​បណ្ដេញ​ជនជាតិ​ចិន​សរុប​ចំនួន ២៣៥​នាក់ ក្នុង​នោះ​ស្រី ៣៥​នាក់ ចេញ​ពី​កម្ពុជា​ទៅ​ប្រទេស​ចិន​វិញ ពាក់ព័ន្ធ​នឹង​បទ​ល្មើស​ឆបោក គំរាម និង​ជំរិត​ទារ​ប្រាក់​តាម​អ៊ីនធឹណិត ឬ​ហៅ​កាត់​ថា (VOIP)

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល