ស្នងការ​នគរបាល​ជាតិ​ត្រៀម​កងកម្លាំង​សម្រាប់​រក្សា​សន្តិសុខ​ជូន​ពលរដ្ឋ​ក្នុង​ថ្ងៃ​បុណ្យ​ឆ្លង​ឆ្នាំ​សកល

ដោយ សន ចាន់រដ្ឋា
2016-12-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កម្លាំង​សមត្ថកិច្ច​នៃ​ខេត្ត​ព្រះសីហនុ ត្រៀម​រក្សា​សន្តិសុខ និង​សណ្ដាប់ធ្នាប់​ក្នុង​ឱកាស​ចូល​ឆ្នាំ​ខ្មែរ។ រូបថត​ថ្ងៃ​ទី​១៣ ខែ​មេសា ឆ្នាំ​២០១៦
កម្លាំង​សមត្ថកិច្ច​នៃ​ខេត្ត​ព្រះសីហនុ ត្រៀម​រក្សា​សន្តិសុខ និង​សណ្ដាប់ធ្នាប់​ក្នុង​ឱកាស​ចូល​ឆ្នាំ​ខ្មែរ។ រូបថត​ថ្ងៃ​ទី​១៣ ខែ​មេសា ឆ្នាំ​២០១៦
RFA

ស្នងការ​នគរបាល​ជាតិ រៀបចំ​កងកម្លាំង​ដាក់​តាម​តំបន់​កម្សាន្ត​នៅ​តាម​បណ្ដា​រាជធានី ខេត្ត ដែល​មាន​ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត​ច្រើន ដើម្បី​រក្សា​សន្តិសុខ​ជូន​ពលរដ្ឋ​ក្នុង​ថ្ងៃបុណ្យ​ឆ្លង​ឆ្នាំ​សកល ឆ្នាំ​២០១៧។

​អ្នកនាំពាក្យ​របស់​អគ្គ​ស្នងការ​នគរបាល​ជាតិ លោក គៀត ច័ន្ទថារិទ្ធ ឱ្យ​អាស៊ីសេរី ដឹង​នៅ​រសៀល​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ថា អគ្គស្នងការ​នគរបាល​ជាតិ បាន​បញ្ចេញ​កងកម្លាំង​ទាំង​អស់​ដើម្បី​រក្សា​សន្តិសុខ​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​ទីកន្លែង​ដែល​មាន​ប្រជាពលរដ្ឋ​ប្រមូល​ផ្តុំ​ច្រើន ទាំង​នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​ផង​ដែរ។

​លោក​ឱ្យ​ដឹង​ទៀត​ថា សម្រាប់​នៅ​ក្នុង​រាជធានី​ភ្នំពេញ នឹង​មាន​កងកម្លាំង​រក្សា​សន្តិសុខ​នៅ​តាម​ចំណុច​សំខាន់ៗ​ដូចជា តាម​មាត់​ទន្លេ មុខ​ព្រះបរមរាជវាំង និង​សួន​ច្បារ៖ «យើង​ប្រយ័ត្នប្រយែង ទី​មួយ គឺ​ទាក់ទង​នឹង​ការងារ​សន្តិសុខ គឺ​ចង់​និយាយ​ដល់​អំពើ​ភេរវកម្ម  អា​ហ្នឹង​យើង​ប្រយ័ត្ន​មុន​បង្អស់ បន្ទាប់​មក​ទៀត យើង​យក​ចិត្ត​ទុក​ដាក់​លើ​រឿង​បទល្មើស ទើប​យើង​គិតគូរ​រឿង​សណ្ដាប់ធ្នាប់ យើង​ត្រៀម​កម្លាំង​ដើម្បី​ជួយ​សង្គ្រោះ ពេល​មាន​កើតហេតុ​ជាយថាហេតុ កើត​ចៃដន្យ»

​ទាក់ទង​នឹង​បញ្ហា​សណ្ដាប់ធ្នាប់​ចរាចរណ៍​វិញ ប្រធាន​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ លោក រុន រ័ត្នវាសនា ឱ្យ​ដឹង​ថា កម្លាំង​នគរបាល​ចរាចរណ៍​មាន​វិធានការ​ដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ​ជាតិ​ស្រវឹង​នៅ​ពេល​យប់។

វិធានការ​នេះ គឺ​ដើម្បី​រំឭក​ដាស់​តឿន​ទៅ​ដល់​ប្រជាពលរដ្ឋ​ដែល​ទទួល​ទាន​ជាតិ​ស្រវឹង ឱ្យ​គិត​អំពី​ច្បាប់ និង​សុវត្ថិភាព​ផ្ទាល់​ខ្លួន៖ «បុណ្យ​ឆ្លង​ឆ្នាំ​អ៊ីចឹង អ្នក​បើកបរ​ភាគ​ច្រើន​ទទួល​ទាន​ជាតិ​ស្រវឹង អ៊ីចឹង​តាម​រាជធានី ខណ្ឌ ភាគ​ច្រើន​យើង​នឹង​ត្រួត​ពិនិត្យ​ជាតិ​អាល់កុល​នៅ​ពេល​យប់ ដើម្បី​ពញ្ញាក់​គាត់ កុំ​ឱ្យ​គាត់​ពេល​ណា​គាត់​ទទួលទាន កុំ​ឱ្យ​វា​លើស​ពី​អ្វី​ដែល​កំណត់​ច្បាប់ ចាប់​ពី ០,៤០ ឡើង​ទៅ មាន​ទោស​ហើយ អ៊ីចឹង​យើង​ចង់​ឱ្យ​គាត់​ទទួលទាន​ហើយ គិត​ពី​ច្បាប់​ផង»

លោក រុន រ័ត្នវាសនា អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ចៀសវាង​ការ​បើកបរ​នៅ​ពេល​ស្រវឹង។ លោក​ថា បើ​ការ​ពិនិត្យ​ជាតិ​អាល់កុល​ទៅ​​ឃើញ​ថា មាន​ជាតិ​អាល់កុល​ចាប់​ពី (០,៤០) មិល្លីក្រាម ក្នុង​មួយ​លីត្រ​ខ្យល់​ឡើង​ទៅ នឹង​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១​ខែ ទៅ ៦​ខែ។

អ្នកនាំពាក្យ​របស់​អគ្គ​ស្នងការ​នគរបាល​ជាតិ លោក គៀត ច័ន្ទថារិទ្ធ បញ្ជាក់​ថា ប្រសិនបើ​ពលរដ្ឋ​ណា​ម្នាក់​មាន​បញ្ហា​អសន្តិសុខ​កើត​ឡើង អាច​ទាក់ទង​ជា​បន្ទាន់​ទៅ​កាន់​លេខ​របស់​ស្នងការ​នៅ​តាម​រាជធានី​-​ខេត្ត ឬ​ទំនាក់ទំនង​មក​លេខ​របស់​អគ្គ​ស្នងការ​នគរបាល​ជាតិ ដែល​មាន​ពីរ​ខ្សែ គឺ​លេខ ១១៧ និង ១១៨ ដែល​មាន​អ្នក​បម្រើការ ២៤​ម៉ោង។

ក្រៅ​ពី​ការ​នេះ លោក គៀត ច័ន្ទថារិទ្ធ ក៏​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំង​អស់​ចូល​រួម​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ក្នុង​ការ​ការពារ​សន្តិ​សុខ ជាពិសេស​លោក​អំពាវនាវ​ដល់​ពលរដ្ឋ​ឱ្យ​យកចិត្តទុកដាក់​ក្នុង​ការ​បើកបរ បញ្ហា​អគ្គីភ័យ ការ​ពិសា​គ្រឿង​ស្រវឹង និង​ថែរក្សា​ទ្រព្យសម្បត្តិ​ផ្ទាល់​ខ្លួន​នៅ​ពេល​ដើរ​កម្សាន្ត​ផង​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល